អ្នកស្រី ឡុង សុគន្ធី ប្តឹង​ឧទ្ធរណ៍​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា សំ សុផាន់​ណារិទ្ធិ

អ្នកគំាទ្រ​អ្នកស្រី ឡុង សុគន្ធី ដែល​ជា​តំណាង​ឲ្យ​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​មាន​វិវាទ​ដីធ្លី​ជាមួយ​សេដ្ឋី​ម្នាក់ មក​ប្រមូលផ្តុំគា្ន​នៅមុខ​សាលា​ដំបូង​ខេត្តបន្ទាយ​មានជ័យ​ ដើម្បី​តវ៉ា​ទាម​ទារ​ឲ្យ​ដោះលែង​អ្នកស្រី ឡុង សុគន្ធី កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ២០១៨។ (រូបថតផ្តល់​ឲ្យ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​នៅ​ខេត្ត​បន្ទាយ​មានជ័យ)

អ្នកស្រី​ ​ឡុង សុគន្ធី​ ​ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្ទាក់​ចាប់​ខ្លួន​ ក្នុង​ពេល​អ្នកស្រី​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ទីរួមខេត្ត​បន្ទាយមានជ័យ ​កាល​ពីថ្ងៃ​ទី ២៦ ​ខែមីនា​ ​ឆ្នាំ​ ២០១៨។​ ​ភ្លាមៗ​ក្រោយ​ការចាប់​ខ្លួន​នោះ​ អ្នកស្រី​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​ឃុំក្នុងពន្ធនាគារ​ ខេត្ត​បន្ទាយ​ជ័យ។

រឿងក្តី​អ្នកស្រី​ ឡុង​ សុគន្ធី​ តំណាង​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ដីធ្លី​ក្នុង​ខេត្តបន្ទាយ​មានជ័យ​ បាន​ទៅដល់​សាលា​ឧទ្ធរណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ ខណៈដែល​ក្រុមអ្នកគាំទ្រ​ជាង​៣០០​នាក់​បាន​ផ្អាក​ការ​ធ្វើបាតុកម្ម​អហិង្សា​នៅ​មុខ​សាលាដំបូង​ខេត្តបន្ទាយមាន​ជ័យ។ នេះបើយោងតាម​ការ​បញ្ជាក់​ពី​មេធាវី​ និង​កូនស្រី​អ្នកស្រីឡុង​ សុគន្ធី។

លោក​ ​សំ ទិតសីហា​ មេធាវី​របស់​អ្នកស្រី​ ឡុង សុគន្ធី​ បាន​បញ្ជាក់​ប្រាប់ ​VOA ​ឲ្យដឹង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​បាន​ដាក់ពាក្យ​បណ្តឹង​ទៅសាលាឧទ្ធរណ៍​ ​កាលពីថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​ ២០១៨។ លោក​រំពឹង​ថា​ យុត្តិធម៌​នឹង​អាចត្រូវ​បាន​ផ្តល់​ជូន​ចំពោះ​កូនក្តី​លោក​ ដែលមាន​វិវាទ​ត្រឹម​ក្នុង​ករណី​រដ្ឋប្ប​វេណី​ តែបែរ​ជា​ត្រូវបាន​ប្រែក្លាយ​ជា​រឿង​ព្រហ្មទណ្ឌ​ទៅវិញ។

លោក​មាន​ប្រសាសន៍ថា៖

«ខ្ញុំ​សង្ឃឹម​ថា​បើសិន​តុលាការ​ គាត់​យល់​ឃើញថា​ ទាក់​ទង​ករណី​នេះ​ ជា​ករណី​ជម្លោះដីធ្លី​ ហើយ​ទីពីរ​នៅក្នុង​ នៅសាលាឧទ្ធរណ៍​នេះ​ ​គឺ​យើង​មាន​ប្រជាពល​រដ្ឋ​រហូត​ដល់​ ៨៨នាក់​ ក្នុង​ការ​ធានាគាត់​ អះអាងថា​គាត់ត្រូវ​តែ​គាត់​ចេញ​នៅ​ក្រៅឃុំ​ ​គឺ​ គាត់​អត់​មាន​ទៅធ្វើ​បង្កការ​លំបាក​ ឬក៏​ គេចវេស​ឬក៏​ ទៅប្រើ​ហិង្សា​ទៅលើ​ ឬបំផ្លាញ​វត្ថុ​តាង​ទេ»។

