អ្នក​ជំនាញ៖ ទាហាន​អាមេរិកាំង​ប្រយុទ្ធ​នឹង​ខ្មែរ​ក្រហម​​​រំដោះ​កប៉ាល​Mayaguez ​មិន​ទាន់​ទទួល​កិត្តិយស​ស័ក្តិសម

រូបឯកសារ៖ ទាហាន​ម៉ារីន​អាមេរិក​រត់​ចេញ​ពី​ឧត្ថម្ភាគចក្រ GH53 ដែល​បាន​ចុះ​​​នៅ​​លើ​កោះតាង​ ចម្ងាយ​ប្រមាណ​៥០​គ.ម.​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា​ ដើម្បី​ជួយ​សង្គ្រោះ​​នាវា​ពាណិជ្ជកម្ម​អាមេរិក Mayaguez ពី​​ទាហាន​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៧៥។ (AP Photo)

ប្រតិបត្តិការ​​រំដោះ​នោះ​​បាន​បណ្តាល​ឱ្យ​ទាហាន​អាមេរិកាំង​​​​​រង​របួស​៥០​នាក់​និង​ពលី​​ជីវិត​ចំនួន​​​៤១​នាក់​ក្នុង​នោះ​បីនាក់​បាន​ជាប់​នៅលើកោះ​ហើយ​ត្រូវ​ទាហាន​ខ្មែរ​ក្រហម​ចាប់​បាន​និង​សម្លាប់​ចោល​នាពេល​ក្រោយមក។​

ការប្រយុទ្ធ​ចុងក្រោយ​រវាង​កងទ័ព​សហរដ្ឋ​អាមេរិក​និង​ខ្មែរ​ក្រហម​បាន​កើត​មាន​ឡើង​នៅ​លើ​កោះតាង​នៅថ្ងៃទី​១៥ខែ​ឧសភាឆ្នាំ​១៩៧៥​គឺ​ជិត​មួយ​ខែ​បន្ទាប់​ពី​ក្រុមខ្មែរ​ក្រហម​បាន​ចូល​កាន់​អំណាច។ ការប្រយុទ្ធ​កើត​ឡើងនៅពេល​ដែល​កងយោធាសហរដ្ឋ​អាមេរិក​បាន​ចូលទៅ​រំដោះ​យក​កប៉ាល​ដឹក​ទំនិញ​ពី​ក្រុម​ខ្មែរ​ក្រហម​មក​វិញ។

ប៉ុន្តែ​ជាង​៤៣​ឆ្នាំ​ក្រោយ​មក ​ពលិកម្ម​របស់​ទាហាន​ទាំងនោះ​នៅ​មិន​ទាន់​ទទួល​បាន​ការផ្តល់​កិត្តិយស​ស័ក្តិសម​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រាវជ្រាវ។

កាលពី​ថ្ងៃទី​១២ខែ​ឧសភា​ឆ្នាំ​១៩៧៥​ ទូកល្បាត​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បាញ់​ឃាត់​កប៉ាល​ដឹក​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះថា​ម៉ាយ៉ាហ្គេយ៍​និង​បាន​បង្ខំ​ឱ្យ​ចូល​ចត​នៅកោះ​តាងរបស់​កម្ពុជា​ហើយ​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​អន្តរជាតិ។

