ការប្រយុទ្ធគ្នារយៈពេល ១៤ ម៉ោងរវាងកងទ័ពខ្មែរក្រហមនិងកងទាហានម៉ារីនសហរដ្ឋអាមេរិក នៅលើកោះតាង ក្នុងដែនសមុទ្រក្បែរក្រុងព្រះសីហនុ បានបញ្ចប់កាលពី ៤៥ ឆ្នាំមុន គឺនៅថ្ងៃទី១៥ ខែឧសភា។
អ្នកស្រាវជ្រាវខ្លះចាត់ទុកការប្រយុទ្ធនោះជាសមរភូមិចុងក្រោយរបស់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមនៅវៀតណាម។ ប៉ុន្តែ អ្នកខ្លះទៀតចាត់ទុកថាវាជាឧប្បទ្ទវហេតុដោយឡែកមួយ ដែលសល់ពីកំសួលសង្គ្រាម ពីព្រោះសង្គ្រាមនៅវៀតណាមបានបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែមេសា នៅពេលស្ថានទូតអាមេរិកាំងក្នុងទីក្រុងព្រៃនគរ ត្រូវបានជម្លៀសចេញអស់។
ព្រឹត្តិការណ៍តានតឹងទាំងផ្នែកយោធានិងការទូត រយៈពេល ៤ ថ្ងៃដែលបានរង្គើដល់ក្រុងវ៉ាស៊ីនតោននិងរដ្ឋបាលរបស់លោកប្រធានាធិបតី ជេរាល់ ហ្វដ (Gerald Ford) បានចាប់ផ្តើមដោយទូកប្រដេញរបស់ទាហានខ្មែរក្រហមពីរគ្រឿង បានស្ទាក់ចាប់យកកប៉ាល់ដឹកទំនិញរបស់អាមេរិកាំង ឈ្មោះម៉ាយ៉ាហ្កេស (SS Mayaguez) នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៧៥ ពីដែនសមុទ្រអន្តរជាតិ ក្នុងពេលដែលកប៉ាលនោះធ្វើដំណើរចាកចេញពីកំពង់ផែហុងកុង ឆ្ពោះទៅទីក្រុងកំពង់ផែ សាតតាហ៊ីប ខេត្តឈុនបុរី ប្រទេសថៃ។ នាវានោះដឹកទំនិញចំនួន ២៧៤ កុងទីន័រ ក្នុងនោះមាន ៧៧ កុងទីន័រ ជារបស់រដ្ឋាភិបាលនិងយោធាអាមេរិកាំង។ សម្ភារៈនោះត្រូវបានយកចេញពីស្ថានទូតអាមេរិកាំង ក្នុងទីក្រុងព្រៃនគរ កាលពី៩ថ្ងៃមុន។
លោកពលបាល អាល់ បេលី (Al Bailey) ដែលពេលនេះបានចូលនិវត្តន៍ គឺជាទាហានម៉ារីនមួយរូប ដែលបានចូលរួមប្រយុទ្ធ ហើយបានជិះឧទ្ទម្ភាគចក្រចុះចតលើកោះតាងមុនគេ។
លោក អាល់ បេលី បានរៀបរាប់ឡើងវិញពីការប្រយុទ្ធនោះប្រៀបបីដូចជាទើបតែកើតឡើង កាលពីពេលថ្មីៗនេះ៖
«ខ្ញុំគឺជាអ្នកដែលជិះឧទ្ធម្ភាគចក្រទី១ ឈ្មោះ Knife-21 ដែលបានចុះចតលើកោះ នៅម៉ោង ០០:៥៥ នៅពេលព្រឹក។ ពួកខ្មែរក្រហមបានរង់ចាំទាល់តែយើងជិតចុះដល់ដី ទើបបាញ់ប្រហារលើឧទ្ធម្ភាគចក្រដែលមកកៀក។ ពួកគេបាញ់គ្រប់កាំភ្លើង ដែលមានដូចជាកាំភ្លើងបាញ់យន្តហោះ កាំភ្លើងផ្លោងនិងកាំភ្លើងដៃជាច្រើន។ ទាហានម៉ារីនជាច្រើននាក់បានត្រូវគ្រាប់ ហើយគ្រាប់បានត្រូវឧទ្ធម្ភាគចក្ររបស់យើង ហើយបានធ្លាក់ក្នុងសមុទ្រ។ ប៉ុន្តែពួកយើង ២០ នាក់បានចូលដល់ជើងព្រៃ»។
