អ្នក​សិក្សា​ស្រាវជ្រាវ​ជើង​ចាស់​មាន​ទុដ្ឋិនិយម​នឹង​អនាគត​នៃ​តុលាការ​ខ្មែរ​ក្រហម

លោក ដេវីដ ឆេនដ៏ល័រ (David Chandler) ប្រវត្តិវិទូ​ល្បី​ឈ្មោះ​​ម្នាក់​អំពី​ប្រទេស​កម្ពុជា​ ថ្លែង​អំពី​ប្រវត្តិ​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​ ទៅ​កាន់​និស្សិត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១០។

[កំណត់​និពន្ធ​នាយក៖ ក្រៅ​ពី​តុលាការ​ខ្មែរ​ក្រហម​ត្រូវ​បាន​រំពឹង​ថា​ ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់សហគមន៍​កម្ពុជា ដូច​ជា​នាំយក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ ជា​គំរូ​សម្រាប់​ប្រព័ន្ធយុត្តិធម៌​កម្ពុជា និង​តុលាការ​អន្តរជាតិ​ផ្សេង​ទៀត​ និង​ព្យាបាល​សង្គម​កម្ពុជា ​ក្រោយ​ពីមាន​អំពើ​សាហាវ​ឃោរឃៅគួរ​ឲ្យ​ខ្លាច​មួយ​កើតឡើង​ក្នុង​រវាង​ឆ្នាំ​ ១៩៧៥​ និង​១៩៧៩​ សាលក្រម​ឌុច កាល​ពី​ថ្ងៃ​៦ សីហា​ បាន​នាំឲ្យ​មាន​ទស្សនៈ​ចម្រុះ។ ខណៈអ្នក​ខ្លះ​រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ គាំទ្រ​សាលក្រម​នេះ ​ជនរង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ខក​ចិត្ត​ចំពោះ​សាលក្រម​នេះ។ វីអូអេ​ផ្នែក​ខេមរភាសា​ បាន​ព្យាយាម​ស្វែង​រក​ទស្សនៈ​នៃអ្នក​ជំនាញ​អន្តរជាតិ​ស្តី​អំពី​បញ្ហា​ខ្មែរ​ក្រហម។ តទៅ​នេះ​ គឺ​ជា​បទ​សម្ភាសន៍​រវាង​លោក​អ៊ឹម សុធារិទ្ធ​ នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​លោក​សាស្ត្រាចារ្យ​ ដេវីដ ឆេនដ៍ល័រ (David Chandler) សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ម៉ូណាស្ស​ (Monash University) ប្រទេស​អូស្ត្រាលី​ និង​ជា​អ្នក​ជំនាញ​ដ៏​ល្បី​ម្នាក់​ផ្នែក​ប្រវត្តិសាស្រ្ត និង​នយោបាយ​កម្ពុជា]។

សុធារិទ្ធ៖ លោក​ធ្លាប់​ជា​មន្រ្តី​សេវា​សាធារណោៈ​នៃ​សហរដ្ឋ​អាមេរិក​ម្នាក់​ពី​ឆ្នាំ ​១៩៥៨​ ដល់​ឆ្នាំ​ ១៩៦៦​ ហើយ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ​ពី​ឆ្នាំ​១៩៦០​ ដល់​ឆ្នាំ​១៩៦២។ ក្រោយ​ពី​បាន​សិក្សា​ភាសា​ខ្មែរ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ លោក​បាន​ទៅ​ដល់​កម្ពុជា​ក្នុង​ខែ​តុលា ឆ្នាំ​១៩៦០​ ក្នុង​នាម​ជា​មន្ត្រី​សេដ្ឋកិច្ច​ មន្ត្រី​នយោបាយ ​និង​ក្រោយ​មក​ក្លាយ​ជា​អនុប្រធាន​កុងស៊ុល។ លោក​បាន​តាម​ដាន​នយោបាយ​កម្ពុជា​យ៉ាង​ដិត​ដល់​ និង​មាន​ចំណេះដឹង​ខ្ពង់​ខ្ពស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ។ នៅ​ពេល​លោក​កំពុង​ធ្វើ​ការ​នៅ​កម្ពុជា​ ក្នុង​ឋានៈ​ជា​អ្នក​កាទូត​មួយ​រូប​ តើ​លោក​មាន​បាន​ស្រមៃ​ឃើញ​ថា​ ប្រទេស​មួយ​នេះ​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សម័យ​ដ៏​ខ្មៅ​ងងឹត​មួយ​ទសវត្សរ៍​ក្រោយ​មក​នោះ​ទេ? តើ​លោក​មាន​ទស្សនៈ​យ៉ាង​ដូចម្តេច​ចំពោះ​រឿង​រ៉ាវ​ដែល​បាន​កើតឡើង​នេះ?

ឆេនដ៍ល័រ៖ ពេល​ខ្ញុំ​នៅ​ទី​នោះ​ ក្នុង​ឆ្នាំ​១៩៦០​ ខ្ញុំ​ពិត​ជា​មិន​បាន​ដឹង​ថា រឿង​នេះ​នឹង​កើត​ឡើង​នោះទេ។ យើង​មិន​ទាំង​បាន​ដឹង​ថា​សង្គ្រាម​វៀតណាម​នឹង​កើត​ឡើង​ផង។ សង្គ្រាម​នោះ​គឺជាកាតាលីករ ​បណ្តាល​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក្រោយ​មក​ខ្មែរ​ក្រហម​ទទួល​ជោគជ័យ។ កាតាលីករ​នោះ​គឺ​សង្គ្រាម​វៀតណាម។ ពេល​ខ្ញុំ​នៅ​ទី​នោះ​ សង្គ្រាម​នោះ​មិន​បាន​ចាប់​ផ្តើម​ទេ។ ការ​ប្រយុទ្ធ​គ្នា​ស្ទើរ​តែ​មិន​បាន​ចាប់​ផ្តើម។ ខ្ញុំពិត​ជាមិន​អាច​ស្រមៃ​ឃើញថា ​កម្ពុជា​ផ្លាស់​ប្តូរ​លឿន​បែប​នេះ​ទេ។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់​ ការ​ផ្លាស់ប្តូរ​ដែល​បាន​កើត​ឡើង​នៅ​ចុង​ទសវត្សរ៍​១៩៦០ នៅ​ពេល​ខ្ញុំ​មិន​នៅទី​នោះ​ ពិត​ជា​មាន​វិសាល​ភាព​ធំ​ធេង​ណាស់​ក្នុង​សង្គម​ខ្មែរ​ ហើយ​ការ​កើន​ឡើង​នៃ​ចលនា​ប្រឆាំង​នៃ​កុម្មុយនីស្ត​ និង​សង្គ្រាម​វៀតណាម​ ហើយ​និង​ការ​បាត់​បង់​ជំនឿ​ជា​បណ្តើរ​ៗពី​សំណាក់​ប្រជា​ពលរដ្ឋ​ចំពោះ​សម្តេច​សីហនុ។ នៅ​ពេល​ខ្ញុំ​នៅ​ទី​នោះ​ សម្តេច​សីហនុ​ មាន​ប្រជា​ប្រិយភាព​សម្បើម​ណាស់​ លើកលែង​តែឥស្សរជនចំនួន​តូចដែល​មិន​ចូល​ចិត្ត​គាត់។ ប៉ុន្តែ​នៅពេល​គាត់​ត្រូវបាន​ទម្លាក់ពី​តំណែង​ ខ្ញុំគិត​ថា គាត់​មិន​សូវ​មាន​ប្រជាប្រិយភាព​ទៀត​ទេ ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ ដូច្នេះ​ នោះគឺជាការផ្លាស់​ប្តូរដ៏សម្បើម​មួយ​ដែល​ខ្ញុំ​មិន​អាច​ព្យាករណ៍​បាន​ ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​នេះ​ ពិត​ជា​បាន​កើត​ឡើង​ នៅ​ពេល​ខ្ញុំ​មិន​នៅទីនោះ។ ពេលខ្ញុំនៅ​កម្ពុជា​ក្នុង​រវាង​ឆ្នាំ​ ១៩៦០ និង​១៩៦២ ខ្ញុំ​មិន​បានស្ថិត​ក្នុង​ជំហរ​មួយ​ដែលអាចព្យាករណ៍​អ្វីកើតឡើងនោះទេ។ ពេលនោះសម្រាប់ខ្ញុំ​ កម្ពុជាហាក់ដូច​ជាប្រទេសដ៏​អស្ចារ្យ ​ដែល​គេបាន​បញ្ជូនខ្ញុំឲ្យទៅធ្វើ​ការ​ និងសិក្សា។

