អ្នកធ្វើការលើវិស័យសារព័ត៌មានបានលើកឡើងថា ខ្លឹមសារដែលចែងក្នុងសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួងព័ត៌មានមានលក្ខណៈទូលាយ និងចែងមិនច្បាស់លាស់មួយចំនួន។
សេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលវីអូអេទទួលបានចែងថា បុគ្គល ឬអ្នកគ្រប់គ្រងអង្គភាពដែលអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ត្រូវចៀសវាងការផ្សាយ ឬគាំទ្រព័ត៌មានដែលញុះញង់ឱ្យមានការរើសអើង និងស្អប់ខ្ពើមជាតិសាសន៍ ពណ៌សម្បុរ ឋានៈនៅក្នុងសង្គម ឬនិន្នាការនយោបាយ ញុះញង់ឱ្យមានការប្រព្រឹត្តអំពើល្មើសច្បាប់ ឬសកម្មភាពប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្នាប់ធ្នាប់សាធារណៈ និងសិទ្ធិអ្នកដទៃជាដើម។
បើតាមសេចក្តីព្រាងនោះ អ្នកសារព័ត៌មានចៀសវាងការផ្សាយព័ត៌មានប៉ះពាល់ដល់អធិបតេយ្យជាតិ បូរណភាពដែនដី ឬទំនាក់ទំនងការទូត ការចុះផ្សាយរូបភាពកុមារដោយមិនមានការអនុញ្ញាតពីអាណាព្យាបាល និងផ្សាយខ្លឹមសារដែលនាំឱ្យឈានទៅមានចំណង់សេពគ្រឿងស្រវឹង ថ្នាំជក់ ឬគ្រឿងញៀនជាដើម។
សេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចែងទៀតថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវគោរពច្បាប់ជាធរមាននៃប្រទេស ហើយទង្វើបំពានត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិ។ ទង្វើបំពានប្រភេទទាំងនេះមិនស្ថិតនៅក្នុងក្របខណ្ឌនៃសេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានឡើយ។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ប្រាប់វីអូអេថា អ្នកផ្តល់ធាតុចូលតាមរយៈសមាគមរបស់លោកបានលើកឡើងថា វិសាលភាពនៃសេចក្តីព្រាងនេះ«មានការគ្របដណ្តប់ទូលាយ»ច្រើនជាងកិច្ចការរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលក្នុងនោះផ្តោតទៅលើពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាដូចជា MMO ជាដើម។ លោកបន្ថែមថា សេចក្តីព្រាងនេះក៏មានការកំណត់ខ្លឹមសារទូលាយមួយចំនួនផងដែរ។
លោកថ្លែងថា៖ «ប្រសិនបើជាការចែងនៅក្នុងក្រមហ្នឹងដូចខ្ញុំបានលើកឡើងខាងដើមអ៊ីចឹងថា វាមានភាពទូលាយពេក។ វាអាចធ្វើឱ្យមានការបកស្រាយផ្សេងៗបាន ហើយអ្នកបកស្រាយហ្នឹងមិនមានឯករាជ្យភាពគ្រប់គ្រាន់ ឬមួយក៏អ្នកមានឥទ្ធិពលពីបញ្ហាដែលកើតមានឡើងទៅលើអ្នកសារព័ត៌មាន អ៊ីចឹងវាធ្វើឱ្យមានការគំរាមកំហែង។ វាធ្វើឱ្យមានការរឹតត្បិតដល់ការងាររបស់អ្នកសារព័ត៌មាន»។
បើតាមលោក ណុប វី ប្រការមួយចំនួនដែលមានក្នុងសេចក្តីព្រាងនេះ«មានរូបភាពគំរាមកំហែងច្រើនជាងផ្តល់ការណែនាំ» ដូចជាការចែងថាត្រូវចៀសវាងដាច់ខាតជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីប្រព្រឹត្តបទល្មើសជាដើម។
ទោះជាយ៉ាងណា លោក ណុប វី លើកឡើងថា ខ្លឹមសារនៃសេចក្តីព្រាងវិជ្ជាជីវៈសារព័ត៌មាននេះមានចំណុចល្អច្រើន។
លោក ណុប វី អះអាងថា សមាគមខេមបូចានឹងដាក់ជូនធាតុចូលដែលខ្លួនបានប្រមូលពីភាគីពាក់ព័ន្ធទៅកាន់ក្រសួងព័ត៌មាននាថ្ងៃទី២ ខែសីហានេះ។ លោកបន្ថែមថា ក្រសួងបានផ្តល់ពេលវេលាតិចតួចពេកសម្រាប់អ្នកធ្វើការលើវិស័យសារព័ត៌មានធ្វើការត្រួតពិនិត្យលើសេចក្តីព្រាងធម្មនុញ្ញមួយនេះ។
