អ្នកជំនាញ​ថា កម្ពុជា​មាន​សំណាង​ដោយ​​ប្រទេស​ជិត​ខាង​ទប់ស្កាត់​វីរុស​និង​ពលរដ្ឋ​មានទម្លាប់​ល្អ

កម្មករ​រោងចក្រ​ពាក់​ម៉ាស់​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​ដែល​ពួកគេ​ដើរចេញ​ពី​រោងចក្រ​ដែល​ពួកគេ​ធ្វើ​ការ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)

នៅ​ពេលនេះ​កម្ពុជា​ មិនទាន់​មានអ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ទេ​ ហើយ​ក្នុងចំណោម​​អ្នកឆ្លង គឺ​បាន​ជា​សះស្បើយ​ចំនួន​១៣១ ​នាក់​ហើយ។ នេះ​បើ​តាម​តួលេខ​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា។

ប្រទេស​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដំបូងដែល​ជាជន​ជាតិ​ចិន​កាលពី​ចុង​ខែមករា។ ​រហូត​មក​ដល់​ដើម​ខែកក្កដា​នេះ ​អាជ្ញាធរ​រាយការណ៍​ថា មាន​អ្នកឆ្លង​វីរុស​តែ​ចំនួន​១៤១​នាក់​ប៉ុណ្ណោះ ​ហើយ​គ្រប់​ករណី​ទាំង​អស់ ​គឺជាការចម្លងពី​ក្រៅប្រទេសដោយ​គ្មាន​ការឆ្លង​នៅ​ក្នុង​សហគមន៍​ឡើយ។​

នេះ​ជា​ចំនួន​តិចតួច​ ​បើប្រៀបធៀបនឹងបណ្តា​ប្រទេសសមាជិក​សមាគម​អាស៊ាន​ខ្លះដូចជា​សិង្ហបុរី​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិង​ហ្វីលីពីន​ដែលមាន​អ្នកឆ្លង​យ៉ាងច្រើននិងកំពុងតែ​កើនឡើង។

ពី​ដំបូងៗថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ហាក់មិនសូវ​ផ្តោត​ការយកចិត្ត​ទុក​ដាក់​លើគ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ​១៩​នេះទេ​។ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ថែម​ទាំង​ បាន​រៀបចំ​ពិធី​អធឹកអធម​ស្វាគមន៍នាវា​ទេសចរណ៍​បរទេស ​MS Westerdam ​នៅក្រុង​ព្រះសីហនុបើ​ទោះបីជា​មាន​ប្រទេសជាច្រើន​បដិសេធ​មិន​ឲ្យ​ចូលចត។ ចៃដន្យល្អ​ មិន​មាន​អ្នកដំណើរ​ណា​ម្នាក់​ឆ្លងវីរុស​ឡើយ។​

ប៉ុន្តែ​នៅពេល​ដែល​វីរុស​នេះ​ចាប់ផ្តើម​រាតត្បាត​កាន់តែខ្លាំង​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ ថ្នាក់ដឹកនាំ​កម្ពុជា​បាន​មើលឃើញថា​ វា​មិនមែន​ជា​ជំងឺ​ធម្មតា​ទេ​ និង​បាន​ចាប់ផ្តើម​ចាត់​វិធានការ​រឹតបន្តឹង​នានា​ ដោយ​បិទ​សកម្មភាព​ការងារ​និង​អាជីវកម្ម​មួយ​ចំនួន។

នៅ​ពេលនេះ​កម្ពុជា​ មិនទាន់​មានអ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ទេ​ ហើយ​ក្នុងចំណោមអ្នកឆ្លង គឺ​បាន​ជា​សះស្បើយ​ចំនួន​១៣១ ​នាក់​ហើយ។ នេះ​បើ​តាម​តួលេខ​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា។