សុធារិទ្ធ៖ សូម​អរគុណ​ចំពោះ​ការ​ពន្យល់​ដ៏​ក្បោះ​ក្បាយ។ លោក​បាន​បង្រៀន​ប្រវត្តិសាស្ត្រ​អាស៊ី​អាគ្នេយ៍ ​នៅ​សាកល​វិទ្យាល័យ​ម៉ូណាស្ស​ (Monash University) ពី​ឆ្នាំ​១៩៧២​ដល់​១៩៩៧។ លោក​សរសេរ​សៀវភៅ​ជា​ច្រើន​ក្បាល​ រួម​មាន​ «ប្រវត្តិសាស្ត្រ​កម្ពុជា» (បោះ​ពុម្ព​ផ្សាយលើកទី​៤​ឆ្នាំ២០០៧) «បងធំទីមួយ» (បោះពុម្ព​ផ្សាយ​លើក​ទី២ឆ្នាំ​១៩៩៩) «ប្រឈម​នឹងអតីតកាល​កម្ពុជា» (បោះពុម្ព​ផ្សាយ​ឆ្នាំ​១៩៩៦) និង​«សោកនាដកម្ម​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា» (បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​១៩៩១)។ ដោយ​មាន​ចំណេះដឹង​ដ៏​សម្បើម​បែប​នេះ​ តើ​ពេល​មុន​លោក​មាន​ក្តី​រំពឹង​ទុក​យ៉ាង​ណា​ខ្លះ​ចំពោះ​តួនាទី​សាលាក្តី​ខ្មែរ​ក្រហម? ប្រសិន​បើ​លោក​មាន​ការ​រំពឹង​ទុក​ តើ​រហូត​មក​ដល់​ពេល​នេះ​ លទ្ធផល​ត្រូវ​បាន​ទទួល​ដូច​ការ​រំពឹង​ទុក​របស់​លោក​ទេ? ហើយ​តើ​សាលាក្តី​ខ្មែរ​ក្រហម​នឹង​ផ្តល់​វិភាគ​ទាន​យ៉ាង​ដូច​ម្តេច​ដល់​ប្រវត្តិសាស្ត្រ​កម្ពុជា​ តំបន់​និង​ពិភពលោក?

ឆេនដ៍ល័រ៖ ខ្ញុំ​យល់​ថា វា​មិន​ផ្តល់​វិភាគ​ទាន​ច្រើន​ណាស់​ណា​ទេ​ដល់​ពិភព​លោក​ ប៉ុន្តែ​ វា​ពិត​ជា​បន្ថែម​កម្លាំង​ជំរុញ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ខ្ញុំ​យល់​ថា​ ការ​ដែលយ៉ាង​ហោច​ណាស់​ អាច​មាន​លទ្ធភាព​នាំ​យក​ឌុចទៅ​កាត់ទោស​ ហើយ​ចេញសាលក្រម​ដោយ​សុវត្ថិភាព គឺ​ជា​ជោគជ័យមួយរបស់​តុលាការ​នេះ។ ខ្ញុំ​យល់​ថា នោះ​គឺ​ជា​ជោគជ័យ​ដ៏​ប្រសើរ​បំផុត​ដែល​យើង​រំពឹង​ទុក។ ក្នុង​ទសវត្សរ៍​១៩៩០ ខ្ញុំ​មិន​ដែល​រំពឹង​ថា​ មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​បាន​នាំ​ទៅ​កាត់ទោស​ទេ។ ខ្ញុំ​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​លទ្ធភាព​នេះ​អស់​រយៈពេល​យ៉ាង​យូរ​ ហើយ​ពិត​ណាស់​ថា កាល​ពី​ទសវត្សរ៍​១៩៨០​ អាមេរិក​ក៏​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​មេដឹកនាំ​ខ្មែរ​ក្រហម​ទៅ​កាត់ទោស​ដែរ។ ដូច្នេះ​ មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ស្តី​បន្ទោស​ចំពោះ​ការ​ពន្យារ​ពេល​នេះ។ ប៉ុន្តែ​នៅ​ពេល​វាកំពុង​ដំណើរការ​ ខ្ញុំ​នៅ​តែ​មិន​សូវ​មាន​សុទិដ្ឋិនិយម​រហូត​ដល់​ការ​កាត់​ទោស​ឌុច​បាន​ចាប់​ផ្តើម ហើយ​ពេល​នោះ​ សម្រាប់​ខ្ញុំ​ វាហាក់​ដូច​ជាមាន​តម្លៃ​នឹង​រង់ចាំ។ អ្នក​មាន​ការ​កាត់ទោស​មួយ​ដែល​ត្រឹម​ត្រូវ និង​លម្អិត។ ភស្តុតាង​ច្បាស់​លាស់​ត្រូវបាន​ប្រមូល​អំពី​បុរស​នេះ​ ហើយ​សក្ខីកម្ម​ផ្ទាស់​របស់​គាត់ ពិត​ជា​មាន​ភាពលាត​ត្រដាង។ ដូច្នេះ ដោយ​សារ​តែ​តុលាការ​អន្តរជាតិ ​កម្រ​នឹង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​លើស​ពី​៣៥​ឆ្នាំ​នោះ សម្រាប់​ខ្ញុំ វា​មាន​និន្នាការ​មួយ​ឆ្ពោះ​ទៅ​រក​សាលក្រម​មួយ​ ដែល​ផ្តល់​ការ​ជាប់​ទោស​អតិបរិមា​ ដោយ​មាន​កាត់ ​ពេល​ដែល​គាត់​បាន​ចំណាយ​ពេល​ក្នុង​ពន្ធនាគារ​រួច​ហើយ។ ដូច្នេះ​ ខ្ញុំ​យល់​ថា​ សាលក្រមនោះ​អាច​ទទួល​យក​បាន។ សម្រាប់​សាលាក្តី​ទាំង​មូល​ ខ្ញុំ​យល់​ថា​ រហូត​មក​ដល់​ពេល​នេះ​ វា​ទទួល​បាន​ជោគជ័យ​ខ្លះ​ដែរ។ ពេល​នេះ អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​នោះ​គឺ​ ខ្ញុំ​មិន​អាច​ព្យាករ​ណ៍​បាន​ទេ។ ប៉ុន្តែ​ ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​ អំពី​ការកាត់​ទោសដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ដូច​ដែល​ខ្ញុំ​មាន​ចំពោះ​ការ​កាត់​ទោស​ឌុច​នោះ​ទេ។

លោក ដេវីដ ឆេនដ៍ល័រ អ្នក​ស្រាវ​ជ្រាវនិង​និពន្ធ​ម្នាក់​ ដែលបាន​សរសេរ​សៀវភៅអំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នៅ​ក្នុង​សវនាការ​តុលាការ​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០០៩ ដូច​ដែល​គេ​អាច​ឃើញ​តាម​កញ្ចក់​ទូរទស្សន៍នៅ​ក្នុង​បន្ទប់​ព័ត៌មាន​តុលាការ​ដែល​គាំ​ទ្រ​ដោយ​

សុធារិទ្ធ៖ លោក​បាន​ចូល​រួម​ដោយ​ផ្ទាល់​ និង​ប្រយោល ​ក្នុង​សកម្មភាព​មួយ​ចំនួន​ ដែល​គាំទ្រ​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ពី​បទ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ លោក​ គឺ​ជា​អ្នក​និពន្ធ​សៀវភៅ​ «បង​ធំ​ទី​មួយ» និង​ជា​ទី​ប្រឹក្សា​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ជា​បណ្ណាសារដ្ឋាន​កម្កល់​ឯកសារ​ខ្មែរ​ក្រហម​សំខាន់​ជាង​គេ។ ខ្ញុំ​ប្រាកដ​ថា​ លោក​អ្នក​ស្តាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដឹង​ថា​ លោក​មាន​ចំណេះដឹង​ច្រើន​អំពី​បញ្ហាខ្មែរ​ក្រហម។ ពេល​ថ្មីៗ​នេះ កាំង​ ហ្កិចអ៊ាវ ហៅ​ ឌុច ដែល​ជា​មន្រ្តី​ដ៏​ល្បី​ឈ្មោះ​អាក្រក់​ម្នាក់​របស់​ខ្មែរ​ក្រហម​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៩​ឆ្នាំ។ សាល​ក្រម​របស់​ឌុច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ពី​សាធារណជន។ ក្នុង​ខណៈ​ដែល​អ្នក​ខ្លះ​ដោយ​រួម​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ទទួល​ស្វាគមន៍​សាលក្រម​នេះ​ ជន​រងគ្រោះ​ខ្មែរ​ក្រហម​យ៉ាង​ច្រើន​ ខក​ចិត្ត​ចំពោះ​សាល​ក្រម​នេះ។ តើ​លោក​មាន​ទស្សនៈជា​ទូទៅ​យ៉ាង​ដូចម្តេច​ ចំពោះ​ ដំណើរការ​កាត់​ទោស​រឿង​ក្តី​លេខ​០០១ និងជា​ពិសេសសាលក្រម​ឌុច​នេះ​តែម្តង?

