លោក ប៉ុក ថន អ្នក​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​កម្ពុជា​និង​មេដឹកនាំ​សហគមន៍​​ខ្មែរអាមេរិកាំង​ដ៏​ឆ្នើម​មួយ​រូប​ ទទួល​មរណភាព​ដោយ​សារ​ជំងឺ​កូវីដ១៩

រូបឯកសារ៖ លោក ប៉ុក ថន រួមជាមួយអ្នកធ្វើការនិងមិត្តភក្តិ បានចូលរួមក្នុងកម្មវិធីបើកសម្ពោធជួសជុលការដ្ឋានអគារមួយរបស់អង្គការ UCC ។ (រូបថតផ្តល់ឲ្យ)

ទីក្រុង Charlotte រដ្ឋ North Carolina — អតីត​មន្ត្រីខ្មែរ​និង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់គឺ​លោក ​ប៉ុក ថន ​បាន​ទទួល​មរណភាព​ ដោយសារ​ជំងឺ​កូវីដ១៩ ក្រោយពី​បានធ្វើ​តេស្តវិជ្ជមាន​ជិត១ខែ។ ការស្លាប់​របស់​លោក​ ប៉ុក ថន ​បានធ្វើ​ឲ្យ​ក្រុមគ្រួសារ​និង​មិត្តភក្តិ អាឡោះអាល័យ​ សោក​ស្តាយ​និង​ចងចាំ​ពី​កេរដំណែល​របស់​លោក ​ដែលបាន​តស៊ូ​ដើម្បី​ជួយ​សហគមន៍​ខ្មែរនៅសហរដ្ឋអាមេរិក ​និង​កម្ពុជា។

សព​លោក ​ប៉ុក ថន​ ត្រូវគេ​តម្កល់​ទុកនៅ​ក្នុង​ឈាបនដ្ឋាន​មួយ​ក្នុង​ទីក្រុង ​Houston ​រដ្ឋ Texas​ក្រោយពី​ជំងឺ​កូវីដ១៩​ បាន​ឆក់​យក​ជីវិត​លោក។ លោកគឺ​ជា​មេដឹកនាំ​សហគមន៍​ខ្មែរអាមេរិកាំង​ម្នាក់ ដែលបាន​លះបង់​កម្លាំង​កាយចិត្ត ដើម្បី​ជួយ​សហគមន៍​ខ្មែរ​និង​សហគមន៍​ជនជាតិ​ផ្សេងៗ​មួយ​ចំនួន ​នៅ​សហរដ្ឋ​អាមេរិក​និង​ការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា។

យោងតាម​ឯកសារ​នៅសហរដ្ឋ​អាមេរិក ​លោក ​ប៉ុក ថន​ អាយុ​ ៧៧ ឆ្នាំ​ (អាយុ ៨១ ឆ្នាំ បេីតាមការអះអាងរបស់គ្រួសារ) ដែលមាន​ស្រុក​កំណើត​នៅស្រុក​ទ្រាំង ​ខេត្ត​តាកែវ​ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​ ២៨ ​ខែកុម្ភៈ ​ឆ្នាំ ២០២១​ នេះ ​ក្នុងមន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​ Houston ​រដ្ឋ Texas សហរដ្ឋ​អាមេរិក​ ក្រោយ​ពេល​លោក​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩​ កាលពី​ចុងខែ​មករា ​ហើយ​បាន​ធ្លាក់ខ្លួន​ឈឺនិង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ភរិយា​ ក្រុមគ្រួសារ​និង​មិត្តភក្តិ។

ភរិយា​លោក​ប៉ុក ថន​ គឺ​អ្នកស្រី​ ប៉ុក ណណ្តា​ និង​ក្រុមគ្រួសារ​កូនចៅ​ទាំង ​៨ ​នាក់​ បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ទាំងអស់​ លើកលែង​តែ​កូន​ប្រុស​ម្នាក់។​ បច្ចុប្បន្ន​ អ្នក​ទាំងអស់​កំពុង​ធ្វើ​ចត្តាឡីស័ក​ ដើម្បី​ព្យាបាល​ជំងឺ​នេះ​ ដោយ​ស្ថានភាព​ធូរស្រាល​បន្តិច​ម្តងៗ។ លោកស្រី​អះអាង​ថា​ នៅពេល​លោកស្រី​ពិនិត្យ​ឃើញ​ថា​បាន​ជា​ពី​កូវីដ១៩​ លោកស្រី​នឹង​រៀបចំ​ពិធីបុណ្យ​សព​តាម​ប្រពៃណី​និង​ធំទូលំ​ទូលាយ​ បើ​អាជ្ញាធរ​អនុញ្ញត។