អ្នកជំនាញ​សុខាភិបាល ​និង​វិភាគឯករាជ្យ​បាន​សង្ស័យ​តួលេខ​ដ៏​ទាប​នេះ​ដោយសារតែ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ខ្សោយ​ហើយ​ក្រុម​គ្រូ​ពេទ្យក៏មិន​មាន​បទពិសោធន៍ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​កូវីដ​១៩​ទេ​ ដែល​អាច​នាំ​ឲ្យ​ពួកគេអាច​ច្រឡំ​នឹង​ជំងឺ​ផ្សេងៗដែល​មាន​រោគសញ្ញា​ស្រដៀង​គ្នា។

លោក​វេជ្ជបណ្ឌិត ខឺ​តឡែន រ៉ូប៊ីនសុន​ (W. Courtland Robison) សាស្ត្រាចារ្យ​នៃ​មហា​វិទ្យាល័យ​សុខាភិបាល​ប៊្លូមបឺកនៃ​សាកល​វិទ្យល័យ​ចនហប់គីន ​ដែល​ស្ថិត​នៅ​រដ្ឋម៉ារីឡែន ​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស​ថា៖

«មិនមាន​អ្នកស្លាប់​ណា​ម្នាក់​គឺ​ខ្ញុំ​ស្ទើរ​តែ​ជឿជាក់​ថា​ប្រាកដ​ជា​ការ​រាប់​មិនត្រឹមត្រូវ​ទេ។ កម្ពុជា​មាន​ប្រព័ន្ធ​សុខាភិបាល​ដែល​មិន​អាចធ្វើរោគវិនិច្ឆ័យជំងឺ​កូវីដ​១៩​បានត្រឹមត្រូវ​ទេ​ពីព្រោះ​វេជ្ជបណ្ឌិតនិងគិលានុប្បដ្ឋាយិកា​មិនធ្លាប់​បាន​ជួប​ជំងឺ​នេះ​ច្រើន​ទេ។ ពួកគេ​អាច​និយាយ​ថា​នេះ​ប្រហែលជា​ជំងឺ​គ្រុនក្តៅ​ ឬ​ក៏ជា​ជំងឺ​អ្វី​ផ្សេង។ ប៉ុន្តែ​វា​ក៏​អាច​ដែរ​ថា​បើវាមាន​ក៏ទាប​ខ្លាំង​ដែរ​។ ប្រហែល​ជា​ដោយ​ហេតុផល​ជាច្រើន​គឺ​កម្ពុជា​មិន​មាន​អ្នកឆ្លង​ច្រើន​ទេ​ហើយ​មិនចាំបាច់​តម្រូវឲ្យ​ពួកគេ​ត្រូវ​ចូល​សម្រាក​ពេទ្យ​និង​មិន​មាន​អ្នកស្លាប់​ច្រើន។ ​ខ្ញុំ​សង្ឃឹមអីចឹងចុះ»។

បើទោះបីជា​មាន​មន្ទិល​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ​ខឺតឡែន រ៉ូប៊ីនសុន​បាន​ទទួលស្គាល់ថា​បទ​ពិសោធន៍​ក្នុង​ការទប់ស្កាត់​ជំងឺ​ឆ្លងនានា​ដែលតំបន់អាស៊ី​ជួបប្រទះ​ក៏ជួយ​ដល់​ការខិតខំ​ប្រឹង​ប្រែងរបស់​កម្ពុជា​ដែរ។ ក្នុង​នោះ​មាន​ដូចជា​ប្រទេស​កូរ៉េខាងត្បូង​និង​សិង្ហបុរី​ដែលបាន​ឆ្លើយ​តបប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​វេជ្ជបណ្ឌិត ​រ៉ូប៊ឺតសុន​បាន​បន្ថែម​ថា៖

