ឧបករណ៍​​ការពារ​​រន្ទះ​​មាន​​តម្លៃ​​ខ្ពស់​​សម្រាប់​​កសិករ​​ដែល​​ប្រឈម​​នឹង​​រន្ទះ

នៅ​ក្នុង​ផ្ទះល្វែង​មួយ​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​កម្ពុជា​ក្រោម​ ក្នុង​រាជធានី​ភ្នំពេញ ​លោក​ហួត​ លីវម៉េង ​ហាក់​ដូច​ជា​មមា​ញឹក ​ក្នុង​ការ​ណែនាំ​អតិថិជន​របស់​ខ្លួន ​ដែល​កំពុង​ស្វែងរក​ឧបករណ៍ការពារ​រន្ទះ​ នៅ​ពេល​ដែល​គ្រោះថ្នាក់​ដោយសារ​រន្ទះ​បាញ់​បាន​ក្លាយ​ទៅ​ជា​ការ​គំរាម​កំហែង​មួយ​ដល់អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​កម្ពុជា ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក​ហួត លីវម៉េង ​គឺ​ម្ចាស់​ក្រុមហ៊ុន​លីវម៉េង​ផ្គត់ផ្គង់​បរិក្ខា​មេកានិច​ និង ​អគ្គិសនី​មួយ​ ក្នុង​ក្រុង​ភ្នំពេញ ដែល​ធ្វើការ​នាំចូល​ឧបករណ៍​ប្រឆាំង​នឹង​រន្ទះ​ម៉ាក ​អេលភីអាយ ​ពី​ប្រទេស​ អូស្រ្ដាលី។

លោក​លីវ ម៉េង ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ តម្រូវការ​នៃ​ឧបករណ៍​ការពារ​រន្ទះ​នេះ​ កើនឡើង​ ស្រប​ពេល​ដែល​គ្រោះថ្នាក់​ដោយសារ​ឧប្បត្តិ​ហេតុធម្មជាតិនេះ ​មាន​ការ​កើនឡើង​ជា​លំដាប់។ លោក​ថ្លែង​ដូច្នេះថា៖

«ក្នុង​រយៈពេល ​២ឆ្នាំ​ចុងក្រោយ​ ​ យើង​ឃើញ​ថា កំណើន​នៃ​ការ​លក់​កើនឡើង​ជាវិជ្ជមាន។ ជា​លទ្ធផល​ ខ្ញុំ​លក់​បាន​ក្នុង​កំឡុង​ខែ បួន​ ខែប្រាំ ​រហូតដល់​ជិត​៥០បង្គោល​ឧបករណ៍​ការពារ​រន្ទះ។ ជាង​នេះទៅទៀត​នៅក្នុង​សប្តាហ៍ទី១ ​នៃ​ខែ៧​នេះ យើង​អាច​លក់​បាន​ដល់​១០​បង្គោលទៅ​ហើយ»។

របាយការណ៍​របស់​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយកាលពី​ខែ​មិថុនាបាន​ឲ្យដឹង​ថា នៅក្នុង​រយៈ ពេល​បួនឆ្នាំ​ គិត​ពីខែ​មិថុនាឆ្នាំ​២០០៧ ​រហូត​មក​ដល់​ខែមិថុនា​ ឆ្នាំ២០១០​ នេះ រន្ទះបាញ់ បាន​ឆក់​យក​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ ប្រមាណ​ជា​៣៥០នាក់​ និង​បង្ក​របួស​ចំនួន ១០០​នាក់​ និង​ឆក់​យក​ជីវិត​សត្វ​ពាហនៈ​ចំនួន​ ១០០ក្បាល។ អត្រា​គ្រោះថ្នាក់​ភាគ​ច្រើន​កើត​មាន​នៅ​ទី​ជនបទ។