ស្លាកស្នាមសមរភូមិនោះដក់ជាប់ក្នុងអារម្មណ៍របស់លោកអាល់ បេលីជានិច្ច៖
«គ្មានថ្ងៃណាមួយដែលខ្ញុំមិននឹកឃើញដល់ថ្ងៃនោះឡើយ។ វាហាក់បីដូចជាទិដ្ឋភាពមួយដែលមនុស្សម្នាក់ជិះយន្តហោះ ដែលមានអ្នកដំណើរ ៣៥០ នាក់ ហើយអ្នកស្ថិតនៅក្នុងចំណោមអ្នករស់ជីវិត ៥ នាក់។ នេះគឺជាអ្វីដែលខួរក្បាលមិនអាចបំភ្លេចចោលបាន»។
នោះគឺជាការប្រយុទ្ធលើសមរភូមិពិតដ៏ប្រល័យជាលើកទី១ សម្រាប់លោក បេលី និងមិត្តរួមអាវុធជាច្រើន។ ពួកគេស្ថិតនៅក្នុងវ័យពី ១៩ ទៅ ២១ ឆ្នាំប៉ុណ្ណោះ ហើយមិនទាន់បញ្ចប់ការហ្វឹកហ្វឺនផង។
សហរដ្ឋអាមេរិកបានប្រើប្រាស់កម្លាំងកងវរសេនាតូចទី១ នៃកងម៉ារីនទី៤ និងកងវរសេនាតូចទី២ នៃកងម៉ារីនទី៩ ដោយមានការគាំទ្រពីកងទ័ពអាកាស និងទាហានជើងទឹក។
លោកវរសេនីយ៍ឯក រិក ហាន់ថឺ នៃកងទ័ពអាកាសលេខ៣៤ ដែលបានគាំទ្រពីអាកាសបានបញ្ជាក់ប្រាប់វីអូអេថា លោកបានធ្វើសកម្មភាពតាំងពីមួយថ្ងៃ មុនការបើកប្រតិបត្តិការសឹកនៅលើកោះតាង ដើម្បីឱ្យដោះលែងចំណាប់ខ្មាំង។
«មួយថ្ងៃមុនយើងហោះជាច្រើនសារ ដើម្បីឱ្យទូកដឹកក្រុមនាវិកនោះវិលថយក្រោយវិញ។ យើងព្យាយាមបាញ់រ៉ុក្កែត ប៉ុន្តែរ៉ុក្កែតរបស់យើងមិនបានបំពាក់ត្រឹមត្រូវ ដូច្នេះខ្ញុំក៏ហោះបន្ទាបដើម្បីមើលទូកនោះ។ ខ្ញុំបានឃើញក្រុមនាវិករបស់យើងខ្លះនៅលើទូក ដោយមានដៃអោបក្បាលឡើងលើ។ ដូច្នេះយើងដឹងថា ពួកគេត្រូវយកទៅដីគោក។ យើងមិនបានបាញ់ទេ។ យើងបាញ់តែទូកណាចេញពីកោះនោះ»។
កោះតាងស្ថិតនៅប៉ែកនិរតី និងមានចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ និងជាកោះមួយស្ថិតនៅចន្លោះកណ្តាលរវាងកោះពូលូវ៉ៃ និងក្រុងព្រះសីហនុ។
យោងតាមឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថា កោះតាងស្ថិតក្រោមការគ្រប់គ្រងរបស់កងអនុសេនាធំគ៧ និងកងអនុសេនាធំគ៩ នៃកងវរសេនាតូច៤១០ ដែលនៅចំណុះកងពលធំលេខ៣ ក្រោមបញ្ជាលោក មាស មុត ដែលជាកូនប្រសាររបស់ តាម៉ុក អតីតមេដឹកនាំយោធាខ្មែរក្រហម។