«ប្រទេស​ទាំងនេះខ្លះ​មាន​ធនធាន​ច្រើន​ជាង​ដូចជា​ចំណូល​មធ្យម​ក្នុង​ពលរដ្ឋ​ម្នាក់​ជាដើម ប៉ុន្តែ​គឺ​ប្រហែល​ជាដោយសារ​ការឆ្លើយតប​របស់​វិស័យ​សុខាភិបាល​សាធារណៈ​នៅក្នុង​ប្រទេស​ទាំងនោះ​ដោយ​ផ្តោត​លើ​ជំងឺ​រាតត្បាត​ជាច្រើន។​ ការពិតទៅ​នៅ​តំបន់​នោះ មាន​ជំងឺ​ឆ្លង​ជាច្រើន​ដែល​មាន​ដូចជា​ជំងឺ​គ្រុនចាញ់​និង​គ្រុនឈាម​ជាដើម។ ខ្ញុំមិន​និយាយ​ថា ជំងឺ​កូវីដ១៩​ដូចគ្នា​នឹង​ជំងឺ​ទាំងនោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​គឺ​ពួកគេ​មាន​ប្រព័ន្ធ​តាមដាន​សុខភាព និង​ការធ្វើ​តេស្ត​រហ័ស​និង​កំណត់​ជំងឺដើម្បី​ទប់ស្កាត់​តាំងពី​ដើមទី ហើយ​នៅ​បន្ត​តាមដាន​បើទោះបីជា​ពួកគេមាន​ធនធាន​តិចតួច​ក៏ដោយប៉ុន្តែវាពិតជា​ជោគជ័យ»។

លោក ក្រែក ផូលីង ​(Greg Poling) ​អ្នកស្រាវជ្រាវជ្រាវ​ជាន់ខ្ពស់​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​និង​ជា​នាយក​នៃ​គម្រោង​តម្លាភាព​ដែន​សមុទ្រ​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ យល់ដូចគ្នានេះ​ដែរ។​ លោក​បាន​អះអាង​ថា ប្រទេស​កម្ពុជា​បាន​ធ្វើ​ខុសស្ទើរតែ​គ្រប់បញ្ហា​ក្នុងនោះ គឺ​ការណ៍​ដែល​លោក ហ៊ុនសែន​ បាន​ព្រងើយកន្តើយ​នឹង​ចាត់ទុកថា វីរុស​នេះ​មិន​សំខាន់ ការបដិសេធ​មិន​រឹតបន្តឹងការធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន និង​ការធ្វើតេស្ត និង​ព្យាបាល​មាន​ចំនួន​តិចតួច​ជាដើម។

លោក ក្រែក ផូលីង បាន​បញ្ជាក់​ប្រាប់វីអូអេ​ក្នុង​បទសម្ភាស​ថា៖

«ខ្ញុំ​គិត​ថា​លទ្ធផល​នៅពេលនេះ គឺ​ដោយសារ​តែ​សំណាង។ មាន​ប្រទេស​ដែល​ប៉ះពាល់​ខ្លះ​មាន​សំណាង​ហើយ​អ្នកជិតខាង​កម្ពុជាខ្លះមាន​ប្រសិទ្ធភាព​ក្នុងការ​បិទ​សកម្មភាព​ដូចជានៅ​វៀតណាម​ និង​ថៃ​ រួមគ្នាជាមួយនឹងសមត្ថភាព​របស់​ចិន​ទប់ស្កាត់​ការឆ្លង​រាលដាល​បាន​ដែល​ទំនងជា​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា​ពីព្រោះ​ពួកគេ​បាន​បិទ​ការធ្វើ​ដំណើរ​ស្ទើរតែទាំងអស់​ដែលចូលមក​កម្ពុជា»។

ប្រទេស​វៀតណាម​ បាន​បិទ​សាលារៀន​នៅចុង​ខែមករា និង​តម្រូវ​ឲ្យ​ទេសចរ​ត្រូវនៅ​ដាច់​ដោយ​ឡែក​ចំនួន១៤ថ្ងៃចាប់ពីពាក់កណ្តាលខែ​មីនា។​ ក្នុងពេល​ជាមួយ​គ្នា​នេះ​ដែរ ទេសចរ​ដែល​មកពីប្រទេស​នានា​ដែល​មាន​ដូចជា​អឺរ៉ុប និង​ជប៉ុន​ក៏​មិន​បាន​មក​ដែរ​ដោយសារតែ​ការរឹតបន្តឹង​ការធ្វើដំណើរ​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ។ ប្រទេស​វៀតណាម​ត្រូវ​បាន​អ្នក​ជំនាញសរសើរថា​ ចាត់វិធានការ​ឆ្លើយតប​បាន​ល្អ។ រហូត​មក​ដល់​ពេលនេះ​ប្រទេស​កុម្មុយនីស្ត​នេះ​ មាន​អ្នកឆ្លងតែ​៣៥៥​នាក់​ និង​មាន​អ្នក​នៅ​ឈឺ​តែ​១៩នាក់​ ក្រៅពីនោះ​បាន​ជា​សះស្បើយ​អស់​ និង​មិន​មាន​អ្នកស្លាប់​ទេ។