ឆេនដ៍ល័រ៖ ខ្ញុំ​គិត​ថា ​ដំណើរ​ការត្រូវ​បានធ្វើឡើងដោយត្រឹមត្រូវ។ ខ្ញុំ​គិតថា​ វា​ត្រូវការពេល​យ៉ាងយូរក្នុងការរៀប​ចំ។ ដំណើរ​ការស្មុគ្រ​ស្មាញ​ណាស់។ មានការរារាំងច្រើនពីសំណាក់​រដ្ឋាភិបាល​ និងមានឧបសគ្គមួយចំនួនពីសំណាក់អង្គការ​សហ​ប្រជាជាតិ ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​យ៉ាង​យឺត។ ក្នុង​ដំណើរ​ការ​នោះ​មាន​ការ​ចោទប្រកាន់​ពី​បទ​ពុករលួយ​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ វា​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ទេ។ នៅ​ពេល​ការ​កាត់​ទោស​ដំណើរការ​ ខ្ញុំ​យល់​ថា​ ឌុច​ត្រូវ​បាន​មើល​ការ​ខុស​ត្រូវយ៉ាង​ត្រឹម​ត្រូវ។ មាន​មនុស្ស​ជា​ច្រើន​ រួម​មាន​ជន​រងគ្រោះ​ និង​អ្នក​សល់​ពី​ស្លាប់​ មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​ទស្សនៈ។ ខ្ញុំ​គិត​ថា​ ដំណើរការកាត់​ទោស​មាន​ភាព​ច្បាស់​លាស់​ ដោយ​គ្មាន​ចង​គំនុំ។ អ្នក​ការ​ពារ​ក្តី​ធ្វើ​ការ​បាន​ល្អ​ មិន​មែន​មេធាវី​ខ្មែរ​ទេ​ គឺ​មេធាវី​បារាំង​គឺ​គាត់​ធ្វើ​ការ​បាន​ល្អ​ដោយ​គាត់​អាច​ធ្វើ​ឲ្យ​សាល​ក្រមកាត់​បន្ថយ​ពេល​វេលា​ដែល​គាត់​បាន​សហការ​ជា​ដើម​ ដែល​ការ​កាត់​បន្ថយ​ពេលវេលា​នេះ​ ចុង​ចោទ​នៅ​ពេល​ខាង​មុខ​នឹង​មិន​អាច​ទទួល​បាន​ឡើយ។ ចុង​ចោទ​បន្ទាប់​នឹង​មិនសហការ​ទេ។ ពួក​គេ​មិន​ដែល​និយាយ​ថា​ គេ​ចង់​សហការ​ទាល់​តែ​សោះ។ និយាយ​ដោយ​ស្មោះ​ទៅ​ ខ្ញុំ​យល់​ថា​ ការ​កាត់​ទោស​មាន​ដំណើរ​ការ​យ៉ាង​ល្អ។

សុធារិទ្ធ៖ ខ្ញុំ​ដឹង​ថា​ លោក​ត្រឡប់​ចូល​មក​ទី​ក្រុង​ភ្នំពេញ​នៅ​ខែ​សីហា​ ឆ្នាំ​១៩៨១​ គឺ​ពីរ​ឆ្នាំ​បន្ទាប់​ពី​របប​វាល​ពិឃាដ​ត្រូវ​បាន​ផ្តួល​រំលំ។ ពិធី​ពិភាក្សា​នៃ​ការ​សិក្សា​ស្រាវជា្រវ​ (Academic Symposium) ​ដែល​ត្រូវ​បាន​រៀបចំធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ឆ្នាំ​២០១០ នាសាល​ចតុមុខ​ ក្រុង​ភ្នំពេញ​ លោក​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទី​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៨១​ លោក​បាន​ឃើញ​ «មនុស្ស​ម្នា​ហាក់​ដូច​ជា​ងីងើ​ ដាច់​សង្វែង​ និង​ត្រូវ​បាន​លង​ដោយ​អតីតកាល» ហើយ​លោក​ «ក្នុង​នាម​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មួយ​រូប​ មិន​បាន​ត្រៀម​ខ្លួនប្រឈម​នឹង​បញ្ហា​ដ៏​មហិមា​នៃ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​កម្ពុជា​ទេ»។ លោក​អ្នក​ស្តាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក ​ប្រហែ​ល​ជាចង់​ដឹង​ការ​ឆ្លើយ​តប​របស់​លោក​ចំពោះ​ការ​ខក​ចិត្ត​របស់​ជន​រង​គ្រោះ​ខ្មែរ​ក្រហម​ ចំពោះ​សាល​ក្រម​ឌុច និង​ចំពោះ​អ្នកគាំទ្រ​សាល​ក្រម ដោយ​រួម​មាន​ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម ដោយ​បាន​និយាយ​ថា ពួក​ទាំង​នោះ​គឺ​ជា​អ្នក​ក្រៅ​ ដែល​មិន​បាន​រស់​ក្នុង​របប​នេះ ឬ​មិន​មាន​បទពិសោធន៍​ដូច​ដែល​ជន​រង​គ្រោះ​បាន​ជួប​ប្រទះ។ ទោះ​បី​ជា​លោក​គឺ​ជា​អ្នក​ក្រៅមួយ​រូប លោក​មាន​ចំណេះ​ដឹង​ច្រើន​អំពី​កម្ពុជា និង​ប្រជា​ពលរដ្ឋ​កម្ពុជា។ លោក​ក៏​បាន​ឃើញ​ជន​រង​គ្រោះ​ស្រែក​យំ ក្រោយ​ពី​តុលាការ​ចេញ​សាល​ក្រម។ គេ​និយាយ​ថា វា​អយុត្តិធម៌​ណាស់ ​ដោយធ្វើ​ការ​ប្រៀប​ធៀប​ថា​ ឃាដករ​សម្លាប់​មនុស្ស​ម្នាក់​ អាច​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈ​ដែល​ឌុច ដែល​មើល​ការ​ខុសត្រូវ​ការ​ស្លាប់​មនុស្ស​ចំនួន​ជាង ​១២.០០០​នាក់​ ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន​១៩​ឆ្នាំ។ តើ​ជន​រង​គ្រោះ​ទទួល​បានយុត្តិធម៌​យ៉ាង​ដូច​ម្តេច​ទៅ​ ខណៈ​ដែល​ពួក​គាត់​មាន​អារម្មណ៍​ថា ការ​កាត់​ទោស​នេះ​មិន​យុត្តិ​ធម៌? ដោយសារ​សាលក្រម​ឌុច អ្នក​រិះគន់​និយាយ​ថា សាលា​ក្តី​ខ្មែរ​ក្រហម​គឺ​ជា​ការ​ខាត​បង់​ប្រាក់​រាប់​រយ​លាន​ដុល្លារ។ តើ​លោក​មាន​យុត្តិកម្ម​យ៉ាង​ដូចម្តេច​ចំពោះ​រឿង​នេះ?