អ្នកស្រី​ ​ឡុង សុគន្ធី​ ​ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្ទាក់​ចាប់​ខ្លួន​ ក្នុង​ពេល​អ្នកស្រី​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ទីរួមខេត្ត​បន្ទាយមានជ័យ ​កាល​ពីថ្ងៃ​ទី ២៦ ​ខែមីនា​ ​ឆ្នាំ​ ២០១៨។​ ​ភ្លាមៗ​ក្រោយ​ការចាប់​ខ្លួន​នោះ​ អ្នកស្រី​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​ឃុំក្នុងពន្ធនាគារ​ ខេត្ត​បន្ទាយ​ជ័យ។

លោក​សំ​ ទិត​សីហាមានប្រសាសន៍​បន្ត​ទៀត​ថា៖

«យើង​មានហេតុផល​គ្រប់​គ្រាន់​ ទាក់​ទង​ទៅហ្នឹង​ចំណុច​មួយចំនួន​ដែល​យើង​ត្រូវ​ធ្វើដើម្បី​ធានាគាត់​ហ្នឹង​ យើង​សង្ឃឹម​ថា​ សាលាឧទ្ធរណ៍​គាត់​នឹង​ពិចារណា​ដោះលែង​គាត់ ​ដោយសារ​ ករណី​នេះ វា​កើត​ចេញ​ មិនមែន​ជា​ករណី​ព្រហ្មទណ្ឌ​អី​ធ្ងន់​ធ្ងរ​ ឬក៏ថា​បណ្តាល​ឲ្យវាមាន​ព្យសនកម្ម​ធំទៅដល់​ សង្គម​ទេ​ ប៉ុន្តែ​វា​ពាក់​ព័ន្ធ​តែ​រឿង​ដី​សុទ្ធសាធ»។

អ្នកស្រី​ឡុង​ សុគន្ធី​ វ័យ​ ៤២​ ឆ្នាំ​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៣១០​ គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់​ ឈ្មោះ​សំ​ សុផាន់​ណារិទ្ធិ ​ក្នុង​ការទាមទារ​ដី​ទំហំ​ ២.០៧៦ ​ហិកតា​ នៅ​ ភូមិថ្នល់​បត់​ ឃុំអូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត ​បន្ទាយមានជ័យ ត្រូវបាន​ចាប់​ឃុំ​ខ្លួន​ តាម​អំណាច​ដី​កា​បង្គាប់​ឲ្យចាប់​ខ្លួន​ ​របស់​លោក​ចៅក្រម​ ផេង កុសល​ ដែល​បាន​ផ្តន្ទាទោស​អ្នកស្រី ​ឡុង​ សុគន្ធី​ មានកូន​៤​នាក់​ ​ដាក់​ពន្ធនាគារ​កំណត់​ ១ឆ្នាំ​ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន។

VOA នៅតែ​មិន​ទាន់​អាច​ទាក់​ទង​លោក​ ​សំ សុផាន់ណា​រិទ្ធិ​ ​បាន​ទេ​ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

កញ្ញា​ ​នី សារ៉ានីត​ ​វ័យ​ ១៩ ឆ្នាំ​ ជាកូនស្រីបង្កើត​ របស់​អ្នកស្រី​ ឡុង​ សុគន្ធី​ ថ្លែងថា​ ការ​ចាប់​ឃុំ​ខ្លួន​ម្តាយកញ្ញា ជារឿងអយុត្តិធម៌​សម្រាប់​នាង​ផ្ទាល់​ផង​និង​ក្រុមប្រជាពលរដ្ឋ​ជាង​៣០០នាក់ ដែលបាន​ពឹង​លើ​គាត់​ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ទំនាស់​ដីធ្លី​ ដែលបាន​អូសបន្លាយពេល​មក​ជាង​ ១០ឆ្នាំ។​ ​កញ្ញា​ថ្លែង​បន្ត​ថា​ កញ្ញា​ ចង់​ឃើញម្តាយ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ដោយហេតុថា​អ្នកស្រី​មាន​បញ្ហា​សុខភាព​ ដែលពិបាក​ទ្រាំទ្របាននឹង​បរិយាកាស​ក្នុង​ពន្ធនាគារ ហើយថា​ប្រជាពលរដ្ឋ​ក៏ចង់ឃើញគាត់​មាន​សេរី​ភាពឡើង​វិញ។

