រូបភាពជុំវិញពិភពលោក ០៧ មីនា ២០១៩
ស្ត្រីឈរនៅជិតផ្ទាំងបដាដែលដាក់តាំងរូបថតសម្រាប់តាំងបង្ហាញនៅក្នុងទិវានារីអន្តរជាតិ ក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា មួយថ្ងៃមុនទិវានារីអន្តជាតិចូលមកដល់ ដែលប្រារព្ធរៀងរាល់ថ្ងៃទី៨ មីនា។
ស្ត្រីកំពុងហាត់សម Shivkalin Yudha Kala ដែលជាក្បាច់គុនក្នុងរដ្ឋ Maharashtrian មួយថ្ងៃមុនទិវានារីអន្តរជាតិមកដល់ នៅជាយក្រុងមុំបៃ (Mumbai) ប្រទេសឥណ្ឌា។
ម្ចាស់ក្សត្រីអង់គ្លេស Elizabeth កំពុងសម្លឹងមើលផ្ទាំងគំនូរជាមួយលោក Ian Blatchford ប្រធានសារមន្ទីរវិទ្យាសាស្ត្រ ក្នុងពេលធ្វើដំណើរទស្សនកិច្ចនៅក្នុងសារមន្ទីរក្នុងទីក្រុងឡុងដ៍។
ប៉ូលិសចាប់សកម្មជននៃក្រុមសមាជយុវជន Delhi Pradesh ក្នុងពេលពួកគេធ្វើការតវ៉ានៅទីក្រុងញូវដែលីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Narendra Modi និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Nirmala Sitharaman ចុះចេញពីតំណែង ដោយចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយនៅក្នុងកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងRafale ពីបារាំង ។
រថពាសដែករបស់ប៉ូលិសនិងលួសបន្លាបានបិទផ្លូវនៅខាងក្រៅវិមានយុត្តិធម៌ ក្នុងពេលមានសវនាការលោក Mehdi Nemmouche នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ លោក Nemmouche ត្រូវបានចោទប្រកាន់បទ«ឃាតកម្មភេរវកម្ម» លើការសម្លាប់គូស្វាមីជនជាតិអ៊ីស្រាអែល និងបុគ្គលិក២រូបនៅសារមន្ទីរជ្វីស ក្នុងទីក្រុងប៊្រុចសែល។
អាវុធហត្ថបារាំងមកធ្វើការរំដោះ នៅខណៈពេលដែលអ្នកយាមពន្ធនាគាបិទផ្លូវចូលទៅកាន់មណ្ឌលឃុំឃាំង Alencon នៅឃុំ Conde-sur-Sarthe ស្ថិតនៅភាគពាយព្យនៃប្រទេសបារាំង ២ថ្ងៃក្រោយពេលទណ្ឌិតម្នាក់បានបង្ករបួសធ្ងន់ធ្ងរដល់ឆ្មាំពន្ធនាគារ២រូប ដោយការវាយប្រហារប្រើកាំបិត មុនពេលជននេះត្រូវបានប៉ូលិសចាប់ទៅប៉ុស្តិ៍។
ប៉ូលិសអាល់ហ្សេរីបំបែកការតវ៉ាដោយក្រុមមេធាវីនិងអ្នកកាសែតដែលជំទាស់ទៅនឹងការព្យាយាមកាន់អំណាចនៅអាណាត្តិទី៥ របស់ប្រធានាធិបតីដែលកំពុងចុះខ្សោយ ក្នុងរដ្ឋធានីអាល់ហ្សេ។
រូបបុរសម្នាក់ឆ្លុះទៅនឹងជញ្ជាំងកញ្ចក់នៃអាគារប្រៃសណីយ៍ ដែលជាស្នាក់ការកណ្ដាលរបស់សេវាប្រៃសណីយ៍ និងភស្តុភារអាល្លឺម៉ង ហៅកាត់ថា DHL ក្រោយពេលក្រុមហ៊ុននេះបានបញ្ចប់ការធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។
ស្ត្រីម្នាក់ឱបឆ្កែពណ៌មាសរបស់គាត់ក្រោយពេលឆ្កែនេះត្រូវបានផ្ដល់រង្វាន់នៅថ្ងៃដំបូងនៃការតាំងបង្ហាញឆ្កែ ឈ្មោះថាកម្មវិធី Crufts នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ ក្នុងទីក្រុង Birmingham នៅផ្នែកកណ្ដាលនៃប្រទេសអង់គ្លេស។
បុរសម្នាក់កាន់បាច់ផ្កា tulips នៅក្បែរផ្សារមួយ មួយថ្ងៃមុនទិវានារីអន្តរជាតិមកដល់ នៅទីក្រុងមីនស្តិ៍ ប្រទេសបេឡារុស។