ឆេនដ៍ល័រ៖ ខ្ញុំ​គិត​ថា​ រឿង​មួយ​នោះ​គឺ ចៅក្រម​បានដំណើរ​ការ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​ជាតិ។ តាម​ពិត​ពួក​គេ​មិន​បាន​ផ្តល់​យុត្តិធម៌​ដែល​ជន​រងគ្រោះ​ចង់​បាន​នោះ​ទេ។ ជន​រងគ្រោះ​មួយ​ចំនួន​ពិត​ជា​ចង់​ឲ្យ​គេ​សម្លាប់​គាត់ ប៉ុន្តែ​កម្ពុជា​មិន​មាន​ទោស​ប្រហារជីវិត​ទេ។ ខ្ញុំ​យល់ថា ទុក​ឲ្យ​គាត់​ចេញពី​គុក​នៅ​ពេល​អាយុ​៨៧​ឆ្នាំ ដែល​គាត់​ប្រហែល​ជា​មាន​អាយុ​មិន​ដល់​នោះ​ផង គឺ​ល្អហើយ​ ដោយ​គិត​ថា​ គាត់​បាន​សារភាព​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់។ ខ្ញុំ​យល់​ថា ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជី​វិត​មិន​មែន​ជា​ជម្រើស​ទេ ​ពីព្រោះ​តុលាការ​អន្តរជាតិ​មិន​ដែល​កាត់​ទោស​ឲ្យ​នរណា​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ទេ​ នៅ​ក្នុង​ការ​កាត់​ទោស​ដែល​គេ​បាន​ធ្វើ​រាប់​ឆ្នាំ​មក​ហើយ​នៅ​កន្លែង​ផ្សេងៗ។ ដូច្នេះ​ គេ​បាន​ដំណើរការ​នៅ​ក្នុង​រង្វង់​ច្បាប់របស់​អង្គការ​សហ​ប្រជាជាតិ។ ពេល​នេះ​ នេះ​គឺ​ជា​អ្វី​គេ​ត្រូវ​តែ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​។ នេះ​មិន​មែន​ជា​តុលាការ​កម្ពុជា​ទេ ដែល​អាច​ដាក់​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​ជាង​នេះ។ ខ្ញុំ​អាច​យល់​អំពី​អារម្មណ៍​របស់​គេ។​ ជន​រងគ្រោះ​មាន​អារម្មណ៍​ថា គាត់​គួរ​ទទួល​ទោស​ធ្ងន់​ធ្ងរ​ជាង​នេះ។ អ្នក​ដែល​អន់ចិត្តជាង​គេ​បំផុត​នោះ​ គឺ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ដែល​មាន​ការ​ទាក់ទង​ដោយ​ផ្ទាល់​នឹង​មន្ទីរ​ស២១។ ខ្ញុំ​យល់​ថា អ្នក​ដែល​ទួល​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ដទៃ​ទៀត មិន​អាច​ស្តី​បន្ទោស​ឌុច​ ពី​ការ​ឈឺ​ចាប់​របស់​គេ​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​មាន​ញាតិ​សន្តាន​ដែល​ជាប់នៅ​មន្ទី​ស២១​ អាច​បន្ទោស​ឌុច​បាន។ ប៉ុន្តែ​ការ​កាត់​ទោស​បន្ទាប់​ គឺ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នឹង​មាន​ចំនួន​ច្រើន​លើសលុប​ ដែល​ប្រជា​ពលរដ្ឋ​អាច​នឹង​បន្ទោស​ អៀង សារី​ ដូច​ថា ​បាន​សម្លាប់​តា​របស់​គេ។ល។ វា​នឹង​ធ្វើ​ឲ្យ​ការ​កាត់​ទោស​ដំណើរការ​ទៅ​ដោយលំបាក​យ៉ាង​ខ្លាំង។ ប្រជា​ពលរដ្ឋ​ចង់​បន្ទោស​អ្នក​ណា​ម្នាក់​ចំពោះ​បញ្ហា​ដែល​កើត​មាន​នេះ។ ខ្ញុំ​គិត​ថា​ យើង​ត្រូវ​បន្ទោស​របប​ទាំង​មូល​ ហើយ​មិន​អាច​យក​របប​ទាំង​មូល​មក​កាត់​ទោស​បាន​ទេ​ គឺ​អាច​យក​តែ​មនុស្ស​បួន​ប្រាំ​នាក់​មក​កាត់​ទោស។ ដូច្នេះ​ខ្ញុំ​អាច​ពន្យល់​យ៉ាង​ដូចម្តេច​ទៅ។ ខ្ញុំ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​និយាយ​ថា​ ការកំណត់​ទោស​ហាក់​ដូច​ជា​ខ្លី។ ផ្ទុយ​ទៅ​វិញ​ ប្រជា​ពលរដ្ឋ​សាមញ្ញ​ ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម បាន​រង់​ចាំ​អស់​រាប់​ឆ្នាំ​ និយាយ​រឿង​នេះ​ចេញ​មក។ គេ​ចាំ​រហូត​ដល់​ ឱកាស​នៃ​ការ​រក​យុត្តិធម៌​ ត្រូវ​បាន​នាំពី​ខាង​ក្រៅ​មក​វិញ។ គេ​មិន​បាន​និយាយ​អ្វី​ទេ​នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​គ្រប់​បែប​យ៉ាង។ អ្នក​ដឹង​ទេ​ នេះ​ហាក់​ដូច​ជា​ ខាំ​ដៃដែល​បាន​នាំ​យក​ការ​សម្រេច​ចិត្ត​មក​ឲ្យ​ពួក​គេ​ នៅ​ពេល​ដែល​ពួក​គេ​មិន​គួ​រធ្វើ​ដូច្នេះ។ កម្ពុជា​មិន​បាន​ចេញ​លុយ​អ្វី​ដល់​តុលាការ​នេះ​ទេ។ រដ្ឋាភិបាល​មិន​ដែល​ចង់​ឲ្យ​តុលាការ​នេះ​កើត​មាន​ទេ។ ដូច្នេះ​ អន្តរជាតិ​ចូល​មក​ ហើយ​បង្កើត​តុលាការ​ឡើង​ ហើយ​បន្ទាប់​មក​ប្រជា​ពលរដ្ឋ​ថា «វាមិនមែន​ជា​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ»។ ប៉ុន្តែ​យើង​មិន​ដែល​ដឹង​ថា​ គេ​ចង់​បាន​អ្វី​ទេ។ ខ្ញុំ​មិន​ចង់​បន្ទោស​ពួក​គេ​នោះ​ទេ។ ពួកគេ​នឹង​មិន​តវា​ជាមួយ​នឹង​រដ្ឋាភិបាល​ទេ។ ដូច្នេះ​គេ​ចាំ​រហូត​ដល់​មាន​អ្នក​ដែល​គេ​អាច​និយាយ​ជាមួយ​ ហើយ​នៅ​តែ​មិន​គ្រប់គ្រាន់។ វា​ជា​ស្ថានភាព​ដ៏​លំបាក។ ខ្ញុំ​យល់​អំពី​ទស្សនៈ​របស់​គេ​ ប៉ុន្តែ​សាលក្រម​មិន​អាច​កែ​បាន​ទេ។ ហើយ​គឺ​ថា​ មាន​សាលក្រម ដែល​ជា​អ្វី​ដែល​ខ្ញុំ​មិន​ច្បាស់​ថា​នឹង​មាន​កាល​ពី​មុន​មក។ ហើយ​ខ្ញុំ​ពិត​ជា​មិន​ច្បាស់​ថា​ នឹង​មាន​សាល​ក្រម​សម្រាប់​ជន​ចុង​ចោទ​បន្ទាប់​នោះ​ទេ។ ប្រហែល​ជា​នេះ​ គឺ​ជា​សាល​ក្រម​តែ​មួយ​ដែល​គេ​នឹង​ទទួល​បាន។ ប៉ុន្តែ​ខ្ញុំគិត​ថា​ មាន​កា​រកើន​ឡើង​នៃ​ការ​យល់ដឹង ការ​យល់ដឹង​ជាតិ​ ដែល​ជា​រឿង​សំខាន់​ណាស់។ នោះ​គឺ​ជា​ការ​ឈឺ​ចាប់​សម្រាប់​ជន​រងគ្រោះ​ ប៉ុន្តែ​វា​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ​សម្រាប់​មនុស្ស​ ដែល​មិន​ដឹង​អំពី​អ្នក​ដែល​សាហាវ​យង់​ឃ្នង​ និង​អំពី​អំពើដែល​គេ​បាន​ប្រព្រឹត្ត។ ខ្ញុំ​យល់​ថា​ វា​សំខាន់​ណាស់​សម្រាប់​ជន​កម្ពុជាជំនាន់​ក្រោយ​ក្នុង​ការ​យល់​ដឹង​អំពី​រឿង​នេះ។ ក្នុង​ន័យ​នេះ​ សាលាក្តី​គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​ពួក​គេ។

សុធារិទ្ធ៖ ទី​បំផុត​ តាមទស្សនៈ​របស់​លោក​ តើ​តម្លៃ​ និង​តួនាទី​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ជា​ពិសេស​រឿងក្តី​លេខ​០០១ មាន​យ៉ាង​ដូចម្តេច​ខ្លះ​ក្នុង​សង្គម​ខ្មែរ? តើ​ការ​ប្រឈម​ដែលមាន​នៅ​ក្នុង​រឿង​ក្តី​លេខ​០០១ នឹងមាន​ឥទ្ធិពលយ៉ាង​ដូចម្តេច​ខ្លះ​ដល់​រឿង​ក្តី​លេខ​០០២? តើ​លោក​រំពឹង​ថា​ រឿង​ក្តី​០០២ នឹង​ដំណើរការ​ទៅ​យ៉ាង​ដូច​ម្តេច​ទៅ?