របបកម្ពុជាប្រជាធិបតេយ្យបានចាប់ផ្តើមពង្រឹងការកាន់កាប់ដែនសមុទ្រ ក្រោយពីពួកគេបានឡើងកាន់អំណាចកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។ ទាហានមួយចំនួនត្រូវដកទៅជួយប្រតិបត្តិការ កាន់កាប់កោះក្រចកសេះ (ពូលូប៉ងសង់) ពីប្រទេសវៀតណាម ដូច្នេះកងទ័ពខ្មែរក្រហមដែលនៅសេសសល់ និងបានប្រយុទ្ធជាមួយទាហានអាមេរិកាំងនៅកោះតាងក្នុងថ្ងែទី១៥ ខែឧសភា គឺមានចំនួនប្រហែលជា ៥០ នាក់ និងមានឈ្មោះ ប្រេះ ហ៊ន និង ម៉ៅ រ៉ាន់ ដែលជាប្រធានកងអនុសេនាតូចចំណុះឲ្យ គ-៨ និងគ-១០ ជាអ្នកដឹកនាំប្រយុទ្ធ ។
លោក ម៉ៅ រ៉ាន់ ដែលពេលនេះជាកសិករនៅខេត្តកំពង់ស្ពឺ បានរៀបរាប់ពីការវាយប្រយុទ្ធគ្នាថា៖
«យប់ថ្ងៃទី១៤ បាញ់ពេញទឹកពេញដីពេញមួយយប់។ ថ្ងៃទី១៥ ចាប់ផ្តើមមានយន្តហោះធុនកន្ទំរុយដឹកកងទ័ពវាទៅប្រុងវាយយើង ហើយទៅដល់យើងបាញ់។ យើងបានត្រៀមបាញ់ហើយធ្លាក់នៅលើសមរភូមិពីរគ្រឿង។ អាមួយឆេះដាច់កន្ទុយធ្លាក់ក្នុងទឹក។ អាមួយទៀតឆេះធ្លាក់នៅមាត់ឆ្នេរខ្សាច់»។
លោក ស៊ឹម សុរិយា អ្នកស្រាវជ្រាវម្នាក់នៃគម្រោងរបស់មូលនិធិ Fainting Robin បានជួបជាមួយនឹងអតីតអ្នកប្រយុទ្ធនៅលើកោះតាងចំនួន ៤ នាក់ ក្នុងពេលថ្មីៗនេះដើម្បីចងក្រងឯកសារបន្ថែមពីព្រឹត្តិការណ៍នេះ។
លោក ស៊ឹម សុរិយា បានបញ្ជាក់ប្រាប់វីអូអេថា ទាហានខ្មែរក្រហមទាំងនោះបានដឹងពីផលវិបាកធ្ងន់ធ្ងរដែលនឹងកើតឡើង ក្រោយពីបានចាប់កប៉ាលនោះប៉ុណ្ណោះ។
«ដឹងថាចាប់ច្បាស់ជាមានរឿង ដោយសារខាងអាមេរិកាំងផ្សព្វផ្សាយព័ត៌មានបោះត្រាក់ផង និងតាមវិទ្យុផង ថាបើមិនព្រលែងទេស្អែកវាយ។ គឺថ្ងៃ១២ ដែលចាប់បានព្រលឹមឡើងថ្ងៃ១៣ មានកប៉ាលហោះក្រឡឹងចុះឡើងបាញ់ដាក់ទឹក ការពារកប៉ាលហ្នឹងរួចហើយមកដល់ថ្ងៃ១៣ ចាប់ផ្តើមបាញ់នៅកំពង់សោម បាញ់ផែ បាញ់រ៉ារថភ្លើង បាញ់រាម បាញ់រោងចក្រប្រេងកាត»។
ការប្រយុទ្ធដ៏សាហាវនោះមិនទទួលបានការអន្តរាគមន៍ពីខាងទាហានជើងទឹកខ្មែរក្រហម ដែលប្រចាំការនៅតំបន់រាម និងក្រុងកំពង់សោមទេ ដោយសារតែទាហានអាមេរិកាំងបានបាញ់ស្ទាក់ជាមុន។