មិត្តភក្តិ​និង​ក្រុមគ្រួសារ​បាន​ចាត់​ទុកថា​ មរណភាព​លោក ​ប៉ុក ថន ​បាន​បន្សល់​ទុក​នូវ​មរតក​និង​គំរូ​ជាច្រើន​ដល់​អ្នក​ជំនាន់​ក្រោយ​។

«គឺថា​ ជីវិត​គាត់​គាត់​តស៊ូ​ណាស់ ​ដើម្បី​ឲ្យ​ឃើញ​ថា ​ខ្មែរ​ចេះ​គិត​ពីខ្មែរ ​ខ្មែរមាន​រចនាបទ​ជាអ្វី​ ហើយ​មាន​សេវា​ខា​ង​រាំ ខាង​រៀន​អក្សរ​ខ្មែរ»។

លោក​ ​ប៉ុក ថន បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ កាល​ពីឆ្នាំ​ ១៩៧២ ​ក្នុងនាម​ជា​និស្សិត​អាហារូបករណ៍​ ហើយ​បាន​រៀនសូត្រ​ទទួលបាន​សញ្ញាបត្រ​ផ្នែក​អប់រំ​វិទ្យាសាស្ត្រ​ និង​ ដែលធ្វើ​កិច្ចការ​ជួយជន​ភៀសខ្លួន​ខ្មែរ​និង​ជាតិ​សាសន៍​ចំនួន​ ១៦ ​ផ្សេងៗ​ទៀត ​តាម​រយៈការបង្កើត​អង្គការ​សហគមន៍​ខ្មែរ (UCC)​កាលពី​ទសវត្សរ៍​ ១៩៧០ ​នៅក្នុង​ទីក្រុង​ Long Beach​ រដ្ឋកាលីហ្វ័រញ៉ា។ អង្គការនេះមាន​សាខាក្នុងទីក្រុង​ផ្សេងៗ​ទៀត​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា ដែល​ឋ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​បំផុត​មួយ​ក្នុង​សហរដ្ឋ​អាមេរិក។

លោកស្រី​ ប៉ុក ណណ្តា ​បាន​រៀបរាប់​ពី​ប្រវត្តិ​ការងារ​លោក ​ប៉ុក ថន​ ប្រាប់​វីអូអេ​ថា៖

«បន្ទាប់​មក គាត់​បាន​បង្កើត​សហគមន៍​ខ្មែរហ្នឹង។​ គាត់យល់ថា ​ខ្មែរ​ជន​ភៀសខ្លួន​ដែលបាន​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហ្នឹង​ ជាពិសេស​ទីក្រុង ​Long Beach ហ្នឹង​ ត្រូវការ​ជំនួយ​ខ្លាំង ដោយសារ​យើង​ចេញមក​ពី​ប្រទេស​យើង​ដោយ​បាតដៃ​ទទេ​ ហើយមក​រស់នៅ​ស្រុកគេ​មិន​ចេះភាសា ​មិនស្គាល់​ច្បាប់​ទម្លាប់​គេអីចឹង​ យើង​ត្រូវការ​ជំនួយ​ពី​ខ្មែរ​ ដែល​បាន​មករស់​នៅមុន»។

រូបឯកសារ៖ លោក ប៉ុក ថន និងភរិយាគឺអ្នកស្រី ប៉ុក ណណ្តា ថតរូបជាមួយគ្នានៅប្រទេសកម្ពុជា កាលពីឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

លោកស្រី​ ណណ្តា​ បាន​ថ្លែង​ទាំង​ទឹកភ្នែក​នៅពេល​រៀបរាប់​ពីការ​លះបង់​របស់​ស្វាមី​របស់​លោក​ស្រី​ ចំពោះ​កិច្ចការ​មនុស្សធម៌​ទាំង​នៅ​សហរដ្ឋ​អាមេរិក​ និង​ការគិតគូរ​ពី​ប្រទេស​កម្ពុជា ថា៖