លោក​ លីវម៉េង ​អះអាង​ថា ​ការ​ដាក់​ឧបករណ៍​ការពារ​រន្ទះ​មិន​ត្រឹមតែ​អាច​ជួយ​ការពារ​ផ្ទះ​ អាគារ​ ឬ​តំបន់​ដែល​បំពាក់​ឧបករណ៍​នេះប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​ការពារ​តំបន់​នានា​បាន ​អាស្រ័យ​ទៅតាម​ដែន​ការពារ​ នៃ​ឧបករណ៍​ការពារ​រន្ទះ​នោះ។ លោក​លីវម៉េង​បន្ត​ថា៖

«យើង​មាន​ឧបករណ៍ ដែល​អាច​ប្រាប់​ដំណឹង​ឲ្យ​យើងដឹង​មុនថា ​និង​មាន​បាតុភូតុ​រន្ទះ​កើត​ឡើង។ ឧបករណ៍ជម្រាបជូន​មុន​បាន ​ជា​ភាសា​អង់គ្លេស​ យើង​ហៅថា ​Lightning Warning System ​សម្រាប់​ប្រាប់​ពី​ការ​កើតឡើង​នូវ​បន្ទុក​នៅ​តំបន់​ណាមួយ​ មុន​ពេល​រន្ទះ​ចាប់ផ្តើម​បាញ់។ បើសិន​យើង​និយាយ​ពី​ដែន​ការពារ​ ដែល​មាន ​អង្កត់​ផ្ទិត ​៣០០ រឺ​២៨០ រឺក៏​១០០ មែត្រ ​នោះ​ ក្នុង​រង្វង់ ​រន្ទះ​មិន​អាច​មាន​ឱកាស​ ដែល​រន្ទះ ​អាច​ បាញ់​បាន​ឡើយ​ ឲ្យតែ​ឧបករណ៍​ទាំងឡាយ​នោះ​ ស្ថិត​នៅក្រោម​ដែន​ការពារ​ ដែល​យើង​បាន​កំនត់»។

នៅកម្ពុជា ​មាន​ក្រុមហ៊ុន​នាំចូល​ឧបករណ៍​ការពារ​រន្ទះ​ពី​បរទេស​ចំនួន​ប្រាំ​ ក្នុងនោះ​ មាន​ការ​នាំ​ចូល​ពី​ប្រទេស​បារាំង​ អេស្ប៉ាញ ​អាមេរិក ​និង​អូស្រ្តាលី។ ឧបករណ៍​ប្រឆាំង​នឹង​រន្ទះ​បាញ់ ​មាន​រាង​ប្រៀប​ដូច​ជា​អង់តែន​ ដែល​មាន​កំពូល​ស្រួច​ វែង​ ឬខ្លី​ទៅតាម​ប្រភេទ​នីមួយៗ។ ដោយសារ​តែ​រន្ទះ​ គឺជា​ចរន្ដ​អគ្គិសនី​ដែល​កើតឡើង​ក្នុង​បរិយាកាស​ពេល​កំពុង​មាន​ភ្លៀង​ ឬ​ព្យុះ​នោះ ​ឧបករណ៍​នេះអាច​ទាញ​ចរន្ដ​នោះ​ឲ្យ​រត់​ឆ្លងកាត់​ចូល​ក្នុង​បណ្ដាញ​ប្រព័ន្ធ​នៃ​ឧបករណ៍​ ការពារ​រន្ទះ​ រួច​ក៏​ផ្ទេរ​ចរន្ដ​នោះ ចូល​ទៅ​ក្នុង​ដី​ ដោយ​បញ្ចៀស​បាន​ការ​បង្ក​គ្រោះថ្នាក់​ណាមួយ​។

លោកគង់ ចេក ​អ្នក​ក្រុង​ភ្នំពេញ​ម្នាក់​ កំពុង​កាន់​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើ​ឧបករណ៍​ការពារ​រន្ទះ​ នៅ​ក្នុង​ហាង​លក់​គ្រឿង​អេឡិចត្រូនិចមួយ។ ពាក់​អាវយឺត​ពណ៌ស​ដៃ​ខ្លី ​មាន​ទឹកមុខ​ញញឹម​ លោក​ គង់ ចេក ​មាន​ប្រសាសន៍ថា​ អត្រា​គ្រោះថ្នាក់​ដោយសារ​រន្ទះ​ធ្វើ​ឲ្យ​គ្រួសារ​របស់​លោក​មាន​ការ​ភ័យ​ក្លាច។

