ជំងឺ​កូវីដ​១៩​ធ្វើ​ឲ្យ​ជីវភាព​អ្នក​រើស​អេតចាយ​កាន់​តែ​លំបាក

អ្នក​ស្រី ​​អ៊ូ​ រ៉ាន ​វ័យ​៦០​ឆ្នាំ ​ដែល​ប្រកប​របរ​ជា​អ្នក​រើស​អេត​ចាយ ​នៅ​ភ្នំពេញ ​អស់​រយៈ​ពាក់​កណ្តាល​ទសវត្ស​មក​ហើយ​នោះ​ និយាយ​ថា​ តម្លៃ​នៃ​ទំនិញ​អេតចាយ​ធ្លាក់ចុះ​ជា​កំហុក​។ (ផន បុប្ផា/VOA)

តាម​ធម្មតា​អ្នក​ស្រី​ អ៊ូ រ៉ាន​ដើរ​រើស​អេតចាយ​នៅ​ពេល​ព្រឹក​និង​ពេល​ល្ងាច​ ដើម្បី​រក​កម្រៃ​មក​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។​ ការងារ​រើស​អេតចាយ​ដែល​អ្នកស្រី​និង​ស្វាមី​អ្នកស្រី​ ធ្វើ​រាល់ថ្ងៃ​នៅ​ភាគ​ខាង​ជើង​ក្រុង​ភ្នំពេញ​ អាច​ផ្តល់​កម្រៃ​ដល់​អ្នក​ទាំងពីរ​ ៣៥០០០៛​ ទៅ ​៤០០០០៛ ​ក្នុង​មួយ​ថ្ងៃ។​

ប៉ុន្តែ​ ឥឡូវ​នេះ​អ្នកស្រី​មិន​អាច​រក​បាន​សូម្បី​ ១០០០០៛​ ពី​របរ​រើស​អេតចាយ​នេះ​ ដោយសារ​ចាប់​តាំង​ពី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​មក ​ប្រភេទ​អេតចាយ​មួយ​ចំនួន​មិន​មាន​អ្នក​ទិញ​ហើយ​មួយ​ចំនួន​ទៀត​មាន​តម្លៃ​ថោក​ខ្លាំង​ពេក។

«[ខ្ញុំ]បាន​អេតចាយ​ដែរ​ ប៉ុន្តែ​ទៅ​លក់​គេ​អត់​ទិញ។​ ខ្ញុំ​ទុក​ចោល [​សន្ធឹក]។ ​ពិបាក​ណាស់​ពៅ​អ៊ើយ​ គេ​អត់​ទិញ​[អេតចាយ]។​ [ខ្ញុំ]​ចេះ​តែ​រើស​ទុកៗ​មិន​ដឹង​រក​អី»។​

អ្នក​ស្រី អ៊ូ​ រ៉ាន ​វ័យ​៦០​ឆ្នាំ គឺជាអ្នក​ប្រកប​របរ​ជា​អ្នក​រើស​អេត​ចាយ ​នៅរាជធានី​ភ្នំពេញ។ (ផន បុប្ផា/VOA)

អ្នកស្រី​មិនមែន​ជា​អ្នក​រើស​អេតចាយ​តែ​ម្នាក់​គត់ ​ដែល​ប្រឈម​នឹង​ការ​លំបាក​នេះ​ទេ។

អ្នក​រើស​អេតចាយ​ផ្សេងៗ​ទៀត​ក៏​ប្រឈម​នឹង​ការ​ខ្វះខាត​ចំណូល​នេះ​ដែរ​ ក្រោយ​ពី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ នេះ​មក។​

ប្រទេស​វៀតណាម​ដែល​ជា​ទីផ្សារ​ធំ​ដែល​ទិញ​អេតចាយ​ពី​កម្ពុជា​ បាន​ផ្អាក​ដំណើរ​ការ​ទិញ​អេតចាយ​ពី​កម្ពុជា ​បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម​ចាត់​វិធាន​ការ​តឹងរ៉ឹង​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩។​ រដ្ឋាភិបាល​វៀតណាម​បាន​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ​ដែល​រួម​ទាំង​កម្ពុជា​ផង​ ហើយ​ ប្រទេស​នេះ​បាន​និង​អនុវត្ត​គោល​ការណ៍​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា។​

លោក​ វ៉ន ​ពៅ​ ប្រធាន​សមាគម​ឯករាជ្យ​ប្រជា​ធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ដល់​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង ​ដូច​ជា​អ្នក​ប្រកប​របរ​រើស​អេតចាយ។​

«ឥឡូវ​នេះ​អ្នក​រើស​អេតចាយ​រឹត​តែ​ធ្ងន់ធ្ងរ​ជាង​គេ។​ អ្នក​រើស​អេតចាយ​ កាល​មុន​គាត់​រើស​អេតចាយ​បាន​គាត់​មាន​គេ​ទិញ​លក់​ទៅ​បាន។​ ឥឡូវ​អត់មាន​អ្នក​ទិញ​អ្នក​អី​ អ៊ីចឹង​វា​ត្រូវ​គាំង»។ ​

