សហគមន៍​ខ្មែរ​ប្រឆាំង​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ

អ្នក​នេសាទ​ម្នាក់​អ៊ុំ​ទូក​នៅ​​តាម​ទន្លេ​មេគង្គ​ត្រង់​ចំណុច​ស្រុក​សម្បូរ ​ខេត្ត​ក្រចេះ។ កន្លែង​នេះ​ជាតំបន់​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​សាង​សង់​ទំនប់​វារី​ អគ្គិសនី​កាត់​ទន្លេ​មេគង្គ​ដ៏​ធំ​មួយ។ អនាគត​នៃ​គម្រោង​​សម្បូរ​នេះ​ក៏​អាស្រ័យ​មួយ​ផ្នែក​ទៅ​លើ​ស

តំណាងប្រជា​សហគមន៍​នៅ​ក្នុង​ខេត្ត​ចំនួន​បី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើ​ឲ្យបញ្ឈប់​គម្រោង​សាងសង់​ទំនប់វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​ដើម្បី​បញ្ជៀស​ផល​ប៉ះពាល់​ទៅ​លើ​ជីវភាព​រស់​នៅ​របស់​ពួក​គេ។​ ការ​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​អះអាង​ថា​ ពួក​គេ​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​វៀតណាម​រួច​ទៅ​ហើយ។

តំណាងប្រជា​សហគមន៍​មក​ពី​ខេត្ត​ក្រចេះ​ ស្ទឹង​ត្រែង​ និង​រតនៈ​គីរី​ ​នៅ​ថ្ងៃ​ព្រសហ្បតិ៍​នេះ​ បាន​អំពាវនាវ​សុំ​ឲ្យបញ្ឈប់​គម្រោង​សាងសង់​ទំបន់​វារី​អគ្គិសនីសាយ៉ាបូរី (Xayaburi) ​នៅ​ភាគ​ខាង​ជើង​ប្រទេសឡាវ ​ដើម្បី​បញ្ជៀស​ផល​ប៉ះពាល់​បន្ថែម​ទៀត​ទៅ​លើ​ស្ថានភាព​រស់​នៅ​បច្ចុប្បន្ន​របស់​ពួក​គេ។

ការ​អំពាវ​នាវ​នេះ​បាន​ធ្វើ​ឡើង​ ខណៈ​ពេល​ដែលបណ្តា​ប្រទេស​នៅ​តាម​អាងទន្លេ​មេគង្គ​ក្រោម​ រួម​មាន​ថៃ ឡាវ​ កម្ពុជា​ និង​វៀត​ណាម​ត្រៀម​ជួប​ប្រជុំ​គ្នា​ជា​ចុង​ក្រោយនៅ​ថ្ងៃ​ទី​១៩​ ខែ​មេសា​ឆ្នាំ​២០១១​នេះ​ នៅ​ក្នុង​ទី​ក្រុង​វៀង​ច័ន្ទ ​ប្រទេស​ឡាវ​ ដើម្បី​សម្រេច​ថា ​តើត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់ទំនប់សាយ៉ាបូរី​នោះ ​ឬ​យ៉ាង​ណា។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយដែល​រៀបចំ​ឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ លោក​ឯក ស៊ីវ៉ន វ័យ​៦៣​ឆ្នាំ​ តំណាង​សហគមន៍​ភូមិ​ស្មាកោះ ​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹង​ត្រែង​ ជាប់ដង​ទន្លេ​មេគង្គ​ បាន​ថ្លែងថា ​ការ​សាងសង់​ទំនប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហូរ​ទឹក​ទន្លេ​ផ្នែក​ខាង​ក្រោម​ ហើយជា​លទ្ធផល​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ជម្រក​ត្រី​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់ជីវភាព​រស់នៅនៃប្រជា​សហគមន៍​របស់​លោក។

«កាល​ណា​ទឹក​តិច​ ​តើ​ត្រី​មាន​ជម្រក​ឯណា? ​អត់​មាន​ទេ​ អញ្ចឹង​ហើយ​ ខ្ញុំ​សំណូម​ពរ​ថា​ មិន​ឲ្យ​សាងសង់​ទេ​ អា​ទំនប់​ហ្នឹង»។

