ប្រទេស​ទន្លេ​មេគង្គ​ជួប​គ្នា​រឿង​គម្រោង​សង់​ទំនប់​នៅ​ឡាវ

Warga mengantre membeli roti di depan sebuah toko di Al Qusayr, sebelah barat Suriah.

គណៈកម្មាធិការ​រួម​របស់​គណកម្មការ​ទន្លេ​មេគង្គ​នឹង​ជួប​ប្រជុំ​គ្នា​រយៈ​ពេល​២ថ្ងៃ​នៅ​ចុង​សប្តាហ៍នេះ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​បឋម​ទៅ​លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ដ៏​ធំ​មួយ​របស់​ប្រទេស​ឡាវ​នៅ​លើ​ដង​ទន្លេ​មេគង្គ។​ ការ​សម្រេច​ចិត្ត​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា​ នឹង​ក្លាយ​ជា​ការ​កំណត់​ជោគវាសនា​របស់​ប្រជា​ជន​រាប់សិប​លាន​នាក់​ដែល​កំពុង​រស់​នៅពឹង​អាស្រ័យ​ទៅ​លើ​ទន្លេ​នេះ។

ក្រៅ​ពី​បញ្ហា​ទូទៅ​មួយ​ចំនួនដូច​ជា​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និង​ប្រព័ន្ធ​ធារាសាស្រ្ត​សម្រាប់​វិស័យ​កសិកម្ម​ របៀប​វារៈ​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំលើ​ក​ទី​៣៣របស់គណៈកម្មាធិការ​រួមនៃ​គណៈ​កម្មការ​ទន្លេមេគង្គ គឺការ​សម្រេចចិត្ត​ជា​បឋម​ថា​តើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ សាយ៉ាប៊ូរី (Xayaburi) លើ​ដង​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​នោះ​នឹង​ត្រូវ​អនុវត្តឬ​ក៏​យ៉ាងណា។

កិច្ច​ប្រជុំដែល​គេ​ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ដោយប្រទេសជា​សមាជិកទាំង៤​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ រួម​មាន​ឡាវ​ ថៃ​ វៀត​ណាម​ និង​កម្ពុជានេះ​ នឹងមាន​រយៈ​ពេល​២ថ្ងៃចាប់​ពី​ថ្ងៃ​សុក្រ​ទី​២៥​ខែមីនានេះ ​ដោយ​មាន​ការ​ចូលរួម​ពី​គណៈប្រតិភូ​មក​ពី​ប្រទេស​ទាំង​បួន​ និងមន្ត្រី​ជាន់​ខ្ពស់​នៃ​គណកម្មការ​ទន្លេមេគង្គ​ ព្រម​ទាំងតំណាង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ផងដែរ។

លោក​ តែ​ ណាវុទ្ធ​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​រួម​របស់​គណៈកម្មការ​ទន្លេមេគង្គសម្រាប់​ឆ្នាំ២០១០​ និង​២០១១​នេះ​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍ជាមួយ​វីអូអេ​ខ្មែរ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​២៤​ខែ​មីនា​នេះ​ថា​ កិច្ច​ប្រជុំ​នេះ​ នឹង​ពិនិត្យ​មើល​ទៅ​លើ​ការ​ព្រួយ​បារម្ភនានា​ដែល​លើកឡើង​ដោយ​សហគមន៍​នៅក្នុង​ប្រទេស​ទាំង​៤​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ទាក់​ទង​នឹង​ទំនប់​សាយ៉ាប៊ូរី​នោះ។ លោក​ណាវុទ្ធ​ ថ្លែង​ថា៖

«តាម​កិច្ច​ព្រម​ព្រៀង​របស់​គណៈកម្មការ​ទន្លេមេគង្គ​គឺ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។ នេះ​ជា​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​បួន​ មិន​មាន​គោល​បំណង​រារាំង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ណាមួយ​ទេ។»

បើ​តាម​គម្រោង​ ទំនប់​សាយ៉ាប៊ូរី​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សាយ៉ាប៊ូរី​ របស់​ឡាវ​នោះ​ នឹង​ត្រូវ​សង់​ដោ​យ​ក្រុមហ៊ុន​ថៃ​មួយ​ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​៣.៥០០​លាន​ដុល្លារ​អាមេរិក។ ទំនប់​នេះដែល​ស្ថិតក្នុង​ចំណោម​ទំនប់​វារី​អគ្គីសនី​ចំនួន​១២ដែល​គេ​គ្រោង​នឹង​សាងសង់នៅ​លើ​ដង​ទន្លេ​មេគង្គ​ក្រោម​ អាច​ផលិត​ថាមពល​អគ្គីសនី​ក្នុង​កម្រិត​១.២៦០​មេហ្គាវ៉ាត់។ បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers) ៩៥% នៃ​ថាមពល​អគ្គីសនី​ដែល​ទំនប់នេះ​ផលិត​បាន នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ។

របាយការណ៍​ដដែល​បាន​រក​ឃើញ​ថា​ ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន​នោះ ​ទំនប់​សាយ៉ាប៊ូរី ​នេះ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ជា​អចិន្ត្រៃយ៍​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ជីវៈចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គ​ទាំងមូល​ ដែល​ជា​លទ្ធផល​ នឹង​ធ្វើ​ឲ្យ​បាត់បង់​ពពួក​ពូជ​មច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ដែល​ជិត​ផុត​ពូជ​ ដូចជា​ ត្រី​រាជ​ជាដើម​ និង​ធ្វើ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ប្រមាណ​៦០​លាន​នាក់ដែលពឹង​អាស្រ័យ​នឹង​ទន្លេ​ដ៏​វែង​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