បុរស​វ័យ​អាយុ​៣៥ឆ្នាំ​ រូប​នេះ​ មាន​ប្រសាសន៍ថា​ ឧបករណ៍​ការពារ​រន្ទះ​នេះ​ អាច​ជួយ​ការពារ​អាយុជីវិត ​សមាជិក​គ្រួសារ​របស់​លោក​បាន។ លោក​បន្ត​ថា៖

«ឧបករណ៍ហ្នឹង​គឺថា​ វា​អាច​ជួយ​ការពារ​អាគារ​យើង ​ក្រុម​គ្រួសារ​យើង ​ហើយ​អ្វីៗ ដែល​ស្ថិត​នៅ​ក្នុងអាគារ​ គឺវា​អាច​ជួយ​ការពារ​បាន»។

ឧបករណ៍​ការពារ​រន្ទះ​មាន​តម្លៃ​ចាប់ពី​ ៩៥០​ដុល្លា ​រហូតដល់ ​២,៣០០ ដុល្លារអាមេរិក ទៅតាម​សមត្ថភាព​នៃ​ឧបករណ៍​និមួយៗ។ តម្លៃ​នេះ​ហាក់​ដូច​ជា​ថ្លៃ​បន្ដិច​សម្រាប់​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ហេតុ​ដូច្នេះ ​អតិថិជន​ភាគ​ច្រើន​ ដែល​ទិញ​ឧបករណ៍​ស្រូប និង​ការពារ​រន្ទះ​ គឺ​អ្នក​ដែល​មាន​កំរិត​ជីវភាព​ខ្ពស់​ ឬ​ក្រុមហ៊ុន ដែល​មានភាព​ចាំបាច់​សម្រាប់​ធ្វើការ​បំពាក់​ដល់​អគារធំៗ​ ឬ​បុគ្គល ដែល​ទិញ​ឧបករណ៍​នេះ សម្រាប់​បំពាក់​ដល់​ ភូមិគ្រឹះ​ ផ្ទាល់ខ្លួន​ជាដើម។

លោក​ សុខ​ សុវណ្ណារ៉ា ​ជា​អ្នក​រត់​ម៉ូតូ​ឌុបម្នាក់​នៅ​ជាយ​ទីក្រុង​ភ្នំពេញបាន​និយាយថា ​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​រន្ទះ​បាញ់​ គួរ​ឲ្យ​ភ័យ​ខ្លាច​ ក៏ប៉ុន្តែ​លោក​មិន​មាន​មាន​សមត្ថភាព​ក្នុងការការទិញ​ឧបករណ៍​នេះ​ទេ។ លោក​ថ្លែង​ដូច្នេះថា៖

«ចំពោះ​ការ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ ​ខ្មុំ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ដែរ ​ប៉ុន្តែ​គ្មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ទេ ពីព្រោះ​មុខ​របស់​រត់​ម៉ូតូ​ឌុប​ រក​មួយថ្ងៃ​សម្រាប់​តែ​មួយថ្ងៃ»។

បើយោង​តាម​របាយការណ៍​របស់​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រប់​គ្រោះ​មហន្តរាយ ​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​នៅតាម​ទី​ជនបទ​ ដែល​សម្បូរ​ទៅ​ដោយ​កសិករ​ក្រីក្រ ហាក់​បីដូច​ជាគោលដៅ​នៃ​ការ​វាយ​ប្រហារ​របស់​បាតុភូត​រន្ទះ​បាញ់។ ក៏ប៉ុន្ដែ​ប្រជា​កសិករ​ ដែល​តំណាង​ឲ្យ​៨០% ​នៃ​ប្រជាជន​សរុប​ពិបាក​នឹងរក​លទ្ធភាព​ទិញ​ឧបករណ៍​ទាំងនេះ សម្រាប់​ការពារ​បាតុភូត​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់​នេះ។

