ក្រុម​មនុស្ស​​​ស្រឡាញ់​​​​ភេទ​​​ដូចគ្នា​និង​ប្តូរភេទ​បង្ហាញ​​​ខ្លួន​​​​​​កាន់​​​តែ​​​ច្រើន​ឡើង​​ទោះបី​​រងការ​​​ម៉ាក់ងាយ

លោក សាយ មុន្នី អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​ផ្នែក​ខេមរភាសា​ ស្ថិត​នៅ​ក្នុង​ទីក្រុង Stockholm នៃ​ប្រទេស​ស៊ុយអែត រាយការណ៍​អំពី​បញ្ហា​ប្រឈម​របស់​ក្រុម​មនុស្ស​​​ស្រឡាញ់​​ភេទ​ដូចគ្នា​និង​ប្តូរភេទ នៅ​ពេល​ពួកគេ​បង្ហាញ​ខ្លួន។

កំណត់​និពន្ធនាយក៖ ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​មាន​ការ​អញ្ជើញពី​ វិទ្យាស្ថាន​ស៊ុយអែត លោក​សាយ​ មុន្នី​នៃ​វីអូអេ​បាន​ធ្វើដំណើរ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង ​ទីក្រុង​ស្តុកខមប្រទេស​ស៊ុយអែត​ស្ថិត​នៅភាគ​ខាងជើង​នៃ​ទ្វីប​ អឺរ៉ុប​ ហើយ​បាន​រាយ​ការណ៍​នេះ។

បញ្ហា​សិទ្ធិមនុស្ស​ស្រឡាញ់​ភេទដូច​គ្នា​ ឬ​អ្នក​ប្តូរ​ភេទ​ នៅតែ​មាន​ភាព​ចម្រូង​ចម្រាស់​នៅ​ឡើយ​ មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ សូម្បី​តែ​នៅ​សហ​រដ្ឋ​អាមេរិក​ ឬ​សហគមន៍​អឺរ៉ុប​ក៏ដោយ។​

ទោះបី​ជា​មាន​ការ​ម៉ាក់ងាយ ​និង​ភាព​ចម្រូងចម្រាស់​ក៏​ដោយ ក៏​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​និង​ប្តូរភេទ​នៅ​ទីនោះ​បាន​ចេញ​មុខ​កាន់តែ​ច្រើនឡើងៗ​ដើម្បី​បង្ហាញ​ពិភពលោក​ថា ​ពួកគេ​ក៏​ត្រូវ​ការ​សិទ្ធិ​សេរីភាព​ដូច​មនុស្ស​ផង​ទាំង​ពួង​ដែរ។

Nadja Karlsson ​រស់​នៅ​ជា​មនុស្ស​ប្រុស​ធម្មតា​អស់​រយ:​ពេល​៤០​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​លោក​បាន​សម្រេច​ចិត្ត​ចេញ​មក​បង្ហាញ​ខ្លួន​ជា​មនុស្ស​ប្រុស​ដែល​មាន​ចរិត​ជា​មនុស្ស​ស្រី​វិញ។​

បច្ចុប្បន្ន​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​នៅ​ក្នុង​ទីក្រុង​ស្តុកខម ដែល​ជា​រាជធានី​នៃ​ប្រទេស​ស៊ុយអែត​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ទ្វីប​អឺរ៉ុប​នេះ​ លោក​ Nadja Karlsson​ និយាយ​ថា​ លោក​សប្បាយ​ចិត្ត​ក្នុង​ការ​លាត​ត្រដាង​ការណ៍​ពិត​អំពី​ខ្លួនលោក ទោះបី​ជា​រូប​លោក​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ខ្លះ​ពី​ការ​ធ្វើ​ដូច្នេះ​ក៏​ដោយ។​