លោក ស៊ឹម សុរិយា បានបន្ថែមថា៖ «គាត់បានទាក់ទងទៅ ខាងកំពង់សោមដែរ ប៉ុន្តែខាងកំពង់សោមជួយអត់បានទេថាត្រូវឯករាជ្យម្ចាស់ការទៅ ពីព្រោះមកជួយអត់បានទេ ព្រោះខាងអាមេរិកាំងទប់ស្កាត់គេបាញ់ស្ទាក់ មិនត្រឹមតែបាញ់គ្រាប់ទេ គឺមានបាញ់ផ្សែងទៀតមិនឱ្យខាងរាម ខាងកំពង់សោមមកជួយបាន ប៉ុន្តែគេបាញ់អត់ឱ្យស្លាប់ទេ គ្រាន់តែបាញ់មិនឱ្យមក»។
ការភាន់ច្រឡំដ៏គ្រោះថ្នាក់
នាវាម៉ាយ៉ាហ្កេស និងក្រុមនាវិកចំនួន ៤០ នាក់ ត្រូវបានដោះលែងមកវិញ នៅថ្ងៃទី១៥ ខែឧសភា ដោយមិនមានគ្រោះថ្នាក់អ្វីទេ ក៏ប៉ុន្តែនៅតែមិនអាចបញ្ចៀសការបាត់បង់ជីវិតក្រុមទាហានទាំងសងខាង។ យ៉ាងហោចណាស់មានទាហានខ្មែរក្រហមជាង ១០ នាក់ត្រូវបានសម្លាប់ និង ១៥ នាក់ បានរងរបួស។ ទូកប្រដេញរបស់ខ្មែរក្រហមចំនួន ៤ គ្រឿងត្រូវបានកម្ទេច។ រីឯទាហានម៉ារីនអាមេរិកាំង បានស្លាប់ចំនួន ១៥ នាក់ ក្នុងពេលប្រយុទ្ធនិងបីនាក់ត្រូវចាប់ខ្លួន ហើយត្រូវបានសម្លាប់នាពេលក្រោយមក។ យុទ្ធជនចំនួន ២៣ នាក់ទៀតបានស្លាប់ដោយធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងប្រទេសថៃ ពេលវិលត្រឡប់ពីបេសកកម្មវិញ ហើយទាហានរបួសមានចំនួន ៥០ នាក់។
លោក ម៉ៅ រ៉ាន់ យល់ថា នោះជាចេតនាបង្ករឿងរបស់សហរដ្ឋអាមេរិក ដោយយកនាវានោះធ្វើជានុយ។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖ «បើសិនជាអាមេរិកាំងមានបំណងរត់តាមផ្លូវអន្តរជាតិគ្មានអ្នកណាគេចាប់បានទេ។ បើអាណឹងវាធំយើងមើលថាយឺត ប៉ុន្តែវាលឿនហើយរបស់យើងតូចតែលឿន។ ប៉ុន្តែបើប្រៀបធៀបទៅចាប់នាវាហ្នឹង គឺចាប់អត់បានទេ។ ខ្ញុំហ៊ានសន្និដ្ឋានចឹងហ្មង។ អីចឹងមានតែចេតនារបស់អាមេរិកបរមកក្បែរហ្នឹង បានគេចាប់បាន ឬក៏បរមកឱ្យគេចាប់ឃើញគេទៅឈប់ឱ្យគេចាប់ ដើម្បីបង្ករឿង។ ក្នុងចិត្តខ្ញុំសន្និដ្ឋានអីចឹង»។
ការអះអាងរបស់លោក ម៉ៅ រ៉ាន់ ស៊ីសង្វាក់គ្នានឹងសំណួរដំបូងដែលមេបញ្ជាការខ្មែរក្រហមបានសួរលោក ឆាលី មីលឡឺ ដែលជាកាពីទែនកប៉ាល់ នៅពេលពួកគេត្រូវសួរចម្លើយនៅកោះរុងសន្លឹម គឺថាតើក្នុងចំណោមអ្នកធ្វើការលើកប៉ាល់ មានអ្នកណាធ្វើការឱ្យភ្នាក់ងារសម្ងាត់ស៊ីអ៊ីអាឬទេ។ នេះបើតាមសៀវភៅ «ការប្រយុទ្ធចុងក្រោយ» ដែលចងក្រងដោយលោក រ៉ាល់ វិតថឺហាន់ (Ralph Wetterhahn)។