លោក​ អ៊ុំ ង៉ូយ ​ដែល​ជា​ កសិករ​ម្នាក់​រស់នៅ​ក្នុង​ស្រុក​ កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ មាន​ប្រសាស៍​ថាបាន​ដឹង​ដែរ​អំពី​ឧបករណ៍​ការពារ​រន្ទះ ​ដែល​ត្រូវ​បាន​គេ​យក​មក​ប្រើ​ដើម្បី​ការពារ​ដែរ ប៉ុន្តែ​លោក​អ៊ុំ ពុំ​អាច​មាន​សមត្ថភាព​ គ្រប់គ្រាន់​ ដើម្បី​ទិញ​វា​ មក​ប្រើប្រាស់​បាន​ឡើយ។ លោក​បន្ត​ថា៖

«បាទ​ឥឡូវនេះ​ បាន​ឮ​អំពី​ឧបករណ៍​ការពារ​រន្ទះ ​ វា​មាន​ហើយ​ប៉ុន្តែ ​កសិករ​មិន​មាន​លទ្ធិភាព​ទិញ​យក​មក​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​ជនបទ​។ បាទ​ អត់​មាន​ទេ»។

ថ្វីបើ​ឧបករណ៍​ការពារ​រន្ទះ​មាន​តម្លៃ​ថ្លៃ​ ដែល​ជា​ឧបសគ្គ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ក៏​ដោយ ក៏​លោក​ហេង ប៉ូ ​ដែលជា​វិស្វករផ្នែក​ដំឡើង​ឧបករណ៍​ការពារ​រន្ទះ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា ​ក្រៅ​ពី​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗដូចជា ​ខេត្ត​ព្រះសីហនុ ​កំពង់​ចាម បាត់​ដំបង់ ជាដើម​ ក៏​ចាប់ផ្តើម​ទិញ​ឧបករណ៍​ការពារ​រន្ទះ​នេះ​ដែរ​។

ជាមួយ​គ្នា​នេះ លោកប្រាជ្ញ មានិត​ ប្រធាន​ក្រុមហ៊ុន​ ដៃណា​មិចអ៊ីគ្រូប​ អិលធីឌី​ (Dynamic E-group Ltd) ​និង​ជា​អ្នក​ចែកចាយ​បន្ត​ឧបករណ៍​ការពារ​រន្ទះ​ម៉ាក​ នីមប៊ើស​ (NIMBUS) មកពី​ប្រទេស​ អេស្ប៉ាញ​ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ប្រជា​កសិករ​កម្ពុជា មាន​បំណង​ដាក់​ប្រពន្ធ័​ការពារ​រន្ទះ​នៅ​ក្នុង​តំបន់​របស់​ ពួកគេ​រស់នៅ​ ពួកគេ​អាច​ធ្វើ​ការ​រៃ​អង្គាស​លុយគ្នា ​ហើយ​បង្កើត​បាន​ជា​ប្រពន្ធ័​ការពារ​មួយ​សម្រាប់​ទាំងអស់គ្នា។ លោក​ថ្លែងថា៖

«សម្រាប់​ កសិករ​ ដែល​មាន​បំណង​ចង់​យក​ឧបករណ៍​ការពារ​រន្ទះ ​គឺ​គាត់​អាច​ប្រមូល​លុយ​គ្នា ហើយ​ធ្វើ​ការ​ដម្លើង​ប្រព័ន្ធ​មួយ​នៅក្នុង​ភូមិ។ ដោយ​ហេតុថា បង្កោល​មួយ​ យើង​សម្លើង​ដូច​បង្កោល​ទូរស័ព្ទ ​ដោយ​មាន​កម្ពស់ ​៣០​ ទៅ ​៤០ ម៉ែត្រ ​យើង​អាច​មាន​ដែន​ការពារ​ បាន​១៣២ ម៉ែត្រ​បួនជ្រុង ដូច្នោះ​ ផ្ទះ​អ្នក​ភូមិ ដែល​នៅក្រោម នោះ ​អាច​ការពារបាន»។

