កំណត់និពន្ធ៖ បន្ទាប់ពីពិធីករលោក Brian William ត្រូវបានផ្អាកពីការងារក្នុងកម្មវិធីព័ត៌មាន NBC Nightly News ដោយសារការណ៍ដែលលោកបានអះអាងថា លោកបានរងការបាញ់ប្រហារនៅអ៊ីរ៉ាក់រួចមក អ្នកស្រី Carolyn Weaver នៃ VOA បានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកវាយតម្លៃបណ្តាញផ្សព្វផ្សាយលោក Jim Naureckas នៃក្រុមឃ្លាំមើលសេរីភាពបណ្តាញផ្សព្វផ្សាយ Fairness and Accuracy in Reporting (FAIR)។ កិច្ចសម្ភាសន៍នោះត្រូវកែតម្រូវឲ្យខ្លីល្មមនិងមានភាពជាក់ច្បាស់។
Your browser doesn’t support HTML5
Carolyn Weaver៖ នៅក្នុងអត្ថបទមួយដែលលោកបានសរសេរ (នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥) លោកបានចង្អុលបង្ហាញថា នេះមិនមែនតែមួយលើកទេ ដែលលោក Brian Williams បានបំផ្លើសតួនាទីរបស់លោកនៅក្នុងស្ថានភាពមួយប្រកបដោយគ្រោះថ្នាក់នោះ។
Jim Naureckas៖ ពិតណាស់។ យើងបានសរសេរអត្ថបទមួយនៅក្នុងឆ្នាំ២០១០ អំពីលោក Brian William ធ្វើការរំឭកពីការយកព័ត៌មានរបស់លោកនាពេលមានព្យុះសង្ឃរា Katrina ដោយបានទៅទីក្រុង New Orleans។ ការយកព័ត៌មានរបស់លោកពិតប្រាកដ(នាពេលនោះ) អំពីព្យុះ Katrina គឺមានលក្ខណៈប្រសើរ ហើយពន្យល់ច្បាស់ល្អអំពីតួនាទីដែលការរើសអើងពូជសាសន៍មាននៅក្នុងការធ្វើឲ្យសហគមន៍មួយចំនួនមានភាពងាយរងការប៉ះពាល់ជាងសហគមន៍ដទៃទៀត ក៏ដូចជាហេតុផលដែលជំនួយសង្រ្គោះត្រូវបានចែករំលែកមិនស្មើគ្នា។ល។ ប៉ុន្តែនៅក្នុងការពិនិត្យមើលព្យុះ Katrina ប្រាំឆ្នាំក្រោយមក ស្រាប់តែលោកធ្វើការពណ៌នាពីកន្លែងដែលមានក្រុមចោរប្លន់ប្រកបដោយភាពហិង្សា ដែលប្រុងសម្លាប់លោកដើម្បីយករថយន្តរបស់លោក បើសិនគ្រានោះលោកមិនទទួលបានការការពាររបស់ក្រុមមន្រ្តីសហព័ន្ធប្រដាប់អាវុធនៅជុំវិញលោកទេនោះ។ ហើយគ្មានរឿងរ៉ាវបែបនេះត្រូវបានលើកឡើងនៅក្នុងសេចក្តីរាយការណ៍ដើមរបស់លោកឡើយ។ វាជាអ្វីមួយដែលបានជ្រាបចូលនៅក្នុងរឿងដើម នៅខណៈពេលដែលលោកបានធ្វើការរំឭករឿងរ៉ាវទាំងនោះឡើងវិញនៅក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់មក។
Carolyn Weaver៖ តើលោកនិយាយរឿងរ៉ាវនោះឡើងវិញនៅក្នុងបរិបទជាពិធីករកម្មវិធីព័ត៌មានមួយ ឬ គ្រាន់តែការនិយាយពីរឿងរ៉ាវទូទៅនៅក្នុងកម្មវិធីជជែកកម្សាន្ត The Late Show with David Letterman ឬអ្វីដូចនោះ?