នាវា​ម៉ាយ៉ាហ្គេយ៍​បាន​ដឹក​កុងតឺន័រ​ចំនួន​២៧៤​ដែល​ក្នុង​នោះ​មាន​កុងតឺ​ន័រ​ចំនួន​៧៧​ជារបស់​រដ្ឋាភិបាល​និង​យោធា។ ​ទំនិញ​នោះ​យក​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​ទីក្រុងព្រៃនគរ​កាលពី​៩​ថ្ងៃ​មុន​ពេល​ដែល​របប​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ធ្លាក់​ចូល​ក្នុង​ដៃពួក​កំម្មុយនីស្ត​វៀតណាម។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Gerald Ford ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ប្រតិបត្តិការ​យោធា​ដើម្បី​រំដោះ​ចំណាប់​ខ្មាំង។ ក្រុម​ប្រតិបត្តិការ​នេះ​ប្រើ​ឧទ្ធម្ភាគចក្រ​ចំនួន​៨គ្រឿង​និង​កងកម្លាំង​ម៉ារីន​ចំនួន​១៧៩​នាក់​ដោយ​ចាកចេញ​ពី​មូលដ្ឋាន​យោធា​អូតាប៉ាវ​នៅ​ប្រទេស​ថៃ​ហើយការប្រយុទ្ធ​មាន​រយៈពេល១៤​ម៉ោង​តាំង​ពីព្រឹក​ព្រលឹម​រហូត​ដល់​យប់​ងងឹត។

រូបឯកសារ៖ លោក​ប្រធានាធិបតី Gerald Ford និង​លោក​រដ្ឋមន្ត្រី​ការបរទេស Henry Kissinger ចាប់​ដៃ​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ១៩៧៥។ មុន​នេះ​លោក​ប្រធានាធិបតី​បាន​ប្រកាស​ថា កង​ម៉ារីន​របស់​អាមេរិក​បាន​រកឃើញ​កប៉ាល Mayaguez និង​មនុស្ស​៤០នាក់​នៅ​ក្បែរ​កោះតាង។ (រូបថត AP)

រយៈពេល​៤៣ឆ្នាំ​ក្រោយមក ​លោកព្រឹន្ទបាលឯក​ Fofomaitulagi Tuitele​ ​ដែល​បានចូលរួម​ប្រយុទ្ធ​នៅ​ពេល​នោះ​បាន​រំលឹក​ពីព្រឹត្តិការណ៍​ដ៏​ប្រល័យ​នោះ​ថា៖​

«ស្ថានភាព​ចម្លែក​ខ្លាំងណាស់​ពីព្រោះ​នៅ​ពេល​ដែល​យើង​ចេញ​ទៅ​កោះ​នោះ​ គ្រប់គ្នា​គិត​ថា​ឧទ្ធម្ភាគចក្រ​និង​ចុះចត​ហើយ​យើងអាច​រត់​ចេញ​ឬ​លោត​ចុះ​ប៉ុន្តែ​ការណ៍​ពិត​មិន​ដូច្នោះទេ‍»។

លោក Fofomaitulagi Tuitele​ ដែល​មិត្តភក្តិ​និយម​ហៅថាFofo Tuitele​ ឬ ​«ព្រឹន្ទបាលឯក ធី‍» ​បាន​រៀបរាប់​ថាគ្រាប់​កំាភ្លើង​ក្រុមទាហា​ន​ខ្មែរក្រហម​ដែល​នៅយាម​កោះនោះ​បាន​បាញ់ស្រោច​មក​លើ​ឧទ្ធម្ភាគចក្រ​ដែល​មិន​អាច​ឱ្យ​ឧទ្ទម្ភាគចក្រ​ចុះចត​បាន​ដោយ​ងាយស្រួល។

«ខ្ញុំ​មិន​ដែល​ឃើញ​ឧទ្ធម្ភាគចក្រ​ណាមួយ​ដែល​ត្រូវ​ចុះចត​ដោយ​ឈប់​កម្ពស់​មួយ​ម៉ែត្រ​ពីដី​ហើយ​នៅ​តែ​បើក​ទៅមុខ​ទៀត​ដូច្នេះ​យើង​ត្រូវ​តែ​ហក់​ចេញ​ហើយ​រត់‍»។

