រូបភាព​ជុំវិញ​ពិភពលោក ០៧ ឧសភា ២០១៧

បព្វជិត​ថ្មី​ចំនួន​១០នាក់​ដែល​ត្រូវ​បាន​បំបួស​ដោយ​សម្តេច​ប៉ាប Francis ដេក​ផ្តាប់​នៅ​លើ​កម្រាល​ព្រំ​ ក្នុង​ពិធី​មួយ​នៅ​ក្នុង​ព្រះ​វិហារ St. Peter's Basilica ក្នុង​បុរី​វ៉ាទីកង់។

បាតុករ​កាន់​ឈើ​ឆ្កាង​ដែល​មាន​ទង់ជាតិ​របស់​ប្រទេស​វ៉េណេស៊ុយអេឡា និង​មាន​ឈ្មោះ​របស់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​បាតុកម្ម​ហិង្សា​ ដែល​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី Nicolas Maduro ចុះ​ចេញ​ពី​តំណែង ប្រមូល​ផ្តុំ​នៅ​ក្នុង​ទីលាន St. Peter's Square នៅ​បុរី​វ៉ាទីកង់។

បុគ្គលិក​ម្នាក់​ដេញ​ឃ្មុំ​ចេញ​ពី​ទង់​មួយ​នៅ​តាម​បណ្តោយ​ខ្សែ​ប្រយុទ្ធ​ខាង​ឆ្វេង​ មុន​ពេល​ប្រកួត​បាល់ Baseball រវាង​ក្រុម Kansas City Royals និង​ក្រុម Cleveland Indians នៅ​ស្តាត Kauffman នៅ​ក្នុង​ក្រុង Kansas រដ្ឋ Missouri សហរដ្ឋ​អាមេរិក។

ក្មេងៗ​ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន​ នៅ​ក្នុង​ពិធីបុណ្យ Gauner ប្រចាំ​ឆ្នាំ​ នៅ​ក្នុង​ក្រុង Zell am Ziller ប្រទេស​អូទ្រីស។

មនុស្ស​ម្នា​រាំ នៅ​ពេល​ពួកគេ​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ Color Festival នៅ​ស្រុក Kadikoy នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

ក្រុម​សម្តែង​ក្បួន​អាកាស​របស់​កងទ័ព​អាកាស​ឈ្មោះ Patrulla Aguila សម្តែង​នៅ​ក្នុង​ពេល​ប្រកួត Spanish Red Bull Moto3 Grand Prix នៅ​ទីលាន​ប្រកួត Jerez de la Frontera។

រថយន្ត​លិច​ពាក់​កណ្តាល​នៅ​តាម​ផ្លូវ​លិច​ទឹក​ នៅ​ពេល​មាន​ភ្លៀង​ខ្លាំង​ នៅ​ក្នុង​ក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន។

បុរស​ម្នាក់​ជក់​កញ្ឆា ក្នុង​ពេល​ការ​ដើរ​ក្បួន​មួយ ដើម្បី​អំពាវនាវ​ឲ្យ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ការ​ប្រើប្រាស់​កញ្ឆា នៅ​ក្នុង​ក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧។

ក្មេង​ស្រី​ម្នាក់​សប្បាយ​រីករាយ​ក្នុង​ពិធីបុណ្យ​ប៉ោងៗ ក្នុង​ក្រុង Cajititlan រដ្ឋ Jalisco ប្រទេស​ម៉ិកស៊ិក។

ជនជាតិ​អ៊ីរ៉ាក់​ដែល​ភៀស​ខ្លួន​ម្នាក់​ឱប​សាកសព​ប្រពន្ធ​របស់​គាត់​ ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ពេល​ប្រយុទ្ធ​មួយ​នៅ​ក្នុង​ក្រុង Mosul។ គាត់​កំពុង​ឆ្លង​ទន្លេ Tigris បន្ទាប់​ពី​ស្ពាន​ត្រូវ​បាន​គេ​បិទ​បណ្តោះ​អាសន្ន កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧។

អ្នក​ចូលរួម​ម្នាក់​នៅ​ក្នុង​ការ​ជិះ​កង់ The Tweed Run កាត់​ស្ពាន Westminster ជិះ​កង់ ​Penny Farthing ​​នៅ​ក្នុង​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧។

កីឡាករ Tito Rabat ​របស់​អេស្ប៉ាញ​ធ្លាក់​ពី​ម៉ូតូ​របស់​គាត់​នៅ​ក្នុង​ការ​ប្រកួត Spanish Motorcycle Grand Prix នៅ​ទីលាន Jerez de la Frontera ប្រទេស​អេស្ប៉ាញ។