រូបឯកសារ៖ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)​

ប្រទេស​កម្ពុជា ​បាន​បិទទិដ្ឋាការ​បណ្តោះ​អាសន្ន​ចំពោះ​ជនបរទេស​ដែល​មកពី​ប្រទេស​ដែល​បាន​ឆ្លងខ្លាំង​ដែល​មាន​ដូចជា​សហរដ្ឋ​អាមេរិក អេស្ប៉ាញ​ អាល្លឺម៉ង់​ និងអ៊ីតាលី​បិទ​សាលា​រៀន បិទក្លឹបកំសាន្ត​ រឹតបន្តឹង​ការធ្វើដំណើរ​ក្នុងស្រុក ត្រួតពិនិត្យ​សុខភាព​នៅ​ច្រកព្រំដែន ដាក់​អ្នក​សង្ស័យ​ឲ្យនៅ​ដោយឡែក​តាមផ្ទះ​រយៈពេល​១៤​ថ្ងៃ​ និង​លុបចោល​កម្មវិធី​ចូលឆ្នាំ​ប្រពៃណី​ជាដើម។ ប៉ុន្តែ​ការធ្វើតេស្ត ​គឺ​នៅ​មាន​កំហិត​នៅឡើយ​គឺផ្តោត​សំខាន់​តែលើ​អ្នក​ដែល​ធ្លាប់ធ្វើ​ដំណើរ​អន្តរជាតិ។ រហូត​មក​ដល់​ពេល​នេះ​ គឺ​កម្ពុជា​បាន​ធ្វើ​តេស្ត​ចំនួន​ជាង​៣៧.០០០នាក់​ប៉ុណ្ណោះ។​ នេះ​បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។

លោក​ ហេង គីមគង់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន CICP ​និង​ជា​បេក្ខជន​បណ្ឌិត​នៃ​សាកល​វិទ្យាល័យគ្វីនឡែន ក្នុង​ប្រទេសអូស្ត្រាលី បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ការណ៍​ដែល​គាត់​ដោះស្រាយ​បញ្ហា​បិទសាលា​ជាហូរហែ​អីចឹង​ទៅ​រាងលឿន​ជាងមុន។ ខ្ញុំ​គិត​ថា​ នេះ​ដោយសារតែ​គាត់​ឃើញ​ថា ប្រទេស​ផ្សេងៗ​ឆ្លងខ្លាំង​គាត់​ខ្លាច​ហើយ​ប្រសិនបើ​អនុញ្ញាត​ឲ្យ​ឆ្លង​ពេញ​ប្រទេស​មែន​វា​ប៉ះពាល់​ដល់​គាត់​ដែរ​ពីព្រោះ​គាត់​ជាអ្នកដឹកនាំ​ បើសិនជា​ឆ្លង​ច្រើន​គាត់​ទប់​មិន​ជាប់​គឺ​បញ្ហា​ប្រទេស​ជាតិ​ទាំងមូល»។​