ប្រតិបត្តិការរំដោះ​នោះបាន​បណ្តាល​ឱ្យ​ទាហាន​អាមេរិកាំង​រង​របួស​៥០​នាក់​និង​ពលីជីវិត​ចំនួន​៤១​នាក់​ក្នុង​នោះ​បីនាក់​បាន​ជាប់​នៅលើកោះ​ហើយ​ត្រូវ​ទាហាន​ខ្មែរ​ក្រហម​ចាប់​បាន​និង​សម្លាប់​ចោល​នាពេល​ក្រោយមក។​

ការស្លាប់​បាត់បង់​ជីវិត​ខាង​ភាគី​អាមេរិកាំងអាច​ច្រើន​ជាងនេះ​បើសិន​ជា​គ្មាន​វីរភាព​អ្នកប្រយុទ្ធ​ដ៏​ក្លាហាន​ដូចជា​លោកព្រឹន្ទបាលឯក Fofomaitulagi Tuitele។ លោក​បាន​លបឆ្មក់​ចូល​វាយ​ដល់​ទំតាំងកាំភ្លើង​យន្តរបស់​ក្រុមខ្មែរ​ក្រហមដើម្បី​បើ​កផ្លូវ​ឱ្យ​ឧទ្ទម្ភាគចក្រ​ដឹក​កងទ័ព​បន្ថែម​អាច​ចុះ​ចត​បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​អតីត​សហការី​និង​អ្នកស្រាវជ្រាវ។

លោក​ អាល់ ប៊ែលលី ​អតីត​ទាហាន​ម៉ារីន​ដែល​បាន​ចូល​រួម​ប្រយុទ្ធ​នៅថ្ងៃ​នោះ​បានរំលឹកថា៖

«គាត់​បាន​ឡើង​ទៅ​នៅ​ពេល​គាត់​ឮ​កាំភ្លើង​នៅ​ទីតាំង​មួយ​ហើយ​បន្ទាប់មក​ក៏ស្ងាត់​បាត់​សំឡេង។ បន្ទាប់​មក​គាត់​ឮស្នូរ​កាំភ្លើង​នៅកន្លែង​មួយទៀត។ ហើយ​វា​ក៏ស្ងាត់បាត់។ បន្ទាប់​មក​គាត់​ទៅ​ទីតាំង​ទីបី​ហើយ​វា​ស្ងាត់​ទៀត។ ខ្ញុំ​គិត​ថា​គាត់​ចំណាយពេល​ប្រហែល​៣០នាទី​ឬ២០នាទី‍»។

នៅពេល​ដែល​លោក​ Fofo Tuitele ​ចេញមកវិញ​គាត់​បានយក​ជ័យភណ្ឌ​មក​ជាមួយ​មានអាវុធ​អាកា​៤៧​ចំនួន​ពីរដើម ​ប៊ីដុង​ទឹក​ កែវយឹត ​ស្បែកជើង​កង់ឡាន ​បារី ​និង​វត្ថុ​ជាច្រើន​ទៀត។ ការសម្រុក​ចូល​ក្នុង​ទីតាំង​របស់​ក្រុម​ខ្មែរ​ក្រហម​នេះ​គឺ​លោក​ Fofo Tuitele ​ធ្វើ​ឡើង​តែម្នាក់​ឯង​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អាល់ ប៊ែលី។

លោក​បាន​បន្ត​ទៀតថា៖

«សកម្មភាព​របស់​គាត់​បាន​ផ្លាស់​ប្តូរ​ប្រៀប​ក្នុងការ​ប្រយុទ្ធ​គឺ​ស្នូរកាំភ្លើង​បាន​ថយចុះ​ហើយ​បន្ទាប់​មក​មាន​ការបាញ់​គាំទ្រ​តាម​អាកាស​ថែម​និង​មាន​ឧទ្ធម្ភាគចក្រ​ដឹក​កងទ័ព​ថែម​ទៀត‍»។

លោក Fofo Tuitele ​បាន​ពន្យល់​ពីការ​សម្រេច​ចិត្ត​ធ្វើ​ប្រតិបត្តិការ​តែ​ម្នាក់​ឯង​ចូល​ក្នុង​ទីតាំង​របស់​ទាហាន​ខ្មែរ​ក្រហម​ថា៖​

