រយៈពេលចំនួនមួយសប្តាហ៍បន្ទាប់ពីក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ King Fashion បានដួលសន្លប់ជាបន្តបន្ទាប់មន្រ្តីរដ្ឋាភិបាលខ្មែរបានរកឃើញមូលហេតុធំៗចំនួនបីដែលបណ្តាលឲ្យក្រុមកម្មករបានដួលសន្លប់។
លោកឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងាររបស់ក្រសួងការងារ បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ការថែមម៉ោងច្រើន កង្វះអនាម័យ និងការដាក់តាំងសម្ភារៈបាំងខ្យល់ចេញចូលជាមូលហេតុ ចម្បង ដែលធ្វើឲ្យក្រុមកម្មករបានដួលសន្លប់កាលពីសប្តាហ៍មុន។
«សំខាន់កាលណាកន្លែងធ្វើការមួយ ដើម្បីឲ្យមានអុកស៊ីហ្សែនគ្រប់គ្រាន់វាត្រូវមានខ្យល់ត្រជាក់ ខ្យល់ចេញចូល ដល់ពេលគាត់បាំងជិតអស់ទៅវាហប់ បញ្ហាគាត់ធ្វើការច្រើនទៀតផង ក៏វាអាចទន់ដៃទន់ជើង។ ក៏ប៉ុន្តែពេលដែលយកទៅពេទ្យពេលហ្នឹង ឃើញគ្រូពេទ្យគ្រាន់តែដាក់សេរ៉ូម មានកម្លាំងទៅគាត់ ចេញអស់ទៅ។ អញ្ចឹងមានន័យថា វាអត់មានអ្វីធ្ងន់ធ្ងរទេ»។
កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បត៍សប្តាហ៍មុនរយៈពេលពីរថ្ងៃជាប់ៗគ្នា មានក្រុមកម្មករនៃរោងចក្រ កាត់ដេរ King Fashion ប្រមាណជិត២០០នាក់ ដែលមានទីតំាងនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់ដោយពុំដឹងមូលហេតុ។
ក្រុមមន្រ្តីឃ្លាំមើលការរំលោភសិទ្ធិការងារ និងក្រុមកម្មករមួយចំនួនបានសង្ស័យថាការដួលសន្លប់នេះសង្ស័យបណ្តាលមកពីសារធាតុគីមីដែលបានភាយចេញពីក្រណាត់ និងអ្នកខ្លះទៀតបាននិយាយថា សង្ស័យបណ្តាលមកពីការទទួលទានទឹកនៅក្នុងរោងចក្រ។
កម្មការីនីម្នាក់អាយុ២២ឆ្នាំ ដែលបានបម្រើការងារនៅរោងចក្រ King Fashion រយៈពេលមួយឆ្នាំមកហើយនោះនិងសុំមិនឱ្យបញ្ចេញឈ្មោះបាននិយាយថា កញ្ញាពុំធ្លាប់ទទួលរងគ្រោះទេ កាលពីលើកមុន។
កញ្ញាបាននិយាយទៀតថាកង្វះខាតខ្យល់អុកស៊ីហ្សែនចេញចូល បានធ្វើឲ្យកញ្ញាបានដួលសន្លប់ កាលពីសប្តាហ៍មុន។
«ក្លិនប្លែក។ ធម្មតាតែដល់ពេលម៉េចវាថប់ៗដង្ហើមចេញមកតម្រង់ជួរថប់ៗដង្ហើមក៏ខ្ញុំសន្លប់ទៅ»។
ការដួលសន្លប់របស់ក្រុមកម្មករបានកើតមានឡើងរយៈពេលតែមួយខែប៉ុណ្ណោះ បន្ទាប់ពីរោងចក្រ កាត់ដេរស្បែកជើងមួយដែលមានឈ្មោះថា ហ៊ុយ ជៀន មានទីតំាងនៅក្នុងខណ្ឌដង្កោដែរនោះ មានកម្មករប្រមាណជិត១.០០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់រយៈពេលបីថ្ងៃជាប់ៗគ្នា។
