រូបភាព​ជុំវិញ​ពិភពលោក ០៨ មីនា ២០១៨

នាង​ Nouf Khayat ជន​ជាតិ​អារ៉ាប៊ី​សាអូឌីត ដែល​ជា​គ្រូ​បង្វឹកកីឡា Zumba កំពុង​លោត​​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​មួយ​នៅ​​ទិវានារី​អន្តរជាតិ ក្នុង​ទីក្រុង Old Jeddah ប្រទេស​អារ៉ាប៊ី​សាអូឌីត។

លោក ​Lin Xiwei អាយុ​៣៦ ដែល​ជា​អ្នក​ផលិត​ស្បែក​ជើង ហើយ​​ស្លៀក​ពាក់​ធ្វើ​ជា​ទេវតា កំពុង​សម្ដែង​ការ​បង្ហាញ​មួយ​ឈ្មោះ​ថា «បរិភោគ​ផ្កា» នៅ​ខេត្ត Fujian ប្រទេស​ចិន។

អ្នក​តវ៉ា​លើក​ដៃ​ធ្វើ​រូប​ត្រីកោណ​ ក្នុង​ពេល​បាតុកម្ម​ទាម​ទារ​សិទ្ធិ​ស្ត្រី​នៅ​ទីក្រុង Bilbao ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី​០៨ មីនា ដែល​ជា​​ទិវា​​នារី​អន្តរជាតិ។

សិស្ស​ប្រើ​ក្បូន​ឫស្សីដើម្បី​ជិះ​ឆ្លង​ទន្លេ Ciputrahaji ក្នុង​ភូមិ Sukasari នៃ​តំបន់ Ciamis Regency ក្នុងខេត្ត Java​ ខាង​លិច របស់​ប្រទេស​ឥណ្ឌូ​នេស៊ី។

បុរស​ម្នាក់​កំពុង​ដើរ​លើ​ដំបូល​អាគារ​​មើល​ទៅ​លើ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

ស្ត្រី​ជន​ជាតិ​ចិន​កំពុង​រត់​ទាត់​បាល់​នៅ​លើ​វាល​គ្រប​ដណ្ដប់​​ពេញ​ដោយ​ទឹក​កក​ នៅ​ក្នុង​ក្រុង Shenyang ក្នុង​ខេត្ត​ Liaoning ដែល​ជា​ខេត្ត​ភាគ​ខាង​កើត​របស់​ប្រទេស​ចិន នៅ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ។

សិល្បករ​ម្នាក់​កំពុង​សម្តែង​នៅលើ​ឆាក​ ក្នុង​ពិធី​ចាប់​ពូល​សម្រាប់​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ផ្នែក​នារី ដែល​ពីធី​ចាប់​ពូល​នេះ​ធ្វើ​ឡើងនៅទីក្រុង Rennes ​ប្រទេស​បារាំង។

ជន​ជាតិ​​ជ្វីស​នៅ​ប្រទេស​អ៊ីស្រាអែល​ដែល​គោរព​សាសនា​ដ៏​តឹងរ៉ឹង​ កំពុង​អង្គុយ​នៅ​ពេល​ដែល​បំពង់​បាញ់​ទឹក​ត្រូវ​បាន​គេ​បង្វែរ​តម្រង់​ទៅ​រក​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​សមាជិក​នៃ​សហគមន៍​របស់​ពួក​គេ​ ដែល​បាន​បដិសេធ​មិន​ចូល​ខ្លួន​បម្រើ​កងទ័ព​អ៊ីស្រាអែល នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម។

ប៉ូលិស​ប្រឆាំង​បាតុកម្ម​ទាញ​បុរស​ម្នាក់​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​សៀរ៉ាឡែអូន (SLPP) ក្នុង​ពេល​មាន​​បាតុកម្ម​ប្រឆាំង​នឹង​ក្រុម​ប៉ូលិស​ដែល​ប៉ុនប៉ង​ឆែក​ឆេរ​ការិយាល័យរបស់​លោក Julius Maada Bio ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស SLPP នៅទីក្រុងហ្វ្រ៊ីថោន ប្រទេស​សៀរ៉ាឡែអូន។

បុរស​ម្នាក់​ពន្លិច​ខ្លួន​ទៅ​ក្នុង​កន្លែង​លេង​មួយ​ដែល​មាន​ពេញ​ដោយ​កូន​បាល់​ផ្លាស្ទិច។

ក្រុម​អ្នក​ជិះ​កង​ស្ថិត​ក្នុង​ជុំ​ទី​៥ នៃ​ការ​ប្រណាំង​កង់​ចម្ងាយ​១៦៥​គីឡូម៉ែត្រ ដែល​ជា​ការ​ប្រណាំង​កង់​លើក​ទី​​៧៦​របស់​ទីក្រុង​ប៉ារីស​និង​ទីក្រុង Nice។ ការ​ប្រណាំង​នេះ​ចេញ​ដំណើរ​ពី​ឃុំ Salon de Provence ទៅឃុំ Sisteron។

មឈូស​​ដាក់​សាក​សព​​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីតាលី Davide Astori ​ត្រូវ​បាន​គេលើក​ដាក់​ចូល​ទៅ​ក្នុង​ព្រះវិហារ​គ្រិស្ត​សាសនា​មួយ នៅទីក្រុង Florence ប្រទេស​អ៊ីតាលី។

ក្រុម​ស្ត្រី​មក​ពី​ក្រុម​ស្ត្រី​និយម​ល្បី​មួយ​បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព​ទិវា​នារីអន្តរជាតិ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

លោក Sergio Perez មក​ពី​ប្រទេស​ម៉ិកស៊ិក ដែល​ជា​អ្នក​បើក​បរ​នៃ​ក្រុម ​Force India កំពុង​បញ្ជា​ឡាន​របស់​លោក​ពេល​បើក​បរ​សាក​ល្បង​មុន​ពេល​ចាប់​ផ្តើម​នៃ​ការ​ប្រណាំង​រថយន្ត Formula One នៅ​ទីក្រុង Montmelo ក្បែរ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

កីឡាករ Sokratis របស់​ក្រុម Borussia Dortmund នៃ​ប្រទេស​អាល្លឺម៉ង់ លោត​ទាត់​បាល់​ ខណៈ​ដែល​កីឡាករ Munas Dabbur របស់​ក្រុម​ Salzburg នៃ​ប្រទេស​អូទ្រីសព្យាយាម​បិទ​ នៅ​ពេល​ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​ការ​ប្រកួត​បាល់​ទាត់ពាន​រង្វាន់ទ្វីប​អឺរ៉ុប Europa League កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។