«ខ្ញុំ​មិន​ចង់​យក​អ្នកណា​តា​ម​ទេ​ដោយ​សារ​មិន​ចង់​បរាជ័យ។ ខ្ញុំ​មិន​ចាំបាច់​បារម្ភ​ពី​ជីវិត​ដៃគូ។ ខ្ញុំ​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​រហ័ស​ជាជាង​ប្រាប់​គេ​ថា​ត្រូវ​ធ្វើ​ម៉េច​និង​មិនត្រូវ​ធ្វើ​អីខ្លះ។ ខ្ញុំ​អាច​គិត​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដោយ​ស្ងាត់ស្ងៀម‍»។ ​

ក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​ប្រយុទ្ធ​ស្ទើរតែ​ទាំងអស់​ជា​ទាហាន​ក្មេងៗ​ដែល​កំពុងហាត់​ហ្វឹក​ហ្វឺន​នៅឡើយ​គឺ​មានអ្នកធ្លាប់​ប្រយុទ្ធ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។​ ភាគច្រើន​នៃ​ទាហាន​ទាំងនោះ​អាយុពី​១៨​ដល់​២១ឆ្នាំ។

បើទោះជា​យ៉ាង​នេះ​ក៏ដោយ​ស្មារតី​ប្រយុទ្ធ​របស់​ពួកគេ​ខ្លាំងក្លា។ នេះ​បើ​យោងតាម​ការរៀបរាប់​របស់​អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម​ដែល​ដឹកនាំ​ការ​ប្រយុទ្ធ​នា​ពេល​នោះ។

ខ្ញុំ​អាច​និយាយ​ថា​ពួកគេ​ក្លាហាន​។ ពួកគេ​មិន​ខ្លាច​ស្លាប់​ទេ‍

លោក​ អែម សោម ​មេបញ្ជាការ​នៅ​លើ​កោះតាង​បាន​បញ្ជាក់​ប្រាប់​លោក​ Peter Maguire​ ដែល​ជា​ អ្នកស្រាវជ្រាវ​ថា៖ «ខ្ញុំ​អាច​និយាយ​ថា​ពួកគេ​ក្លាហាន​។ ពួកគេ​មិន​ខ្លាច​ស្លាប់​ទេ‍»។​

ទាហាន​ខ្មែរ​ក្រហម​បាន​ស្លាប់​បាត់​បង់​ជីវិត​ប្រហែល​ជាង​២០នាក់។ រីឯ​សហរដ្ឋ​អាមេរិក​ក្រៅពី​មាន​អ្នក​ស្លាប់​និង​របួស​គឺ​បាន​ខូចខាត​ឧទ្ធម្ភាគចក្រ​ចំនួន​៣គ្រឿង។

ក្រុមអ្នកស្រាវជ្រាវ​នៅតែ​ចោទ​សួរ​ពីវិធី​ដោះ​ស្រាយ​បញ្ហា​ដែល​សហរដ្ឋ​អាមេរិក​ប្រើប្រាស់​នៅ​ពេល​នោះ​ដូច​ជា​ការប្រើប្រាស់​កម្លាំង​ដែល​មិនមាន​បទពិសោធន៍ ​ការបរាជ័យ​ខាង​ការ​ស៊ើប​ការ​ណ៍សម្ងាត់​ព្រោះ​ពួកគេ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​មុនពេល​ប្រយុទ្ធហើយ​នឹកស្មានថា​មិន​មានការ​តដៃ​ខ្លាំងក្លា​ទេ​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ត្រូវ​នឹង​សភាពការណ៍ពិត​ជាដើម​ពីព្រោះ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​បាន​សម្រេច​ដោះលែង​ចំណាប់ខ្មាំង​ទាំង៤០​នាក់​និង​កប៉ាល​មុ​ននឹង​ប្រតិបត្តិការ​យោធា​ចាប់​ផ្តើម។

