លោក Prabowo Subianto ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីទំនងនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី បើផ្អែកទៅលើចំនួនសន្លឹកឆ្នោតមិនទាន់ផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃពុធកន្លងទៅ។ ការព្យាករណ៍លើជ័យជម្នះរបស់លោកធ្វើឱ្យក្រុមអ្នកការពារសិទ្ធិមនុស្សមានការភ្ញាក់ផ្អើល ដោយសារតែលោកមានប្រវត្តិជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ អ្នកបោះឆ្នោតវ័យក្មេងដឹងអំពីការចោទប្រកាន់ទាំងនោះតិចតួចប៉ុណ្ណោះ។
នៅឆ្នាំ ១៩៩៨ លោក Prabowo ត្រូវបានបណ្ដេញចេញពីយោធា បន្ទាប់ពីលោកទទួលរងនូវការចោទប្រកាន់ថាបានបញ្ជាឲ្យចាប់ជំរិតសកម្មជនការពារសិទ្ធិមនុស្សជាច្រើន ដែលរហូតមកទល់ពេលនេះ សកម្មជនជាង ១០ នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ។ លោកក៏រងការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សនៅប្រទេសទីម័រខាងកើតផងដែរ។
បន្ទាប់ពីត្រូវបានបណ្ដេញចេញពីយោធា លោកបាននិរទេសខ្លួនដោយស្ម័គ្រចិត្តទៅរស់នៅប្រទេសហ្សកដានី។ លោកក៏ធ្លាប់ត្រូវបានហាមមិនឱ្យចូលទឹកដីសហរដ្ឋអាមេរិកផងដែរ។
លោក Prabowo បានច្រានចោលការចោទប្រកាន់ទាំងនោះដែលប្រឆាំងលើរូបលោក ហើយក៏មិនធ្លាប់ត្រូវបានចោទប្រកាន់ជាផ្លូវការនោះដែរ។
បេក្ខភាពរបស់លោកសម្រាប់ការបោះឆ្នោតនេះបានបញ្ជូនសញ្ញាគ្រោះថ្នាក់ក្នុងចំណោមសកម្មជនដែលបារម្ភអំពីលទ្ធភាពនៃការធ្លាក់ចុះនៃសេរីភាពតាមបែបប្រជា ធិបតេយ្យ។
លោក Usman Hamid នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Amnesty International ប្រចាំប្រទេសឥណ្ឌូណេស៊ីបានថ្លែងថា៖«ខ្ញុំនៅតែបារម្ភថាលោក Prabowo នឹងបំផ្លាញអ្វីដែលសម្រេចបានដោយទឹកភ្នែកនិងឈាមរបស់សកម្មជននិស្សិតជាច្រើន»។
នេះជាលើកទី ៣ ហើយដែលលោក Prabowo បានព្យាយាមឡើងកាន់អំណាច។ លោកបានឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីកាលពីឆ្នាំ ២០០៩ រួមជាមួយនឹងអតីតប្រ ធានាធិបតី Megawati Sukarnoputri។ លោកក៏បានទទួលបរាជ័យនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៤ និងឆ្នាំ ២០១៩ ផងដែរ ដោយចាញ់លោក Joko Widodo ដែលជាប្រធា នាធិបតីចេញពីតំណែង។ លោក Widodo ក៏បានគាំទ្រលោក Prabowo ចាប់ពីពេលនោះមក។
ការតែងតាំងលោក Prabowo ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិមានន័យថា លោក Widodo បានផ្ដល់សុពលភាពនិងសារៈសំខាន់ក្នុងកម្រិតមួយសម្រាប់លោក Prabowo បន្ទាប់ពីលោកបានបាត់បង់វាតាមរយៈការបោះឆ្នោតជាច្រើនលើក។ អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះ គឺទស្សនកិច្ចរបស់លោក Prabowo ទៅកាន់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០ បានបញ្ជាក់ពីការបញ្ចប់នៃការហាមឃាត់លោកមិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក។
នៅមុនការបោះឆ្នោតនេះ លោក Prabowo បានប្រែមុខមាត់ថ្មីយ៉ាងខ្លាំង។ ចំណាប់អារម្មណ៍នានាទៅលើរួបលោកបានងាកចេញពីសាវតាជាតិនិយមយោធារបស់លោក ហើយលោកមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដែលមានអ្នកតាមដានជាង ៩ លាននាក់ នៅលើបណ្ដាញអ៊ីនស្តាក្រាមនិងបានបង្ហោះវីដេអូជាច្រើននៅលើបណ្ដាញសង្គមទិកតុក (TikTok)។ វត្តមានរបស់លោកនៅលើបណ្ដាញសង្គមបានទាក់ទាញការគាំទ្រពីសំណាក់ពលរដ្ឋឥណ្ឌូណេស៊ីវ័យក្មេង។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រូបភាពរបស់លោកដែលមានមុខមូលក្រឡង់បង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានធ្វើឲ្យអ្នកបោះឆ្នោតវ័យក្មេងសប្បាយរីករាយ ដោយលោកបានលើកម្រាមដៃបង្ហាញរូបបេះដូងតាមបែបពលរដ្ឋកូរ៉េនិងកាន់ឆ្មារបស់លោកឈ្មោះ Bobby យ៉ាងយកចិត្តទុកដាក់។
និស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះ Stephanie Iskandar បានប្រាប់វីអូអេថា ពលរដ្ឋឥណ្ឌូណេស៊ីក្មេងៗជាច្រើនមិនបានដឹងពីប្រវត្តិរបស់លោកច្បាស់ទេ ហើយពួកគេបានបង្វែរចំណាប់អារម្មណ៍ពីរឿងអតីតកាលរបស់លោកដោយសារតែការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ការឃោសនាបោះឆ្នោត។
នាង Stephanie បានថ្លែងនៅក្នុងក្បួនឃោសនាបោះឆ្នោតថា៖ «អ្នកបោះឆ្នោតវ័យក្មេងងាយនឹងរងគ្រោះពីការធ្វើយុទ្ធនាការនយោបាយតាមបែបថ្មីនេះនិងការប្រើប្រាស់បណ្ដាញសង្គមទិកតុក»។
លោក Prabowo បានផ្ដាច់ទំនាក់ទំនងអំពីអតីតកាលរបស់លោកតាមរយៈរូបភាពថ្មី។ លោកបានថ្លែងនៅក្នុងកិច្ចសម្ភាសកាលពីពេលថ្មីៗ ដោយសំដៅទៅលើពេលដែលលោកនៅធ្វើជាទាហាន។
លោកថ្លែងថា៖ «គេប្រហែលជាយល់ឃើញមកលើរូបខ្ញុំថា ខ្ញុំជាមនុស្សតឹងតែងនិងគួរឲ្យខ្លាច។ ឥឡូវនេះ ខ្ញុំមិនគួរឲ្យខ្លាចទេ»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង AFP។