សហ​មេធាវី​របស់​ឌុច​ប្តឹង​សារទុក្ខ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​ឌុច

កាំង ហ្គិចអ៊ាវ ហៅ ឌុច​អតីត​ប្រធាន​គុក​ទួលស្លែង​។

ភ្នំពេញ៖ សហ​មេធាវី​កម្ពុជា​របស់​ ឌុច ​ប្ដឹង​សារទុក្ខ​នៅ​ថ្ងៃ​នេះ​ ទៅ​កាន់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម ​ដោយ​ស្នើ​សុំ​ឲ្យ​តុលាការ​ធ្វើ​ការ​ដោះលែង​ ឌុច ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ ​ឌុច ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់គុក ​ចំនួន​៣៥​ឆ្នាំ ​កាល​ពី​ខែកក្កដា។

អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម ​លោក ​ឌឹម​ សុវណ្ណារុំ ​បាន​ឲ្យ​ដឹងថា​ សហ​មេធាវី​កម្ពុជា​ទាំង​ពីរ​រូប​របស់​អតីត​ប្រធាន​គុក​ទួលស្លែង​ កាំង ហ្គេកអ៊ាវ ​ហៅ​ ឌុច ​បាន​ប្ដឹង​សារ​ទុក្ខ​ទៅ​កាន់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ទទូច​ឲ្យ​តុលាការ​ធ្វើ​ការ​សម្រេច​ដោះលែង​កូនក្ដី​របស់​ផងខ្លួន​ឲ្យ​មាន​សេរីភាព​ឡើងវិញ ​ហើយ​ចាត់ទុក​ជា​មោឃៈ ​ចំពោះ​សាលក្រម​ដែល​ផ្ដន្ទា​ទោស​ ឌុច​ កាល​ពី​ជាង​បី​ខែ​មុន។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ផ្ដន្ទា​ទោស ​ឌុច ​កាល​ពី​ខែ​កក្កដា​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ ​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​ការ​ធ្វើ​ទារុណកម្ម ​និង​ការ​កាប់​សម្លាប់​អ្នក​ទោស​គុក​ទួលស្លែង​យ៉ាង​តិច​ចំនួន​១២.៣៨០​នាក់។

លោក​ ឌឹម សុវណ្ណារុំ ​បញ្ជាក់​ថា​ មេធាវី​ការពារ​ក្ដី ​ឌុច​ ស្នើ​ឲ្យ​ចាត់ទុក​ ឌុច​ គ្រាន់​តែ​ជា​សក្សី​សំខាន់​ម្នាក់​តែ​ប៉ុណ្ណោះ។

“នៅ​ក្នុង​ការប្ដឹង​ឧទ្ធរណ៍​របស់​គាត់​ ទីមួយ​គឺថា​ សុំចាត់​ទុកសាលក្រម​សំណុំរឿង ​០០១​ ជា​មោឃៈ ​និង​ដោះលែង​កាំង ហ្គេកអ៊ាវ ​ហៅ​ឌុច ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ ទី​ពីរ​សុំ​ឲ្យ​កំណត់​ថា​ ការ​ឃុំ​ខ្លួន​កាំង​ ហ្គិចអ៊ាវ ​ហៅ​ ឌុច​ ថា​ជាកិច្ចការ​ថែរក្សា​ការពារ​សាក្សី ​មាន​សក្ដានុពល​សម្រាប់​ចង្អុល​បង្ហាញ​ពី​មេដឹក​នាំ​ជាន់ខ្ពស់​ និង​អ្នកទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ទៅ​លើ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ ​ស២១ ​ហៅគុក​ទួលស្លែង"។

លោក​ កា សាវុធ ​សហ​មេធាវី​របស់​ ឌុច ​បាន​អះអាង​ថា ​ក្រុម​ការពារ​ក្ដី​របស់​លោក ​បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​ដាក់ទោស​ទៅ​លើ​កូនក្ដី​របស់​ខ្លួន​ ក៏​ប៉ុន្ដែ​លោក​បដិសេធ​ផ្ដល់​សេចក្ដីអត្ថាធិប្បាយ​លំអិត​លើ​ខ្លឹមសារ​នៃ​បណ្ដឹង​នោះ។

