ទំនិញ​អំពី​ការ​បោះឆ្នោត​អាមេរិក​ដែល​ផលិត​នៅ​ប្រទេស​ចិន​ជោរជន់​ទីផ្សារ​អាមេរិក​មុន​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា

ទំនិញសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់អតីតប្រធានាធិបតី លោក Donald Trump និងអនុប្រធានាធិបតី អ្នកស្រី Kamala Harris ។

នៅពេល​ដែលការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឈាន​ចូល​ដល់ដំណាក់​កាល​ចុងក្រោយ​ អ្នកបោះឆ្នោត​កាន់​តែច្រើន​ឡើង​កំពុង​បង្ហាញ​ការគាំទ្រ​សម្រាប់​បេក្ខជន​ដែល​ពួកគេ​ពេញចិត្ត​តាមរយៈ​ការស្លៀកពាក់​គ្រឿង​ទំនិញ​អំពី​ការបោះឆ្នោត។

អ្វី​ដែល​ពួកគេ​អាច​នឹង​មិន​ដឹង​នោះ​គឺ​ថា មួក«Make America Great Again» របស់ លោក Trump ឬ អាវយឺត​ «Childless Cat Lady for Harris» ដែល​ពួកគេ​ពាក់ ​ប្រហែល​ជា​ត្រូវបាន​ផលិត​នៅ​ប្រទេស​ចិន។

ដោយ​មាន​ជំនួយ​ពី​បណ្តាញ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិកពាណិជ្ជករ​ចិន​កំពុង​ធ្វើឲ្យជោរ​ជន់​ទីផ្សារ​ទំនិញ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក ជាមួយ​នឹង​ទំនិញ​ដែល​មាន​តំលៃ​ថោក ហើយ​មាន​ភ័ស្តុតាង​បង្ហាញ​ថា អ្នក​ផលិត​ទំនិញប្រភេទ​ទាំងនេះ​នៅ​អាមេរិក​កំពុង​ពិបាក​ប្រកួត​ប្រជែង។

លោក Ben Waxman ស្ថាបនិក​និង​ជា​សហម្ចាស់​ក្រុមហ៊ុន​សំលៀក​បំពាក់ American Roots ដែលជា​ក្រុមហ៊ុន​សម្លៀក​បំពាក់​អាមេរិក​និយាយថា៖ «ខ្ញុំគិត​ថា​បរិមាណ​នៃទំនិញ​នៅ​លើ Amazon និង Etsy ដែល​មក​ពី​ប្រទេសចិន និង​បណ្តា​ប្រទេសផ្សេងទៀត​តាម​កប៉ាល់​ដឹក​ទំនិញ និងមកដល់​ច្រាំងប្រទេស​អាមេរិក កំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន​ផលិត​របស់​សហរដ្ឋ​អាមេរិក ដូចជា​ខ្លួន​ខ្ញុំ។ វា​ជះឥទ្ធិពលលើសមត្ថភាព​ក្នុងការ​ប្រកួត​ប្រជែង និង​ពង្រីក​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​យើង។ ខ្ញុំ​គិតថា វាខ្លាំងក្លាណាស់»។

លោក Waxmanមិនព្រម​ចែករំលែក​តួលេខ​ផលិតកម្ម ឬ​ប្រាក់​ចំណេញ​ជាមួយ VOA ភាសាចិនកុកងឺនោះទេ ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​ឯកជនភាព ប៉ុន្តែ​លោក​បាន​និយាយថា អាវ​យឺត​យុទ្ធនាការ​ដែលផលិត​ដោយ​សហរដ្ឋអាមេរិក ជាឧទាហរណ៍ លក់​ក្នុងតម្លៃ​ប្រហែល ១៥ដុល្លារ​ក្នុង​មួយ​អាវ ខណៈ​ដែលអាវយឺតលក់​រាយ​តាមបណ្តាញលក់​ផលិតផល​តាមអ៊ីនធឺណិត​របស់​ចិន Temu អាចលក់អាវមួយ​បានក្នុង​តម្លៃ​មិនដល់​ ៣ ដុល្លារ​ផង។

ក្នុងចំណោមទំនិញទាំងនោះ មួក«Make America Great Again»មួយ មាន​តម្លៃ​តិច​ជាង ៤ដុល្លារ ខណៈ​ពេល​ដែល​គេហទំព័រ​ផ្លូវការ​របស់យុទ្ធនាការ​លោក​ Trump ដែលមាន «ផលិតផល​ទាំងអស់​ផលិត​នៅ​សហរដ្ឋអាមេរិក» លក់ថ្លៃជាង​ ១០ដង ក្នុងតម្លៃ ៤០ ដុល្លារក្នុងមួយ​មួក។

ដូចគ្នានេះដែរ មួក «Kamala Harris 2024» នៅលើ​បណ្តាញ Temu អាច​លក់​បាន​ជិត ៣ដុល្លា​ក្នុងមួយមូក ខណៈ​ដែល​គេហទំព័រ​ផ្លូវការ​អ្នកស្រី Kamala Harris លក់​មួក «Kamala» ក្នុង​តម្លៃ ៤៧ដុល្លារ៕