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​ បើសិន​ជា​រដ្ឋ​មិន​ធ្វើ​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​វេលា​ទេ​ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ»។​

អ្នក​ស្រី ​អ៊ូ រ៉ាន​ដែល​មាន​វ័យ​ ៦០​ ឆ្នាំ​ប្រាប់​វីអូអេ​នៅ​ផ្ទះ​ជួល​ទំហំ​បី​ម៉ែត្រ​ការ៉េ​ ដែល​មាន​តែ​ដំបូល​នោះ​ថា អ្នក​ស្រី​មិន​មាន​វិធី​អ្វី​ផ្សេង​ដើម្បី​រក​ប្រាក់​ចំណូល​នោះ​ទេ ​ក្រៅ​ពី​របរ​រើស​អេតចាយ។

«រាល់​ថ្ងៃ​រក​ឲ្យ​តែ​បាន​រស់​ពីរ​នាក់​តាយាយ។​ បើ​ឈឺ​ មិន​ដឹង​បាន​អី​មើល​ពៅ​អ៊ើយ។​ អ៊ីចឹង​បាន​និយាយ។ ​ខ្ញុំ​ចង់​តែ​ទឹក​ភ្នែក។​ខ្ញុំ​ខ្ចិល»។

អ្នក​ស្រី​ ភិន​ មុំ​ វ័យ​៤៩ ប្រកប​របរ​រើស​អេតចាយ​នៅ​ភ្នំពេញ​អស់​រយៈ​ពេល​ប្រាំបី​ឆ្នាំ​មក​ហើយ​ បាន​ប្រាប់​វីអូអេ​ថា ​អ្នកស្រី​ពិបាក​ក្នុង​ការ​រក​ប្រាក់​ដើម្បី​ជួយ​ឧបត្ថម្ភ​គ្រួសារ ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។ (ផន បុប្ផា/VOA )

ដោយសារ​តែ​មិន​មាន​អ្នក​ទិញ​អេតចាយ​ ទើប​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​អេតចាយ​ដូច​ជា​ដែក​និង​កំប៉ុង​ដេរ៉ា​ជាដើម​ មាន​ការ​ធ្លាក់​ចុះ​ជា​គំហុក។​ ទំនិញ​ផ្សេង​ទៀត​ ដូច​ជា​ក្រដាស​កាតុង​ ជ័រ​ ដប​ទឹក​សុទ្ធ ​ដែល​ភាគ​ច្រើន​ត្រូវ​បាន​ដឹក​ទៅ​វៀតណាម ​មិន​មាន​ហាំង​ឆេង​នោះ​ទេ។ ​

អ្នក​ស្រី​ ភិន​ មុំ ​វ័យ ​៤៩​ឆ្នាំ ​ដែល​ប្រកប​របរ​រើស​អេតចាយ​អស់​រយៈពេល​ប្រាំបី​ឆ្នាំ​មក​ហើយ​នោះ​ប្រាប់​វីអូអេ​ថា៖​ «[ក្រដាស​កាតុង]​ ពី​មុន​បាន ​[មួយ​គីឡូ​ក្រាម] ​៥០០៛​ ឥឡូវ​៥០៛ ​គេ​អត់​ទិញ​ទៀត។ ​[ជ័រ]​ពី​មុន​បាន ​[មួយ​គីឡូ​ក្រាម] ​៧០០៛​ ឥឡូវ​គេ​អត់​ទិញ»។

អ្នក​ស្រី​បន្ថែម​ថា៖ «កំប៉ុង​ប៊ីយែរ​កាល​ពី​មុន​បាន​ពី​ ៣៥០០​ ទៅ​៤០០០៛​ ឥឡូវ​បាន​តែ​២០០០៛។​ ដែក​បាន​៣០០៛ ​កាល​ពី​មុន​បាន​៧០០៛មួយ​គីឡូ​ក្រាម»។ ​

អ្នកស្រី​ថា​ អ្នកស្រី​និង​អ្នក​ប្រកប​របរ​រើស​អេយចាយ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​គ្នា​ នៅ​តែ​បន្ត​រើស​អេតចាយ​ដើម្បី​ចិញ្ចឹម​ជីវិត​ បើទោះ​បីជា​ទំនិញ​អេតចាយ ដូច​ជា​ដែក​និង​កំប៉ុង​ដេរ៉ា ​ចុះ​ថ្លៃ​ពាក់​កណ្ដាល​ក៏​ដោយ។​

លោក​ ម៉ៅ ត្រាន ​វ័យ​៤៤ ​ជា​អ្នក​ទិញ​អេតចាយ​រយៈពេល​ប្រាំមួយ​ឆ្នាំ​មក​ហើយ។ លោក​ថា ​ទី​ផ្សារ​ធំ​របស់​លោក​ដែល​ទិញ​គ្រឿង​អេតចាយ​ ដូចជា​ក្រដាស​និង​ជ័រ​នោះ ​គឺ​ប្រទេស​វៀតណាម​ ហើយ​ពេល​នេះ​ការ​ទិញ​ដូរ​ទំនិញ​អេតចាយ​មាន​ការ​ធ្លាក់​ចុះ។ (ផន បុប្ផា/VOA )