យោង​តាម​លោក​ ឌឹម សុវណ្ណរុំ​ ក្រុម​មេធាវី​ការពារ​ក្ដី​លើក​ឡើង​នៅ​ក្នុង​បណ្ដឹង​របស់​ខ្លួន​ថា ​ឌុច ​គ្រាន់​តែ​ជា​កម្មាភិបាល​ថ្នាក់​មូលដ្ឋាន​មួយ​រូប​មិនមែន​ជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ជួរ​បក្ស ​ឬ​នៅ​ក្នុង​ជួរ​រដ្ឋបាល​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ​មាន​កំហុស​នៅ​ក្នុង​យុត្តាធិការ​របស់​តុលាការ​ និង​មាន​ការ​ភ័ន្ដច្រឡំ​នៅ​ក្នុង​ការ​ផ្ដន្ទាទោស​ ឌុច។

កាល​ពី​ពេល​ថ្មីៗ​នេះ​ សហ​ព្រះរាជអាជ្ញា​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​នឹង​ការ​សម្រេច​ក្ដី​ក្នុង​ករណី ​ឌុច ​នេះ​ដែរ​ ដោយ​ចាត់ទុក​ថា ​ការ​ផ្ដន្ទាទោស​ឲ្យ​ ឌុច ​ជាប់​ពន្ធនាគារ​ត្រឹម​៣៥​ឆ្នាំ​ ដោយ មាន​ការ​បន្ធូរបន្ថយ​ទោស​មួយ​ចំនួន​ទៀត​នោះ ​គឺជា​ទោស​ដែល​មាន​កម្រិត​មិន​សមល្មម​ទៅ​នឹង​ទំហំ​ឧក្រិដ្ឋកម្ម​ដែល​ ឌុច​ បាន​ប្រព្រឹត្តិ​នោះ​ទេ។ សហ​ព្រះរាជ​អាជ្ញា​បាន​ស្នើ​ឲ្យ​តុលាការកំពូល​សម្រេច​ផ្ដន្ទា​ទោស​ ឌុច​ ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ ឬ​ជាប់​គុក​ត្រឹម​៤៥​ឆ្នាំ ​ដោយ​ពុំ​មាន​ការ​បន្ធូរបន្ថយ​ណា​មួយ​នោះ​ឡើយ។

ឌុច​ អាយុ ​៦៨ឆ្នាំ​ ត្រូវ​ចាប់​ខ្លួន​ដោយ​រដ្ឋាភិបាល​កាល​ពី​ខែឧសភា ​ឆ្នាំ​ ១៩៩៩​ និង​បន្ទាប់​មក​ ត្រូវ​ដាក់​ឲ្យស្ថិត​ក្រោមការឃុំឃាំង​ជា​បណ្ដោះ​អាសន្ន​របស់​សាលាក្ដី​ខ្មែរ​ក្រហម ​ក្រោម​បទ​ចោទ​ប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​និង​ឧក្រិដ្ឋកម្ម​នៃ​ការ​ធ្វើ​ទារុណកម្ម ​និង​ឧក្រិដ្ឋកម្ម​នៃ​ការ​ធ្វើ​មនុស្ស​ឃាត។

លោក​ ឌឹម សុវណ្ណរុំ ​មាន​ប្រសាសន៍​ថា ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ប្រហែល​ជា​ត្រូវការ​ពេលវេលា​ ប្រមាណ​ជា​៧​ទៅ​៨ខែ ​ដើម្បី​អាច​បើក​សវនាការ​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍​នានា​នៅ​ជុំវិញ​សំណុំ​រឿង​របស់ ​ឌុច ​ឬ​សំណុំ​រឿង​០០១​នេះ៕