ឆេនដ៍ល័រ៖ ខ្ញុំ​ពិត​ជា​មិន​អាច​ព្យាករណ៍​បាន​ទេ​ថា​ រឿង​ក្តី​លេខ​០០២ នឹង​ដំណើរ​ការ​ទៅ​យ៉ាង​ដូចម្តេច​នោះ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​សំខាន់​ណាស់​ក្នុង​ចំណោម​អ្នក​ដែល​ចង់​ឲ្យ​មាន​អ្វី​កើតឡើង​ក្នុងរឿង​ក្តី​លេខ​០០២។ ខ្ញុំ​មិន​ប្រាកដ​ថា គេ​នឹង​ពេញ​ចិត្ត ហើយ​គេ​នឹង​ធ្វើ​យ៉ាង​ដូច​ម្តេច​នោះ​ទេ​ នៅ​ពេល​ដែល​គេ​មិន​ពេញ​ចិត្ត។ គេ​នឹង​មិន​ធ្វើ​បាតុកម្ម​ នៅ​តាម​ផ្លួវ​ ឬ​បាញ់​អ្នក​ណា​នោះ​ទេ។ លោក​ហ៊ុន សែន​ និយាយ​ថា នឹង​មាន​សង្គ្រាម​ស៊ីវិល​ ប៉ុន្តែ​អ្នក​ត្រូវ​សួរ​ថា​ តើ​អ្នក​ណា​មាន​កាំភ្លើង។ ប្រជា​ពលរដ្ឋ​គ្មាន​កាំភ្លើង​ទេ។ ដូច្នេះ​ នឹង​គ្មាន​សង្គ្រាម​ស៊ីវិល​ទេ។ ប្រហែល​ជា​មាន​ការ​មិន​សប្បាយ​ចិត្ត​ខ្លះ​ ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​របៀប​ដំណើរ​នៃ​ការ​កាត់ទោស​ ពីព្រោះ​ខ្ញុំ​យល់​ថា​ អ្នក​ទាំង​នេះ​នឹង​គេចវេះ​ ពន្យារ​ពេល​ និង​មាន​ល្បិចកល។ តាម​ពិត​ គេ​មាន​ទោស​ច្រើន​ជាង​ឌុច​ ក្នុង​ន័យ​ថា​ គេ​មិន​មែន​ជា​អ្នក​ទទួល​បញ្ជា​ទេ តែ​ជា​អ្នក​ចេញ​បញ្ជា។ ឌុច​មិន​បាន​ប្រើ​របៀប​ការពារ​មួយ​ហៅ​ថា​ “Eichmann Defense” ដែល​ថា​ «ខ្ញុំ​គ្រាន់​តែ​ជាអ្នក​ទទួល​បញ្ជា»។ ឌុច​និយាយ​ថា «ខ្ញុំ​ជា​អ្នក​ទទួល​បញ្ជា​ ប៉ុន្តែ​ខ្ញុំ​ចង់​ទទួល​បញ្ជា» ហើយ​គាត់​និយាយ​ទៀត​ថា «ខ្ញុំ​សុំទោស​ដែល​ខ្ញុំ​បាន​ធ្វើ​ដូច្នេះ»។ ប៉ុន្តែ​អ្នក​ចុងចោទ​ក្រោយៗ​ទាំង​នេះ​ ជា​អ្នក​ចេញ​បញ្ជា​ តែ​គេ​បដិសេធ។ ដូច្នេះ​ខ្ញុំ​គិត​ថា ការ​កាត់​ទោស​នោះ​ នឹង​មិន​ត្រូវ​បាន​ពេញ​ចិត្ត​នោះ​ទេ។ ខ្ញុំ​នឹង​ភ្ញាក់​ផ្អើល​ ប្រសិន​បើ​ការ​កាត់​ទោស​លើ​កក្រោយ​ នឹង​មាន​ការ​ពេញ​ចិត្ត។

ខ្ញុំ​យល់​ថា​ សាលាក្តី​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​មនសិការ​ ​ដោយ​បង្កើន​ការ​ធ្វើ​លំហាត់​នានា ​រួមមាន​ សៀវភៅ​សិក្សា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ការ​បើក​ឲ្យ​មាន​កម្មវិធី​ផ្សាយ​តាម​ទូរទស្សន៍​ប្រចាំ​ថ្ងៃ និង​ការ​នាំ​មនុស្ស​ចំនួន​៣ម៉ឺន​នាក់​មក​មើល​ការ​កាត់​ទោស។ ក្នុង​ចំណោម​មនុស្ស​ចំនួន​៣០.០០០​នាក់​នេះ​ មាន​អ្នក​ខ្លះ​ជា​អ្នក​យក​ព័ត៌មាន និង​ជន​បស្ចឹម​ប្រទេស​ ដូច្នេះ​អាច​និយាយ​ថា ជន​កម្ពុជា​ចំនួន​២០.០០០​នាក់។ គេ​នឹង​ត្រឡប់​ទៅ​កន្លែង​របស់​គេ​វិញ​ដោយ​នាំ​ទៅ​ជាមួយ​នូវ​រឿងរ៉ាវ​ ដែល​គេ​បាន​ឃើញ។ រឿង​ខ្លះ​នឹង​អាច​ជា​ជំនួយ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​រឿង​ខ្លះ​អាច​ជា​រឿង​ឆ្កូតៗ។ ប៉ុន្តែ​អ្នក​នឹង​ទទួល​បាន​ការ​យល់​ដឹង​យ៉ាង​ច្រើន​អំពី​ថា​តើ​ ជំនាន់​ខ្មែរ​ក្រហម​នឹង​ត្រូវ​បាន​នាំ​ត្រឡប់​មក​វិញ​ឲ្យ​គេ​ដឹងឮ​យ៉ាង​ដូចម្តេច ​នៅ​ក្នុង​ផ្នែក​មួយនៃ​ប្រវត្តិសាស្ត្រ​កម្ពុជា។ វា​សំខាន់​ណាស់។ ខ្ញុំ​យល់​ថា​ រឿង​នេះ​មិន​គួរ​ត្រូវបាន​បំភ្លេច​ចោល​ជា​ផ្លូវការ​នោះ​ទេ។ ដូច្នេះ​ខ្ញុំ​យល់​ថា វា​មាន​តម្លៃ។

ការ​ប្រឈម​មុខ​មួយ​នោះ​គឺ​ បញ្ហា​ថវិកា។ ខ្ញុំ​មិន​ប្រាកដ​ថា​ គេ​នឹង​មាន​ថវិកា​គ្រប់​គ្រាន់ សម្រាប់​រឿង​ក្តី​ដ៏​ស្មុគស្មាញ​នេះ​ទេ​ ដោយ​មាន​ការ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​រួច​មក​ហើយ​ទៅ​លើ​រឿង​ក្តី​ដ៏​សាមញ្ញ​មួយ ​បើ​ប្រៀប​ធៀប​នឹង​រឿង​ក្តី​ខាង​មុខ។ វា​នឹង​ជា​ការ​ប្រឈម​មុខ​ដ៏​ពិត​ប្រាកដ។ ខ្ញុំ​មិន​ប្រាកដ​ថា​ មាន​លុយ​បន្ត​នោះ​ទេ។ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ផ្តល់​លុយទេ។ នោះ​គឺ​ប្រាកដ​ហើយ។ ដូច្នេះ​ ថវិកា​អាច​មក​ពី​ប្រទេស​ម្ចាស់​ជំនួយ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​អាច​ជា​ចំនួន​កំណត់​មួយ​ នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សកល​លំបាក​បែប​នេះ​ ក្នុង​ការ​បំបែកលុយ​ចេញ​សម្រាប់​ការ​កាត់​ទោស​នេះ​ ដែល​អាច​នឹង​មិន​បាន​ផល​អ្វី​ជា​ដុំ​កំភួន។ ដូច្នេះ​ ខ្ញុំ​គិត​ថា ​វា​ជា​ការ​ប្រឈម​មុខ​ពិត​ប្រាក​ដ។ ការ​ប្រឈម​មុខ​មួយ​ទៀត​នោះ​ គឺ​របៀប​ដោះ​សា្រយ​ដើម​បណ្តឹង​រដ្ឋប្បវេណី។ មាន​មនុស្ស​ចំនួន​៤.០០០​នាក់​រួច​ហើយ ​ដែល​បាន​ចុះ​ឈ្មោះ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី។ ការ​ប្រឈម​មុខ​ទី​បី​នោះ​ គឺ​របៀប​បង្ខំ​ឲ្យ​អ្នក​ទាំង​នេះ​ឆ្លើយ​ ខណៈ​ដែល​គ្មាន​ភស្តុតាង​ដែល​ត្រូវបានចងក្រង​ជា​ឯកសារ​ ដូច​រឿងក្តី​របស់​ឌុច​ដែល​មាន​ឯកសារ​ភស្តុតាង​ច្រើន​នោះ​ទេ។ ដូច្នេះ​នឹង​មាន​ការ​ប្រឈម​មុខ​ច្រើន​ ហើយ​ខ្ញុំ​មិន​ច្បាស់​ទេ​ថា​ គេ​អាច​នឹង​ជម្នះ​បាន។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​មាន​ទុទិដ្ឋិនិយម​ទេ។ ខ្ញុំ​ដឹង​ថា​ គេ​ធ្វើ​ការ​យ៉ាង​លំបាក​ដើម្បី​ជម្នះ​ការ​ប្រឈម​មុខ​នេះ​ ហើយ​ធ្វើ​ឲ្យ​មាន​ការ​កាត់​ទោស​ ហើយ​ខ្ញុំ​ពិត​ជា​ជូនពរ​អ្នក​ទាំង​នោះ។ ប៉ុន្តែ​ រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​ពិត​ជា​មិន​អាច​មាន​សុទិដ្ឋិនិយម​ពេក​ទេ នូវ​អ្វី​ដែល​នឹង​កើត​ឡើង។

