នៅថ្ងៃអង្គារនេះ តំណាងជាន់ខ្ពស់មូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ (Konrad Adenauer) បានជំរុញរដ្ឋសភាកម្ពុជា ឱ្យមានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការបង្កើតគោលនយោបាយ ដើម្បីលើកកម្ពស់សហគមន៍សន្តិសុខនយោបាយនៅក្នុងតំបន់តាមរយៈក្របខ័ណ្ឌអន្តរសភាអាស៊ាន។
សមាជិករដ្ឋសភា ព្រឹទ្ធសភា និងអ្នកសារព័ត៌មានប្រមាណ ១០០នាក់ បានចូលរួមនៅក្នុងការពិភាក្សាតុមូលស្តីពីតួនាទីសភាកម្ពុជាក្នុងក្របខ័ណ្ឌអន្តរសភាអាស៊ាន ដើម្បីលើកកម្ពស់សហគមន៍សន្តិសុខនយោបាយ នៅក្នុងតំបន់អាស៊ាននៅរដ្ឋសភា គាំទ្រដោយមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ របស់ប្រទេសអាល្លឺម៉ង់។
លោក ដេនីស ស្រៃយ៍ (Denis Schrey) តំណាងមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំកម្ពុជា បានថ្លែងនៅក្នុងការពិភាក្សាតុមូលស្តីពីតួនាទីសភាកម្ពុជា នៅរដ្ឋសភាថា សភាកម្ពុជាត្រូវមានតួនាទីសំខាន់ក្នុងការកំណត់គោលនយោបាយលើវិស័យនយោបាយ និងសន្តិសុខ នៅពេលដែលប្រទេសកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១១នេះ។
សភាកម្ពុជានឹងមានតួនាទីកាន់តែសំខាន់ ដើម្បីដាក់ចេញនូវរបៀបវារៈនៅក្នុងវិស័យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងនយោបាយ។
លោក ឈិត គឹមយាត សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងការពិភាក្សាតុមូលនៅរដ្ឋសភានេះថា សភាកម្ពុជាមានតួនាទីសំខាន់ណាស់ក្នុងការថែរក្សាស្ថេរភាព នយោបាយ និងសន្តិសុខ គឺជាការរួមវិភាគទានយ៉ាងសំខាន់ដល់ដំណើរការអភិវឌ្ឍនៅក្នុងសហគមន៍អាស៊ាន។
លោក ឈិត គឹមយាត បានបញ្ជាក់ថាសភាកម្ពុជា នឹងជំរុញអគ្គលេខាធិកាអន្តរសភាអាស៊ាន ឲ្យបង្កើតក្រុមអ្នកជំនាញឯកទេស ដើម្បីជួយដល់អន្តរសភាអាស៊ាន ជំរុញការបង្កើតគណៈកម្មាធិការត្រួតពិនិត្យដ៏សកម្ម ដើម្បីត្រួតពិនិត្យលើការអនុវត្តសេចក្តីសម្រេចនានាដែលអន្តរសភាអាស៊ានបានអនុម័ត ស្វែងរកជំនួយពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីលើកកម្ពស់លេខាធិការដ្ឋានអន្តរសភាអាស៊ាន និងជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ហើយគាំទ្រគោលនយោបាយសកម្មភាពនៃការអភិវឌ្ឍរបស់រដ្ឋាភិបាល។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្សី បានថ្លែងថា សភាកម្ពុជាត្រូវតែពង្រឹងតួនាទីសភារបស់ខ្លួនឱ្យមានភាពឯករាជ្យពីអំណាចរដ្ឋាភិបាល ដើម្បីចូលរួមលើកកម្ពស់សហគមន៍សន្តិសុខនយោបាយ នៅក្នុងតំបន់អាស៊ានតាមរយៈក្របខ័ណ្ឌអន្តរសភាអាស៊ាន។
សភាប្រទេសកម្ពុជាត្រូវតែរឹងមាំ ហើយការរឹងមាំនេះគឺតួនាទីឯករាជ្យពីអំណាចរបស់រដ្ឋាភិបាល ហើយមានតួនាទីត្រួតមើលការងាររបស់រដ្ឋាភិបាល។ នេះដែលជាការងារមួយដែលយើងមិនទាន់ធ្វើបាន។ មកដល់សព្វថ្ងៃនេះ ការងាររបស់សភាច្រើនតែធ្វើអ្វីដែលរដ្ឋាភិបាលចង់បាន។
លោក ញ៉ែម ប៉ុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស បានថ្លែងថា តួនាទីសភាកម្ពុជានៅមានភាពយឺតយ៉ាវសម្រាប់លើកកម្ពស់សហគមន៍សន្តិសុខនយោបាយនៅក្នុងតំបន់អាស៊ាន។ តួនាទីសភាកម្ពុជាសំខាន់បំផុត ដែលត្រូវមាន គឺការរៀបចំចងក្រងធម្មនុញ្ញសភាអាស៊ាន និងអំណាចសភាអាស៊ានពិតប្រាកដ។
«យើងឃើញមានកង្វះខាតខាងនយោបាយឯករាជ្យយ៉ាងពិតប្រាដករបស់សភាយើង។ សភាកម្ពុជាគ្រប់គ្រងដោយគណបក្សតែមួយ ដោយគណបក្សកាន់អំណាចតែមួយ។ ទាំងអស់នេះបាត់បង់អស់នូវតុល្យភាព។ យើងយល់ឃើញថាវាពិបាកមែនទែន ពីព្រោះគណបក្សសំឡេងភាគតិចជូនជាយោបល់ ឬ អនុសាសន៍ទៅលោក (គណបក្សសំឡេងភាគច្រើន) ពុំយកចិត្តទុកដាក់ ឬ ពុំបើកឱកាសឱ្យយើងផ្តល់មតិយោបល់ ឬ អនុសាសន៍បានពេញលេញនៅឡើយទេ»។
លោក ឈាង វណ្ណារិទ្ធិ នាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជា ដើម្បីសហប្រតិបត្តិការ និងសន្តិភាព បានថ្លែងថា សភាបានចេញនូវសេចក្តីសម្រេចផ្សេងៗ ប៉ុន្តែខ្វះការអនុវត្ត។
សភាកម្ពុជាយើងមានតួនាទីមួយគឺជំរុញការអនុវត្តរាល់សេចក្តីសម្រេចទាំងឡាយរបស់អាយប៉ា AIPA - អន្តរសភាអាស៊ាន) តែម្តងជាពិសេសទាក់ទងនឹងនយោបាយ និងសន្តិសុខ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា ការពិភាក្សាតុមូលសភានេះ បង្កើនការយល់ដឹងអំពីតួនាទីសភាកម្ពុជា និងការចូលរួមចំណែកដ៏សំខាន់របស់សភាកម្ពុជាក្នុងក្របខ័ណ្ឌអន្តរសភាអាស៊ាន ដើម្បីរួមគ្នាធ្វើឱ្យសម្រេចដល់គោលដៅនៃការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ខាងមុខនេះ៕