ហេតុការណ៍​បាក់ដី​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្លាប់​មនុស្ស ១៨ នាក់​

រូបថត​ផ្តល់​ឱ្យ​ដោយ Korporat JBPM បង្ហាញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ការ​នៅ​កន្លែង​បាក់​ដី​មួយ​កន្លែង​ នៅ​កន្លែង​បោះ​ជំរំ​​មួយ​ក្នុង​រដ្ឋ Selangor ជាយ​ទីក្រុង​គូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ ឆ្នាំ​២០២២។

ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ឲ្យ​វីអូអេ​ លោក David Grunebaum ថា កន្លែង​ស្វែងរក​មនុស្ស​គឺ​ជា​ទីតាំង​ដែល​ពិបាក។ នៅ​កន្លែង​ខ្លះ​មាន​ភក់​ដល់​ត្រឹម​ចង្កេះ និង​មាន​ដុំ​ថ្ម​ជាច្រើន។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ប្រើ​ឧបករណ៍​ជីក​កកាយ ហើយ​កកាយ​ដោយ​ដៃ​ ដើម្បី​ព្យាយាម​កកាយ​ឱ្យ​បាន​ឆ្ងាយ ដោយ​សង្ឃឹម​ថា​នឹង​រក​ឃើញ​អ្នក​នៅ​រស់​បន្ថែម​ទៀត។ ក្រុម​អ្នក​រុករក​និង​ជួយ​សង្គ្រោះ​មាន​គ្នា​ប្រមាណ​ ៤០០​ នាក់។

នៅក្នុង​ការ​ស្វែងរក​នេះ ពួកគេ​ក៏​ប្រើ​ដ្រូន​ដែល​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក និង​សត្វ​ឆ្កែ​ដែល​ត្រូវបាន​ហ្វឺកហ្វឺន​ពី​ជំនាញ​រុករក​ផងដែរ។

ក្រុម​អ្នក​ស៊ើបអង្កេត​បាន​និយាយ​ថា វា​មិន​ច្បាស់​ទេ​ថា​ តើ​មូលហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​មាន​ហេតុការណ៍​បាក់ដី ​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រហែល​ជាង​មួយ​ហិកតា​នេះ។

ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រតិបត្តិករ​នៅ​ទីតាំង​នៃ​កន្លែង​កើត​ហេតុ​នោះ មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​សម្រាប់​ធ្វើ​ជា​កន្លែង​បោះជំរំ​ទេ ដូច្នេះ​ការ​ចោទ​ប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​អាច​កើត​មាន។ ​ពេល​នេះ ជា​ពេល​វិស្សមកាល​ ហើយ​ជា​ធម្មតា​ ក្រុម​គ្រួសារ​នានា​បាន​ចាក​ចេញ​ពី​ទីក្រុង ហើយ​ធ្វើ​ដំណើរ​មក​ទីនេះ​ដែល​ជា​តំបន់​ភ្នំ​ ដើម្បី​ទទួល​បាន​ភាព​រីករាយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​និយាយ​ថា សាកសព​ជនរងគ្រោះ​ ២ នាក់​ ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​បានឱប​គ្នា។ ពួក​គេ​ជឿ​ថា អ្នក​ទាំងពីរ​នោះ​ប្រហែល​ជា​ម្តាយ​និង​កូនស្រី៕