Jim Naureckas៖ ការនិយាយរបស់លោក Williamsនោះ គឺនៅក្នុងកម្មវិធី Dateline Special ដោយត្រឡប់ទៅសម្លឹងមើលព្យុះ Katrina ដូច្នេះនេះជាសេចក្តីរាយការណ៍ព័ត៌មានមួយ ហើយមិនមែនជាការនិយាយនៅក្នុងកម្មវិធីជជែកកម្សាន្តពេលយប់ជ្រៅនោះទេ។
Carolyn Weaver៖ ហេតុអ្វីបានជាលោកគិតថា លោក Brian Williams បាននិយាយបំផ្លើសតួនាទីរបស់លោក?
Jim Naureckas៖ ខ្ញុំគិតថា ជាការគួរឲ្យចាប់អារម្មណ៍ដែលថាព្យុះ Katrina ជារឿងមួយដែលបានធ្វើឲ្យលោកមានឈ្មោះល្បីថ្នាក់ជាតិ និងធ្វើឲ្យលោកក្លាយជាបុគ្គលតំណាងជាតិមួយរូប ប៉ុន្តែការរាយការណ៍នៅគ្រានោះពិតជាប្រកបដោយភាពអាណិតអាសូរដល់ប្រជាជននៅទីក្រុង New Orleans និងមានការព្រួយបារម្ភពីការរើសអើងពូជសាសន៍នៅក្នុងកិច្ចប្រតិបត្តិការផ្តល់ជំនួយផ្សេងៗ។ ហើយនេះមិនមែនជាប្រភេទនៃរូបភាពមួយដែលពិធីករកម្មវិធីព័ត៌មានថ្នាក់ជាតិចង់បង្ហាញនោះទេ ដែលពួកគេមានការចាប់អារម្មណ៍ទៅលើទុក្ខលំបាករបស់ជនភាគតិច និងបញ្ហាវិសមភាពសង្គម។ វាជាការប្រសើរជាងនៅក្នុងការដាក់ខ្លួនជា អ្នកយកព័ត៌មានប្រកបដោយភាពក្លាហានមួយរូប ដែលបានប្រឈមនឹងគ្រោះថ្នាក់នៅពេលធ្វើការរាយការណ៍ព័ត៌មាន និងជាអ្នកដែលបានទទួលរងការបាញ់ប្រហារ។ វាមិនខុសគ្នាឆ្ងាយពីការធ្វើការរាយការណ៍របស់លោកនៅអ៊ីរ៉ាក់នោះទេ ទីដែលលោកចង់សង្កត់ធ្ងន់ពីការណ៍ដែលលោកត្រូវប្រឈមនឹងគ្រោះថ្នាក់ដោយខ្លួនឯងផ្ទាល់នៅក្នុងស្ថានភាពនាគ្រានោះ។
Carolyn Weaver៖ តើរឿងរ៉ាវពាក់ព័ន្ធនឹងលោក Brian Williams អាចឆ្លុះបញ្ចាំងអ្វីខ្លះអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទូទៅ?
Jim Naureckas៖ ខ្ញុំគិតថា វាបញ្ជាក់អំពីថា តើបុគ្គលិកលក្ខណៈមានសារៈសំខាន់ប៉ុណ្ណា និងរបៀបដែលអ្នកយកព័ត៌មាន អ្នកសារព័ត៌មាន ព្យាយាមបង្កើតនូវរូបភាពមួយសម្រាប់ខ្លួនពួកគេផ្ទាល់ ដើម្បីក្លាយជាអ្នកព័ត៌មានបែបណាមួយ។ ហើយរូបភាពនោះ គឺមិនប្រាកដថាស្របជាមួយនឹងការពិតទាល់តែសោះ នៅពេលដែលអ្នកត្រឡប់ក្រោយនិងពិនិត្យមើលអ្វីដែលបានកើតឡើងពិតប្រាកដ។ ប៉ុន្តែវាជាការដាក់ឈ្មោះឲ្យខ្លួនឯង ដែលពួកគេចង់ឲ្យទស្សនិកជនយល់ឃើញតាមកញ្ចក់ទូរទស្សន៍។
Carolyn Weaver៖ តើលោកគិតថាអ្វីនឹងកើតឡើងចំពោះលោក Brian Williams ប្រសិនបើលោក Williams វិលត្រលប់មកវិញ? ហើយតើទីភ្នាក់ងារព័ត៌មានគួរធ្វើអ្វី ដើម្បីរារាំងមិនឲ្យរឿងរ៉ាវដូចនោះកើតឡើងសារជាថ្មី?
