គ្រោះរញ្ជួយដី​កម្រិត ៧,២ រ៉ិចទ័រ​កើតឡើង​នៅ​តៃវ៉ាន់

នៅក្នុងរូបថតពីវីដេអូនេះ ក្រុមការងារធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​កន្លែង​ដែល​អគារ​មួយ​បាន​ដួល​រលំ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ Hualien ប្រទេស​តៃវ៉ាន់ នៅ​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ២០២៤។ (SET TV/Handout via REUTERS)

គ្រោះរញ្ជួយដី​កម្រិត ៧,២ រ៉ិចទ័រ​បាន​កើតឡើង​នៅ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​បណ្ដាល​ឱ្យ​ដាច់​ចរន្ត​អគ្គិសនី​ជាច្រើន​កន្លែង​និង​អគារ​មួយ​ចំនួន​ដួល​ផ្អៀង​នៅ​ភាគ​ខាងកើត​កោះ​តៃវ៉ាន់។ មនុស្ស​យ៉ាង​តិច ៩ នាក់​បាន​ស្លាប់​និង​ជាង ៩០០ នាក់​បាន​រង​របួស។

ចំណុច​កណ្ដាល​នៃ​គ្រោះ​រញ្ជួយដី​នេះ​ស្ថិតនៅ​ចម្ងាយ ២៥ គីឡូម៉ែត្រ​នៅ​ក្នុង​សមុទ្រ​ភាគ​ខាងកើត​នៃ​កោះ​តៃវ៉ាន់ និង​មាន​ជម្រៅ ១៥,៥ គីឡូម៉ែត្រ។ ទីភ្នាក់ងារ​ធាតុអាកាស​តៃវ៉ាន់​បាន​បញ្ជាក់​ថា គ្រោះ​រញ្ជួយដី​នេះ​បាន​បណ្ដាល​ឱ្យ​កម្រិត​ទឹក​សមុទ្រ​នៅ​ភាគ​ខាង​កើត​តៃវ៉ាន់​មាន​ការ​ប្រែប្រួល​និង​មាន​ការ​ប្រកាស​ព្រមាន​អំពី​រលក​យក្យ​ស៊ូណាមិ។

តាំងពី​ពេល​ដែល​គ្រោះ​រញ្ជួយដី​នេះ​បាន​កើតឡើង​ដំបូង​នៅ​ម៉ោង ៧ និង ៥៨ នាទី​ព្រឹក​ម៉ោង​នៅ​កោះ​តៃវ៉ាន់​មក ការ​រញ្ជួយ​តិចតួច​ក្រោយ​មក​ទៀត​ជាង ១០០ ដង​បាន​កើតឡើង។ វា​គឺជា​គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំងក្លា​បំផុត​ដែល​បាន​កើតឡើង​ចំ​កោះ​តៃវ៉ាន់​នៅ​ក្នុង​រយៈពេល ២៥ ឆ្នាំ​ចុងក្រោយ​នេះ។ អគារ​យ៉ាង​តិច ២៦ ខ្នង​បាន​ដួល​រលំ​ទាំងស្រុង​ឬ​ផ្អៀង​ទៅ​មួយ​ចំហៀង​នៅ​ទូទាំង​កោះ​តៃវ៉ាន់។

គ្រោះ​រញ្ជួយដី​នេះ​បាន​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​នៅ​ទូទាំង​កោះ​តៃវ៉ាន់ ដោយ​ករណី​ធ្ងន់ធ្ងរ​បំផុត​គឺ​កើតឡើង​នៅ​ស្រុក Hualien នៅ​ភាគ​ខាង​កើត។ អគារ​ជាង ១០ ខ្នង​នៅ​ទូទាំង​ស្រុក​នោះ​បាន​ផ្អៀង​ទៅ​មួយ​ចំហៀង។ ខណៈ​ដែល​មនុស្ស​ជាង ១០ នាក់​ត្រូវបាន​សង្គ្រោះ​ពី​អគារ​ដែល​ផ្អៀង​មួយ​ចំហៀង​នៅ​ក្នុង​ស្រុក Hualien នោះ មនុស្ស​យ៉ាងតិច​ម្នាក់​នៅ​ជាប់​នៅ​ក្នុង​អគារ​នោះ។

រូបភាព​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​ដែល​ចែកចាយ​នៅ​ទូទាំង​បណ្ដាញ​សង្គម​អនឡាញ​បាន​បង្ហាញ​ឱ្យ​ឃើញ​ជាន់​ទីមួយ​នៃ​អគារ​មួយ​ខ្នង​នៅ​ក្នុង​ស្រុក Hualien បាន​រលំ​ដួល​ទាំងស្រុង​ហើយ​អគារ​ផ្សេងៗ​ទៀត​បាន​ផ្អៀង ៤៥ ដឺក្រេ៕