វាគឺជា​ប្រតិបត្តិការ​យោធា​មួយ​ដែល​មិន​ចាំបាច់​ទាល់​តែ​សោះ

លោក​ Peter Maguire ​ប្រធាន​មូលនិធិ​ Fainting Robbin ​និង​ជាអ្នកស្រាវជ្រាវ​បាន​បញ្ជាក់​ថា៖

«វាគឺជា​ប្រតិបត្តិការ​យោធា​មួយ​ដែល​មិន​ចាំបាច់​ទាល់​តែ​សោះ។ ពួកគេ​ត្រូវ​បញ្ជូន​ទៅ​កោះ​មួយ​ដើម្បី​ដោះលែង​ចំណាប់​ខ្មាំង​និង​នាវា​ដឹកទំនិញ​អាមេរិកាំង។ នៅពេល​ដែលពួកគេ​ចុះចត​លើកោះ​គឺ​កប៉ាល​នោះ​ត្រូវបាន​គេ​ដោះលែង​មក​វិញ​ហើយ។ ដូច្នេះ​គ្មាន​អ្វី​ដែល​ត្រូវ​ឱ្យ​ពួកគេ​ឡើង​កោះ​នោះ​សោះ។ ធម្មតា​ការមើល​ថយ​ក្រោយ​ហើយ​រិះគន់​ការសម្រេច​ចិត្ត​នានាជាការងាយស្រួល​ ប៉ុន្តែ​បើ​និយាយ​ដោយ​យុត្តិធម៌​ទៅ​ក៏​ប្រតិបត្តិការ​នេះ​នៅតែ​ជា​បញ្ហា​រញ៉េរញ៉ៃ​ដដែល‍»។

រហូត​មកដល់​ពេលនេះ​នៅ​មិន​ទាន់​មាន​ការទទួល​ស្គាល់​ស្នាដៃទាហាន​ពលី​និង​នៅ​រស់​រាន​ឱ្យ​ស័ក្តិ​សម​នឹង​ស្នាដៃ​របស់​ពួកគេ​នៅឡើយ​ទេ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកម៉ាក់ខ្វៃ។

កាលពីឆ្នាំ​២០១៦​ លោក Mark Meadows ​សមាជិក​សភា​ប្រចាំ​រដ្ឋNorth Carolina​ និង​លោកស្រី​ Tulsi Gabbard ​សមាជិកសភា​ប្រចាំ​រដ្ឋ Hawaii ​បាន​ស្នើ​សេចក្តី​ព្រាងច្បាប់​មួយ​ផ្តល់មេដាយ​សង្គ្រាម​វៀតណាម​ដល់​កងកម្លាំង​យោធា​ដែល​ចូលរួមក្នុ​ង​ប្រតិបត្តិការ​សង្គ្រោះ​នាវា​ Mayaguez​ នោះ​ផង​ដែរ ​ប៉ុន្តែ​មិន​បាន​សម្រេច​ជោគជ័យ​ដោយ​អ្នកខ្លះ​លើកឡើង​ថា​វាមិន​មែន​ជាផ្នែក​មួយ​នៃ​សង្គ្រាម​វៀតណាមបើ​ទោះបី​ជា​ឈ្មោះ​របស់​ពួកគេ​មាន​ចារ​នៅឯ​វិមាន​រំលឹក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​ក្នុង​សង្គ្រាម​វៀតណាម​ក៏ដោយ។

