អ្នក​តំណាង​ប្រទេស​អនុតំបន់​ទន្លេ​មេគង្គ​ឲ្យ​ពង្រឹង​ការ​ផ្តន្ទា​ទោស​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស

អនុសាសន៍​នេះ​បាន​ធើ្វ​ឡើង​ស្របពេល​ដែល​បណ្តា​ប្រទេស​អនុតំបន់​ទន្លេ​មេគង្គ​គឺ​មាន​ប្រទេស​កម្ពុជា​ ចិន​ ឡាវ ​ភូមា ថៃ ​និង​វៀតណាម ​កំពុង​តែ​ប្រឈម​នឹង​ការ​ជួញដូរ​ស្រ្តី ​និង​កុមារ​ច្រើន​រាប់រយ​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ដែល​ត្រូវ​គេ​ជួញដូរ​សម្រាប់​គោលដៅ​បម្រើ

នៅ​ថ្ងៃ​សុក្រ​នេះ ​អ្នក​តំណាង​ប្រមាណ​៥០​នាក់​មក​ពី​បណ្តា​ប្រទេស​អនុតំបន់​ទន្លេ​មេគង្គ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ការ​ប្រើជំនួយ​ផ្នែក​ច្បាប់​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ ដើម្បី​ពង្រឹង​ការ​ផ្តន្ទាទោស​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ឆ្លង​កាត់​ព្រំដែន។​

អនុសាសន៍​នេះ​បាន​ធើ្វ​ឡើង​ស្របពេល​ដែល​បណ្តា​ប្រទេស​អនុតំបន់​ទន្លេ​មេគង្គ​គឺ​មាន​ប្រទេស​កម្ពុជា​ ចិន​ ឡាវ ​ភូមា ថៃ ​និង​វៀតណាម ​កំពុង​តែ​ប្រឈម​នឹង​ការ​ជួញដូរ​ស្រ្តី ​និង​កុមារ​ច្រើន​រាប់រយ​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ដែល​ត្រូវ​គេ​ជួញដូរ​សម្រាប់​គោលដៅ​បម្រើ​ផ្លូវភេទ​ និង​ពលកម្ម។​

អនុសាសន៍​ទាំង​នេះ​រួមមាន​នីតិ​វិធី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​ក្រៅ​ផ្លូវការ​រវាង​នគរបាល​ក្នុង​តំបន់​ ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ ដែល​ត្រូវ​យល់ដឹង​ពី​ការ​វិវត្ត​ក្នុង​ការ​ប្រើ​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ជួយ​គ្នា​ទៅវិញ​ទៅ​មក ​ដើម្បី​ផ្តន្ទាទោស​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ ហើយ​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​ និង​ភ្នាក់ងារ​ជួយ​ជន​រងគ្រោះ​ត្រូវ​ការពារ​ផល​ប្រយោជន៍​របស់​ជន​រងគ្រោះ។​

លោក ​អ៊ិត ​រ៉ាឌី​ អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ បាន​បញ្ជាក់​ថា​ អនុសាសន៍​នេះ​គឺ​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ការ​ណែនាំ ​និង​អំណាច​សម្រាប់​ធើ្វ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស។​

«យើង​ទាំងអស់​គ្នា​បាន​ចូលរួម​នៅ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​អនុសាសន៍​សំខាន់ៗ​ដែល​ត្រូវ​បាន​យល់ព្រម​ដោយ​គណៈ​ប្រតិភូ​ទាំងអស់​គ្នា​នៅ​ថ្ងៃ​រសៀល​នេះ។​ អនុសាសន៍​សំខាន់ៗ​ទាំង​នេះ​គ្របដណ្តប់​ផ្នែក​សំខាន់​បី៖​ ទី​១ ​កិច្ច​សហ​ប្រតិបតិ្តការ​ក្រៅ​ផ្លូវការ​រវាង​នគរបាល ​និង​នគរបាល​នៃ​បណ្តា​ប្រទេស​ទាំង​ប្រាំមួយ​នៅ​ក្នុង​មហា​អនុតំបន់​មេគង្គ។ ​ទី​២​ កិច្ច​សហ​ប្រតិបតិ្តការ​ផ្លូវការ​ផ្នែក​ច្បាប់ ​ជាពិសេស​ស្តីពី​ជំនួយ​ផ្នែក​ច្បាប់​ទៅ​វិញ​ទៅ​មក​ រួម​ទាំង​ការ​ធើ្វ​បត្យាប័ន​ផង​ដែរ។​ ទី​៣ ​កិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹង​ទីភ្នាក់ងារ​យុត្តិធម៌​ព្រហ្មទណ្ឌ ​និង​ទីភ្នាក់ងារ​ជួយ​ជន​រងគ្រោះ​ក្នុង​ករណី​ជួញដូរ​មនុស្ស»។​

លោក​ Douglas Broderick ​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​ការ​បិទ​សិក្ខាសាលា​ថា​ អនុសាសន៍​ទាំង​នេះ​គឺ​ជា​កម្លាំង​ដ៏​ខ្លាំង​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយតប​ដោយ​ការ​ផ្តន្ទាទោស​ជា​ទម្ងន់។​

«ការ​វិវត្ត​នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​យុត្តិធម៌​ព្រហ្មទណ្ឌ​ចំពោះ​ការ​ជួញដូរ​មនុស្ស​គឺ​ពិត​ជា​មាន​សារៈសំខាន់។ ​អស់​លោក​កំពុង​ធ្វើ​ការ​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កាន់​តែ​ប្រសើរ​ ដែល​ជា​ការ​ចាំបាច់​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់​នេះ»។​

លោកស្រី​ សាន ​អារុណ ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ បាន​ថ្លែង​បិទ​សិក្ខា​សាលា​នេះ​ថា​ អស់​លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​របស់​អស់​លោក​ និង​ក្នុង​តំបន់។​

លោកស្រី​បាន​លើក​ឡើង​ថា ​បើ​អនុសាសន៍​ទាំង​នេះ​ត្រូវ​បាន​គាំទ្រ​ អស់លោក​នឹង​មាន​តួនាទី​ដ៏​ធំ​មួយ​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ទាំង​នេះ​ឲ្យ​ទៅ​ជា​សកម្មភាព​ជាក់​ស្តែង។ ​ខ្លឹមសារ​នៃ​អនុសាសន៍​ទាំង​នេះ​នឹង​ត្រូវ​ដាក់ជូន​ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អនុតំបន់​ទន្លេ​មេគង្គដើម្បី​សុំ​ការ​យល់ព្រម៕