របាយការណ៍យោធាសហរដ្ឋអាមេរិកថា នាវាម៉ាយ៉ាហ្កេសត្រូវបានចាប់យកពីចម្ងាយ ១១ គីឡូម៉ែត្រពីកោះពូលូវ៉ៃ ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាដែនទឹកអន្តរជាតិ។
ប្រតិបត្តិការសង្គ្រោះនោះត្រូវបានមើលឃើញថា គឺជាការស្តារកិត្តិយសសហរដ្ឋអាមេរិកឡើងវិញក្រោយពេលចាញ់សង្គ្រាមវៀតណាម។ ប៉ុន្តែកងម៉ារីនដែលបានឡើងទៅប្រយុទ្ធនៅកោះតាង ស្ទើរតែត្រូវកម្ទេចទាំងស្រុងដែលអាចបំផ្លាញអស់កិត្តិស័ព្ទរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំង។ នេះបើតាមការអះអាងរបស់លោក រ៉ូប៊ឺត ម៉ាហូនី ដែលជាវរសេនីយ៍ឯកចូលនិវត្តន៍ នៅក្នុងសៀវភៅស្រាវជ្រាវដែលមានចំណងជើង «ឧប្បទ្ទវហេតុម៉ាយ៉ាហ្កេស» ។
លោក ហិនរី គីស៊ីងហ្គ័រ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាក់នៅក្នុងបទសម្ភាស ជាមួយនឹងទូរទស្សន៍អឺរ៉ុបរយៈជាងមួយសប្តាហ៍ក្រោយការប្រយុទ្ធនោះថា៖ «យើងបានចូលទៅឥណ្ឌូចិនដើម្បីសង្គ្រោះប្រទេសមួយ ប៉ុន្តែយើងបានចាកចេញមកវិញដោយសង្គ្រោះបានកប៉ាល់មួយប៉ុណ្ណោះ»។
ការផ្សះផ្សារផ្លូវចិត្តនិងកិច្ចការបន្ទាប់
រយៈពេល៤៥ឆ្នាំក្រោយ អតីតអ្នកប្រយុទ្ធទាំងពីរភាគីហាក់ស្វែងរកការផ្សះផ្សារផ្លូវចិត្តមួយ បើទោះបីជាពួកគេមិនដែលបានជួបគ្នាក៏ដោយ។
លោក អាល់ បេលី បានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងត្រូវគេបញ្ជូនទៅទីនោះដោយអ្នកមានអំណាច។ ពួកគេក៏ខិតខំការពារខ្លួន រីឯខ្ញុំក៏ខំការពារខ្លួនដែរ។ ខ្ញុំទទួលបញ្ជាបំពេញបេសកកម្ម។ គេក៏ទទួលបញ្ជាបំពេញបេសកកម្ម។ ដូច្នេះខ្ញុំនឹងអោបពួកគេ ហើយនិយាយថា ខ្ញុំរីករាយដែលអស់លោកនៅរស់ ហើយខ្ញុំក៏នៅរស់។ ខ្ញុំនឹងផ្តល់ការគោរពដ៏ខ្ពង់ខ្ពស់ចំពោះពួកគេ»។
លោកវរសេនីយ៍ឯក រិក ហាន់ថឺ ក៏បានបញ្ជាក់ដែរថា៖