លោកថ្លែងថា៖ «យើងយល់ឃើញថា ក្រសួងគួរតែផ្តល់ពេលវេលាបន្ថែមទៀត។ ជាការណ៍ពិត ការផ្តល់ពេលវេលាច្រើនគ្រប់គ្រាន់សមល្មមគឺជារឿងមួយចាំបាច់ដើម្បីធានាថា អ្នកសារព័ត៌មានទាំងអស់ បើមិនបានទាំងអស់ក៏ភាគច្រើនគឺបានយល់ បានដឹង បានអាន ហើយបានផ្តល់ជាគំនិតយោបល់ផ្សេងៗទៅក្រសួងព័ត៌មានដើម្បីពិនិត្យនៅក្នុងការកែសម្រួលទៅក្នុងធម្មនុញ្ញសារព័ត៌មាននេះ»។
កាលពីកន្លងទៅ អ្នកជំនាញនៅក្នុងវិស័យសារព័ត៌មានបានបង្ហាញក្តីព្រួយបារម្ភថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះនឹងធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែតានតឹងជាងមុន ក្នុងករណីក្រសួងជាអ្នកតាក់តែងនិងរៀបចំ។ អ្នកជំនាញធ្លាប់លើកឡើងថា ក្រមសីលធម៌សារព័ត៌មានគួរត្រូវបានរៀបចំដោយសមាគមសារព័ត៌មានឬក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យមួយ មិនមែនធ្វើឡើងដោយក្រសួងព័ត៌មានដែលជាសេនាធិការរបស់រដ្ឋាភិបាលឡើយ។
អ្នកស្រី ហង្ស សម្ជស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្រ្តីកម្ពុជា ថ្លែងថា អ្នកស្រីចង់ឃើញកម្ពុជាមានក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យមួយ ដែលមានតួនាទីត្រួតពិនិត្យវិជ្ជាជីវៈ និងការបំពេញការងាររបស់អ្នកសារព័ត៌មាន។
អ្នកស្រីថ្លែងថា៖ «ហើយក្រុមប្រឹក្សាសារព័ត៌មាននេះគួរតែជាក្រុមប្រឹក្សាដែលឯករាជ្យ មានន័យថា បង្កើតឡើងដោយមានសមាសភាពចម្រុះគ្នា ធានាបាននូវឯករាជ្យភាពរបស់សារព័ត៌មានគឺមិនគួរមានក្រសួងព័ត៌មានចូលមកក្នុងការគ្រប់គ្រងចាត់ចែងទេ ព្រោះបើក្រសួងព័ត៌មានគ្រប់គ្រងចាត់ចែងមើលទៅក្រសួងហាក់ដូចជាអ្នកត្រួតត្រា ឬដាក់សម្ពោធមកលើអ្នកដែលកំពុងបំពេញវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជាអ៊ីចឹង»។
អ្នកស្រី ហង្ស សម្ជស្ស បន្ថែមថា កន្លងទៅ អ្នកសារព័ត៌មានតែងតែទទួលរងបញ្ហាតាមផ្លូវច្បាប់ ដែលស្ថិតក្រោមបទចោទញុះញង់បង្កភាពវឹកវរដល់សន្តិសុខ។ អ្នកស្រីបន្តថា បទចោទប្រកាន់នេះមានភាពទូលាយខ្លាំងពេក ហើយបានធ្វើឱ្យអ្នកសារព័ត៌មានមានភាពខ្លាចរអា និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលបំពេញការងារ។
អ្នកស្រីបញ្ជាក់ថា៖ «បើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកើតឡើងទៀត ខ្ញុំមើលខ្លឹមសារទៅហាក់យល់ថា វាមិនបានជួយដល់អ្នកសារព័ត៌មានធ្វើការឱ្យកាន់តែមានសេរីភាពពេញលេញ មិនមានការភ័យខ្លាច មិនមានការគំរាមកំហែង បែរជាដាក់សម្ពាធបង្រួមលំហរបស់គាត់ក្នុងការបំពេញការងារកាន់តែតូចទៅទៀត។ អ៊ីចឹងតើប្រជាពលរដ្ឋនៅប្រទេសកម្ពុជា គាត់ទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយតាមរបៀបណា នៅពេលដែលអ្នកបំពេញវិជ្ជាជីវៈមិនបំពេញដោយភាពពេញលេញបាន»។
កាលពីថ្ងៃទី២៤ ខែកក្កដា ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មានប្រមាណ២០០នាក់។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះត្រូវបានចាប់ផ្តើមឡើងតាំងពីខែមេសា ដោយមានការតម្រង់ទិស និងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន រួមមានអ្នកសារព័ត៌មាន និងសមាគមសារព័ត៌មានជាដើម។
ថ្លែងនៅកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា លើកឡើងថា វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបានវិវដ្តខ្លួនយ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីទៅជាប្រព័ន្ធផ្សព្វផ្សាយទំនើបនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកបន្តថា កំណើននេះបានធ្វើឱ្យមានការចែកចាយព័ត៌មានគ្រប់ប្រភេទ រួមទាំងព័ត៌មានក្លែងក្លាយដែលវាបានធ្វើឱ្យជះផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងនៅក្នុងសង្គម។