Jim Naureckas៖ ខ្ញុំគិតថា អ្វីដែលអ្នកត្រូវធ្វើឲ្យជាក់ច្បាស់នោះ គឺថា ការងាររបស់អ្នកជាអ្នកយកព័ត៌មានដំបូងបង្អស់ គឺប្រមូលយកការពិតឲ្យច្បាស់លាស់។ អ្វីដែលលោក Brian Williams បានបន្សល់ទុកនៅក្នុងការយល់ឃើញរបស់សាធារណជន គឺការបំផ្លើសព័ត៌មាននិងការប្រែក្រឡាស់ខ្លួន។ ហើយនេះ ជាអ្វីដែលខ្ញុំគិតថា ជាបញ្ហាមួយសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ NBC នៅស្របពេលដែលពួកគេព្យាយាមផ្សព្វផ្សាយថាព័ត៌មានរបស់ពួកគេ ជាការរាយការណ៍ដោយផ្ទាល់ផ្អែកលើការពិតនិងមិនមានការបំផ្លើស។ ចំពោះរឿងនេះ ខ្ញុំគិតថា វាជាការល្អមួយដែលទស្សនិកជនមិនទុកចិត្តទាំងស្រុងចំពោះអ្វីដែលពួកគេកំពុងតែទទួលបាន។ ខ្ញុំគិតថា នេះជាការប្រែក្រឡាស់និងការទទួលយកការបំផ្លើសជាច្រើន មិនតែអំពីអ្នកយកព័ត៌មាននោះទេ ប៉ុន្តែគឺអំពីអ្វីៗដែលអ្នកយកព័ត៌មានបានរាយការណ៍។
Carolyn Weaver៖ មនុស្សជាច្រើនចេះមានមន្ទិលចំពោះបណ្តាញផ្សាយព័ត៌មានមួយចំនួនដែលរាយការណ៍បំផ្លើស ប៉ុន្តែសម្រាប់បណ្តាញព័ត៌មានដូចជា NBC ABC CBS យើងតែងតែចាត់ទុកពួកគេថា មានលក្ខណៈវិនិច្ឆ័យនិងមានវិជ្ជាជីវៈជាងនៅក្នុងបែបបទដែលពួកគេរាយការណ៍ពីរឿងរ៉ាវផ្សេងៗ។
Jim Naureckas៖ បើអ្នកគិតពីរឿងរ៉ាវដែលលោក Brian Williams បានរៀបរាប់អំពីការយកព័ត៌មានអំឡុងពេលសង្រ្គាមនៅអ៊ីរ៉ាក់ ហើយអ្នកអាចនិយាយថា តើវាជារឿងសំខាន់ដែរទេដែលឧទ្ធម្ភាគចក្ររបស់លោកត្រូវបានរងគ្រាប់ RPG ឬអត់នោះ? តើវាអាចមានឥទ្ធិពលទៅលើព័ត៌មានដែលមនុស្សទូទៅទទួលបានដែរឬទេ? (ចម្លើយគឺ) វាពិតជាមានឥទ្ធិពលទៅលើមនុស្សទូទៅនៅពេលដែលលោក Brian Williams និយាយអំពីការវាយលុកចូលប្រទេសអ៊ីរ៉ាក់ថា«វាត្រូវបានហៅថាជាសង្រ្គាមដ៏ស្អាតស្អំបំផុតនៅក្នុងប្រវត្តិសាស្រ្តយោធា»។ នេះជាការបំផ្លើសមួយដែលមានសារៈសំខាន់ជាងការថា តើឧទ្ធម្ភាគចក្ររបស់លោកត្រូវរងគ្រាប់ RPG ឬអត់ ហើយវាពិតជាបានលាបពណ៌ទៅលើរបៀបអ្នកដែលទស្សនាព័ត៌មាន NBC News យល់ឃើញពីការវាយលុកចូលប្រទេសអ៊ីរ៉ាក់។