លោក​ Peter Maguire ​កំពុង​ខិតខំជាថ្មី​ទៀត​ដើម្បី​ឱ្យ​ពួកគេ​ទទួលបាន​មេដាយ​កិត្តិយស​នេះ។ លោក​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​ការខិតខំ​ប្រឹងប្រែង​លើកមុន​បាន​បរាជ័យ៖ «ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​ទេ។ ខ្ញុំ​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​ឈ្មោះ​របស់​ពួកគេ​នៅ​លើ​ជញ្ជាំង​វិមាន​នេះ​ប៉ុន្តែ​ពួកគេ​មិន​ទទួល​បាន​មេដាយ​សង្គ្រាម​នៅ​វៀតណាម‍»។​

រូបឯកសារ៖ លោក​ Peter Maguire ​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍» (រូបទាញចេញ​ពី​បទសម្ភាសន៍​ជាវីដេអូ​របស់ VOA)

លោក​ Peter Maguire ​យល់​ថា​វីរភាព​របស់​លោក​ Fofo Tuitele​ នៅថ្ងៃនោះ​ក៏​មិន​ទាន់​ទទួល​បាន​ការផ្តល់​កិត្តិយស​ស័ក្តិសម​នឹង​ស្នាដៃ​របស់​គាត់នៅឡើយ​ទេ​ហើយ​លោក​សមតែ​ទទួល​បាន​មេដាយ​ Navy Crox​ ឬ ​មេដាយ​កិត្តិយស​ពី​សភា​ជាតិ​(Congressional Medal of Honor)។ អតីត​សហការី​ជាច្រើន​នាក់​ដោយ​ក្នុង​នោះ​មាន​លោក​Al Bailey ​បាន​សរសេរ​លិខិត​បញ្ជាក់​ពី​សកម្មភាព​របស់​លោក​ Fofo Tuitele ​នៅ​គ្រានោះ។

VOA ​បាន​ទាក់​ទង​ទៅ​ការិយាល័យ​របស់​អ្នក​តំណាងរាស្រ្ត​ទាំងពីរ​នាក់​ ប៉ុន្តែ​បុគ្គលិក​របស់​លោក ​Mark Meadows ​ថា​លោក​មិន​មាន​ពេល​ទំនេរនឹង​ឆ្លើយតប​បាន​ឡើយ​ក្នុង​ខណៈពេល​ដែល​ការិយាល័យ​របស់​លោកស្រី ​Tulsi Gabbard ​មិន​ឆ្លើយតប​នឹង​ការ​សាកសួរ​ជាបន្តបន្ទាប់។

លោក​បាន​ Fofo Tuitele ​កើត​នៅ​ភូមិ​ Vailoa ​នៅ​លើ​កោះ​ Savai’I ​នៃ​ដែនដី​ Samoa ​របស់​សហរដ្ឋ​អាមេរិក។ លោកបាន​ចូលធ្វើ​ជា​កងម៉ារីននៅពេល​ដែល​លោក​មាន​អាយុ​១៨ឆ្នាំហើយស្ថិត​នៅ​ក្នុងអង្គភាព Golf Company 2/9, 3 Marine Regimentហើយ​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​វៀតណាម​ចំនួន​២ដងដោយ​លោក​ទទួល​បាន​មេដាយ​ Bronze Star ​និង​ Purple Heart។ ក្រោយពី​បម្រើ​ការងារ​ក្នុង​កងម៉ារីន​ជាង​២៣ឆ្នាំ​លោក​បាន​លាឈប់​ហើយ​បន្តធ្វើការងារ​នៅ​ប៉ុស្តិ៍ប្រៃសណីយ៍​រយៈពេល​ជិត២០ឆ្នាំ​ទៀត។

លោក ​Fofo Tuitele ​មាន​អាយុ​៧១ឆ្នាំ​ហើយ​និងមាន​កូនបីនាក់និង​មាន​ចៅស្រីម្នាក់។ នៅពេល​នេះ​លោក​ហ្វូហ្វូ​បាន​ចូលនិវត្តន៍​ហើយ​ស្នាក់នៅ​ទីក្រុង​រីយូ រែនចូ ​ក្នុងរដ្ឋ​ញ៉ូមិកស៊ិកូ៕