«ខ្ញុំ​បាន​បាត់បង់​ការងារ​ខ្លះ នៅពេលដែល​ខ្ញុំ​ចេញ​មុខ​បែប​នេះ។​ ខ្ញុំ​ធ្លាប់​ជា​អ្នក​ធ្វើការ​ងារ​មិន​ស្ថិត​ក្រោម​ស្ថាប័ន​ ប៉ុន្តែ​ខ្ញុំ​ក៏ទទួល​បាន​ការងារ​ធ្វើ​ខ្លះៗ​វិញ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​នឹង​មិន​ងាយ​ស្រួលនោះទេ ប្រសិន​បើ​ខ្ញុំ​រស់នៅ​ក្នុង​ទីក្រុង​តូច​មួយ​នោះ​ ពីព្រោះ​វា​នៅ​តែ​ជា​រឿង​ពិបាក​ក្នុង​ការ​ចេញ​មក​បង្ហាញ​ខ្លួន​ដូច្នេះ។ ទោះ​បីជា​ វា​មិន​ដូច​ពេល​ដែល​ខ្ញុំ​មាន​អាយុ​បាន​៧​ឆ្នាំ​ក៏​ដោយ ក៏​វា​នៅ​តែ​ដដែល​ខ្លះ​ដែរ»។​

ដូច​ Nadja Karlsson​ ដែរ សហគមន៍​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា ​និង​អ្នក​ប្តូរ​ភេទ​នៅ​ទី​នេះ​និយាយ​ថា ពួក​គេ​នៅតែ​ប្រឈម​មុខ​នឹង​ការ​មាក់ងាយ​ខ្លះៗ​នៅ​ឡើយ​ ជាពិសេស​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​នេះ។​

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ពួក​គេ​លើក​ឡើង​ថា មនុស្ស​កាន់តែ​ច្រើនឡើង​ ជា​ពិសេស​មនុស្ស​ជំនាន់​ក្រោយ​ បាន​នាំ​គ្នា​ចេញ​មុខ​ និង​បង្ហាញ​ប្រាប់​ពិភព​លោក​ថា ​ពួក​គេ​តាម​ពិតជា​នរណា​ឲ្យ​ប្រាកដ។​

Johanna Nystroem​ គឺ​ជាជំនួយការ​នាយក​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​នៃ​ព្រឹត្តិ​ការណ៍​មោទន​ភាព​ស្តុកខម ដែល​ជា​ព្រឹត្តិ​ការណ៍​ផ្សព្វផ្សាយ​អំពី​ការ​ស្រឡាញ់ភេទ​ដូច​គ្នា​នៅ​ឆ្នាំ​នេះ។​

«ពិភព​លោក​ទាំងមូល​កំពុង​តែ​ប្រែប្រួល​ហើយ។​ ខ្ញុំ​គិត​ថា ក្មេងៗ​ឥឡូវក្លាហាន​ណាស់។ ពួក​គេ​ក្លាហាន​ជាង​ខ្ញុំ​ កាលខ្ញុំនៅ​ពី​ក្មេង។ អ្នកខ្លះ​ចេញ​មុខ​តាំង​ពី​នៅ​វ័យ​ក្មេង។ ពួកគេ​ហាក់​ដូច​ជា​បង្ហាញ​ថា​ នេះ​គឺ​ជា​ខ្ញុំ។ ខ្ញុំឡូយ​ ដូច្នេះ​ដែរ។ ពួក​គេ​មាន​ការ​ជឿជាក់​លើ​ខ្លួន​ពួកគេ​ ដែល​យើង​មិន​ដែល​មាន​កាល​ពី​យើង​នៅ​ក្មេង។ ខ្ញុំ​គិត​ថា នឹង​មានពួកគេ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត»។​

ប្រទេស​ស៊ុយអែត​បាន​ទទួល​ស្គាល់​អាពាហ៍​ពិពាហ៍​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា ​ដោយ​ស្របច្បាប់​នៅ​ឆ្នាំ​២០០៩​ នៅ​ក្នុង​ជំហាន​មួយ​ឆ្ពោះ​ទៅរក​សង្គម​មួយដែល​មាន​សមភាព​ជាង​មុន។​