«ខ្ញុំ​ចង់​ឲ្យលែងចេញ​ក្រៅ​ឃុំ​ ព្រោះម្តាយ​របស់​ខ្ញុំ​ ណាមួយពិបាក​សុខភាព​ផង​ ហើយ​ប្រជាពលរដ្ឋ​ ត្រូវ​ពឹង​លើ​ម្តាយ​ខ្ញុំ​ ព្រោះប្រជាពលរដ្ឋ​ គាត់​អត់​ចេះ​ដឹង​អីចឹង​ ព្រោះគាត់​អត់​បាន​រៀន​ខ្ពង់​ខ្ពស់​ហើយ​ណា​មួយ​គាត់​ គាត់​ថា​តែ​អត់​តំណាង​ គាត់​ថា​គ្មាន​សង្ឃឹម​ទេ​ ព្រោះគ្រាន់​ថ្ងៃ​ដំបូង​ គ្រាន់​តែគេចាប់​ភ្លាម​ ថ្ងៃ​ហ្នឹង​ គេ​មកវាស់​វែង​យក​ដី​ហ្នឹង​ភ្លាម»។

អ្នកស្រី​ ឡុង​ សុគន្ធី​ ​ត្រូវបាន​ចោទ​ និង​កាត់​ទោស ពីបទ​ ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​ តាមមាត្រា​ ២៤៤ និង​មាត្រា​ ២៥៣​ នៃ​ច្បាប់ភូមិបាល​ និង ​ពីបទ​ធ្វើ​ឲ្យខូចខាត ​ដោយ​ចេតនា​ តាមមាត្រា​៤១០នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅភូមិ​បឹងស្នោ​ ឃុំស្លក្រាម​ ស្រុក​ ​ស្វាយចេក​ ​ខេត្ត​បន្ទាយ​មានជ័យ។

លោក​ ​អ៊ិន គង់​ជិត​ ​មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ ថ្លែង​ថា​ ក្រុមអ្នកតវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​អ្នកស្រី​ឡុង​ សុគន្ធី​បាន​ផ្អាក​សកម្មភាព​របស់​ពួកគេ​ កាលពីថ្ងៃ​ពុធ​ ដោយ​មន្ត្រីតុលាការ​ខេត្ត​មួយរូប​ បាន​ព្រមាន​ថា​ នឹង​ចាប់ខ្លួន​អ្នកដែលចូលរួម​ការ​តវ៉ា​ ដែល​មន្ត្រី​តុលាការ​រូបនោះ​ចោទថា​ ជាការ​តវ៉ា​ខុសច្បាប់។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ អះអាង​ថា​ ​តុលាការ​ខេត្តបន្ទាយមាន​ជ័យ​ ហាក់​បីជា មានចេតនា​ បើក​យុទ្ធ​នាការ​បង្រ្កាប​តំណាង​ពលរដ្ឋ​មានវិវាទដីធ្លី​ ចាប់តំាងពី​ខែ​កុម្ភៈមក​ ដោយការ​ចាប់​ឃុំខ្លួន​តំណាង​ពលរដ្ឋ ដែល​ការណ៍​នេះ​ ​ផ្ទុយ​ពីអនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​បានប្រកាស​កាល​ពី​ពេល​កន្លងមក​ថា​តំណាង​ពលរដ្ឋ​មាន​វិវាទដីធ្លី​ មិនគួរ​ត្រូវ​បាន​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ​នោះ​ឡើយ៕