«អារម្មណ៍របស់ខ្ញុំចំពោះក្រុមខ្មែរក្រហមដែលបានឡើងចាប់នាវានោះ គឺជាបទឧក្រិដ្ឋមួយ។ នៅពេលដែលនាវានោះយកទៅកោះតាង គឺធ្លាក់លើការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំពួកគេ។ ចំពោះអ្នកប្រយុទ្ធនៅលើកោះនោះ គឺគ្រាន់តែបំពេញភារកិច្ចរបស់ពួកគេ និងការពារជីវិតឱ្យបាននៅរស់។ ពួកគេបានប្រយុទ្ធយ៉ាងខ្លាំង ហើយរងការវាយប្រហារពីពួកយើង ហើយនៅតែបន្តប្រយុទ្ធ។ ខ្ញុំគោរពពួកគេក្នុងស្មារតីជាអ្នកប្រយុទ្ធ ប៉ុន្តែហេតុផលដែលពួកគេប្រើដើម្បីប្រយុទ្ធ គឺមិនសមស្របទេ»។
រីឯលោក ម៉ៅ រ៉ាន់ អតីតមេបញ្ជាការខ្មែរក្រហម ក៏បានបញ្ជាក់ដែរថា លោកក៏មិនហ៊ានទាមទាររកខុសត្រូវអ្វីដែរ គឺគ្រប់គ្នាបានបំពេញភារកិច្ចជាទាហានការពារទឹកដីប៉ុណ្ណោះ។
លោកបានបន្ថែមថា៖ «បើយើងជាទាហានខ្មែរត្រូវតែការពារបូរណភាពទឹកដី អីចឹងហើយបើគេចូលមកគឺចាប់។ ចូលមករំលោភលើទឹកដីយើងខុសឬត្រូវ យើងចាប់សិន។ បើគេមកវាយយើង យើងវាយទៅវិញនេះ ទើបជាកងទ័ពការពារជាតិ»។
សម្រាប់លោកពលបាល អាល់ បេលី ក៏ដូចជាលោកវរសេនីយ៍ឯក រិក ហាន់ថឺ គឺក្រៅពីកិច្ចការដែលលោកចង់បង្ហាញឱ្យដឹងពីដំណើររឿងពិតនៅពេលនោះ គឺការផ្តល់មេដាយសង្គ្រាមវៀតណាមដល់អតីតយុទ្ធជនទាំងនេះ និងវីរភាពអ្នកដឹកនាំការប្រយុទ្ធម្នាក់ ដែលលោកចងចាំមិនភ្លេច គឺលោកពលបាលឯក ហ្វូហ្វូ ទូតេឡេ (Fofo Tuitele) ដែលលោកចាត់ទុកថា បានជួយសង្គ្រោះជីវិតទាហានជាច្រើននាក់ រួមទាំងលោកផងដែរនិងបានផ្លាស់ប្តូររលកនៃការប្រយុទ្ធមិនឱ្យទាហានអាមេរិកាំងត្រូវបានកម្ទេចទាំងស្រុង។
លោក អាល់ ប៊ែលី បានបញ្ជាក់ថា៖
«កិច្ចការមួយដែលខ្ញុំចង់ឱ្យកែលម្អ គឺឱ្យមានការទទួលស្គាល់លោកពលបាលឯក ហ្វូហ្វូ ទូតេឡេ ចំពោះវីរភាពរបស់គាត់ ក្នុងការប្រយុទ្ធនៅកោះតាង។ នេះជាកិច្ចការដែលខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ដល់អ្នកនយោបាយអាមេរិកាំង យោធាកម្ពុជា និងអ្នកនយោបាយកម្ពុជា»។
លោក រិក ហាន់ថឺ បានបន្ថែមថា នៅពេលសង្គ្រាមវៀតណាមបានបញ្ចប់ភ្លាមៗ គឺមិនមានអ្នកណាចង់រំលឹកដល់សង្គ្រាមនោះទៀតទេ ដោយសារមិនទទួលបានការគាំទ្រពីពលរដ្ឋជាច្រើន ដោយពួកគេបានបញ្ចេញតាមរយៈបាតុកម្មនៅទូទាំងប្រទេស ហើយរហូតដល់អ្នកខ្លះស្តោះទឹកមាត់ដាក់ទាហានដែលវិលត្រឡប់ពីសមរភូមិ។
លោកបន្ថែមទៀតថា ពេលវេលាបានកន្លងផុតយូរឆ្នាំហើយ។