សុធារិទ្ធ៖ លោក​អ្នក​ស្តាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ ប្រហែល​ជា​មិន​បាន​ដឹង​ថា​ នៅ​ខែ​មិថុនា​ឆ្នាំ​២០០៦ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ​ បាន​យក​ឈ្មោះ​លោក​ ដាក់​ឲ្យ​បន្ទប់​សន្និសីទ​មួយ​ ដើម្បី​ជា​កិត្តិយស​ដល់​លោក​ដែល​ធ្លាប់​បាន​បម្រើ​ជា​មន្រ្តី​សេវា​ក្រៅ​ប្រទេស​សហរដ្ឋ​អាមេរិក​មួយ​រូប​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដូច​លោក​បាន​ជ្រាប​ស្រាប់​ហើយ​ថា​ មនុស្ស​ជា​ច្រើន​យល់​ថា​ ប្រទេស​ចិន​ និង​ការ​ទម្លាក់​គា្រប់​បែក​របស់​អាមេរិក​ទៅ​លើ​ទឹក​ដី​កម្ពុជា​ គឺ​ជា​ផ្នែក​មួយ​នៃ​មូលហេតុ​នៃ​ការ​កើត​មាន​របប​ខ្មែរ​ក្រហម។ លើស​ពី​នេះ​ទៅ​ទៀត​ ប្រទេស​ទាំង​ពីរ​នេះ​បាន​បោះ​ឆ្នោត​ ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​ប្រតិភូ​ខ្មែរ​ក្រហម​ មាន​កៅអី​នៅ​អង្គការ​សហប្រជាជាតិ​ រហូត​ដល់​ឆ្នាំ​១៩៨២ ​ហើយ​បន្ត​ធ្វើ​ដូច្នេះ​រហូត​ដល់​ឆ្នាំ​១៩៩៣​ ចំពោះ​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាលដែល​គាំទ្រ​ដោយ​វៀតណាម​ ដែលចលនា​នោះ ​ក៏​មាន​ខ្មែរក្រហម​ដែរ។ ក្នុង​នាម​លោក​ជា​អតីតមន្រ្តី​សេវា​ក្រៅ​ប្រទេស​របស់​អាមេរិក​ តើ​លោក​ឃើញ​ថា​ សាលាក្តី​ខ្មែរ​ក្រហម​ មាន​ផល​ប៉ះពាល់​ ដល់​ទំនាក់ទំនង​រវាង​ចិន​និង​អា​មេរិក​យ៉ាង​ដូចម្តេច?

ឆេនដ៍ល័រ៖ ​នេះ​ជា​សំណួរ​លំបាក​មួយ។ ខ្ញុំ​យល់​ថា​ អំឡុង​ពេល​នៃ​សេវា​ក្រៅ​ប្រទេស​របស់ខ្ញុំ មិន​ទាក់ទង​ប៉ុន្មាន​នឹង​ចម្លើយ​របស់​ខ្ញុំ​ទេ​ ពីព្រោះ​ខ្ញុំ​ចេញ​ពី​សេវា​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​១៩៦៦​ មុន​ពេល​រឿង​រ៉ាវ​ទាំង​នេះ​បាន​កើត​ឡើង​ទៅ​ទៀត។ ខ្ញុំ​យល់​ថា​ ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​ទៅ​លើ​កម្ពុជា​ គឺ​ជា​មហន្តរាយ​មួយ​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ វា​បាន​ពន្យា​ជ័យជម្នះ​របស់​ខ្មែរ​ក្រហម​ ដែល​នោះ​គឺ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​ជនអាមេរិក។​ ខ្មែរ​ក្រហម​ប្រហែល​ជា​ឈ្នះ​យ៉ាង​ងាយ​ និង​ចាប់​យក​ភ្នំពេញ ​តាំង​ពី​ឆ្នាំ​១៩៧៣​ ប្រសិន​បើ​គ្មាន​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​ទេ​នោះ​ ដែល​វា​គឺ​ជា​មហរន្តរាយ​ មួយ​ហើយ​មិន​អាច​អត់​ឱន​ឲ្យ​បាន។ រឿង​អង្គការ​សហ​ប្រជាជាតិ​រិត​តែ​អាក្រក់ជាង​នេះ​ទៅ​ទៀត​ ឬ​អាក្រក់​ស្មើគ្នា​ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ ហើយ​ខ្ញុំ​យល់​ថា​ វា​អាច​ត្រឡប់​ទៅ​មើលគំនុំ​ដែល​អាមេរិក​មាន​ចំពោះ​វៀតណាម​ ក្រោយ​សង្គ្រាម​វៀតណាម​ ហើយ​មិន​ចង់​គាំទ្រ​របប​ភ្នំពេញ​ដែល​គាំទ្រ​ដោយ​វៀតណាម។ ដូច្នេះ​ នោះ​គឺ​ជា​អំឡុង​ពេល​អាក្រក់​មួយ​ទៀត។ ខ្ញុំ​យល់​ថា​ នេះ​បាន​ធ្វើ​ឲ្យ​មាន​ ការ​អាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង​ពី​ភាគី​លោក​ហ៊ុន​ សែន​ ពីព្រោះ​ គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​ការ​យ៉ាង​លំបាកក្នុង​អំឡុង​ពេល​នៃរបប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ងើប​ឈរ​ឡើង​វិញ​ ដោយ​គ្មាន​ជំនួយ​ ដែល​គាត់​គួរ​បាន​ប្រើ​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​ពី​ប្រទេស​ដទៃ​ទៀត។

ចិន​បាន​បដិសេធ​រាល់​រឿង​រ៉ាវ​ ដែល​គេ​បាន​និយាយ​ថា​ គេ​មិន​មែន​ជា​មិត្ត​របស់​ខ្មែរ​ក្រហម​ ដែល​នោះ​គឺ​ជា​ការ​ខុស​ទាំង​ស្រុង ពី​ព្រោះ​មាន​ភស្តុតាង​ ភស្តុតាង​ជា​ឯកសារ​ មាន​ច្រើន​ណាស់​អំពី​រឿង​នោះ​ ដែល​គេ​គឺ​ជា​អ្នក​គាំទ្រ​ដ៏​មាំទាំ​ នៃ​របប​ខ្មែរ​ក្រហម​ទាំង​ពី​ដំបូង។ ដូច​អាមេរិក​បោក​ លន់​ ណុល ​ថា​ជំនួយ​របស់​គេ​នឹង​បន្ត​រហូត​ ដើម្បី​ឲ្យ​គាត់​យក​ឈ្នះ​វៀតណាម​ដែរ​ ចិន​បង្វក់​ ប៉ុល​ ពត​ និង​សហការី​របស់​គាត់​ឲ្យ​គិត​ថា​ ជំនួយ​នឹង​ត្រូវ​បាន​បន្ត​រហូត​ដល់​គាត់​អាច​យក​ឈ្នះ​វៀតណាម។ តួនាទី​របស់​បរទេស​ នៅ​ក្នុង​កម្ពុជា​រហូត​ដល់​ពាក់​កណ្តាលទសវត្សរ៍​១៩៩០​ ពិត​ជា​មិន​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនាទេ។ ខ្ញុំ​យល់​ថា​ បារាំង​មាន​ប្រវត្តិ​ល្អ​ជាង​គេ។ ប្រវត្តិ​អាណានិគម​ពិត​ជា​មាន​ភាពអាក្រក់​តិច​ជាង​ប្រវត្តិ​របស់អាមេរិក​ ឬ​ចិន​នៅ​កម្ពុជា។ ប្រវត្តិ​របស់​ថៃ​ក៏​អាក្រក់​បំផុត​ដែរ។ ដូច្នេះ​ ទាំង​អស់​នេះ​ត្រូវ​តែ​យក​មក​ពិចារណា។ មាន​ការ​ពិភាក្សា​នៃ​ការ​កាត់​ទោសអាមេរិក​ជំនួស​ មេ​ដឹកនាំ​ខ្មែរ​ក្រហម។ ប៉ុន្តែ​ខ្មែរ​ក្រហម​ចង់​បង្កើត​រដ្ឋាភិបាល​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។ គេ​ឈ្នះ​សង្គ្រាម។ អាមេរិក​មិន​បាន​វាយ​ឈ្នះ​សង្គ្រាម​ឲ្យ​ពួក​ខ្មែរ​ក្រហម​ទេ។ គេ​[ខ្មែរ​ក្រហម]​ឈ្នះ​សង្គ្រាម​ដោយ​ខ្លួន​ឯង។ ខ្ញុំ​គ្រាន់​តែ​យល់​ថា​ អ្នក​មិន​អាច​បន្ទោស​បរទេស​ចំពោះ​ការ​កើត​មាន​របប​ខ្មែរ​ក្រហម​បាន​ទេ។ អ្នក​អាច​បន្ទោស​បរទេស​ចំពោះ​រឿង​ជា​ច្រើន​ ហើយ​ខ្ញុំ​គិត​ថា យើង​មាន​ពិរុទ្ធភាព​ច្រើន​ តែ​មិន​មាន​ពិរុទ្ធភាព​ពី​បទ​នាំ​ជោគជ័យ​ឲ្យ​ខ្មែរ​ក្រហម​នោះ​ទេ។

សុធារិទ្ធ៖ ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​កន្លង​មក​នេះ​ ចិន​បាន​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា​ ទោះបី​ជា​របប​ណា​ ឬ​ការ​អនុវត្ត​នយោបាយ​បែប​ណាក៏​ដោយ។ ក្នុង​ទស្សនៈ​របស់​លោក​ជា​ប្រវត្តិវិទូ​ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ ហេតុអ្វី​បាន​ជា​កម្ពុជា​សំខាន់​សម្រាប់​ចិន? ហើយ​តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​មើល​ឃើញ​ថា​ ចិន​សំខាន់​ ទោះ​បី​ជា​ចិន​ត្រូវ​បាន​ជឿ​ថា​ ជា​អ្នក​គាំទ្រ​ប្តូរផ្តាច់​ នៃ​របប​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ប្រជាពលរដ្ឋ​ប្រហែល​២លាន​នាក់​ក៏​ដោយ?

