លោក Macron ត្រូវ​បាន​គេ​ចោមរោម​ស្វាគមន៍​នៅ​ពេល​បញ្ចប់​ទស្សនកិច្ច​នៅ​ចិន

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ថ្លែង​ទៅកាន់​និស្សិត​នៅ​សាកល​វិទ្យាល័យ Sun Yat-sen ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​មនុស្ស​មួយ​ហ្វូង​ធំ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ដែល​នៅ​ទីនោះ​លោក​បាន​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​សមភាគី​ចិន​របស់​លោក​គឺ​ប្រធានាធិបតី​ចិន​លោក Xi Jinping ជួយ​បញ្ចប់​ជម្លោះ​នៅ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Macron ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​ប៉េកាំង​កាល​ពី​ថ្ងៃពុធ​សប្តាហ៍​មុន​បាន​ថ្លែង​ថា លោក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ចិន​កុំ​ឱ្យ​គាំទ្រ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​សុក្រ លោក Macron បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Guangzhou ដែល​នៅ​ទីនោះ ​លោក​ត្រូវ​បាន​និស្សិត​និង​អ្នក​គាំទ្រ​រាប់​រយ​នាក់​ចោមរោម​ដើម្បី​សុំ​ថត selfie ឬ​ទះដៃ​ជាមួយ​នឹង​លោក​ ដែល​នេះ​ផ្ទុយ​ពី​ប្រព័ន្ធ​នយោបាយ​របស់​ចិន​ខ្លួន​ឯង។

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ស្រែក​ហៅ​ឈ្មោះ​លោក Macron។ បន្ទាប់​មក លោក Macron បាន​ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​នៅ​កន្លែង​ហាត់​កីឡា​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​នោះ និង​បាន​ឆ្លើយនឹង​សំណួរ​របស់​ពួកគេ​មុន​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​លោក Xi នៅ​មុន​ពេល​កិច្ចប្រជុំ​ចាប់​ផ្ដើម​ជាមួយ​នឹង​វិនិយោគិន​ចិន​និង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

និស្សិត​គ្រវី​ដៃ​ពេល​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron មក​ដល់​សាកល​វិទ្យាល័យ Sun Yat-sen ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

ជម្លោះ​រវាង​រុស្ស៊ី​ជាមួយ​នឹង​អ៊ុយក្រែន​គឺ​ជា​ប្រធានបទ​អាទិភាព​នៅ​ក្នុង​ទស្សនកិច្ច​របស់​លោក Macron ទៅ​កាន់​ប្រទេស​ចិន​លើក​នេះ។ ​នេះ​គឺ​ជា​ទស្សនកិច្ច​របស់​លោក​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​ មក។

លោក Macron បាន​ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​នៅ​ទីក្រុង Guangzhou ថា សង្គ្រាម​នេះ​«បំពានច្បាប់​អន្តរជាតិ​របស់​យើង»។

លោក Macron បាន​ថ្លែង​ប្រាប់​ក្រុម​និស្សិត​ទាំង​នោះ​ថា រុស្ស៊ី​គឺ​ជា​«ប្រទេស​មួយ​ដែល​បាន​សម្រេច​ថា​ដាក់​អាណានិគម​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន​និង​មិន​គោរព​តាម​ច្បាប់នោះ​ទេ»។

លោក​បាន​ថ្លែង​ថា៖ «សណ្ដាប់​ធ្នាប់​អន្តរជាតិ​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​ខ្សោយ ហើយ​យើង​ទាំង​ចិន​និង​បារាំង​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ថែរក្សា​វា ហើយ​ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​ត្រូវ​អភិវឌ្ឍ​វា​ឱ្យ​ស្រប​តាម​សតវត្សរ៍​ទី ២១»។

ប្រធានាធិបតី​ចិន​លោក Xi Jinping (ឆ្វេង) និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដើរ​នៅក្នុង​សួនច្បារ​នៃ​គេហដ្ឋាន​របស់​អភិបាល​ខេត្ត Guandong ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​គ្នា​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ភាគី​ទាំង​២បាន​សន្យា​ថា​នឹង​«គាំទ្រ​នូវ​រាល់​កិច្ចប្រឹងប្រែង​ទាំងអស់​ដើម្បី​ស្ដារ​សន្ដិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

សេចក្ដីថ្លែងការណ៍​នោះ​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​រុស្ស៊ី​ ឬ​ថ្កោលទោស​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី​ បាន​អំពាវនាវ​ឱ្យ​រាល់​ភាគី​ទាំង​អស់​គោរព​តាម​ច្បាប់​អន្តរជាតិ៕