ប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំ បានប៉ុនប៉ងបង្កើតសមាគមនាំអង្ករចេញរួមគ្នានៅថ្ងៃនេះ ដើម្បីរក្សាលំនឹងស្បៀងអាហារនៅក្នុងទីផ្សារអន្ដរជាតិ។ ក៏ប៉ុន្ដែអ្នកសេដ្ឋកិច្ច និយាយថា ប្រទេសកម្ពុជា នៅ មានលក្ខណៈសម្បត្តិទន់ខ្សោយនៅឡើយក្នុងការផលិតអង្ករសម្រាប់ការនាំចេញទៅលក់នៅក្រៅប្រទេស។
ប្រទេសសមាជិកនៃកិច្ចប្រជុំកំពូលស្ដីពីយុទ្ធសាស្រ្ដសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ទន្លេមេគង្គចៅប្រាយ៉ា (The Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy - ACMECS) រួមមានកម្ពុជា វៀតណាម ឡាវ ភូមា និងថៃ បានសម្លឹងរកលទ្ធភាពបង្កើតសមាគមផលិត និងនាំអង្ករទៅលក់លើទីផ្សារអន្ដរជាតិរួមគ្នា នៅថ្ងៃពុធនេះ ក្នុងគោលដៅមួយដែលគេអះអាងថា ដើម្បីធានាសុវត្ថិភាពស្បៀងអាហារ។ ការពិចារណានេះ ធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៃ ប្រទេសទាំងប្រាំ ក្នុងទីក្រុងភ្នំពេញដែលបានដំណើរការអស់រយៈពេលមួយព្រឹកនៅថ្ងៃនេះ។
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីរបស់ប្រទេសកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយពីកិច្ចប្រជុំថា សមាគមនាំអង្ករចេញរបស់កម្ពុជា វៀតណាម ឡាវ ភូមា និងថៃនេះ មិនមែនបង្កើតឡើងក្នុងគោលដៅសម្រាប់ជាការក្រឡុកតម្លៃអង្ករក្នុងទីផ្សារពិភពលោក ដូចការក្រឡុកតម្លៃប្រេងសាំងដូចអង្គការនៃបណ្ដាប្រទេសអ្នកផលិតប្រេង OPEC នោះទេ។
“មិនមែនជាអង្គការ សម្រាប់តថ្លៃ របៀប APEC, OPEC ប៉ុន្ដែគោលបំណងរបស់ ACMECS ដែលចង់ធ្វើសមាគមនាំចេញអង្ករ គឺចង់ជួយទ្រទ្រង់ធានាស្ថេរភាពស្បៀងនៅលើពិភពលោករបស់យើង យ៉ាងហោចណាស់នៅក្នុងតំបន់ដែលកំពុងទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុ"។
យ៉ាងណាក៏ដោយ ការបង្កើតសមាគមនេះហាក់ដូចជាស្ថិតនៅលើកំណាត់ផ្លូវវែងឆ្ងាយតទៅទៀត។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ជាក់ថា ក្រុមរដ្ឋមន្ដ្រីនៃប្រទេសទាំងប្រាំ នឹងត្រូវជួបប្រជុំជជែកពិភាក្សាគ្នាជាបន្ដទៀត ដើម្បីស្វែងរកកិច្ចព្រមព្រៀងលើយន្ដការ និងវិធីសាស្ដ្ររបស់សមាគមនាំអង្ករចេញនេះ។
គួរកត់សម្គាល់ថា ប្រទេសថៃ គឺជាប្រទេសដែលនាំអង្ករចេញច្រើនជាងគេបំផុតក្នុងពិភពលោក។ ជារៀងរាល់ឆ្នាំ ប្រទេសដែលមានការជឿនលឿនផ្នែកវិស័យកសិកម្មមួយនេះ បាននាំអង្ករទៅលក់លើទីផ្សារពិភពលោកប្រមាណជា ប្រាំបី លានតោន។ ដោយឡែកប្រទេសវៀតណាម គឺជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសថៃ សម្រាប់ទីផ្សារពិភពលោក។
ក៏ប៉ុន្ដែប្រទេសកម្ពុជាហាក់បីដូចជានៅឃ្លាតឆ្ងាយពីប្រទេសទាំងពីរនេះនៅឡើយ។ តួលេខផ្លូវការឱ្យដឹងថាប្រទេសកម្ពុជាបាននាំអង្ករចេញទៅលក់នៅក្រៅប្រទេសប្រមាណជា ដប់ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយប្រទេសដ៏ទន់ខ្សោយមួយនេះ គ្រោងនឹងបង្កើនការនាំអង្ករចេញឲ្យបានចំនួន មួយលានតោននៅឆ្នាំ ២០១៥។
ក្រុមអ្នកសេដ្ឋកិច្ចកម្ពុជា អធិប្បាយថា កម្ពុជាត្រូវពង្រឹងផ្នែកគុណភាពផលិតអង្ករ និងបង្កើនសមត្ថភាពផលិតស្រូវឲ្យបានច្រើនថែមទៀតសម្រាប់ធានាដល់ការនាំអង្ករចេញទៅលក់នៅលើទីផ្សារអន្ដរជាតិ៕