របាយ​ការណ៍៖​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ភាគ​ច្រើន​ជួប​ប្រទះ​ការ​មាក់​ងាយ​នៅ​កន្លែង​ធ្វើ​ការ

រូបឯកសារ៖ ពលរដ្ឋម្នាក់​​បិទ​ផ្លាក​នឹង​មាត់​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​​​​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​​ដូច​គ្នា (LGBT) នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ជាង​ ៥០​ ភាគ​រយ ​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​នៅ​ក្នុុង​ប្រទេស​កម្ពុជា ​បាន​ជួប​ប្រទះ​ការ​មាក់​ងាយ​នៅ​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ ដោយ​សារ​និន្នាការ​ភេទ និង​អត្ត​សញ្ញាណ​យេនឌ័រ​របស់​ពួក​គេ។​ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ទី​១៧​ ខែ​ឧសភា ឆ្នាំ ​២០២០។​

ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នេះ​បាន​ធ្វើ​ឡើង​ នៅ​ចំ​ទិវា​អន្តរជាតិ​ប្រឆាំង​ការ​រើសអើង​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។​

របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​រក​ឃើញ​ថា ​៥៤%​ នៃ​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​ បាន​រាយ​ការណ៍​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ​ អំពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដូច​ជា​ការ​បាក់​ទឹក​ចិត្ត​ដោយ​សារ​ការ​រើស​អើង​នៅ​កន្លែង​ធ្វើការ​ ពីព្រោះ​តែ​ការ​បង្ហាញ​ទំនោរ​យេនឌ័រ​ និង​លក្ខណៈ​ភេទ​របស់​ពួក​គេ។​

ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​៥ ​នាក់ ​ដែល​ត្រូវ​បាន​សម្ភាស​ និយាយ​ថា​ ​ពួក​គេត្រូវ​បាន​នយោជក​បដិសេធ​មិន​ផ្តល់​ការងារ​ឲ្យ​ពួកគេ ​ដោយសារ​និន្នាការ​ភេទ​របស់​ពួក​គេ។​

ភាគ​ច្រើន​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ​ដោយ​សារ​ការ​ផាត់​ចេញ​ពី​សង្គម​និង​ការ​ប្រមាថ​មាក់ងាយ​ផង​ដែរ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដដែល។​

កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ទទួល​ស្គាល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ឡើយ​ទេ។​

លោក ​កែវ រ៉េមី ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​និយាយ​នៅ​ក្នុង​សារ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា ​ឆ្នាំ ២​០២០​ ថា ទោះ​ជា​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​នេះ​ក៏​ពិត​មែន​ តែ​កម្ពុជា​ក៏​មិន​បាន​ដាក់​ទោសទណ្ឌ​ឬ​ពិន័យ​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែរ៕