អាជ្ញាធរកម្ពុជាបានចាប់រឹបអូសស្បែកសត្វកម្រនិងជិតផុតពូជនិងសត្វរស់ជាច្រើនដែលឈ្មួញបម្រុងនាំយកទៅលក់នៅប្រទេសចិននិងវៀតណាម។ នេះបើតាមការបញ្ជាក់របស់អង្គការការពារសត្វព្រៃ។
ការឆ្មក់ចូលលំនៅដ្ឋានជនជាតិចិនមួយក្នុងរដ្ឋធានីភ្នំពេញ កាលពីយប់ថ្ងៃអង្គារបានរកឃើញស្បែកសត្វខ្លារខឹនក្រឡាធំចំនួន១៩ ស្បែកខ្លារខឹនតូចចំនួន៣ ស្បែកឆ្មាមាសអាស៊ីចំនួន២ ស្បែកសត្វភេចំនួន១០ ក្រញ៉ាំឆ្អឹងខ្លារខឹនចំនួន៦ និងស្បែកខ្លាក្លែងក្លាយចំនួន២ ព្រមទាំងឆ្អឹងសត្វជាច្រើនទៀត។
ក្រុមសម្ព័ន្ធការពារសត្វព្រៃបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលវីអូអេទទួលបាននៅថ្ងៃពុធនេះថា៖
«ស្បែកជាច្រើននៅស្រស់ៗហើយត្រូវគេដាក់ហាលនៅលើគ្រោងឈើដែលជាការបញ្ជាក់ថា ផ្ទះនេះត្រូវបានគេប្រើប្រាស់ជាឃ្លាំងស្តុកទុកទំនិញឆ្លងកាត់ជាប្រចាំហើយសត្វដែលគេចាប់បានថ្មីៗត្រូវគេយកមកសម្លាប់និងពន្លាត់ស្បែកនៅទីនេះ»។
មានជនជាតិចិនបីនាក់ត្រូវបានចាប់ឃាត់ខ្លួននិងធ្វើការផាកពិន័យហើយមានជនសង្ស័យម្នាក់បានសារភាពថាខ្លួនជាម្ចាស់របស់ទាំងនេះ។ លំនៅដ្ឋាននោះជាកម្មសិទ្ធិរបស់សភាពាណិជ្ជកម្មរបស់ខេត្តស៊ីឈួន និងចុងជីងរបស់ចិនដែលស្ថិតនៅខណ្ឌទួលគោក។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការសហការរវាងក្រុមសង្គ្រោះសត្វព្រៃនៃអង្គការសម្ព័ន្ធការពារសត្វព្រៃសហការជាមួយនឹងរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថកម្ពុជា។
ក្នុងចំណោមសត្វរស់ដែលរឹបអូសបានរួមមានស្វាកន្ទុយវែងបីក្បាលដែលនឹងត្រូវលក់ទៅឱ្យមន្ទីរពិសោធន៍នៅប្រទេសវៀតណាម និងអណ្តើកស្នូកទន់ជាច្រើន។ នេះបើតាមការបញ្ជាក់របស់ក្រុមការពារសត្វព្រៃ។
ក្រុមសង្គ្រោះសត្វព្រៃសម្តែងការព្រួយបារម្ភថា៖ «យើងមានការព្រួយបារម្ភថាប្រទេសកម្ពុជាបានក្លាយជាចំណុចឆ្លងកាត់ជាប្រចាំសម្រាប់ការជួញដូរសត្វព្រៃទៅប្រទេសចិន»។
ការចាប់រឹបអូសនេះកើតមានឡើងបន្ទាប់ពីមានការចាប់រឹបអូសនាពេលថ្មីៗនេះនូវភ្លុកដំរីនិងស្នែងរមាសដែលគេបានរត់ពន្ធពីប្រទេសអាហ្វ្រិកឆ្ពោះទៅប្រទេសចិននិងវៀតណាមដោយឆ្លងកាត់កម្ពុជា៕