សាស្ត្រាចារ្យ ​Barbro ​Westerholm គឺ​ជា​សមាជិក​សភា​ម្នាក់​នៅ​រាជធានី​នេះ។ លោកស្រី​គឺ​ជា​ឥស្សរជន​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សិទ្ធិ​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​នៅ​ក្នុង​ប្រទេស​នេះ។​

«យើង​ត្រូវ​តែពង្រឹង​ច្បាប់​និង​បទបញ្ញត្តិ​របស់​យើង ដើម្បី​ទទួល​ស្គាល់​ពួកគេ​ជា​ពលរដ្ឋ​ស៊ុយអែត ហើយ​បង្រៀន​បន្ថែម​ទៀត​អំពីការ​ស្រឡាញ់ភេទ​ដូច​គ្នា​នេះ​ដល់​មេធាវី​ និង​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​ការងារ​ខាង​ផ្នែក​នេះ រួម​ទាំង​ប៉ូលិស​ផង»។​

ទោះបី​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា​នៅ​តែ​មាន​ភាព​រសើប​ខាង​នយោបាយ​ក៏​ដោយ ​ក៏​ផ្នែក​ជាច្រើន​នៃ​សង្គម​ រួម​ទាំង​ព្រះវិហារ ​និង​កង​កម្លាំង​នគរបាល​ផង បាន​ទទួលស្គាល់​ភាព​ខុស​គ្នា​ពី​ធម្មជាតិ​នៃ​ក្រុម​មនុស្ស​ក្នុង​សហគមន៍​នេះ។​

លោក ​Goran ​Stanton​ គឺ​ជា​មន្ត្រី​ម្នាក់​នៅ​ក្នុង​សមាគម​ប៉ូលិស​ស្រឡាញ់​ភេទ​ដូច​គ្នា។ លោក​និយាយ​ថា មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា ​ដោយ​រួម​ទាំង​ប៉ូលិស​មួយ​ចំនួន ​ដូចជា​រូប​លោក​ជា​ដើម ​ក៏​ចង់​បាន​សិទ្ធិ ​និង​ការ​គោរព​ដូច​មនុស្ស​ស្រឡាញ់ភេទ​ផ្ទុយ​គ្នា​ដូច្នោះដែរ។​

«ខ្ញុំ​ចង់​បាន​ប្រាក់​ខែ​ច្រើន។ ខ្ញុំ​ចង់​បាន​ផ្ទះ។ ខ្ញុំ​ចង់​មាន​ឆ្កែ​ មាន​ឡាន ​និង​បាន​ទៅ​ដើរ​លំហែ​ដូច​អ្នក​ដទៃ​ទៀត​ដែរ។ អ្វី​ដែល​ខ្ញុំ​ធ្វើ​នៅ​ក្នុង​ផ្ទះ ​និង​នៅ​លើ​គ្រែ​ដេក​របស់​ខ្ញុំ​គឺ​ជា​រឿង​ឯកជន​របស់​ខ្ញុំ។​ យើង​មិន​និយាយ​អំពី​រឿង​នេះ​ទេ»។​

Christer Fallman ​គឺជា​នាយក​គ្រប់គ្រង​លំនៅ​ដ្ឋាន​សម្រាប់​មនុស្ស​ចាស់​ដែល​ស្រឡាញ់ភេទ​ដូចគ្នា​នៅ​ទីនេះ។​

