ក្រសួង​ព័ត៌មាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ធ្វើ​ផ្ទុយ​ពី​ការ​ណែនាំ​មុន​ថ្ងៃ​បោះឆ្នោត

រូបឯកសារ៖ ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/VOA)

ក្រសួង​ព័ត៌មាន​ប្រកាស​ថា ​ខ្លួន​នឹង​ដក​ហូត​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​បំពាន​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​ និង​បំពាន​ច្បាប់​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ទំនុក​ចិត្ត​លើការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ។

​យោង​តាម​លិខិត​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន នា​ថ្ងៃ​ទី​១១ ខែ​ឧសភា និង​ចែកចាយ​ឲ្យ​ក្រុម​អ្នក​យក​ព័ត៌មាន​នា​ថ្ងៃ​ចន្ទ​នេះ ក្រសួង​ព័ត៌មាន​បាន​ណែនាំ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ចាងហ្វាង​កាសែត​ និង​ម្ចាស់​គេហទំព័រ អនុវត្តន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ និង​បញ្ញត្តិ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ ហើយ​និង​គោលការណ៍​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប) សម្រាប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ក្នុង​ការ​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ។

ក្រសួង​ដដែល​នេះ ​ក៏​បាន​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ឲ្យ​បញ្ឈប់​គ្រប់​សកម្មភាព​ឃោសនា​ក្នុង​រយៈពេល​២៤ម៉ោង មុន​ថ្ងៃ​បោះ​ឆ្នោត។

រាល់​ការ​ស្ទង់​មតិ និង​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​អំពី​កិច្ច​ការ​បោះឆ្នោត ​ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ ​និង​មិន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ទុច្ចរិត​ ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ណាមួយ​ដែល​នាំ​ឲ្យបាត់​បង់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។

ក្រសួង​ព័ត៌មាន ក៏​បាន​បញ្ជាក់​ក្នុង​លិខិត​ដដែល​នោះ​ថា៖

«ក្នុង​ករណី​ដែល​ម្ចាស់​ស្ថានីយ​វិទ្យុ ​ទូរទស្សន៍​ ចាងហ្វាង​ ​ម្ចាស់​គេហទំព័រ​ ​ណា​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​នេះ ហើយ​បាន​បំពាន​ច្បាប់ និង​គោលការណ៍​ណែនាំ​ខាងលើ​ ​ក្រសួង​ព័ត៌មាន​នឹង​បិទ​ការ​ផ្សាយ​ ហើយ​ដក​ហូត​អាជ្ញាប័ណ្ណ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ជា​ស្ថាពរ»។

​បើ​តាម​គោល​ការណ៍​ដែល​ចេញ​ដោយ​ ​គ.ជ.ប​ ​សម្រាប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ក្នុង​ការ​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​ ​ម្ចាស់​ស្ថានីយ​វិទ្យុ​ ​និង​ទូរទស្សន៍​ ​ត្រូវ​ផ្ដល់​ម៉ោង​ជួល​ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់។

ក្នុង​ករណី​មាន​គណបក្ស​នយោបាយ​តិច ឬ​មាន​តែ​មួយ​មាន​លទ្ធភាព​មក​ទិញ​ ​ឬ​ជួលគឺ​មាន​រយៈពេល​យ៉ាង​ច្រើន​ពីរ​ដង​នៃ​រយៈពេល​គោលការណ៍​ស្មើ​ភាព​គ្នា។ ផ្ទុយ​ទៅ​វិញ​ ​ប្រសិន​បើ​ គ.ជ.ប​ ​រក​ឃើញ​ខ្លឹមសារ​ឃោសនា​រំលោភ​លើ​បទបញ្ជា​ ​និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ ​គ.ជ.ប​ ​មាន​សិទ្ធិ​ស្នើ​ឲ្យ​គណបក្ស​នោះ ​ធ្វើ​ការ​កែ​តម្រូវ។ បើ​ពុំ​ដូច្នោះ​ទេ​ ​គ.ជ.ប​ ​មាន​សិទ្ធិ​ដកហូត​ ​ឬ​បញ្ឈប់​លែង​ឲ្យ​មាន​ខ្លឹមសារ​ឃោសនា​ទាំងស្រុង​ ​និង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់៕