ទន្លេ​មេគង្គហូរ​ធ្លាក់​ពីខ្ពស់​រាប​ទី​បេ​ក្នុង​ប្រទេស​ចិន​ឆ្លង​កាត់​ប្រទេស​ភូមា ថៃ​ ឡាវ​ កម្ពុជា​ និង​វៀតណាមមុន​នឹង​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​សាងសង់​ទំនប់​យ៉ាលី​របស់​វៀតណាមជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​ចំនួនតវ៉ា​ថា​ បាន​ធ្វើឲ្យ​មាន​ជាតិ​ពុល​ក្នុង​ទឹក ​របប​ទឹក​ទន្លេ​មិន​ទៀតទាត់​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ត្រី​ដែល​ពួកគេ​ពឹង​អាស្រ័យ​លើ​ សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់ពួក​គេ។

អ្នក​ស្រី​ហ្វយ ស៊ុត​ អាយុ​៥៥ឆ្នាំ​ តំណាង​សហគមន៍​ភូមិ​បានហ្វាំង​ ​ស្រុក​វឺន​សៃ​ ខេត្ត​រតនៈ​គីរី​ ដែល​រស់​នៅ​តាម​ដង​ទន្លេសេសាន​ ជា​ដៃ​ទន្លេដ៏​សំខាន់​មួយ​របស់​ទន្លេមេគង្គ​ មាន​ប្រសាសន៍​ថា​ ប្រជា​សហគមន៍​របស់​អ្នក​ស្រី​មិន​ចង់​រង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​បន្ថែម​ទៀត​ទេ។

«សូម​សំណូម​ពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ដល់​គ្រប់​ប្រទេស​ សូម​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ ព្រោះ​ពួក​ខ្ញុំ​គឺ​ថា​ ទំនប់​សម្លាប់​ជីវិត​សហគមន៍»។

ទំនប់​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​នោះស្ថិតក្នុង​ចំណោម​ទំនប់​វារី​អគ្គិសនី​ចំនួន​១២ដែល​គេ​គ្រោង​នឹង​សាងសង់នៅ​លើ​ដង​ទន្លេ​មេគង្គ​ក្រោម។

តាម​គម្រោង​ ទំបន់​នោះ​នឹង​ត្រូវ​សាងសង់​ដោ​យ​ក្រុមហ៊ុន​ថៃ​មួយ ​និង​អាច​ផលិត​ថាមពល​អគ្គិសនីកម្រិត​១២៦០​មេហ្គាវ៉ាត់​ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់ប្រមាណ​៣៥០០​លាន​ដុល្លារ​អាមេរិក។ ​៩៥%​នៃ​ថាមពល​អគ្គិសនី ដែល​ទំបន់នេះ​ផលិត​បាន នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ ​(International Rivers)។

របាយ​ការណ៍​នេះ​ក៏​បង្ហាញ​ផង​ដែរថា​ ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន​នោះ ​ទំនប់​សាយ៉ា​បូរី​នឹង​ធ្វើ​ឲ្យ​ខូចខាត​ជា​អចិន្ត្រៃយ៍​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គ​ទាំង​មូល។

ជា​លទ្ធផល​ ទំនប់នោះ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​ពូជ​មច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ដែល​ជិត​ផុត​ពូជ​ដូចជា​ពូជ​ត្រី​រាជ​ជាដើម​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​រាប់​លាននាក់​ ជា​ពិសេស​ប្រជាជន​កម្ពុជា​ដែលពឹង​អាស្រ័យ​លើ​ទន្លេ​ដ៏​ធំ​នេះ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​នេះ​ដែរ​ លោកឈ​ ស៊ីឆេង​ តំណាង​ប្រជា​សហគមន៍ភូមិ​អំពិល​ទឹក​ ​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​ សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ការ​សាងសង់​ទំនប់​សាយ៉ាបូរីអាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​មេពូជ​ត្រី​ផ្សោត​ទន្លេ​មេគង្គទាំង​ស្រុង។​ ត្រី​ផ្សោត​ទន្លេ​មេគង្គ​ ​ដែល​ជា​ធនធាន​ធម្មជាតិ​ កំពុង​រង​ការ​គំរាម​កំហែង​ក្នុង​ពិភព​លោក​នោះ​ ជា​ប្រភពទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​សំខាន់​របស់ខេត្ត​ក្រចេះ។

«បើ​សិន​ជា​គេ​សាង​សង់​ទំនប់​ ទឹក​វា​ស្រក​អត់​ មាន​ផ្សោត​ អត់​មាន​ទេសចរមក​ដល់​សហគមន៍​យើង​ខ្ញុំ​សម្រាប់​រក​ប្រាក់​ចំណូល​មក​ពី​ខាង​ទេសចរណ៍​ទេ។​ ទេសចរណ៍​នឹង​អត់​មាន​ចូលមក​ទៀត​ទេ»។