​បន្ថែម​លើ​នេះ​ទម្លាប់​ល្អ​របស់​ពលរដ្ឋ​កម្ពុជា ​ក៏ដូចជា​ពលរដ្ឋអាស៊ី​ដទៃ​ទៀត​ដែល​ពាក់​ម៉ាស់​នៅ​ពេលណា​ដែល​ពួកគេ​មាន​សុខភាព​មិន​សូវ​ល្អ​ ក៏ជួយ​បញ្ចៀស​វិបត្តិ​សុខភាព​នេះ​ដែរ។ មិន​ថា តែ​គ្រា​មាន​ជំងឺ​កូវីដ​១៩​ទេ​ គឺ​សូម្បី​តែ​ពេល​មាន​ជំងឺ​ក្អក ឬ មិនស្រួល​ខ្លួន​ ក៏ពួកគេ​ពាក់ម៉ាស់​នៅពេល​ធ្វើ​ដំណើរ​តាមរថយន្ត​ក្រុង ឬ នៅ​កន្លែង​ធ្វើការ​ ដែល​ការណ៍​នេះ​ខុសពី​ទម្លាប់​នៅ​សហរដ្ឋអាមេរិកដែល​មាន​អ្នក​ខ្លះ​ប្រឆាំង​វិញ​បើ​អាជ្ញាធរ​តម្រូ​វឲ្យ​ពាក់ម៉ាស់ ​ហើយ​វា​បាន​ក្លាយ​ជារឿង​នយោបាយ។ នេះ​បើ​តាម​ការសង្កេត​របស់​លោក​វេជ្ជបណ្ឌិត ​រ៉ូប៊ីនសុន។

លោក​វេជ្ជបណ្ឌិត​រ៉ូប៊ីនសុន ធ្លាប់​ធ្វើ​ការងារ​នៅតំបន់​អាស៊ី​រយៈពេល​២៥ឆ្នាំ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ ​និង​ធ្វើការងារ​តាម​ជំរុំ​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ​ផងដែរ។

លោក​បាន​បញ្ជាក់បន្ថែមថា៖

«មនុស្ស​ពាក់ម៉ាស់​គឺជា​រឿង​ធម្មតា ​នៅពេលណា​ដែល​មាន​ការផ្ទុះ​ជំងឺ​អ្វីមួយ​កើត​ឡើង​ដូច​ជា​ករណី​ឆ្លង​លើក​នេះ​គឺ​ត្រូវ​បាន​រាយការណ៍​តាំងពី​ចុង​ខែមករា​និងនៅខែ​កុម្ភៈ​ ដូច្នេះ​សម្រាប់​ខ្ញុំ​គឺ​មិនភ្ញាក់ផ្អើល​ទេដែល​ពលរដ្ឋនៅអាស៊ីយល់ដឹង​ពី​វិធី​ការពារខ្លួន ​ក៏ដូចជា​ដើម្បី​បង្ហាញ​ការគោរពដល់​មនុស្ស​ដទៃ​ថា ​ខ្ញុំ​មិន​ក្អក​ដាក់​មុខ​អ្នក​ទេ ​គឺ​ខ្ញុំ​ពាក់ម៉ាស់»។

លោក​បណ្ឌិត អៀ សុផល ​សាស្ត្រាចារ្យ​នៃ​មហា​វិទ្យាល័យ​អុកស៊ីដឹនថល​ ក្នុង​រដ្ឋកាលីហ្វញ៉ាយល់ស្រប​ថា​ ស្តង់ដា​ហេដ្ឋារចនា​សម្ព័ន្ធទាប​របស់​កម្ពុជា​បាន​ក្លាយជា​ពរ​ជ័យ​លាក់មុខ​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា។ លោក​បាន​បញ្ជាក់​ក្នុង​សារហ្វេសប៊ុក​ប្រាប់​វីអូអេ​ថា៖

«តួលេខ​របស់​កម្ពុជា​មិន​គួរឲ្យ​ជឿ​ទេ​ ប៉ុន្តែ​ខ្ញុំជឿ​ថា​ប្រទេស​កម្ពុជា​មាន​ភ័ព្វសំណាង​ ដោយសារ​តែមាន​ផ្លូវ​មិន​ល្អ​និង​ហុយ​ធូលី ​គឺ​ពលរដ្ឋ​និយម​ពាក់​ម៉ាស់​។ ទន្ទឹម​នឹង​នោះ​ដែរ​ពួកគេ ​អត់​ចាប់​ដៃ​គ្នា​ទេ ​អីចឹង​ហើយ​ទើប​គ្មាន​ការឆ្លង​វីរុស។ ទាំងពីរ​ចំណុច​នេះ ​គឺមិន​មែនជា​វិធានការ​របស់​រដ្ឋាភិបាល​ទេ»។