លោក​ ម៉ៅ​ ត្រាន ​វ័យ​៤៤​ ជា​អ្នក​ទិញ​អេតចាយ​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​មក​ហើយ។​ លោក​ថា​ ទី​ផ្សារ​ធំ​របស់​លោក​ដែល​ទិញ​គ្រឿង​អេតចាយ​ ដូចជា​ក្រដាស​និង​ជ័រ​នោះ ​គឺ​ប្រទេស​វៀតណាម។ លោក​ថា​ តាំង​ពី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ នេះ​មក​ មិន​មាន​អ្នក​ទិញ​អេតចាយ​ទៅ​ប្រទេស​វៀតណាម​ទៀត​ឡើយ។

«ខ្ញុំ​ទិញ​ចូល​តែ​កំប៉ុង​និង​ដែក​ទេ។​ វា​មាន​តម្លៃ​ទីផ្សារ​ឡើង​វិញ។​ បើ​ក្រៅ​ពី​នោះ​ វា​អត់​ទាន់​ដឹង​ដូច​ជា​ជ័រ​ហើយ​នឹង​ក្រដាស​អី​ហ្នឹង ​វា​អត់ទាន់​មាន​ហាំង​ឆេង»។

លោក​បន្ថែម​ថា៖​ «[ពីមុន] ​មួយ​ថ្ងៃ​ខ្ញុំ​ទិញ ​[អេតចាយ] ​អស់​មួយ​លាន​ជាង ​៥០​ទៅ​៦០ ​សិប​ម៉ឺន។​ តាំង​ពី​ជំងឺ​នោះ​កើត​មក​ ​ទិញ​អស់​ធំ​ណាស់​ បួន​ទៅ​ប្រាំ​ម៉ឺន​... ​ដប់​ម៉ឺន​អី​អស់​ហើយ»។

រដ្ឋាភិបាល​ត្រៀម​លុយ​រហូត​ដល់​ពីរ​កោដិ​ដុល្លារ​ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដែល​បង្ក​ដោយ​ជំងឺ​កូវីដ​១៩។

លោក ​មាស សុខ សេនសាន​ អគ្គ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ដែល​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ផងដែរ​ បាន​ប្រាប់​វីអូអេ​ថា​ ក្រសួង​សុខាភិបាល​ត្រៀម​ថវិកា ​៣៥០​លាន​ដុល្លារ​អាមេរិក ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​បង្ក​ដោយ​ជំងឺ​កូវីដ​១៩។

លោក​ ឃួង ស្រេង ​អភិបាល​ក្រុង​ភ្នំពេញ​បាន​ប្រាប់​វីអូអេ​ថា ​អាជ្ញាធរ​កំពុង​តែ​ជួយ​អ្នក​ដែល​មាន​បញ្ហា​ប្រឈម​នេះ។ ​

«យើង​បាន​រៀបចំ​ ប្រសិន​ណា​បង​ប្អូន​ណា​ដែល​ដាច់​ជីវភាព​ស្បៀង​អាហារ ​គេ​មាន​រៀបចំ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល»។

នៅ​ពេល​ដែល​វីអូអេ​សួរ​ថា​ តើ​អ្នក​ដែល​ប្រឈម​នឹង​ការ​ខ្វះខាត​ទាំងនេះ​អាច​ទទួល​យក​ជំនួយ​នេះ​នៅ​ឯណា​នោះ​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖​ «ខ្ញុំ​ចង់​ជម្រាប​ប្រសាសន៍​ឲ្យ​ខ្លី​ថា ​នៅ​ក្នុង​រជ្ជកាល​សម្តេច​តេជោ​ មិន​ទុក​ឲ្យ​នរណា​ម្នាក់​អត់​បាយ​ទេ។​ អ៊ីចឹង​អាជ្ញាធរ​ធ្វើ​កិច្ច​ការងារ​នេះ​គ្រប់​លំដាប់​ថ្នាក់​ហើយ​ក្មួយ​ស្រី។ ​ អរគុណ​ច្រើន​ណាស់»។​

អ្នក​ស្រី ​អ៊ូ រ៉ាន​ដែល​ប្រកប​របរ​ជា​អ្នក​រើស​អេត​ចាយ​អស់​រយៈ​ពេល​ ៦​ឆ្នាំ​នោះ ​និយាយ​ថា​ អ្នក​ស្រី​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ផ្ទះ​និង​អ្នក​ជិត​ខាង​អ្នក​ស្រី​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ។

«ពី​ម្សិល​[ម្ចាស់​ផ្ទះ]​ឲ្យ​អង្ករ​ប្រាំ​គីឡូ​ក្រាម ​ឲ្យ​លុយ​មួយ​ម៉ឺន​រៀល​ ពេល​ខ្ញុំទៅ​យក​ចំណី​មាន់»៕