«គឺថា​ ជីវិត​គាត់​គាត់​តស៊ូ​ណាស់ ​ដើម្បី​ឲ្យ​ឃើញ​ថា ​ខ្មែរ​ចេះ​គិត​ពីខ្មែរ ​ខ្មែរមាន​រចនាបទ​ជាអ្វី​ ហើយ​មាន​សេវា​ខា​ង​រាំ ខាង​រៀន​អក្សរ​ខ្មែរ»។

អង្គការ​សហគមន៍​ខ្មែរ​បាន​ជួយ​ជន​ភៀសដែល​មក​ថ្មីៗ​លើ​ផ្នែក​សេវាកម្មភាសា​ ផ្ទះសម្បែង​សមរម្យ​ធូរថ្លៃ​ វប្បធម៌​ និងផ្នែក​សុខមាលភាព​សង្គម។ មិនតែ​ប៉ុណ្ណោះ​អង្គការ​នេះ​បាន​ធ្វើការ​ប្រមូល​ធនធាន​ ដោយ​មាន​ការចូលរួមគ្នា​ជាមួយ​មិត្តភក្តិ​របស់​លោក ​ប៉ុក ថន ​កសាង​អគារ​មាន​រចនា​បទខ្មែរ​នៅទីក្រុង​ Long Beach។ លោក​បាន​ចាកចេញ​ទៅកម្ពុជា​ ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​និងជួយ​ដល់​កម្ពុជា​លើ​វិស័យ​កែទម្រង់​វិស័យអប់រំ​ជាច្រើន​ឆ្នាំ​ ចាប់តាំង​ពីឆ្នាំ​ ១៩៩២ ​ដល់ឆ្នាំ ​២០០៨ ​ក្នុងឋានៈ​ជារដ្ឋ​មន្ត្រី​ស្តីទី​និង​រដ្ឋលេខាធិការ​ក្រសួង​អប់រំ មកពី​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ។

លោកស្រី​ ណណ្តា​ បាន​ថ្លែង​បន្តថា​ គណ:ប្រតិភូ​ដឹកនាំ​ដោយ​លោក ​ប៉ុក ថន ​ដែលមាន​ជនបរទេស​និង​ខ្មែរ​ នៅ​រដ្ឋ​មួយ​ចំនួន​ពីសហរដ្ឋអាមេរិក បាន​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​លើក​ដំបូង​ នៅ​ចុង​ឆ្នាំ​ ១៩៩១​ គឺ​តែ​មួយ​ខែ​ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ថ្ងៃទី ២៣ ​ខែតុលា ​ឆ្នាំ ១៩៩១​ ដែល​ជា​ព្រឹត្តិការណ៍​បញ្ចប់​សង្គ្រាម​ស៊ីវិល​រវាង​ភាគី​ខ្មែរ​នានា។ បន្ទាប់មក លោក​ក៏​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា ​នៅឆ្នាំ​ ១៩៩២។

លោកស្រី ​ប៉ុក ណណ្តា​ ចាត់ទុក​ថា ​ដំណើរ​មាតុភូមិ​និវត្តន៍​គឺពិតជា​មាន​សារៈសំខាន់​ដល់​ជីវិត​របស់​លោក ​ប៉ុក ថន ​និង​លោកស្រី​ផ្ទាល់។

«ពេលនោះ​ហើយដែលខ្ញុំ​ហើយ​និង​គាត់​បាន​សម្រេច​ចិត្តថា​ យើងត្រូវ​ត្រឡប់​ទៅ​ស្រុក​កំណើត​យើងវិញ​ ដើម្បី​យើង​ចូលរួម​ស្ថាបនា​ក្នុងការ​រៀបចំ​ប្រទេស​យើងវិញ។ យើង​ក៏សម្រេច​ចិត្តត្រឡប់​ទៅរស់នៅ​ប្រទេស​កម្ពុជា​វិញ​នៅឆ្នាំ​ ១៩៩២»។

សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​កម្ពុជា​បានចងចាំ​ជាច្រើន​ពី​ការលះបង់​របស់​អតីត​មេដឹកនាំ​សហគមន៍​រូប​នេះ។

ដោយ​បានស្គាល់​លោក​ ប៉ុក ថន​ តាំងពី​ឆ្នាំ ១៩៩៦​ លោកស្រី​ ថារី អ៊ុង ​ខ្មែរ​អាមេរិកាំង​រស់នៅ​ជាយក្រុង​ Long Beach​ បាន​នឹកចាំ​ពីមរតក​របស់​លោក​ ប៉ុក ថន​។

រូបឯកសារ៖ លោក ប៉ុក ថន ថតរូបជាមួយកូនទាំង៥ របស់លោក នៅរដ្ឋ California ។ (រូបថតផ្តល់ឲ្យ)

លោកស្រីថា លោក ​ប៉ុក ថន បាន​បង្កើត​អង្គការ​ UCC​ និង​សេវាកម្ម​ជាច្រើន​ ជាមួយនឹង​ការពង្រីក​សេវាកម្ម​នេះ​ទូលំ​ទូលាយ​នៅក្នុង​ទីក្រុង ៤ ​ទិញ​អាគារ​ដ៏ធំមួយ​សម្រាប់​ខ្មែរ​ ហើយ​និង​ការរួម​ចំណែក​ក្នុង​ប្រទេស​កម្ពុជា​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ ដែល​អង្គការ​នោះ​បានផ្តោត​លើ​លទ្ធិ​ប្រជាធិបតេយ្យ​អភិបាលកិច្ចល្អ ​និង​អំពើ​ពុករលួយ​ជាដើម​ ក្រៅពី​ពង្រីក​សាខា​ UCC ​ដល់​កន្លែង​អតីត​ខ្មែរក្រហម​ផ្តាច់ខ្លួន​ភ្នំវល្លិ៍​ នៅ​ខេត្ត​កំពត។

លោកស្រី​ ថារី អ៊ុង​ បាន​បន្ថែម​ថា៖ «កម្មវិធី​នេះ​ទទួល​បាន​ទទួល​ការ​កោត​សរសើរ​យ៉ាងខ្លាំង​ ពី​រាជ​រដ្ឋាភិបាលកម្ពុជា​និងម្ចាស់​ជំនួយ»។

លោកស្រី​បាន​អះអាង​ស្រដៀង​គ្នានឹង​មិត្តភក្តិ​និងក្រុម​គ្រួសារ​ដែរថា​ កម្មវិធី​នោះ​មាន​ដូចជា​ជួសជុល​ម៉ូតូ​ ចិញ្ចឹម​សត្វ ​ជួសជុល​ម៉ាស៊ីន​កង់​ ​នៅ​តំបន់​អតីត​យោធា​ខ្មែរក្រហម ​និង​ការផ្តល់​ថវិកា​សម្រាប់​ជាទុន​ដល់អ្នក​រៀន​ជំនាញ​ផ្សេងៗ​ផងដែរ។

លោក ​ប៉ុក ថន​ ជាកូន​កំព្រា​ដែល​សមាជិក​គ្រួសារ​ជាច្រើន​របស់​លោក​ត្រូវ​ខ្មែរក្រហម​សម្លាប់​។ ប៉ុន្តែ​លោក​មិន​បារម្ភ​ពី​គ្រោះថ្នាក់​ដល់​ខ្លួន​លោក​ទេ នៅពេល​ដែល​លោក​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​ បើទោះបីជា​ស្ថានភាព​សន្តិសុខ​នៅ​មិនទាន់​ល្អ​ ដោយសារ​សង្គ្រាម​មិនទាន់​ចប់​ទាំងស្រុងក៏ដោយ។ នេះ​បើ​តាម​ការរៀបរាប់​របស់​លោក​ Bryant Sokphanarith Ben​ រស់នៅ​ទីក្រុង ​Long Beach រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ជា​ក្មួយ​របស់​លោក ប៉ុក ថន ​និង​ធ្លាប់​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​លោក​ ប៉ុក ថន ​ពី​គ្រោះថ្នាក់​នៃ​ការវិល​ចូល​កម្ពុជា។