«ខ្ញុំគិតថា វាដល់ពេលហើយ ក្នុងរយៈពេល ៤៥ឆ្នាំក្រោយមកនេះ ដើម្បីទទួលស្គាល់វីរភាពអ្នកដែលបានប្រយុទ្ធក្នុងសមរភូមិនេះនូវការប្រយុទ្ធដ៏ខ្លាំងរបស់ពួកគេ និងការប្រយុទ្ធដ៏ល្អរបស់ពួកគេ»។
ឈ្មោះរបស់យុទ្ធជនពលីទាំង ៤១ នាក់ត្រូវបានចារនៅលើវិមានរំលឹកអតីតយុទ្ធជនសង្គ្រាមវៀតណាម ដែលស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែអ្នកដែលនៅរស់ខ្លះមិនទទួលបានមេដាយសង្គ្រាមវៀតណាមទេ ដែលមិនអាចឱ្យពួកគេទាមទារឋានៈជាអតីតយុទ្ធជនសង្គ្រាមវៀតណាមបានឡើយ។
លោក ភីថឺ ម៉ាក់ខ្វៃ ប្រធានមូលនិធិ Fainting Robin និងជាអ្នកស្រាវជ្រាវពីរបបខ្មែរក្រហមបានបញ្ជាក់ប្រាប់វីអូអេថា ការរៀបចំចងក្រងឯកសារឡើងវិញនេះ គឺដើម្បីទាមទារផ្តល់ការទទួលស្គាល់សក្តិសមតាមស្នាដៃទាហានទាំងនោះ។
លោកបានបន្ថែមថា៖ «ដោយសារតែបុព្វហេតុនិងភាពចម្រូងចម្រាសនៃបេសកកម្មនេះ ខ្ញុំជឿជាក់ថាពួកគេមិនទទួលបានការទទួលស្គាល់យ៉ាងសក្តិសមទេ។ ខ្ញុំជឿជាក់ថា លោកប្រធានាធិបតី ហ្វដ និងលោក ហិនរី ឃីសស៊ីងគ័រ ចាប់អារម្មណ៍ក្នុងការប្រើព្រឹត្តិការណ៍នោះជាព្រឹត្តិការណ៍នយោបាយ ដើម្បីបង្ហាញថា សហរដ្ឋអាមេរិកងើបឡើងវិញ និងមិនអាចត្រូវរុញចុះឡើងទៀតទេ»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅខួបទី ៤៥ នេះ សហរដ្ឋអាមេរិកនៅតែចងចាំជនជាតិអាមេរិកាំងដ៏ក្លាហានទាំង ១៨ នាក់ ដែលបានពលីជីវិតដើម្បីប្រទេសជាតិ។
អ្នកស្រី អេមីលី ហ្សីប៊ឺក អ្នកនាំពាក្យស្ថានទូតបានបញ្ជាក់ក្នុងសារអេឡិកត្រូនិកប្រាប់វីអូអេថា៖
«យើងកោតសរសើរដល់កិច្ចសហប្រតិបត្តិការមនុស្សធម៌ជាមួយនឹងអាជ្ញាធរកម្ពុជា ក្នុងការស្វែងរកទាហានអាមេរិកាំងដែលបានបាត់ខ្លួន ក្នុងអំឡុងពេលមានជម្លោះរួមទាំងឧប្បទ្ទហេតុកប៉ាល់ម៉ាយ៉ាហ្កេសផងដែរ»។
ក្រុមអតីតយុទ្ធជនដែលបានចូលរួមប្រតិបត្តិការនោះចំនួនប្រហែល ១០០ នាក់ បានគ្រោងជួបជុំគ្នាពីថ្ងៃទី ១៣ដល់១៥ ខែឧសភានេះ នៅទីក្រុងឡាសវេហ្កាស រដ្ឋណេវ៉ាដា ដើម្បីប្រារព្ធខួបលើកទី ៤៥ នៃសមរភូមិកោះតាង។ ប៉ុន្តែគម្រោងការរបស់ពួកគេត្រូវបានអាក់ខាន ដោយសារតែជំងឺកូវីដ១៩ កំពុងតែវាយប្រហារសហរដ្ឋអាមេរិក៕