ប្រទេសកម្ពុជានិងវៀតណាមបានសម្រេចនៅថ្ងៃសុក្រនេះជ្រើសរើសយកក្រុមហ៊ុនមកពីប្រទេស ណ័រវេស្ស៍ សម្រាប់បោះពុម្ពផែនទីដើម្បីកំណត់ព្រំប្រទល់នៃប្រទេសទាំងពីរដែលតែងតែមានជម្លោះ។ ប៉ុន្តែមន្ដ្រីគណបក្សជំទាស់លើកឡើងថាការបោះពុម្ពផែនទីថ្មីគឺជាការមិនចាំបាច់ហើយអាចបង្កឲ្យមានភាពច្របូកច្របល់ក្នុងសង្គមទៀតផង។
ក្រុមហ៊ុន BLOM Geomatics AS បានឈ្នះនៅក្នុងការដេញថ្លៃបោះពុម្ព ផែនទីសម្រាប់កំណត់ព្រំដែនរួមនៃប្រទេសកម្ពុជានិងវៀតណាមដែលប្រទេសទាំងពីរមានគោលដៅបញ្ចប់ជម្លោះព្រំដែនរ៉ាំរ៉ៃអស់ ជាច្រើនទសវត្សរ៍មកហើយ។
លោកវ៉ា គឹមហុង ទេសរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការដោះស្រាយវិវាទព្រំដែនកម្ពុជាបានថ្លែងនៅក្នុងសន្និសីទកាសែតនៅក្នុងទីក្រុងភ្នំពេញនៅល្ងាចនេះថា ក្រុមហ៊ុន BLOM Geomatics AS ដែលជាក្រុមហ៊ុនរួមរបស់ប្រទេសដាណឺម៉ាក និងប្រទេសណ័រវេស្ស៍បានដាក់តម្លៃសម្រាប់រ៉ាប់រងការបោះពុម្ពផែនទីទាបជាងគេ គឺក្នុងតម្លៃ ១.៥០០.០០០ ដុល្លារអាមេរិក ខណៈពេលដែលតម្លៃខ្ពស់បំផុតក្នុងការដេញថ្លៃដែលមានក្រុមហ៊ុនចំនួនប្រាំចូលរួមកើនរហូតទៅដល់៤.៥០០.០០០ដុល្លារអាមេរិក។
«ជាលទ្ធផល គឺក្រុមហ៊ុន BLOM Geomatics AS របស់ប្រទេសដាណឺម៉ាក និងប្រទេសណ័រវេស្ស៍បាន ជាប់លេខនៃការជម្រើសរបស់យើងសម្រាប់ធ្វើផែនទីព្រំដែនកម្ពុជា-វៀតណាម»។
លោកង្វៀន ហុងថាវ អនុប្រធានគណៈកម្មាធិការព្រំដែនវៀតណាម-កម្ពុជាមកពីខាងភាគីវៀត ណាម បានថ្លែងថាការបោះពុម្ពផែនទីថ្មី និងជួយទៅដល់ការគ្រប់គ្រងព្រំដែនរវាងប្រទេសទាំងពីរឲ្យបានល្អ។
«តាមពិតបោះពុម្ពផែនទីនៃប្រទេសទាំងពីរ ដើម្បីការជួយក្នុងការ(កំណត់)ខណ្ឌបង្គោលសីមាបង្គោលព្រំដែន។ ហើយក៏ជួយនៅក្នុងការគ្រប់គ្រងខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ជំហានក្នុងការ(កំណត់)ខណ្ឌសីមា និងការបោះបង្គោលព្រំដែនជាក់ស្តែង ហើយនឹងសាងសង់ខ្សែព្រំដែនមួយ គឺខ្សែព្រំដែនសន្តិភាព មិត្តភាពហើយនឹងសាមគ្គីយូរអង្វែង»។
ប្រទេសកម្ពុជានិងប្រទេសវៀតណាមមានព្រំដែនរួមជាប់ជាមួយគ្នាប្រវែង១.២៧០គីឡូម៉ែត្រហើយប្រទេសទាំងពីរបានប្តេជ្ញាថានឹងត្រូវបោះបង្គោលកំណត់ព្រំដែនរួមសរុបចំនួន៣៧៥បង្គោលរហូតទៅដល់បំណាច់ឆ្នាំ២០១២។ រីឯការបោះពុម្ពផែនទីថ្មីដើម្បីកំណត់ទីតាំងព្រំដែនរួមនោះនិងត្រូវបញ្ចប់នៅខែកក្កដាឆ្នាំ២០១២។
លោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្សជំទាស់សម រង្ស៊ី បញ្ជាក់ថាការបោះពុម្ព ផែនទីថ្មី គឺជាទង្វើខុសច្បាប់។
«ការបោះពុម្ពផែនទីថ្មី វាជាសកម្មភាពខុសច្បាប់ផ្ទុយអំពីគោលការណ៍រដ្ឋធម្មនុញ្ញ។ រដ្ឋាភិបាលគួរតែ ផ្អាកសកម្មភាពនេះហើយទុកឲ្យមានការពិនិត្យជាទូទៅលើស្ថានភាពនៃការបោះបង្គោលនេះ»។
ផ្ទុយទៅវិញលោកវ៉ា គឹមហុង មានប្រសាសន៍ថា ការបោះពុម្ពផែនទីថ្មីនោះមិនមែនជាការខុសច្បាប់នោះឡើយ។
«អ្វីដែលយើងធ្វើនេះនៅក្នុងក្របខ័ណ្ឌច្បាប់សុទ្ធសាធផែនទីនេះដែលយើងធ្វើខាងមុខនេះគឺថាជាផែនទីដើម្បីនឹងយកទៅជំនួសផែនទីចាស់ដែលវាខ្នាតតូចវាពិបាកនឹងយកប្រើ។ មួយទៀតយើងអត់ខុសពីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាទេ គឺថា វាធ្វើដើម្បីឲ្យព្រំដែនវាច្បាស់លាស់តែប៉ុណ្ណឹង»។
ប្រទេសកម្ពុជាដែលទន់ខ្សោយបានតម្កល់ផែនទីជាផ្លូវការរបស់ខ្លួនដែលគាំទ្រដោយប្រទេសជិតខាងកាលពីពេលមុននៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងអំឡុងទសវត្សរ៍៦០ហើយផែនទីទាំងនោះផលិតឡើងនៅក្នុងប្រទេសបារាំងនៅក្នុងអំឡុងទសវត្សរ៍៥០។
ទំនាស់ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមបានធ្វើឲ្យសកម្មជនសិទ្ធិមនុស្សនិងមន្រ្តីគណបក្សជំទាស់ត្រូវបានចាប់ខ្លួននិងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាហូរហែ។ ការចាប់ខ្លួននិងការផ្តន្ទាទោសទាំងនោះត្រូវបានទទួលរងការរិះគន់យ៉ាងខ្លាំង៕