សង្គមនិស្សិតខ្មែរឬហៅជាភាសាអង់គ្លេសថា Cambodian Student Society នៅក្នុងសាកលវិទ្យាល័យនៃទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្រារព្ធពិធីសម្តែងសិល្បៈខ្មែរកាលពីថ្ងៃអាទិត្យ ទី១៣ខែមិនាកន្លងទៅនេះ។
នេះជាលើកទី២៧ហើយដែលក្រុមនិស្សិតខ្មែរប្រារព្ធធ្វើកម្មវិធីនេះឡើងដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជនទាំងខ្មែរនិងបរទេស។
Cambodian Student Society ជាក្រុមនិស្សិតដែលភាគច្រើនពួកគាត់ជាកូនខ្មែរកើតនៅលើទឹកដីអាមេរិកនិងខ្លះទៀតមានស្រុកកំណើតនៅប្រទេសកម្ពុជាតែ បានចាកចេញមករស់នៅទឹកដីអាមេរិកតាំងពីនៅវ័យកុមារ។ សង្គមនិស្សិតខ្មែរនេះបានបង្កើតឡើងនៅឆ្នាំ១៩៥៩។ ដោយមានទឹកចិត្តស្រឡាញ់និងចង់ថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរពួកគាត់ព្យាយាមធ្វើយ៉ាងណាឱ្យមានការសម្តែងនេះជារៀងរាល់ឆ្នាំជូនដល់បងប្អូនខ្មែរនិងបរទេសទស្សនា។
គោលបំណងនៃកម្មវិធីនេះគឺចង់បង្ហាញឱ្យស្គាល់ពីវប្បធម៌ ប្រពៃណីខ្មែរ ក៏ដូចជាផ្តល់ឱកាសដល់កូនខ្មែរនិងបងប្អូនខ្មែរបានប្រាស្រ័យទាក់ទងគ្នា។
កញ្ញា អ៊ូ ឈូ (Ou Chhou) ជានាយិការងរបស់ក្រុមនិស្សិតនេះបានឱ្យដឹងថាក្រុមរបស់កញ្ញា បានធ្វើការហ្វឹកហាត់មុនពេលសម្តែងចាប់ផ្តើមតាំងពីប្រាំមួយខែមុនមកម្ល៉េះហើយការសម្តែងរបាំផ្សេងៗទៀតគឺបានជំនួយពីសមាគមនិងអង្គការដទៃទៀត។
កញ្ញា អ៊ូ ឈូមានស្រុកកំណើតនៅប្រទេសកម្ពុជាតែបានចាកចេញមករស់នៅលើទឹកដីអាមេរិកជាមួយឪពុកម្តាយនាងតាំងពីនាងអាយុ៣ឆ្នាំមកម្ល៉េះ។ មកទល់ពេលនេះ កញ្ញាបានចូលរួមជាសមាជិកអស់រយៈពេល៤ឆ្នាំមកហើយនិងខិតខំជំរុញឱ្យមានសកម្មភាព បើទោះបីជាកញ្ញា មមាញឹកនឹងការងារសាលានិងការងារប្រចាំថ្ងៃរបស់កញ្ញាក្តី។
សង្គមនិស្សិតខ្មែរមិនមែនមានតែ សមាជិកជាកូនខ្មែរប៉ុណ្ណោះទេ។ កញ្ញា អ៊ូ ឈូ បានប្រាប់ឱ្យដឹងថា ក្រុមរបស់គាត់មានអ្នកចូលរួមជាជនជាតិវៀតណាម ហ្វីលីពីន និងសាសន៍ដទៃទៀត។
លោក ហ្វឺ អរឌី (Audi Fuhr) ជាកូនកាត់ ហុងហ្ការី និង អេត្យូពី មានអាយុ២២ឆ្នាំ ដែលជាគ្រូបង្វឹកហាត់របាំ ឆៃយ៉ាំ បានឱ្យដឹងថាទោះបីជាលោកមិនមែនជាជនជាតិដើមកំណើតខ្មែរក្តី ក៏លោកមានការចាប់អារម្មណ៍និងចូលចិត្តសិល្បៈខ្មែរ តាំងពីពេលដែលលោកបានសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងកម្មវិធីនេះមានការសម្តែងសិល្បៈខ្មែរជាច្រើនដូចជា របាំឆៃយ៉ាំ របាំជូនពររបាំអប្សរា ឈុតឆាកខ្លីពីសម័យអង្គរ និងឈុតឆាកសម្តែងដែលឆ្លុះបញ្ចាំងពីសង្គមនិងជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។
សមាគមនិស្សិតខ្មែរបានទទួលការគាំទ្រនិងឧបត្ថម្ភ ទាំងផ្នែកថវិកា និង ការលើកទឹកចិត្តជាច្រើនពីសំណាក់ បងប្អូនខ្មែរ ជាពិសេសប្រជាពលរដ្ឋនៅទីក្រុងឡុងប៊ិច។
អ្នកស្រី ឆាយ ដាលីន មានអាយុ៤៣ឆ្នាំ ជាពលរដ្ឋរស់នៅទីក្រុងឡុងប៊ិច ដែលអញ្ជើញមកទស្សនាការសម្តែងនេះ ជាលើកទីមួយហើយបានឱ្យដឹងថា គាត់មានការសប្បាយចិត្តដែលឃើញកូនខ្មែរនៅស្រឡាញ់ប្រពៃណីខ្មែរ។ អ្នកស្រីក៏មានកូនប្រុសជាអ្នករាំរបាំក្រាបនៅក្នុងការសម្តែងនេះដែរ។
កញ្ញា បុប្ផា កញ្ញរ័ត្ន ជាទស្សនិកជន បាននិយាយថា គាត់មានអារម្មណ៍រំភើបនិងគាំទ្រជាខ្លាំងដល់ក្រុមនិស្សិតខ្មែរយើងហើយគាត់មិននឹកស្មានថា ពួកគេកើតនៅអាមេរិកតែអាចនិយាយភាសាខ្មែរនិងសម្តែងបានល្អយ៉ាងនេះ។
គួរបញ្ជាក់ផងដែរថា ការប្រារព្ធពិធីសម្តែងសិល្បៈនេះ គឺដើម្បីស្វាគមន៍ បុណ្យចូលឆ្នាំខ្មែរនៅខែមេសាខាងមុខនេះ។ កញ្ញា អ៊ូ ឈូ ជំនួសមុខឱ្យក្រុមសង្គមនិស្សិតខ្មែរក៏ចង់ជូនពរដល់បងប្អូនខ្មែរនៅប្រទេសកម្ពុជានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