ក្រុមអ្នកតស៊ូមតិក្នុងប្រទេសកម្ពុជាបានជំរុញឲ្យរដ្ឋាភិបាលបើកទូលាយឲ្យមានការបញ្ចូលអនុសាសន៍ជាសាធារណៈចំពោះច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា ឬច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ដែលអាចជួយដល់ដំណើរការប្រជាធិបតេយ្យ។ ការធ្វើច្បាប់ដែលអាចជៀសផុតពីការបិទសិទ្ធិសេរីភាពបញ្ចេញមតិនឹងជួយដល់គោលនយោបាយរដ្ឋាភិបាល។
ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងបន្តដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យានោះ ក្រុមអ្នកតស៊ូមតិខ្លះដែលយកចិត្តទុកដាក់អំពីដំណើរការប្រជាធិតេយ្យ និងសេរីភាពលើបណ្តាញអ៊ីនធឺណិតក្នុងប្រទេសកម្ពុជាបានទទូចថា ច្បាប់នេះត្រូវមានភាពច្បាស់លាស់ជាជាងមានភាពស្រពិចស្រពិល ដែលអាចផ្តល់ភាពងាយស្រួលដល់អាជ្ញាធររដ្ឋាភិបាលក្នុងការប្រើប្រាស់ភាពចន្លោះប្រហោងនោះដើម្បីធ្វើទុក្ខបុកម្នេញ និងរឹតត្បិតសេរីភាពអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។
សេចក្តីព្រាងច្បាប់ទី២នេះ ដែលជាសេចក្តីព្រាងច្បាប់ចុងក្រោយរបស់រដ្ឋាភិបាលស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ ត្រូវបានតាក់តែងឡើងកាលពីខែកក្កដា ឆ្នាំ២០១៥ នេះបើយោងតាមប្រភពស្និទរបស់ VOA នឹងរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់នេះមាន៦ជំពូកនិង៣៣មាត្រា។ សេចក្តីព្រាងច្បាប់នោះបានបញ្ជាក់ថា ច្បាប់នេះនឹងផ្តល់សិទ្ធិដល់មន្ត្រីមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតបទល្មើសខាងបច្ចេកវិទ្យា រក្សាទុកទិន្នន័យ កុំព្យូទ័រ និងចរាចរណ៍ទិន្នន័យ ចាប់យកទិន្នន័យដោយស្របច្បាប់ ថតចម្លងទិន្នន័យ និងធ្វើការរឹបអូសទិន្នន័យកុំព្យូទ័រជាដើម។
ក្រុមអ្នកតស៊ូមតិបានគាំទ្រមាត្រាខ្លះ ដែលនិយាយអំពីការហាមប្រាមមិនឲ្យផ្សព្វផ្សាយរូបអាអាសអាភាស ទប់ស្កាត់ការលួចចូលកុងធនាគារ លួចព័ត៌មានក្រុមហ៊ុន បោកប្រាស់ និងបញ្ហាជាច្រើនទៀតផងដែរ។
ថ្លែងប្រាប់ VOA នៅសប្តាហ៍មុន លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកព័ត៌មាន បានផ្តល់យោបល់ថា ការតាក់តែងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាត្រូវតែបំបាត់ភាពមិនច្បាស់លាស់ ហើយធ្វើឲ្យវាក្លាយជាច្បាប់អាចទទួលយកបាន ដើម្បីកុំឲ្យមានភាពរឹតត្បិតដែលបង្កបញ្ហាដល់លទ្ធិប្រជាធិបតេយ្យ។
«អញ្ចឹងហើយបើសិនជាមានការរឹតត្បិតសេរីភាពបញ្ចេញមតិ សេរីភាព សារព័ត៌មានតាមរយៈការប្រើប្រាស់ តាមការបង្កើតច្បាប់អ៊ីនធើណិត ដែលមានការរឹតត្បិតបែបនេះ គឺវាប៉ះពាល់ទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងដំណើរការនៃលទ្ធិប្រជាធិប តេយ្យនេះឯង»។
មិនត្រឹមតែប៉ុណ្ណេះទេ លោកបានលើកឡើងថា ការរឹតត្បិតលើប្រព័ន្ធអ៊ីនធឺណិតនេះ ប៉ះពាល់ដល់គោលការណ៍តម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្យាយណាមួយ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ។