លោកក៏បានលើកឡើងពីបញ្ហាដែលទាក់ទងនឹងក្រុមដែលរកប្រាក់តាមអនឡាញ ឬហៅថា MMO ថា បានបង្កបញ្ហាជាច្រើន ដោយសារពួកគេមិនបានគិតពីក្រមសីលធម៌ក្នុងការផ្សព្វផ្សាយមាតិកាណាមួយនោះទេ គឺពួកគេគ្រាន់តែចង់បានចំនួនlikes, comments shares និងviews ដើម្បីបានលុយពីបណ្ដាញសង្គម ដែលបានបំផ្លាញទំនុកចិត្តនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ទោះជាយ៉ាងណា សេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះបញ្ជាក់ថា ធម្មនុញ្ញនេះធ្វើឡើងក្នុងគោលបំណងបន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយទំនុកចិត្ត គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ។ សេចក្តីព្រាងបន្ថែមថា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាននិងសមាគមអ្នកសារព័ត៌មានត្រូវគោរពតាមការព្រមព្រៀងនិងប្តេជ្ញាចិត្តប្រកាន់ខ្ជាប់តាមធម្មនុញ្ញវិជ្ជាជីវៈនេះ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ លើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះរៀបចំឡើងក្នុងគោលបំណងបង្កើតជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ យកធ្វើជាមូលដ្ឋានក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។
យ៉ាងណាមិញ លោកមិនបានបញ្ជាក់ឱ្យច្បាស់ថា តើក្រសួងព័ត៌មាននឹងមានចំណាត់ការយ៉ាងដូចម្តេច ប្រសិនបើស្ថាប័នសារព័ត៌មាន ឬអ្នកសារព័ត៌មានប្រព្រឹត្តខុសពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
លោកថ្លែងថា៖ «ការអនុវត្តការងារដោយភាពស្មោះត្រង់ និងការគោរពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺត្រូវបានទទួលគំាពារ និងការពារដោយច្បាប់ ហើយផ្ទុយទៅវិញច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ដែលពាក់ព័ន្ធផ្សេងទៀត លិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមានមិនអាចការពារបានចំពោះអ្នកដែលប្រកបការងារ និងផ្សាយដែលមិនបានគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬមិនគោរពច្បាប់នោះទេ»។
បញ្ហាក្រមសីលធម៌របស់អ្នកសារព័ត៌មានក៏ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់និងព្រមានផងដែរ។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអ្នកកាសែតប្រកាន់ខ្ជាប់ក្រមសីលធម៌ កុំយកអាជីពទៅគាប ដើម្បីយកលុយ។ លោកព្រមានដកអាជ្ញាបណ្ណសារព័ត៌មាន ដាក់ក្នុងបញ្ជីខ្មៅ ហើយឈប់ឱ្យធ្វើជាអ្នកកាសែត ប្រសិនបើមានករណីនេះ។
លោកថ្លែងថា៖ «កុំឱ្យអ្នកកាសែតម្នាក់ពីរនាក់ បួនដប់នាក់ ទៅបំផា្លញកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានរបស់យើងរាប់ម៉ឺននាក់ ព្រោះបងប្អូនមានក្រមសីលធម៌ បងប្អូនខំធ្វើដោយសុទ្ធចិត្ត»។
គួរបញ្ជាក់ថា កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១៥១ក្នុងចំណោម១៨០ប្រទេស ដែលមានន័យថា សេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមរបាយការណ៍ស្តីពីសន្ទទស្សន៍សេរីភាពសារព័ត៌មាន ដែលចេញផ្សាយកាលពីខែឧសភា ដោយអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលជាអង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោក៕