រូបឯកសារ៖ បុគ្គលិក​ប្រចាំ​អកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ម្នាក់ កាន់ទង់ជាតិ​កម្ពុជា និង​ចិន ខណៈ​យន្តហោះ​ដឹក​ក្រុមគ្រូពេទ្យ​ចិន និង​សម្ភារៈ​បរិក្ខាពេទ្យ​ពី​ប្រទេស​ចិន បាន​មកដល់​កម្ពុជា ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ប្រយុទ្ធនឹង​ការឆ្លងរាលដាល​នៃ​វីរុសកូរ៉ូណា នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

ជំនួយ​អន្តរជាតិ ​ក៏​បាន​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដែរ។ ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​បរិក្ខាពេទ្យ​តាំងពី​ដំបូង​ទី​ពី​ប្រទេស​ចិន ​គឺ​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា។ បន្ទាប់​មក​ទៀត​គឺ​មាន​ជំនួយ​ថវិកា​ពី​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក អឺរ៉ុប​និង​ស្ថាប័ន​អន្តរជាតិដែល​មាន​ដូចជា​ធនាគារ​ពិភពលោក។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ជាង​១១​លាន​ដុល្លារ ដល់​កម្ពុជា​សម្រាប់​ការងារ​ទប់ស្កាត់​ជំងឺ​ឆ្លង ​និង​គាំទ្រ​ដល់​មន្ទីរ​ពិសោធន៍​ជាដើម។ នេះ​បើ​តាម​ទិន្នន័យ​ចងក្រង​ដោយមជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ។ ​

នៅ​លើ​ជ្រុង​អវិជ្ជមាន​រដ្ឋាភិបាល​កម្ពុជា ​ក៏បាន​ដាក់​វិធានការ​រឹតបន្តឹង​តាមដាន​ពលរដ្ឋ​បញ្ចេញ​មតិ​លើ​បញ្ហា​កូវីដ​១៩​ដោយ​អាជ្ញាធរ​ចាត់​ទុកថា​ ផ្សាយ​ព័ត៌មាន​មិន​ពិត​ចំពោះ​ព័ត៌មាន​ណា​ដែល​រិះគន់​ និងក៏​មានចេញ​ច្បាប់​ដាក់​ប្រទេស​ក្នុងគ្រា​មាន​អាសន្ន​ក្នុងគ្រា​មាន​វិបត្តិ​សុខភាព​នេះ​ បាន​នាំ​ឲ្យ​មាន​ការរិះគន់​ និង​សង្ស័យ​កាន់តែ​ខ្លាំង​លើ​ការឆ្លង​វីរុស​នេះ នៅ​កម្ពុជា។​

អ្នកស្រី ធិត គឹមហ៊ុន សាស្ត្រាចារ្យ​ខាង​បច្ចេកទេស​ឱសថសាស្ត្រនៃ​មហាវិទ្យា​ល័យសហគមន៍​Davidson នៅ​រដ្ឋ​ណ័សការ៉ូឡាញណា​ បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ជាមួយ​នឹង​វីអូអេ​ថា៖

«នៅក្នុង​ដំណាក់កាល​កូវីដ១៩​នេះ​ យើង​ឃើញ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការរឹតត្បិត​ខ្លាំង​បំផុត។ ការរឹតត្បិត​នេះ គឺ​នៅពេល​ដែល​មាន​ជំងឺ​កូវីដ១៩​នេះ​លើ​យុវជន​និង​ពលរដ្ឋ​ធម្មតា​ គឺ​មិនចាំបាច់​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ គ្រាន់តែ​យុវជន​លើក​ឡើង​ថា​ កូវីដ​១៩​បាន​កើត​មាន​ហើយនៅទី​ដែល​ខ្ញុំ​រស់នៅ​ក៏​មាន​ការគំរាមកំហែង​រឹតត្បិត​ឲ្យ​មក​សុំទោស​ជា​សាធារណៈថា​ ផ្សាយ​ព័ត៌មាន​មិនមែន​ជា​ការពិត»។