លោក ណារិទ្ធ បានលើកយកការរឹតត្បិតសិទ្ធិសេរីភាពនៅកម្ពុជាក្នុងរបបខ្មែរក្រហមជាឧទាហរណ៍ដ៏គ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ដោយសារប្រជាពលរដ្ឋមិនហ៊ាននិយាយ ពួកគាត់បិទមាត់ខ្លួនឯងមិនហ៊ានការបញ្ចេញមតិ។ ពលរដ្ឋបានប្រាប់មិនឲ្យបងប្អូន កូនចៅ សាច់ញាតិរបស់គាត់និយាយស្តី ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ជីវិត។
«យើងដឹងហើយថា សង្គមដែលល្អបំផុតនោះគឺលទ្ធិប្រជាធិបតេយ្យ ដែលចូលរួម ដោយផ្ទាល់ ដោយប្រជាពលរដ្ឋ។ ហើយដោយសារបច្ចុប្បន្ននេះ យើងមានប្រព័ន្ធ អ៊ីនធឺណិតក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook Tweeter YouTube និង Blog ជាដើមហ្នឹង ធ្វើឲ្យសាធារណជន ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតហ្នឹង អាចចូលរួមដោយផ្ទាល់ នៅក្នុងដំណើរការប្រជាធិបតេយ្យ ជាពិសេសនៅអំឡុងពេលបោះឆ្នោត ៤ឆ្នាំម្តងនេះ»។
នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានឈ្នះបាន៦៨អាសនៈប៉ុណ្ណោះ គឺថយសំឡេងឆ្នោតពី៩០អាសនៈនៅដែលប្រព័ន្ធសង្គមមានការរីកចម្រើនខ្លាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះមានការរឹតត្បិតខ្លាំង។
លោក អំ សំអាត មន្ត្រីគ្រប់គ្រងបច្ចេកទេសនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា ក្នុងពេលប្រជាពលរដ្ឋកំពុងពឹងផ្អែកកាន់តែច្រើនឡើងលើប្រព័ន្ធសង្គមតាមប្រព័ន្ធ អ៊ីនធើណិតនោះ ស្រាប់តែរដ្ឋាភិបាលបង្កើតច្បាប់នេះទៅវិញ។ និន្នាការនេះនឹងមិនអាចជៀសផុតពីការរឹតត្បិតសិទ្ធិសេរីភាពអ្នកប្រើប្រាស់ទេ។
«ព្រោះនៅកម្ពុជាយើង យើងឃើញហើយថា ច្បាប់មួយចំនួនដែលបង្កើតឡើងមកគឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋហ្នឹងច្រើនជាងការការពារ ហើយនឹងផ្តល់សិទ្ធិដល់ពួកគាត់ជាប្រជាពលរដ្ឋ»។
លោកថ្លែងដូច្នេះ ដោយយោងថា នៅកម្ពុជាមានទូរទស្សន៍ វិទ្យុ កាសែតតិចតួច ដែលឯករាជ្យ។ អញ្ចឹងប្រជាពលរដ្ឋប្រើប្រព័ន្ធនេះ ដើម្បីបញ្ចេញមតិ និងទទួលបានព័ត៌មាន។ ហើយមួយទៀតអ្នកតវ៉ា អ្នកបញ្ចេញមិតិតាមរយៈដោយឧគ្ឃោសនៈស័ព្ទ អាចនឹងត្រូវជាប់ទោសព្រហ្មទណ្ឌ ត្រូវចោទប្រកាន់ជាដើម។
លោកថា ច្បាប់នេះត្រូវបង្កើតឡើងក្រោមលេសរបស់រដ្ឋាភិបាល ដែលថា ត្រូវមានវិធានការចំពោះការជេរប្រមាថមន្ត្រីថ្នាក់ដឹកនាំ និងបុគ្គល ។
បន្ថែមពីលើនេះដែរ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយ បាននិយាយថា ប្រទេសកម្ពុជាត្រូវមានច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ ដូចប្រទេសជឿនលឿនដែរ តែលោកនិយាយថា ការអនុវត្តនេះគឺជាការបារម្ភខ្លាំងជាងខ្លឹមសារច្បាប់។
«ហើយការព្រួយបារម្ភមួយទៀតគឺទាក់ទងនឹងការអនុវត្ត។ ការអនុវត្ត ដោយសារពីដើមមកយកច្បាប់ ទោះបីខ្លឹមសារត្រឹមត្រូវក៏យកទៅអនុវត្តមិនត្រឹមត្រូវ ឬមួយក៏អនុវត្តលម្អៀង។ តែទាក់ទងនឹងការអនុវត្តវាទាក់នឹងប្រព័ន្ធតុលាការ បញ្ហាក្រសួងយុត្តិធម៌ បញ្ហាផ្សេងៗ»។
លោក អ៊ូ វីរៈ បន្ថែមថា សេចក្តីព្រាងនេះមិនគួរមានការពាក់ព័ន្ធនឹងការបញ្ចេញមតិទេ ព្រោះមានច្បាប់ផ្សេងៗហើយ។ គួរតែមានការពាក់ព័ន្ធតែលើបច្ចេកវិទ្យាតែប៉ុណ្ណឹង ទេ។