តាម​ប្រសាសន៍​របស់​លោក​កែវ វី ​នាយ​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ បាន​ឲ្យ​ដឹងថា​ គ្រោះថ្នាក់​ដោយសារ​រន្ទះ​បាញ់​កើត​មាន​ភាគច្រើន​នៅ​ពេល​ការ​ចាប់ផ្ដើម​ដំបូង​រដូវវស្សា​ ហើយ​កាលណា​ភ្លៀង​ដើមឆ្នាំ​កាន់​តែ​ឆាប់​ចាប់ផ្ដើម ​ភាព​ប្រឈម​នឹង​ការ​វាយ​ប្រហារ​ដោយ​បាតុភូត​រន្ទះ​បាញ់​ក៏​កាន់​តែ​ច្រើន​ផងដែរ។ លោក​បន្តថា៖

«២០០៩​ភ្លៀង​កក់​ខែ​មាន​តាំងពី​ខែ​៣ ដែល​វា​នាំ​មក​នូវ​ព្យុះ ​រន្ទះ​ផ្សេងៗ មក​ជាមួយ​ដែរ​ ជា​ហេតុ​ធ្វើ​ឲ្យ គ្រោះថ្នាក់​ពី​រន្ទះ​នេះ​មាន​ច្រើន។ តែ​នៅ​ឆ្នាំ២០១០​នេះ​វិញ ​ភ្លៀង​កក់ ​ខែ​មាន​ចាប់​រហូត​ដល់​ពាក់​កណ្តាល​ខែ​៤ ដូច្នោះ គ្រោះថ្នាក់​ដោយសារ​ន្ទះ​ ក៏​មាន​តិច​ទៅ​តាមហ្នឹងផងដែរ»។

លោកកែវ វី ​បាន​ផ្ដល់​វិធានការ​ការពារ​ខ្លួន​មួយចំនួន​ទប់ទល់​នឹង​បាតុភូត​រន្ទះ​បាញ់ ​ជាពិសេស​សម្រាប់​ប្រជា​កសិករ​ ដែល​ពុំមាន​ឧបករណ៍​ការពារ​រន្ទះ​ ដូចជា​នៅពេល​មាន​ភ្លៀងផ្គរ​ត្រូវ​រូត​រះ​ចូល​ជ្រក​ក្នុង​ផ្ទះ ​ជៀស​វាង​ជ្រក​ក្រោម​ដើមឈើ​ធំ ​ឬ​ត្រូវ​នៅ​ឃ្លាត​ឆ្ងាយ​ពី​ដើមឈើ​យ៉ាង​ហោច​ណាស់​ ៤​ម៉ែត្រ។

លោក​កែវ វី ​មាន​ប្រសាសន៍​បន្ថែម​ថា ក្នុង​ករណី​ដែល​អ្នក​បើក​បរ​រថយន្ដ​យល់ថា អាច​មាន​រន្ទះ​ ខណៈ​ពេល​ដែល​កំពុង​ភ្លៀងធ្លាក់​ខ្លាំង​ អ្នក​បើក​បរ​ត្រូវ​បញ្ឈប់​រថយន្ដ ​ហើយ​យកដៃ​ ចេញ​ពី​ការ​កាន់​ចង្កូត។ ហើយ​ប្រសិន​ប្រជា​កសិករ​ជួប​ប្រទះ​នឹង​បាតុភូត​រន្ទះ​បាញ់ នៅ​ពេល​ដែល​ពួកគាត់​កំពុង​ធ្វើ​ការងារ​ តាម ​វាល​ស្រែ ​ពួកគាត់​ត្រូវ​ក្រាប​ខ្លួន​ឲ្យ​ទាប​ជាង​ភ្លឺ​ស្រែ ​ដើម្បី​ចៀស​វាង​រន្ទះ​បាញ់​ចំ៕