អ្នកស្រី គឹមហ៊ុន ​យល់​ថា​ការទប់ស្កាត់​នេះ​គឺ​បន្ទុច​បង្អាក់​នៃការផ្សព្វផ្សាយ​ដើម្បី​ស្វែង​រក​ព័ត៌មានពិត​ព្រោះវានាំឲ្យ​អ្នក​ដែល​មាន​រោគសញ្ញា​ខ្លះ​ប៉ុន្តែ​មិន​ច្បាស់​លាស់​ខ្លួនឯង​គឺ​មិន​ហ៊ាន​មក​មន្ទីរពេទ្យ​ដើម្បី​ធ្វើតេស្ត​រកវីរុសទេ៖

«នៅ​លើ​ពិភពលោក​នេះ ​គឺ​មិន​ថា​ក្រសួង​សុខាភិបាល ​ឬ ក្រសួង​អ្វីទេ​គឺ​យើង​ត្រូវការ​ផ្អែកលើ​ព័ត៌មាន​ពិត​ ព័ត៌មាន​ដែល​ចេញ​ពី​តាម​តំបន់​ ហើយ​យើង​អាច​ស្រាវជ្រាវ​នូវ​ស្ថិតិ​នៃ​ការឆ្លង​ដោយ​ឲ្យ​មនុស្ស​បញ្ចេញ​យោបល់​ពិត។ បើសិនជា​យើង​គំរាមកំហែង និង​បន្ទុចបង្អាក់​គាត់ ហើយ​បើគាត់​កើត​កូរ៉ូណា​មែន​ធ្វើ​ម៉េច​គាត់​ហ៊ាន​ទៅ​ពេទ្យ​មើល​ ហើយ​ធ្វើ​ម៉េច​គាត់​ហ៊ាន​ថា​ គ្រួសារខ្ញុំ​ឆ្លងកូវីដ​១៩ហើយ»។

ពី​ខែមករា​ដល់​ខែ​មិថុនា​ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​១៥នាក់​ដែល​បាន​ពិភាក្សា​ពី​វីរុស​និង​ចែកចាយ​អត្ថបទ​តាម​បណ្តាញ​សង្គម។ ពលរដ្ឋ​ចំនួន​៨០នាក់​ទៀត​ត្រូវបាន​ដោះលែង​ឲ្យ​នៅ ក្រៅ​ឃុំ​ហើយ​អាច​ត្រូវ​ចាប់​ខ្លួន​វិញ​ពេល​ណា​ក៏បាន​។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​Human Rights Watch។​

លោក ភីថឺ កែវ ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​សាកល​វិទ្យាល័យ​សុខាភិបាល​ស្តែនហ្វឺដ បាន​ចាត់​ទុក​ថា​ការរាយការណ៍​ពី​តួលេខ​ទាប​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ។ ប៉ុន្តែ សម្រាប់​កម្ពុជា​ការរាយការណ៍​មិន​ត្រឹមត្រូវ​ ឬ ដោយ​លាក់បាំង​អាច​ធ្វើ​ឲ្យ​គេ​មើល​ឃើញថា មេដឹកនាំ​ខ្សោយ​ទៅ​វិញ​ទេ។ ពីព្រោះ​នៅ​សហរដ្ឋ​អាមេរិក​ដែល​ខ្លាំង​ជាង​គេ​ ប៉ុន្តែ​មាន​អ្នកឆ្លង​និង​ស្លាប់​ជាច្រើន​ម៉ឺននាក់​។ ប៉ុន្តែ​ហេតុអ្វី​កម្ពុជា​បែរ​ជា​មាន​តិច។