លោកមឿង តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាននិយាយថា ចាប់តាំងពីឆ្នាំ២០១០ មានកម្មករប្រមាណជាង២.០០០នាក់ នៅក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង និងនៅក្នុងទីក្រុងភ្នំពេញ បានដួលសន្លប់។
លោកបានមានប្រសាសន៍ទៀតថា នៅតាមបណ្តារោងចក្រ ដើម្បីរក្សាផលិតផលវត្ថុធាតុដើមដូចជាស្បែក ក្រណាត់ និងអំបោះ ឲ្យរក្សាទុកបានយូរ ម្ចាស់រោងចក្រ បានប្រើប្រាស់ថ្នាំការពារ ដើម្បីកុំឲ្យសត្វល្អិតបំផ្លាញ។
«កម្មករ គឺដោយសារតែកម្លាំង គាត់ក៏ធ្វើការជាច្រើនពេកអញ្ចឹងទៅ ហើយរបបអាហារមិនគ្រប់ហើយគួបផ្សំនិងក្លិនជាតិថ្នាំទាំងអស់ហ្នឹងផង។ វាធ្វើឲ្យគាត់សន្លប់ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុត ខ្ញុំ អាចនិយាយថា រោងចក្រក៏ដូចជារដ្ឋាភិបាល គឺអត់ទាន់បានយកចិត្តទុកដាក់ឲ្យបាន១០០ភាគរយទេ»។
នៅក្នុងប្រទេសកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ប្រមាណ២៧៦រោងចក្រ ដែលបានចុះបញ្ជីនៅក្នុងសមាគមរោងចក្រកាត់ដេរកម្ពុជា។
លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានមានប្រសាសន៍ថាក្រុមកម្មករមិនបានពាក់ម៉ាស់ការពារទេ នៅពេលបំពេញការងារទើបបណ្តាលឲ្យពួកគេបានដួលសន្លប់។
«ជាទូទៅកម្មករទាំងអស់ភាគច្រើន យើងច្រើនតែចែកម៉ាស់ឲ្យប្រើ ប៉ុន្តែសំខាន់នៅលើការណ៍ដែលកម្មករគាត់ប្រើ ជួនកាលគាត់ពាក់នៅក្រោមច្រមុះ គាត់មិនពាក់លើច្រមុះ ជួនកាលគាត់ថា វាហប់ ពិបាកដកដង្ហើម ការអនុវត្តវាមាន ប៉ុន្តែក្រុមហ៊ុនតែងតែចែកឲ្យ»។
កាលពីសប្តាហ៍មុនក្រុមហ៊ុនផលិតផលស្បែកជើងដ៏ធំមួយដែលមានឈ្មោះថា Puma របស់ប្រទេសអាល្លឺម៉ង់ បានចេញរបាយការណ៍មួយថា ការធ្វើការថែមម៉ោងច្រើន និងការរំលោភទៅលើល័ក្ខខ័ណ្ឌសុវត្ថិភាព និងសុខភាពជាមូលហេតុចំពោះការដួលសន្លប់យ៉ាងច្រើនរបស់ក្រុមកម្មករនៅរោងចក្រផ្គត់ផ្គង់មួយរបស់ប្រទេសកម្ពុជាកាលពីអំឡុងខែមេសា។
ឧស្សាហកម្មកាត់ដេរ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា។
នៅក្នុងត្រីមាសទីមួយដើមឆ្នាំ២០១១នេះការនាំចេញសម្លៀកបំពាក់ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងប្រមាណ២៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០។
យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងត្រីមាសទីមួយឆ្នាំ២០១១ ការនាំចេញសម្លៀកបំពាក់ទៅកាន់សហរដ្ឋអាមេរិក មានទឹកប្រាក់ប្រមាណ៥២១លានដុល្លារសហរដ្ឋអាមេរិក ហើយនៅក្នុងឆ្នាំ២០១០ មានប្រមាណ៤១១លានដុល្លារសហរដ្ឋអាមេរិក៕