ឆេនដ៍ល័រ៖ ខ្ញុំ​យល់​ថា​ ជា​ទូទៅ​ ចិន​គឺ​ជា​មិត្ត​របស់​គេ​ពេល​នេះ​ ពីព្រោះ​ចិន​ឲ្យ​លុយ​គេ​ច្រើន​ដោយ​គ្មាន​លក្ខខណ្ឌ។ ខ្ញុំ​គិត​ថា​ សារៈ​សំខាន់​របស់​កម្ពុជា​ចំពោះ​ចិន​ មិន​ជា​សំខាន់​ណាស់​ណា​ទេ។ វា​គ្រាន់​តែ​ជាផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​គេ ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ដែល​ត្រូវ​មាន​ប្រទេសជាមិត្ត​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ និង​កេង​យក​ប្រយោជន៍​ពី​ប្រទេស​ទាំង​នោះ​ខាង​ផ្នែក​សេដ្ឋកិច្ច​ ពី​ទំនប់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​នៅ​ក្នុង​ប្រទេសឡាវ​ ជា​ដើម។ ការមាន​ប្រទេស​ជា​មិត្ត​ ដែល​នឹង​អាច​ផ្តល់​ឲ្យ​គេ​នូវ​វត្ថុធាតុ​ដើម​ និង​ឱកាស​វិនិយោគ​ ខ្ញុំ​យល់​ថា គេ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ខ្មែរ​ក្រហម​ ដែល​ទំនាក់​ទំនង​នេះ​រដ្ឋាភិបាលមិន​ចាំ​ ឬ​មិន​យក​ចិត្ត​ទុក​ដាក់។ ដូច្នេះ​ខ្ញុំ​គិត​ថា​ ចិន​គឺ​ជា​សម្ព័ន្ធមិត្ត​ដែល​ត្រូវ​បាន​ទទួល​ស្វាគមន៍​បំផុត​នៃ​រដ្ឋា​ភិបាល​កម្ពុជា​ ពីព្រោះ​គេ​ចូល​មក​ដោយ​មិន​មាន​ការ​ចោទ​ប្រកាន់​អ្វី​ទាំង​អស់។ គេ​មិន​ទាំង​ចោទ​រដ្ឋាភិបាល​កម្ពុជា​ពី​បទ​ពុករលួយ​ផង។

គេ​ថា គេ​មិន​ដែល​ជា​មិត្ត​ជាមួយ​ខ្មែរ​ក្រហម។ វាច្បាស់​ណាស់​ថា​ គេ​បាន​ជំទាស់​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ជា​រៀង​រហូត​មក។ ខ្ញុំ​យល់​ថា​ វា​ជា​ទំនាក់ទំនង​មិន​ចេះ​ចប់​ ដែល​នឹង​អាច​ជា​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។

សុធារិទ្ធ៖ អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ដូច​ជា​ សូហ្វ៊ី​ រីឆាតសិន (Sophie Richardson)​ អះអាងថា​ ចិន​បាន​អនុវត្ត​គោល​នយោបាយ​បញ្ច​សន្តិ​សហវិជ្ជមាន​ ក្នុង​ការ​ធ្វើ​ការ​ជាមួយ​នឹង​បរទេស។ តើ​គោលការណ៍​នេះ​ត្រូវបាន​អនុវត្ត​យ៉ាង​ដូចម្តេច​ទៅ​ជាមួយ​នឹង​កម្ពុជា​ ដោយ​ហេតុ​ថា​ ចិន​ហាក់​ដូច​ជា​មាន​ជាប់​ទាក់ទិន​យ៉ាង​ជ្រៅ​ និង​គាំ​ទ្រ​របប​ខ្មែរ​ក្រហម?

ឆេនដ៍ល័រ៖ ខ្ញុំ​យល់​ថា​ មាន​ធាតុ​មួយ​ចំនួន​នៃ​គោល​នយោបាយ​ការ​បរទេស​ចិន​នា​សម័យ​កាល​នោះ​ ដែល​គាំទ្រ​បដិវត្តន៍​ពិភពលោក​ ហើយ​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​តឹងរ៉ឹង​មួយ​នៃ​ប្រវត្តិសាស្ត្រ​ចិន។ ចិន​ក៏​មាន​គោល​នយោបាយ​ការ​បរទេស​រយៈពេល​វែង​ជាមួយ​កម្ពុជា​ដែរ​ គឺជា​មិត្ត​ជាមួយ​នឹង​សម្តេច​សីហនុ ​ជាមួយ​ខ្មែរ​ក្រហម​ ហើយ​ពេល​នេះជាមួយ​លោក ​ហ៊ុន សែន។ នោះ​គឺ​តែង​តែ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​បញ្ច​សន្តិ​សហវិជ្ជមាន។ ចំណុច​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ​ថា​ វាហាក់​ដូច​ជា​ថា​ ប្រសិន​បើ​អ្នក​មាន​ជំនួយ​ច្រើន​ នោះ​គឺ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​នយោបាយ​ក្នុង​ស្រុក​នៃ​កម្ពុជា​ទេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​ច្បាស់​ណាស់​ថា​ គេ​រំពឹង​ថា​ នឹង​ទទួល​បាន​ការ​គោរព​ជាក់លាក់​មួយ​ចំនួន​ សម្រាប់​អំណោយ​ទាំង​នោះ​ ហើយ​គេ​មិន​ចង់​ឲ្យគោល​នយោបាយ​មួយ​ចំនួន​របស់​គេ​ត្រូវ​បាន​លាត​ត្រដាង​ ឬ​ត្រូវ​បាន​ប្រឆាំង​ជំទាស់​ទេ។ គោល​នយោបាយ​នោះ​ដូច​ជា​ ការ​ពង្រីកចូល​ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​កិច្ច​សហ​ប្រតិបត្តិការ​របស់​គេ​ជា​មួយ​នឹង​ខ្មែរ​ក្រហម។ គេ​មិន​ចង់​ឲ្យ​គោល​នយោបាយ​នេះ​បើក​ចំហ​ទេ។ ដូច្នេះ​ ក្នុង​ន័យ​នេះ​ គេ​កំពុង​ជ្រៀតជ្រែក​ជាមួយ​នឹង​គោលនយោបាយ​របស់​គេ ប៉ុន្តែ​ គេ​និយាយ​ថា​ «ទេ​ ទេ»។ យើង​គ្រាន់​តែ​ផ្តល់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ប៉ុណ្ណោះ​ ដែល​ពិត​ជា​អ្វី​ដែល​ត្រូវបាន​មើល​ឃើញ។ ដូច្នេះ​ គោល​នយោបាយ​មាន​ពីរ​ទិសដៅ។ ទី​មួយ​គឺ​គេ​តែង​តែ​ប្រតិបត្តិ​ដោយ​មិន​សូវ​ជ្រៀតជ្រែក​ដូច​អាមេរិក ​ដែល​បាន​ជ្រៀតជ្រែក​នយោបាយ​ក្នុង​ស្រុក​នៃ​ប្រទេស​ជា​ច្រើន។ ហើយ​មួយ​ទៀត​គឺ​ជំនួយ​ប្រកប​ដោយ​សប្បុរសធម៌​ ដែល​ចូល​មក​ជាមួយ​នឹង​ការ​រំពឹង​ទុក​ដែល​មិន​បាន​ថ្លែង​ឲ្យដឹង​ ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​បម្រើ​ផល​ប្រយោជន៍របស់​ចិន​ នៅ​ពេល​ប្រយោជន៍​របស់​ចិន​ត្រូវ​បាន​គំរាម​កំហែង។

សុធារិទ្ធ៖ តើ​លោក​មាន​អនុសាសន៍​ជាទូទៅ​ទេ​ លើ​រឿង​ក្តី​លេខ​០០១​ ជា​ពិសេស​បញ្ហា​មិន​ទាន់​បាន​លើក​ឡើង?