Carolyn Weaver៖ អាជីវកម្មព័ត៌មានហាក់ដូចជាមានទំនោរទៅលើការបង្កើតនូវរឿងព្រេងមួយ ជាជាងសេចក្តីលម្អិតផ្សេងៗ។
Jim Naureckas៖ ខ្ញុំគិតថា ការគិតពីព័ត៌មានថា ជាសេចក្តីរាយការណ៍ច្រើនភាគ ពិតជាកែប្រែរបៀបដែលផ្សាយព័ត៌មាន។ ពួកគេចង់ឲ្យព័ត៌មានមានតួអង្គល្អនិងតួអង្គអាក្រក់ ចង់ឲ្យព័ត៌មានមានសេចក្តីផ្តើម តួសេចក្តី ហើយបើសិនជាអាច មានការបញ្ចប់ដ៏ស្រស់បំព្រងមួយ។ ហើយនេះជារឿយៗ មិនមែនជាទម្រង់នៃព្រឹត្តិការណ៍នានាដែលកើតឡើងពិតជាក់ស្តែងនៅលើពិភពលោកនោះទេ។ ដូច្នេះអ្នកត្រូវកាត់ត និងកែតម្រូវដើម្បីផ្សែផ្សំព្រឹត្តិការណ៍នៃជីវិតពិតឲ្យចូលទៅក្នុងរឿងរ៉ាវដែលត្រូវបានផលិតឡើងសម្រាប់អាននៅលើកញ្ចក់ទូរទស្សន៍។
Carolyn Weaver៖ ហើយខ្ញុំគិតថា ពួកគេធ្វើដូច្នេះ គឺដោយសារតែវានាំឲ្យមានការទទួលបានចំណាត់ថ្នាក់ខ្ពស់ ដូច្នេះខ្ញុំគិតថា តាមការអនុវត្តជាក់ស្តែង រឿងនេះនឹងមិនផ្លាស់ប្តូរនោះទេ។ វាគ្រាន់តែ បុគ្គលមួយរូបត្រូវបានគេដេញទាន់ជាន់កែង ដោយសាររូបគេបានធ្វើជ្រុល។
Jim Naureckas៖ រូបលោក Williams បានចំណាយកម្លាំងជាច្រើននៅក្នុងការបង្កើតនូវ «តួអង្គBrian Williams» តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី David Letterman និង Jon Steward ។ល។ ដើម្បីក្លាយជាមនុស្សម្នាក់ដែលខ្លួនសង្ឃឹមថា ទស្សនិកជននឹងចង់ចំណាយពេលកន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីស្តាប់នូវអ្វីដែលលោកនិយាយអំពីព្រឹត្តិការណ៍ផ្សេងៗប្រចាំថ្ងៃ។ ហើយនៅពេលដែលអ្នកមានការសង្កត់ធ្ងន់បែបនេះទៅលើបុគ្គលិកលក្ខណៈ វាហាក់ដូចជាឃ្លាតចាកពីគោលបំណងរបស់អ្នកដែលចង់ទាក់ទាញទស្សនិកជន ពីព្រោះអ្នកមានរឿងរ៉ាវសំខាន់ៗដើម្បីប្រាប់ពួកគេ រឿងរ៉ាវដែលបានកើតឡើងនៅក្នុងបែបបទមួយដែលត្រឹមត្រូវ។ ប្រសិនបើនោះមិនមែនជាអ្វីដែលអ្នកចាត់ទុកជាអ្វីដែលអ្នកកំពុងផ្តល់ឲ្យទៅមនុស្សទូទៅនោះទេ នោះតម្លៃនៃភាពត្រឹមត្រូវ និងសារៈសំខាន់ផ្សេងៗនឹងត្រូវបាត់បង់។
Carolyn Weaver៖ ដូច្នេះ តើលោកគិតថា នឹងមានការផ្លាស់ប្តូរណាមួយឬទេ ឬតើលោកឃើញមានការផ្លាស់ប្តូរអ្វីខ្លះដែលកំពុងកើតឡើងនោះ?
