ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា គ្រោងនឹងបោះឆ្នោតជ្រើសរើសបេក្ខជន១រូប ដែលមិនមែនជាសមាជិកព្រឹទ្ធសភានិងរដ្ឋសភា ឱ្យធ្វើជាអ្នកតំណាងរបស់ខ្លួននៅក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយនៅថ្ងៃអង្គារនេះ។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
បេក្ខជន ៦ រូបសម្រាប់តំណាងរដ្ឋសភានៅក្នុងក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ រួមមានលោក តុប សំ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទំនងនឹងបានទទួលការយល់ព្រមពីសមាជិករដ្ឋសភា។
បេក្ខជន ១០ រូប សម្រាប់តំណាងព្រឹទ្ធសភានៅក្នុងក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយរួមមាន លោក ប្រាក់ សុខ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទំនងនឹងបានទទួលការយល់ព្រមពីព្រឹទ្ធសភា។
បេក្ខជនទាំងនេះ បានដាក់ពាក្យសុំធ្វើជាសមាជិកក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ តាមរយៈការប្រកាសជ្រើសរើសជាសាធារណៈរបស់រដ្ឋសភា និងព្រឹទ្ធសភានៅក្នុងខែឧសភា។ ច្បាប់ប្រឆាំង អំពើពុករលួយ ដែលបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា នឹងត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រនៅក្នុងខែមេសា ហើយនឹងចូលជាធរមាននៅក្នុងខែវិច្ឆិកា។
ការជ្រើសរើសនេះ តម្រូវឱ្យបេក្ខជនមានសញ្ញាតិខ្មែរពីកំណើត សីលធម៌ល្អ និងកេរ្ត៏ឈ្មោះស្អាតស្អំ មិនមានទោសមជ្ឈឹម ឬ ឧក្រឹដ្ឋ ឬ មិនមានក្ស័យធន មានសញ្ញាបត្រ័ចាប់ពីឧត្តមសិក្សាឡើងទៅ មានបទពិសោធន៏ ១០ ឆ្នាំ និងមានអាយុ ៤៥ ឆ្នាំ។
សមាជិកក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយជ្រើសរើសថ្មីដែលតំណាង ព្រឹទ្ធសភា និងរដ្ឋសភា នឹងត្រូវបញ្ចូនទៅរដ្ឋាភិបាល ដើម្បីដាក់ចូលនៅក្នុងបញ្ចីរួមជាមួយតំណាងផ្សេងៗ មកពីព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋាភិបាល អាជ្ញាធរសវនកម្មជាតិ ក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា និងអធិការកិច្ច ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំងជាផ្លូវការ។
ក្រុមប្រឹក្សានេះមានភារកិច្ចកសាងយុទ្ធសាស្ត្រនិងនយោបាយប្រយុទ្ធប្រឆាំង អំពើពុករលួយ ពិគ្រោះយោបល់ និងផ្តល់អនុសាសន៏ដល់អង្គភាពប្រឆាំងអំពើពុករលួយជាប់ពាក់ព័ន្ធនឹង ការងារប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ឃ្លាំមើលដំណើរការការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ និងធ្វើរបាយការណ៏ប្រចាំឆមាស និងប្រចាំឆ្នាំជូនលោកនាយករដ្ឋមន្ត្រី។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភាខាងគណបក្ស ប្រជាជន កម្ពុជាបានថ្លែងថា បេក្ខជនទាំង៦រូបនេះសុទ្ធតែមានសមត្ថភាពភាពស្អាតស្អំ ប្រវត្តិរូបល្អ បទពិសោធន៏គ្រប់គ្រាន់ និងជីវភាពសមរម្យ ប៉ុន្តែយើងត្រូវការជ្រើសរើសយកបេក្ខជនឆ្នើមជាងគេ១រូប ក្នុងចំណោមបេក្ខជន៦រូប។
"ខ្ញុំមើលឃើញឯកឧត្តម ប៉ុក សំ មានបរិញ្ញាបត្រ័ផ្នែកច្បាប់ពាណិជ្ជកម្ម និងបទពិសោធន៏របស់គាត់ អាចយកជាការបានសម្រាប់ចូលជាសមាជិកនៃក្រុមប្រឹក្សាប្រឆាំងអំពើ ពុករលួយបាន។ ខ្ញុំមានការជឿជាក់ជាងគេ ថាគាត់ជាបុគ្គលដែលមានសមត្ថភាព លទ្ធភាពស្អាតស្អំ ប្រវត្តិរូបល្អ និងជីវភាពរស់នៅសមរម្យ។ ក្នុងចំណោមអ្នកល្អទាំងអស់នោះ យើងរកអ្នកណាម្នាក់ដែលឆ្អើតជាងគេតែប៉ុណ្ណឹងទេ"។
ក្រុមមន្ត្រីព្រឹទ្ធសភានិងរដ្ឋសភា បានបញ្ចាក់ថា ច្បាប់ប្រឆាំងអំពើពុករលួយបានតម្រូវឱ្យព្រឹទ្ធសភា និងរដ្ឋសភាជ្រើសរើសឥស្សរជន១រូបរៀងៗខ្លួន ដើម្បីធ្វើជាអ្នកតំណាងនៅក្នុងក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ។
មន្ត្រីទាំងនេះ បានបន្តថា ឥស្សរជននេះមិនកំណត់ថាជាសមាជិកព្រឹទ្ធសភានិងរដ្ឋសភាទេ។ ប៉ុន្តែ មនុស្សណាក៏ដោយដែលព្រឹទ្ធសភានិងរដ្ឋសភាសម្តែងការជឿទុកចិត្ត នឹងបានក្លាយទៅជាសមាជិកក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ៕