ពលរដ្ឋជាង ១០០ គ្រួសារ បានដាក់ញត្តិទៅព្រះមហាក្សត្រព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃចន្ទនេះ ដើម្បីសុំព្រះរាជអន្តរាគមន៍ឱ្យពួកគេបានបន្តរស់នៅលើដីលំនៅឋានដែលស្ថិតនៅជាប់បឹងតាមោក។
បឹងតាមោក មានទំហំជាង ៣.២០០ ហិកតា ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងជាទីផ្តល់ប្រភពចំណូលដល់ពលរដ្ឋពីការនេសាទត្រី។
ក្នុងញ្ញត្តិដែលវីអូអេទទួលបាននៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋបានសរសេរថា៖ «ទូលព្រះបង្គំយើងខ្ញុំបានមករស់នៅ និងអាស្រ័យផលអំពីបឹងតាមោកនេះតាំងពីយូរណាស់មកហើយ ដោយមានគ្រួសារខ្លះបានមកតាំងលំនៅតាំពីឆ្នាំ ១៩៩០ មកម៉េ្លះ ពោលគឺមុនពេលច្បាប់ភូមិបាលចូលជាធរមានទៅទៀត។ ផ្ទុយទៅវិញ អ្នកកាន់អំណាចសព្វថ្ងៃ បានមកបណ្តេញពួកទូលបង្គំចេញពីទឹកដីនេះ ដោយបានកាត់យកបឹងនេះទៅចែកបក្ខពួកអ្នកមានអំណាច និងឧកញ៉ាគ្នាឯងទៅវិញ»។
អ្នកស្រី ស៊ែ ដាវី ដែលបាននាំញត្តិទៅទូលថ្វាយព្រះមហាក្សត្របានថ្លែងថា ពលរដ្ឋមានបំណងសុំឱ្យព្រះមហាក្សត្រផ្តល់ព្រះរាជអន្តរាគមន៍មិនឱ្យមានការបណ្តេញចេញពីលំនៅឋាននៅបឹងតាមោក។
បើតាមអ្នកស្រី ស៊ែ ដាវី មន្ត្រីព្រះមរបរាជវាំង បានបដិសេធ មិនទទួលញត្តិរបស់ប្រជាពលរដ្ឋ ដោយឱ្យពលរដ្ឋយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី សាលារាជធានីភ្នំពេញ និងក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ វិញ។
សកម្មជនបរិស្ថាន និងអង្គការការពារសិទ្ធិលំនៅឋានមួយចំនួនសង្កេតឃើញថា បឹងតាមោកកំពុងស្ថិតក្រោមការគំរាមកំហែង ដោយសារការពុះច្រៀកដីបឹងជាង ៧០ ភាគរយនៃផ្ទៃបឹងជាង ៣.២០០ ហិកតា យកទៅឱ្យក្រុមហ៊ុនឯកជន ឬស្ថាបនាអគាររដ្ឋ៕