Jim Naureckas៖ ចំពោះស្ថានីយទូរទស្សន៍ NBC និងលោក Brian Williams ខ្ញុំជឿជាក់ថា ពួកគេមានក្រុមធ្វើតេស្តទីផ្សារ ដែលនឹងផ្តល់ការយល់ឃើញរបស់ពួកគេមកលើលោក Brian Williams ហើយការណ៍នេះច្បាស់ជានឹងនាំឲ្យមានការសម្រេចចិត្តអ្វីមួយនៅចុងបញ្ចប់រយៈពេលផ្អាកប្រាំមួយខែនោះ។ ប្រសិនបើពួកគេ មានអារម្មណ៍ថា រឿងនោះត្រូវបានបំភ្លេចចោល ឬលុបបំបាត់ចោល ពួកគេនឹងអនុញ្ញាតឲ្យលោក Brian Williamsបន្តការងារឡើងវិញ។ ប្រសិនបើឈ្មោះរបស់លោកត្រូវបានរងការខូចខាត ពួកគេប្រហែលនឹងរកអ្នកជំនួស ហើយធ្វើឲ្យបុគ្គលនោះជាឈ្មោះថ្មីមួយសម្រាប់កម្មវិធី NBC Nightly News។
Carolyn Weaver៖ លោក Erik Wemple (នៃសារព័ត៌មាន Washington Post) បានសរសេរអត្ថបទមួយ ដែលនិយាយថា អត្ថបទរបស់លោក Jon Steward ស្តីពីរឿងរ៉ាវពាក់ព័ន្ធនឹងលោក Brian Williams ជាការព្យាយាមមួយនៅក្នុងការសង្រ្គោះលោក Brian Williams និងកាត់បន្ថយនូវការខូចខាតដែលលោក Brian Williams បានបង្កឡើង។ លោក Erik Wemple បានលើកឡើងពីចំណុចមួយដែលមនុស្សជាច្រើននាក់បាននិយាយ គឺហេតុអ្វីបានជាគ្មាននរណាម្នាក់ព្យាយាមធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទទួលខុសត្រូវចំពោះការណ៍ដែលពួកគេចេះតែផ្សាយតាមគ្នានៅក្នុងអំឡុងពេលព្រឹត្តិការណ៍នានាដែលនាំដល់សង្រ្គាមអ៊ីរ៉ាក់នោះ?
Jim Naureckas៖ ពិតហើយ។ មានការសុខចិត្តពិនិត្យមើលការបំផ្លើសរបស់បុគ្គលមួយរូបអំពីប្រវត្តិផ្ទាល់របស់រូបគេ ជាងការបំផ្លើសយ៉ាងធំធេង(របស់ស្ថាប័នផ្សព្វផ្សាយទូទៅ)អំពីអ្វីដែលកំពុងតែកើតមានឡើងនៅលើពិភពលោក និងអ្វីដែលបានប៉ះពាល់ទៅដល់ប្រជាជនរាប់លាននាក់។ ហេតុផលនោះ គឺដោយសារមានការចាត់ទុកថា ការនិយាយកុហកនោះគឺជាកំហុសរបស់សាមីខ្លួនម្នាក់ប៉ុណ្ណោះ ហើយមិនបានឆ្លុះបញ្ចាំងអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងមូលទេ។ ដូច្នេះមិនមានការពិនិត្យមើលគុណវិបត្តិនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទេ។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅសហរដ្ឋអាមេរិក ទទួលបានកិច្ចការពារ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកពិនិត្យមើលថា តើហេតុអ្វីបានជាមនុស្សទាំងអស់នាំគ្នាជឿថា អ៊ីរ៉ាក់មានអាវុធប្រល័យលោក ដែលក្រោយមកគេដឹងថាផ្អែកទៅលើភស្តុតាងប្រឌិតនោះ ហើយប្រសិនបើអ្នកពិនិត្យមើលឲ្យបានដិតដល់នៅពេលនោះ អ្នកអាចដឹងថាសេចក្តីរាយការណ៍ទាំងនោះជារឿងគួរឲ្យមន្ទិលសង្ស័យ ដែលមិនមានមូលដ្ឋានច្បាស់លាស់ និងដែលមានការមួលបង្កាច់ដើម្បីប្រឌិតរឿងឡើង។ ភារកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គឺត្រូវប្រាប់មនុស្សទូទៅថាអ្វីដែលជាការពិត ហើយប្រសិនបើពួកគេមិនបានបំពេញកិច្ចការនេះបានទេ ដោយមិនអាចប្រាប់ថាហេតុផលនៅក្នុងការបង្កជាសង្រ្គាមមួយ មិនមែនជាហេតុផលពិតប្រាកដនោះ វាពិតជាបង្កឲ្យមានការចោទសួរទៅលើស្ថាប័នផ្សាយព័ត៌មានទាំងមូល៕
ប្រែសម្រួលដោយ នាង លី ម៉ូរីវ៉ាន់ និងលោក សឹង សុផាត