«... គាត់ជា​ខ្មែរមែន គាត់ធ្វើនេះ​សម្រាប់​ប្រយោជន៍​ខ្មែរមួយ​ចំនួនធំ​ ជាមួយ​ក្រុមគាត់ ​ខ្ញុំមិន​និយាយ​ថា​ គាត់​ម្នាក់​ឯងទេ​ ហើយ​និង​ជនភៀស​ខ្លួនទាំង​អស់»

លោក​ Bryant Sokphanarith Ben​ បាន​បន្ថែម​ថា៖ «គាត់​និយាយ​ពន្យល់​ខ្ញុំវិញ​ គាត់ថា ​ជីវិត​មនុស្ស​យើងពី​អាយុ ១ ​ឆ្នាំ​ទៅ ២៥ ឆ្នាំ​។ គាត់​បាន​រដ្ឋាភិបាល​ចេញ​លុយ​ឲ្យ​គាត់​រៀន​សូត្រ​ បាន​មកដល់​បច្ចុប្បន្ន​ ដូច្នេះ​ឥឡូវ​គាត់​អាយុ​ ៥០ ​ហើយ​ បើគាត់​មិន​ទៅជួយស្រុកទេ ​បើគាត់មិនទៅជួយ​វិញទេ​ មុខ​ជំនាញ​របស់​គាត់​ខាង​សិក្សាធិការ​ មិនដឹង​មាន​ពេលណា​ទេ​ ដែលគាត់​អាច​ទៅជួយ​វិញ​ សូម្បី​តែគាត់​ទៅវិញ​ហ្នឹង​ គាត់​ចាប់​ផ្តើម​ពី​សូន្យ​ម្តងទៀត​ហើយ។ តែគាត់​ថា បើ​គាត់​មិន​ធ្វើពេល​ហ្នឹងទេ​ មិនដឹង​ពេលណា​ទេ»។

លោក​បាន​អះអាង​ថា លោក​ ប៉ុក ថន​ ជានិស្សិត​រៀនពូកែ​និង​ប្រឹងប្រែង​រហូត​បាន​អាហារូបករណ៍​មករៀន​នៅសហរដ្ឋ​អាមេរិក​ មុន​កម្ពុជា​ធ្លាក់ចូល​ក្នុង​របប​វាលពិឃាត​ខ្មែរក្រហម​នៅឆ្នាំ​១ ៩៧៥។

«គាត់​ខំប្រឹង​រៀន​មក​ដល់​ស្រុក​អាមេរិក​មាន​សញ្ញាបត្រ​អនុបណ្ឌិត​ ២ ទៅ​ ៣ ​បានធ្វើ​កិច្ចការ​មួយចំនួន​ធំ​ ដូច្នេះ​គាត់​យល់ថា​ គាត់មាន​តែ​ចំណេះវិជ្ជា​ ដែលធ្វើ​ឲ្យមនុស្ស​យើង​មើល​ឃើញ​ខ្ពស់​ ដូចជាស្លាប ​គឺថា​មើលឃើញ​ខ្ពស់ ហើរ​បានឆ្ងាយ​អាហ្នឹង​ជាលក្ខណ:​ចរឹត​របស់គាត់។ ហើយ​ច្រើនណាស់​ដែលគាត់​បានធ្វើ​សម្រាប់​ប្រយោជន៍​សម្រាប់​មនុស្ស​ ហើយរឿង​មួយ​ដែល​គាត់​ធ្វើនេះ ​ដូចខ្ញុំ​បញ្ជាក់​ម្តងទៀត​ គាត់ជា​ខ្មែរមែន គាត់ធ្វើនេះ​សម្រាប់​ប្រយោជន៍​ខ្មែរមួយ​ចំនួនធំ​ ជាមួយ​ក្រុមគាត់ ​ខ្ញុំមិន​និយាយ​ថា​ គាត់​ម្នាក់​ឯងទេ​ ហើយ​និង​ជនភៀស​ខ្លួនទាំង​អស់»។

រូបឯកសារ៖ លោក ប៉ុក ថន សម្រាកព្យាបាលជំងឺកូវីដ១៩ ក្នុងមន្ទីរពេទ្យមួយកន្លែង នៅទីក្រុង Houston រដ្ឋ Texas មុនលោកបានទទួលមរណភាព។ (រូបថតផ្តល់ឲ្យ)

