ក្រុមមន្ត្រីប្រទេសលីបេរីយ៉ា (Liberia) កំពុងប្រឈមនឹងការកើនឡើងនៃសពជនរងគ្រោះដោយសារជំងឺ Ebola ដែលនៅមិនទាន់បានយកទៅកប់ នៅក្នុងបណ្តាសហគមន៍ដែលប៉ះពាល់ដោយមេរោគយ៉ាងប្រល័យនេះ។
បណ្តាញផ្សាយព័ត៌មានក្នុងស្រុកនិយាយថា ប្រព័ន្ធសុខាភិបាលដែលមិនអាចទទួលបន្ទុកបាននោះ នាំឲ្យមានសាកសពដែលត្រូវគេយកទៅគរទុកនៅក្នុងសហគមន៍ខ្លះ ហើយមិនត្រូវបានយកទៅកប់ឲ្យបានត្រឹមត្រូវអស់ពេលជាច្រើនថ្ងៃ។ សេចក្តីរាយការណ៍មួយនិយាយថា មានការរកឃើញសាកសពដល់ទៅ៣៧កាលពីថ្ងៃអាទិត្យនៅកន្លែងមួយក្នុងរដ្ឋធានីម៉ុងរ៉ូវីយ៉ា (Monrovia)។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបេរីយ៉ាលោក Lewis Brown បានថ្លែងប្រាប់សេវាផ្សាយជាភាសាអង់គ្លេសទៅកាន់ទ្វិបអាហ្រ្វិករបស់វីអូអេថា ក្រុមមន្ត្រីមិនបានត្រៀមខ្លួន សម្រាប់ការឆ្លើយតបអវិជ្ជមាន ដែលពួកគេបានទទួលពីសហគមន៍នានា។
លោក Brown ថ្លែងថាដោយសារមូលហេតុនេះ ទើបលោកស្រីប្រធានាធិបតី Ellen Johnson Sirleaf បានបញ្ជាឲ្យធ្វើការបូជាសាកសពដែលមានមេរោគ Ebola ទាំងឡាយ៕