«ប្រសិន​បើ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​អំពី​អារម្មណ៍​ផ្លូវ​ភេទ​របស់​អ្នក​ ហេតុ​អ្វី​ត្រូវ​ខ្លាច​អ្នក​ដទៃ​ទៀត?​ ខ្ញុំ​គិត​ថា ​មាន​ដំណោះ​ស្រាយ​សាមញ្ញៗ​មួយ​ចំនួន​ដែល​យើង​មិន​ធ្លាប់​បាន​គិត​ពី​មុន​មក​ នោះគឺ​អ្នក​គ្រាន់​តែ​និយាយ​ប្រាប់​គេ ​ហើយ​អ្នក​ត្រូវ​តែ​បើក​ចំហ​ចិត្ត​មនុស្សឲ្យ​ទូលំទូលាយ​ជាង​នេះ​បន្តិច​ទៀត។ ​នៅ​ក្នុង​ប្រទេស​ស៊ុយអែត ​ខ្ញុំ​គិត​ថា ​យើង​ពូកែ​គួរសម​ក្នុង​ការ​ធ្វើ​ដូច្នេះ​ ហើយ​យើង​ក៏​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​នេះ​ហើយ​ដែរ»។​

ដើម្បី​បើក​ចិត្ត​មនុស្ស​ឲ្យ​ទូលាយ​ថែមទៀត​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា​នេះ ប្រទេស​ស៊ុយអែត​តែង​តែ​ប្រារព្ធ​ពិធី​ដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ដូច​នេះ​ជារៀង​រាល់​ឆ្នាំ​ដែល​អាចទាក់ទាញ​អ្នក​ចូលរួម​រាប់​ម៉ឺននាក់​ឲ្យ​ស្វែង​យល់​ពី​បញ្ហា​ស្រឡាញ់ភេទ​ដូច​គ្នា​នេះ។​

អ្នកស្រី Linda Wainwright Hockerfelt គឺ​ជា​ម្តាយ​ដែល​មាន​កូន​ប្រុស​ម្នាក់​ជា​អ្នក​ស្រឡាញ់ភេទ​ដូច​គ្នា។ អ្នក​ស្រី​និយាយ​ថា អ្នកស្រី​បារម្ភ​តែ​ចំពោះ​សុវត្ថិភាព​ ជាជាង​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ទៅ​លើ​រូបកូន​ប្រុស​របស់​អ្នកស្រី។​

«ជួនកាល​ខ្ញុំ​ខ្លាច​បន្តិច​បន្តួច​ដែរ នៅពេល​ដែល​កូន​របស់​ខ្ញុំ​ធ្វើ​ដំណើរ​មក​ផ្ទះ​តាម​រថភ្លើង​ក្រោម​ដី​តែ​ម្នាក់​ឯង ឬ​ក៏​ពេល​គេ​ចេញ​ទៅ​ក្រៅ​ជា​មួយ​មិត្ត​ភក្តិ​ ខ្លាច​ថា​ មាន​គេ​បំពារបំពាន ​ឬ​ចំអក​ឡកឡើយឲ្យ​គាត់។ ប៉ុន្តែ​គាត់​មិន​ដែល​ប្រាប់​ខ្ញុំ​អំពី​រឿង​ទាំ​ងអស់​នេះ​ទេ ដូច្នេះ​ខ្ញុំ​សន្និដ្ឋាន​ថា គ្មាន​អ្វី​កើត​ឡើង​ចំពោះ​គាត់​ទេ។ នេះ​គឺ​ជា​ការ​ខ្លាច​តែ​មួយ​គត់​របស់​ខ្ញុំ។ តាម​ពិត​ ខ្ញុំ​មិនខ្វល់​អំ​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​នោះទេ»។​

ដូច​គ្នា​ដែរ​ Nadja Karlssson ​មគ្គុទេសក៍​ទេស​ចរណ៍​ដែល​បាន​ប្តូរ​ភេទ​លើក​ឡើង​ថា លោក​ក៏​មិន​បាន​ខ្វល់ខ្វាយ​ច្រើន​អំពី​ទស្សន:​យល់​ឃើញ​របស់​អ្នក​ដទៃ​មក​លើ​រូប​លោក​ដែរ ដោយ​លោក​អះអាង​ថា លោក​មាន​អារម្មណ៍​អស្ចារ្យ​ណាស់​ ដែល​បាន​ចេញ​មុខ​បង្ហាញ​ការណ៍​ពិត​នៃ​ជីវិត​របស់​លោក​នេះ៕​