លោក ប៉ុក​ ថន​ ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ខាង​ផ្នែក​អប់រំ​ ពី​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​ភាគខាងត្បូង (USC)​ ក្នុង​ឆ្នាំ​ ១៩៧៥ ​និងអនុបណ្ឌិត​ខាង​សុខមាលភាព​សង្គម​ ពី​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​ក្រុង​ Los Angeles (UCLA) ​ក្នុង​ឆ្នាំ​ ១៩៨០។

មិត្តភក្តិ​និង​ជា​សមាជិក​ក្រុម​ស្ថាបនិក​អង្គការ​ UCC​ ហើយ​ក្រោយមក​បានក្លាយ​ជាប្រធាន​អង្គការ​ UCC ​គឺលោក ស ស៊ីថន ​បាន​អះអាងថា ​លោក​និង​លោក ​ប៉ុក ថន ​បាន​ចាប់ផ្តើម​ធ្វើការងារ​ជាមួយគ្នា​តាំងពី​ឆ្នាំ ១៩៧៦​ ដោយ​រួមគ្នា​បង្កើត​អង្គការ​សហគមន៍​ខ្មែរ​ កាលពី​ឆ្នាំ ១៩៧៧។ លោក​ថា​ លោកមាន​ការគោរព​ស្រឡាញ់​លោក ប៉ុក ថន​ ពី​សមត្ថភាព​និង ​ភាព​ហ្មត់ចត់​នឹង​ការងារ​និងការ​លះបង់​របស់​លោក​ ក្នុងការ​បម្រើ​សហគមន៍​ទាំង​នៅសហរដ្ឋ​អាមេរិក​និង​នៅប្រទេសកម្ពុជា​។

លោក​ស ស៊ីថន សោកស្តាយ​ដែល​បាត់បង់​អតីត​សហការី​និង​ជាមិត្តភក្តិ។

«អាហ្នឹង​ហើយ​ ដែល​គាត់​លះបង់​ទៅស្រុក​ខ្មែរហ្នឹង ​ខ្ញុំឃើញ​បាទ។ គាត់​ទៅជួយ​កាន់​ខាង​ក្រសួង​អប់រំ​អីហ្នឹង​ ជាផល​ប្រយោជន៍​មួយ​ធំណាស់​ យើង​ស្តាយ​រឿងហ្នឹង​បាទ»។

លោក ​ស ស៊ីថន​ ចាត់ទុក​ថា នេះ​ជាការ​បាត់បង់​ធនធាន​មនុស្ស​ដែលមាន​សមត្ថភាព​សម្រាប់​ខ្មែរ​និង​ជា​មន្ត្រី​ល្អ​ ហ៊ាន​តស៊ូលះបង់​គ្រប់បែប​យ៉ាង​ និង​ជា​សាស្ត្រាចារ្យ​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ម្នាក់។

បើតាម​ក្រុមគ្រួសារ​និងញាតិមិត្ត ​បានឲ្យ​ដឹងថា​ សពលោក ​ប៉ុក ថន ​បានធ្វើ​ពិធីបុណ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ តាមលក្ខណ:​ជាការ​ជួបជុំ​ទ្រង់ទ្រាយ​តូច​ទាំងថ្ងៃ​ស្លាប់ ​និង​បុណ្យ​ ៧ ​ថ្ងៃ​ ដោយសារ​វិធានការ​រដ្ឋាភិបាល​ខ្លាចមាន​ការឆ្លង​រាតត្បាត។

ប៉ុន្តែសម្រាប់​ពិធីបុណ្យ ​១០០ ថ្ងៃ​ ក្រុមគ្រួសារ​នឹង​ជូនដំណឹង​ពី​គម្រោង​ធ្វើ​ពិធី​បុណ្យ​ធំ នៅ​សហរដ្ឋ​អាមរិក ប្រសិន​បើ​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ មានភាព​ធូរស្រាល ​ហើយ​វិធានការ​របស់​រដ្ឋាភិបាល​និង​រដ្ឋ​មិនមាន​ការរឹតបន្តឹង៕