ឆេនដ៍ល័រ៖ អ្វី​ដែល​យើង​មិន​បាន​និយាយ​នោះ​គឺ​ ការ​សារភាព​ទោស​របស់​ឌុច​ ដែល​មនុស្ស​ជា​ច្រើ​ន​និយាយ​ថា​ មិន​ស្មោះ​ត្រង់។ តើ​អ្នក​អាច​ដឹង​យ៉ាង​ម៉េច​ទៅ? គាត់​ថា​ «សុំ​ទោស​ ខ្ញុំ​បាន​ប្រព្រឹត្ត​អ្វីដែលខ្ញុំបាន​ប្រព្រឹត្ត​ ហើយ​ខ្ញុំសុំ​ទោស»។ សម្រាប់​ខ្ញុំ​ ការ​ចោទ​ប្រកាន់​គាត់​ថា​មិន​ស្មោះ​ត្រង់​ក្នុង​ការ​សារភព​នេះ មិន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​អ្នក​ទេ។ ប៉ុន្តែ​ការ​សារភាព​នេះ​ ជា​រឿង​គ្រោះ​ថ្នាក់​ណាស់​សម្រាប់​គាត់។ ក្នុង​ន័យ​នេះ​ គាត់​គឺ​ជា​មនុស្ស​ក្លាហាន​ជាង​ចុងចោទ​ផ្សេង​ទៀត​ ដែល​ពួក​គេនឹង​មិន​ឈរ​លើភស្តុតាង​ ហើយ​និយាយ​ថា​ ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ទេ។ ពួកគេនឹង​ជៀសវាង​ភស្តុតាង​ ហើយ​និយាយ​ថា​ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អ្វី​ទេ។ ដូច្នេះ​ខ្ញុំ​យល់​ថា​ វា​ខុស​ពី​អ្វី​ដែល​ប្រជាពលរដ្ឋ​រំពឹង។ ខ្ញុំ​គិត​ថា ​អ្វី​ដែល​គេ​បាន​ឃើញ​ គឺ​ជាអ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ វា​គឺ​ជា​រឿង​គួរ​ឲ្យ​ហួស​ចិត្តណាស់។ គេ​បាន​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ឃាតកម្ម​នៅ​ឯ​ពន្ធនាគារ​នោះ​ ហើយ​គេ​បាន​ទទួល​សារភាព។ ពេល​នេះ​មនុស្សដែល​មាន​គំនិត​អាក្រក់​ គឺ​ជា​មនុស្ស​ដែល​បញ្ជា​គាត់​ ឬ​យល់​ព្រម​បង្កើត​ពន្ធនាគារ​នោះ​ ហើយ​អ្នក​ទាំង​នោះ​នឹង​មិន​និយាយ​ថា​ គេ​បាន​ដឹង​រឿង​រ៉ាវ​ទាំង​នោះ​ទេ។ ​ដូច្នេះ​ ប្រជា​ពលរដ្ឋ​នឹងមិន​ពេញចិត្ត​ ចំពោះ​ជន​ចុងចោទមួយ​ក្រុម​បន្ទាប់ទៀត​នេះ​ទេ​ ពីព្រោះ​ពួក​គេ​នឹង​មិន​ឃើញ​មាន​ការ​សារភាព​ និង​ភស្តុតាង​ជាក់​ស្តែង​ ដូច​ដែល​គេ​បាន​ឃើញ​ពី​មុន​មក​ក្នុង​ការ​កាត់​ទោស​របស់​ឌុច​ទេ។ ចុង​ចោទ​ទាំង​នេះ​នឹង​មើល​ទៅ​ហាក់​ដូច​ជា​ជន​គ្មាន​កំហុស។ នៅ​តែ​មាន​មនុស្ស​ដែល​យល់​ថា​ ខៀវ​ សំផន​ជា​ជន​ស្លូត​ត្រង់​ ពីព្រោះ​តែ​អតីតកាល​របស់​គាត់​ នៅ​ពេល​ដែល​គាត់​ធ្លាប់​ជាតំណាង​រាស្រ្ត​ដ៏​គួរ​ជា​ទីគោរព​រាប់​ឆ្នាំ​ ហើយ​ពីព្រោះ​គាត់​មិន​ដែល​ពុករលួយ។ ប៉ុន្តែ​ គាត់​នៅ​ទី​នោះ​គ្រប់​ស្ថានការ​ទាំង​អស់។ គាត់​មាន​ភាព​ជិត​សិ្នទ្ធ​ជាមួយ​នឹង​មេដឹកនាំ​កំពូល​ជាង​ឌុច ហើយ​នៅ​ជាមួយ​ប៉ុល ពត​រហូត​ដល់​ប៉ុល​ ពត​ទទួល​មរណភាព។ យ៉ាង​ហោច​ណាស់​ ឌុច ​ចេញ​ពី​ចលនា​នេះ។ ខ្ញុំ​យល់​ថា​ ការ​កាត់​ទោស​បន្ទាប់​នឹង​មាន​ធ្វើ​ឲ្យ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ​បើ​ប្រៀបធៀប​ទៅ​នឹងការ​កាត់​ទោស​ឌុច។ ដូច្នេះ​ ខ្ញុំ​យល់​ថា​ ប្រជា​ពលរដ្ឋ​គួរ​តែប្រុង​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង។ គេ​នឹង​មិន​អាច​និយាយ​ថា «នេះ​ ជា​រឿង​អយុត្តិធម៌»​ នោះ​ទេ​ ពីព្រោះ​គេ​នឹង​មិន​មាន​ភស្តុតាង​អ្វី​ទេ។ គេ​នឹង​ទទួល​បាន​ព័ត៌មាន​ក្លែងក្លាយ​យ៉ាង​ច្រើន​ពី​ចុងចោទ​ទាំង​នេះ។

សុធារិទ្ធ៖ តើ​ឌុច​សំខាន់​ប៉ុណ្ណា​សម្រាប់​រឿង​ក្តី​០០២?

ឆេនដ៍ល័រ៖ ខ្ញុំ​យល់​ថា​ គាត់​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ទេ។ ប្រសិន​បើ ​សុន សេន​ ដែល​ជា​មនុស្ស​ទី​៣​ បន្ទាប់​ពី​នួន ជា នៅ​ក្នុង​របប​នោះ ហើយដែល​ត្រូវ​បាន​ប៉ុល ពត​សម្លាប់​នោះ ត្រូវគេ​យក​មក​កាត់​ទោស​នោះ ឌុច​ពិត​ជា​សាក្សី​ដ៏​មាន​សារៈ​សំខាន់​បំផុត។ គេ​អាច​ដាក់​ឲ្យ​សុន​ សេន ទទួល​ខុស​ត្រូវ​ ចំពោះ​ដំណើរការ​ទាំង​មូល​នៃ​មន្ទីរ​ស២១។ ខ្ញុំ​យល់​ថា​ ដំណើរការ​នៃមន្ទីរ​ស២១​ គឺ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​អ្នក​ផ្សេង​នោះ​ទេ​ លើក​លែង​តែ​មេដឹកនាំ​កំពូល​ដែលត្រូវ​បានសួរ​ចម្លើយ​ ហើយ​បន្ទាប់​មក​ គេ​ត្រូវ​បាន​បញ្ជូន​ទៅ​នួន ជា​ដើម្បី​ពិនិត្យ​ មើល​ជន​កុម្មុយនិស្តកំពូល​មួយ​ចំនួន​ដែល​ត្រូវ​បាន​កាត់ទោស។ ដូច្នេះ​ ឌុច​ អាច​គ្រាន់តែ​សំខាន់បន្តិច​បន្តួច​ប៉ុណ្ណោះ។ គាត់​មិន​បាន​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​ថ្នាក់​ដឹកនាំ​នោះ​ទេ។ គាត់​មិន​បាន​ទៅ​ចូលរួម​ប្រជុំ​គណៈរដ្ឋមន្រ្តី​ទេ។ ប៉ុន្តែ​គេ​ពិត​ជា​នឹង​ត្រូវ​ប្រើ​ករណី​របស់​គាត់ ខ្ញុំ​មិន​ដឹង​ថា​ គាត់​អាច​ផ្តល់​ឲ្យ​បាន​ច្រើន​ប៉ុន្មាន​ទេ។ ខ្ញុំ​មិន​ដឹង​ប្រាកដ​ថា​ គាត់​មាន​ជំហរ​យ៉ាង​ដូចម្តេច​ទេ​នា​ពេល​នេះ​ ប៉ុន្តែ​គាត់​នឹង​ពិត​ជាត្រូវ​គេ​សុំ​ឲ្យ​ធ្វើ​សក្ខីកម្ម​ អំពី​មេ​ដឹកនាំ​កំពូល​ ហើយ​ខ្ញុំ​យល់​ថា​ ប្រជា​ពលរដ្ឋ​អាច​គិត​ថា​ មាន​រឿង​ដែល​គាត់​ដឹង​ តែ​ដែល​គាត់​មិន​បាន​និយាយ​ ប៉ុន្តែ​ខ្ញុំ​មាន​ការ​សង្ស័យ​ថា​ នោះ​មិន​មែជា​ការ​ពិត​ទេ។ ខ្ញុំ​យល់​ថា​ គាត់​នឹង​អាច​មាន​ប្រយោជន៍​ខ្លះ​ តែ​មិន​មាន​ប្រយោជន៍ច្រើន​ប៉ុន្មាន​ទេ។