លោក​ឈិត សំអាត​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ មាន​ប្រសាសន៍​ថា​ បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គក្រោម​ទាំង​បួន​ព្រម​ទាំង​ក្រុមហ៊ុន​សាង​សង់​ទំនប់ គួរ​តែ​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​ទៅលើ​ផល​ប៉ះពាល់​ឆ្លង​ប្រទេស​ដែល​អាច​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​នោះ។

«យើង​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ ក៏​ដូច​ជា​រដ្ឋាភិបាល​ ទាំង​ឡាវ​នៅ​ក្នុង​ហ្នឹង​ដែរ​ គឺ​ថា​ សិក្សាផល​ប៉ះពាល់​ឆ្លង​ព្រំដែន​ហ្នឹង​ឲ្យ​បាន​លម្អិត​ មុន​ហ្នឹង​ធ្វើការ​សម្រេច​ចិត្ត។​ ឥឡូវ​នេះ​គាត់​អត់​ទាន់​បាន​ធ្វើ​ការ​សិក្សា​ទេ​ អញ្ចឹង​បាន​សង្គម​ស៊ីវិល​យើង​ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​ច្បាស់​លាស់​សិន ថា​តើ​ប្រទេស​កម្ពុជា​ប៉ះពាល់​អីខ្លះ​ វៀតណាម​ប៉ះពាល់​អី​ខ្លះ ​មុន​នឹង​គាត់​ធ្វើការ​សម្រេច​ចិត្ត»។

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនាកន្លងទៅ​នេះ​ បណ្តាញ​អង្គការ​ចំនួន​២៦៣​ក្នុង​ប្រទេស​ចំនួន​៥១​ក៏​បានធ្វើ​លិខិត​រួម​គ្នា​មួយ​ផ្ញើរ​ជួន​រដ្ឋាភិបាល​ឡាវ​ និង​ថៃ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទាំង​ពីរ​បញ្ឈប់​ផែន​ការ​កសាង​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរីនេះ​ដែរ​ ដើម្បី​បញ្ជៀស​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​រាប់​លាន​នាក់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ក្រោម​នេះ។

លោក​ស៊ិន នីនី ​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ពេល​នេះ​ គេ​ត្រូវ​រង់​ចាំ​មើល​លទ្ធផល​ចុងក្រោយនៃ​កិច្ច​ប្រជុំ​របស់​ប្រទេស​ទាំង​បួន​នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ​នោះ​សិន​ ដើម្បី​ឲ្យ​ដឹង​ថា ​តើ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​នោះ​នឹង​ត្រូវ​អនុញ្ញាត ​ឬ​មិន​អនុញ្ញាត​ឲ្យ​សាងសង់ ឬ​ក៏​ត្រូវ​ពន្យារ​ពេល​សាងសង់ឬ​យ៉ាង​ណា។

តែ​ទោះ​ជាយ៉ាង​ណាក៏ដោយ​ អ្នកនាង ​អេមី ត្រេនឌឹម​ (Ame Trandem)​ អ្នក​ធ្វើ​យុទ្ធនាការ​ខាង​ទន្លេ​មេគង្គ​របស់​អង្គការ​ទន្លេ​អន្តរជាតិ ​(International Rivers)​ បាន​មាន​ប្រសាសន៍ប្រាប់​ វីអូអេ ​ខ្មែរ​ នៅ​ក្នុង​សន្និសីទ​នោះ​ថា​ អ្នក​នាង​សង្ឃឹមថា​ កិច្ច​ប្រជុំ​របស់​បណ្តា​ប្រទេស​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គនៅ​ថ្ងៃ​ទី​១៩ខែ​មេសាក្នុង​ប្រទេស​ឡាវ​នឹង​នាំ​មក​នូវ​ការ​បញ្ឈប់​គម្រោង​សាង​សង់ទំនប់​សាយ៉ាបូរី​នោះ។

អ្នក​នាង​អេមី​រំពឹង​ថា​ បណ្តា​ប្រទេស​ទាំង​បួន​នឹង​ស្វែងរក​បច្ចេក​វិទ្យា​ទាញ​យក​ថាមពល​ដែល​មាន​និរន្តរ​ភាព​ផ្សេង​ទៀត​ជំនួស​វិញ ​ដូចជា​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ខ្យល់​ ឬ​ថាមពល​ជីវម៉ាស​ជាដើម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថាមពល​នៅ​ក្នុង​ប្រទេស​នីមួយៗ៕