«មិនអាចមានច្បាប់ប្រព័ន្ធអ៊ីនធើណិតទាក់ទងនឹងសេរីភាពបញ្ចេញមតិទេ តែទាក់ទង តែនឹងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាតែប៉ុណ្ណឹងទេ ទាក់ទងនឹងច្បាប់ហ្នឹង។ ហើយបើ សិនជាក្នុងករណីការសម្តែងមតិ ការណ៍ពិតយើងមានច្បាប់ផ្សេងៗ ដូចជាច្បាប់ព្រហ្មទណ្ឌរបស់យើងទាក់ទងរឿងសេរីភាពហ្នឹង គឺទាក់ទងនឹងបទបរិហារកេរ្តិ៍ ព័ត៌មានមិនពិត បទញុះញង់អីហ្នឹងគឺយើងមានរួចទៅហើយ។ ដូច្នេះមិនមានមូលហេតុអីក្នុងការបញ្ចូលបន្ថែមទៅក្នុងច្បាប់ឧក្រិដ្ឋកម្មប្រព័ន្ធអ៊ីនធឺណិតទេ»។
ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា រហូតមកដល់ពេលនេះ លោកមិនទាន់ឃើញព័ត៌មានណាមួយថា ក្រសួងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃផ្តួចផ្តើមសេចក្តីពា្រងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា ឬឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីធឺណិតរួមគ្នាទេ។
«មិនទាន់មាននៅឡើយទេ លើកលែងតែពង្រាងចាស់ដែលគេបោះចោលនោះ»។
ទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពដែលផ្តល់សេចក្តីព្រាងច្បាប់នេះឲ្យ VOA បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះកំពុងត្រូវបានបន្តតាក់តែង និងពិភាក្សា។ សេចក្តីព្រាងច្បាប់នេះក៏ផ្តល់ការអនុញ្ញាតដល់សមត្ថកិច្ចនគរបាលយុត្តិធម៌អាចប្រើប្រាស់បច្ចេកទេសរបស់អ្នកផ្តល់សេវា ឬប្រើប្រាស់លទ្ធភាពផ្សេងៗក្នុងការតាមដាន ដោយចាប់យកទិន្នន័យ ការប្រើប្រាស់ និងរឹបអូសឧបករណ៍ ដែលផ្ទុកទិន្នន័យ ដូចជាកុំព្យូទ័រ ចរាចរណ៍ទិន្នន័យ ឬទិន្នន័យដែលទាក់ទងទៅនឹងអ្នកប្រើប្រាស់ ដោយទទួលបានពីបុគ្គល ឬអ្នកផ្តល់សេវា ដើម្បីធើ្វការថតចម្លង ប្រើប្រាស់ធ្វើជាភស្តុតាង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតស៊ូមតិបាននិយាយថា ច្បាប់មួយចំនួន រួមទាំង ច្បាប់ស្តីពីរបបសារព័ត៌មានផងនោះ មានការតាក់តែងមិនច្បាស់លាស់ បា្រសចាករដ្ឋធម្មនុញ្ញកម្ពុជានៅចំណុចខ្លះ ដូចជារឿងទាក់ទងនឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងបញ្ហាសន្តិសុខជាតិ ដែលរឿងនេះគេអាចដាក់ទោសអ្នកសារព័ត៌មាន និងពលរដ្ឋដោយងាយដូចដែលបានកើតឡើងកន្លងមកស្រាប់។
ប្រទេសកម្ពុជាជាប់ឈ្មោះថា ជាប្រទេសដែលមានការរឹតត្បិតប្រព័ន្ធអ៊ីនធឺណិត និង បណ្តាញសង្គម។ អ្នកប្រើប្រាស់មួយចំនួនត្រូវបានចាប់ខ្លួន ចាប់ដាក់គុកចំពោះការសសេរ និងបង្ហោះមតិរបស់ខ្លួន។ ក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិផងដែរ។
គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍កាលពីថ្ងៃសុក្រ ក្នុងកិច្ចប្រជុំពេញអង្គប្រចាំសប្តាហ៍របស់ខ្លួន ក្នុងគោលដៅកំណត់សមត្ថកិច្ចគ្រប់គ្រង ការចេញបទបញ្ញត្តិ និងការត្រួតពិនិត្យតាមដានប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងបែបបទនៃអភិបាលកិច្ចនៃវិស័យនេះ។ បន្ថែមពីលើនេះ ថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចបង្កើតនាយកដ្ឋានមួយក្នុងក្រសួងមហាផ្ទៃទាក់ទងនឹងការប្រឆាំងនឹងបទឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា ឬឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធើណិត៕