ក្រុមអង្គការសិទ្ធិមនុស្សធំៗចំនួន ៧ នៅថ្ងៃអង្គារនេះ បានថ្កោលទោសចំពោះទង្វើរបស់ក្រសួងយុត្តិធម៌ថៃ ដែលផ្តល់រង្វាន់សិទ្ធិមនុស្សដល់ក្រុមហ៊ុនស្ករសថៃ មិត្រផុល (Mitr Phol) ដែលកំពុងរងបណ្តឹងពីពលរដ្ឋកម្ពុជារាប់រយគ្រួសារ ចំពោះការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។
ការថ្កោលទោសនេះធ្វើឡើង ក្រោយពីក្រុមហ៊ុនស្ករសដែលធំជាងគេបង្អស់ក្នុងតំបន់អាស៊ីនេះ បានទទួលពានរង្វាន់សិទ្ធិមនុស្សរបស់ប្រទេសថៃ ប្រចាំឆ្នាំ ២០២០ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចំពោះអ្វីមួយដែលក្រសួងយុត្តិធម៌ថៃបានហៅថាជា «ការបង្ហាញនូវការអនុវត្តតាមគោលការណ៍សិទ្ធិមនុស្សដ៏លេចធ្លោ»។
ក្រុមអង្គការការពារសិទ្ធិមនុស្សបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ នេះថា៖
«ការផ្តល់រង្វាន់ដល់ក្រុមហ៊ុនពហុជាតិ ដែលកំពុងត្រូវបានស៊ើបអង្កេតពីបទរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តនៅក្រៅប្រទេសនេះ គឺជាការផ្ចាញ់សារៈសំខាន់បំផុតនៃរង្វាន់បែបនេះ»។
កាលពីខែកក្កដា តុលាការមួយរបស់ប្រទេសថៃបានសម្រេចទទួលស្គាល់បណ្តឹងជាសមូហភាពរបស់អ្នកភូមិខ្មែរចំនួន ៧១១ គ្រួសារនៅខេត្តឧត្ដរមានជ័យ ប្រឆាំងក្រុមហ៊ុនស្ករសថៃ Mitr Phol នេះ ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ហិង្សាមួយ ដែលអូសបន្លាយពេលអស់ជាង ១០ ឆ្នាំក្នុងប្រទេសកម្ពុជា។
មេធាវីការពារក្រុមអ្នកភូមិធ្លាប់លើកឡើងថា ក្រុមហ៊ុនយក្សរបស់ថៃមួយនេះមានទំនាក់ទំនងជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣ នៅកម្ពុជា ដែលសុទ្ធតែជាប់ពាក់ព័ន្ធក្នុងការឈូសឆាយដីភូមិ ផ្ទះសម្បែងនិងចម្ការដំណាំរបស់អ្នកភូមិខ្មែរទាំងជាង ៧០០ គ្រួសារនោះ កាលពីឆ្នាំ ២០០៨ និងឆ្នាំ ២០០៩ និងបានធ្វើឲ្យតំណាងអ្នកភូមិខ្លះត្រូវបានចាប់ដាក់ពន្ធនាគារថែមទៀតផង។
វីអូអេ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ថៃ និងតំណាងក្រុមហ៊ុន Mitr Phol និងអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានទេ នៅថ្ងៃអង្គារនេះ។
ទោះជាយ៉ាងនេះក្តី ក្រុមអង្គការការពារសិទ្ធិមនុស្សនិយាយថា អាជ្ញាធរគួរតែផ្តោតការយកចិត្តទុកដាក់ទៅលើដំណើរការជំនុំជម្រះក្តីប្រឆាំងនឹងក្រុមហ៊ុន Mitr Phol បច្ចុប្បន្ននេះវិញប្រសើរជាង។
អង្គការទាំង ៧ នេះរួមមានវេទិកាសម្រាប់សិទ្ធិមនុស្សនិងការអភិវឌ្ឍអាស៊ី (The Asian Forum for Human Rights and Development) ហៅកាត់ថា FORUM-ASIA អង្គការមាត្រា ១៩ (Article 19) មជ្ឈមណ្ឌលធនធានជំនួញនិងសិទ្ធិមនុស្ស (Business and Human Rights Resource Center) អង្គការ Human Rights Watch អង្គការ Earth Rights International អង្គការ Extraterritorial Obligations-Watch និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights)៕