លោក​បាន​បន្ថែម​ថា៖

«សាច់រឿង​ដែល​ចេញ​ពី​ករណី​នេះ គឺ​ថា​ប្រសិនបើ​អ្នក​ជា​ពលរដ្ឋ​កម្ពុជា​ គឺ​អ្នក​នឹង​និយាយ​ថា​ ទោះបី​ជា​សហគមន៍​អន្តរជាតិ​និយាយ​ថា យ៉ាងម៉េច​ក៏ដោយ​គឺ​ពួកយើង​អត់​ខ្សោយទេ។ បើ​មិន​ជឿ​មើល​ចំនួន​ឆ្លង​ក្នុង​ប្រទេស​យើង។ ខ្ញុំ​គិត​ថា​ នេះ​គឺ​ជាអ្វី​ដែល​ពួកគេ​កំពុង​ធ្វើ។ ពួកគេ​ខិតខំ​លាក់បាំង​ដើម្បី​ឲ្យ​មើលទៅ​ពួកគេ​ឃើញ​ដូច​ជាមាឌធំ​ជាង​ការពិត»។

យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត​ ខឺតឡែន រ៉ូប៊ីនសុននៃ​សាកល​វិទ្យាល័យ​ចន​ហប់គីន​យល់​ថា​បើសិនជា​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយកូវីដ១៩​ច្រើនដោយមិន​បាន​កត់ត្រាត្រឹមត្រូវ​ក៏​មិនអាច​លាក់​ពី​មហាជន​និង​អ្នកសារព័ត៌មានបាន​ដែរ។​

«មាន​ហេតុផល​ជាច្រើន​ត្រូវចោទសួរ​ពី​ភាពពេញលេញ​នៃ​ទិន្នន័យ​របស់​កម្ពុជា ប៉ុន្តែ​ប្រសិន​បើមាន​ការឆ្លង​រាលដាល​ពាសពេញ​មែន​ និង​មាន​មនុស្ស​សម្រាកពេទ្យ​និង​ស្លាប់ គឺ​សូម្បី​តែ​រដ្ឋាភិបាល​មិន​បាន​តាមដាន​ឲ្យ​ដិត​ដល់​ក៏ដោយ​ក៏​បណ្តាញ​សារព័ត៌មាន​ដូចជា​លោក​និង​អ្នកដទៃ​ទៀត​នឹង​រាយការណ៍​ពី​រឿង​នេះ​ហើយ»។

​លោក ហេង គីមគង់​នៃ​សាកល​វិទ្យាល័យ​គ្វីនឡែន​ក៏​យល់​ដូចនេះ​ដែរ៖

«សម័យ​ហ្វេសប៊ុក​នេះ​ពិបាក​លាក់​បន្តិច​ហើយ។ កាលពីមុន​មាន​ខ្យល់គ​ប៉ុន្មាន​ករណី​ដែរ​។ អីចឹងគេ​បង្ហោះ​សង្ស័យ​ថាមាន​ទាក់ទង​នឹង​កូវីដ​ហើយ​ក្រោយ​មកទៀត​បើសិន​ជា​មាន​ស្លាប់​ច្រើនមែនប្រាកដជា​មាន​ការ​រាយការណ៍ និង​ស៊ែរ​តាម​ហ្វេសប៊ុក។ អីចឹង​ខ្ញុំ​គិត​ថា​ ការសង្ស័យ​នោះ​ប្រហែល​ជា​មិនត្រឹម​ត្រូវ​ប៉ុន្មាន​ទេ។ ប្រហែល​ជាអីចឹង»។​

យ៉ាងណាក៏ដោយ​ប្រទេស​កម្ពុជា​នៅតែ បន្ត​បិទ​សកម្មភាព​មួយ​ចំនួន​ក្នុង​នោះ​មាន​គ្រឹះស្ថាន​អប់រំ​សិក្សា និងក្លឹបកំសាន្ត​ជាច្រើន ​បើទោះបីជា​សកម្មភាព​ពាណិជ្ជកម្ម​មួយ​ចំនួន​ហាក់​វិល​មករក​ភាពធម្មតា​វិញ​ហើយ​ក៏ដោយ៕