កាល​ពី​ថ្ងៃ​ទី​២២​ខែ​មីនានេះ​ បណ្តាញ​អង្គការ​ចំនួន​២៦៣​ក្នុង​ប្រទេស​ចំនួន​៥១​ បាន​ធ្វើ​លិខិត​រួម​គ្នា​មួយ​ផ្ញើ​ជូន​រដ្ឋាភិបាល​ឡាវ​និង​ថៃ​ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទាំង​ពីរ​បញ្ឈប់​ផែនការ​កសាង​ទំនប់​វារីអគ្គីសនី​សាយ៉ាប៊ូរី​នេះ​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​រាប់សិប​លាន​នាក់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ក្រោម​នេះ។

អ្នក​នាង​ អេមី​ ត្រេនឌឹម​ (Ame Trandem) អ្នក​ធ្វើយុទ្ធនាការ​ខាង​ទន្លេមេគង្គ​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ បាន​ថ្លែង​ប្រាប់​ វីអូអេ​ខ្មែរ​ ពី​ទី​ក្រុង​បាងកក​មកថា​ អង្គការ​របស់​អ្នកនាង​រំពឹង​ថា​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​នេះ​ នឹង​នាំ​មក​នូវ​ការ​បញ្ឈប់​គម្រោង​សាង់​សង់ទំនប់​សាយ៉ាប៊ូរី​នោះ។ នាង​ ត្រេន​ឌឹម​ មាន​ប្រសាសន៍​ថា៖

«ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទន្លេមេគង្គ​ឆ្នាំ​១៩៩៥​ ប្រទេស​ទាំង​បួន​បាន​ប្តេជ្ញា​ចិត្ត​ការពារ​និរន្តរភាព​នៃ​ទន្លេ​នេះ។ យើង​សង្ឃឹម​ថា​ ការ​ប្តេជ្ញាចិត្ត​នោះ​នឹង​ត្រូវ​បាន​គោរព​យ៉ាង​ម៉ឹង​ម៉ាត់​ ហើយ​រដ្ឋាភិបាល​នឹង​បញ្ឈប់​ទំនប់​សាយ៉ាប៊ូរី​នោះ​ ហើយ​ស្វែងរក​បច្ចេកវិជ្ជា​ទាញ​យក​ថាមពល​ដែល​មាន​និរន្តរភាព​បំផុត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ថាមពល​នៅ​ក្នុង​តំបន់»។

ទោះ​ជាយ៉ាង​នេះ​ក្តី​ លោក​ ជេរេមី​ ប៊ឺត ​(Jeremy Bird)​ នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ខ្មែរ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គេ​មិន​ទាន់​អាច​ដឹង​បាន​នៅ​ឡើយ​ទេ​តាមកិច្ច​ប្រជុំ​នេះ​ ថា​តើ​គម្រោង​សាងសង់​ទំនប់​សាយ៉ាប៊ូរី​ នោះ​ នឹង​អាច​ដំណើរការទៅបាន​ ឬ​អត់​នោះ​ ដោយ​សារ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​អំពី​គម្រោង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ។ លោក​ប៊ឺត​ថ្លែង​ថា៖

«វា​អាច​ឆាប់​ពេក​ក្នុង​ការ​គិត​ថា​ សេចក្តី​សម្រេច​នឹង​អាច​ធ្វើ​នៅ​ពេល​នេះ​ បើ​យោង​តាម​កិច្ច​ព្រមព្រៀង​មេគង្គ​គឺ​តម្រូវ​ឲ្យ​ប្រទេស​ទាំង​បួន​ហ្នឹង​យល់​ស្រប​ទៅ​លើ​ថា​តើគាត់​គួរ​សាង​សង់​ឬ​មិន​គួរ។ បើ​គួរ​តើ​ត្រូវ​ធ្វើ​តាម​បែប​បទ​ណា​ខ្លះ»។

ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ថាតើ​គម្រោង​សាងសង់ទំនប់​វារី​អគ្គីសនី​សាយ៉ាប៊ូរី​របស់​ឡាវ​ អាច​ចាប់​ផ្តើម​អនុវត្ត​បាន​ឬ​អត់​នោះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ខែ​មេសា​ឆ្នាំ​២០១១​នេះ។

ប៉ុន្តែ​ក្រុម​អ្នក​តាមដាន​ដំណើរ​វិវត្តន៍​នៃ​គម្រោង​សាងសង់​ទំនប់​តាម​ដង​ទន្លេ​មេគង្គ​នេះ បាន​លើក​ឡើង​ថា​ សេចក្តី​សម្រេច​ចិត្ត​បឋម​នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈពេល​២ថ្ងៃ​របស់​គណៈកម្មាធការ​រួម​នៃ​គណកម្មការ​ទន្លេមេគង្គ​នេះ​ នឹង​ជា​តម្រុយ​ដ៏​សំខាន់មួយ​ដែល​ឈាន​ទៅ​ដល់​ការ​កំណត់​ជោគ​វាសនា​របស់​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​នឹង​ទន្លេ​មេគង្គ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​នោះ៕