ឡាវ​ប្តេជ្ញា​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​​ទំនប់​៤​ទៀត​លើ​ទន្លេ​មេគង្គ​ចំ​ពេល​មាន​គ្រោះ​រាំងស្ងួត

រូបឯកសារ​៖ ទង់ពណ៌​លឿងមួយ​ត្រូវ​បាន​ដោត​នៅ​ក្នុង​ទន្លេ​មេគង្គ ដើម្បី​ជា​សញ្ញា​បង្ហាញ​ពី​ទីតាំង​សម្រាប់​សាងសង់​ទំនប់​ Luang Prabang នៅ​ក្បែរ​​ភូមិ Houaygno ប្រទេស​ឡាវ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទេស​ឡាវ​កំពុង​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​នឹង​ទំនប់​ចំនួន​៤ ​នៅ​លើ​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ដ៏​កងរំពង​ជាច្រើន​ និង​មាន​ជំពាក់​បំណុល​ធនាគារ​រដ្ឋ​ចិន​កាន់​តែ​ច្រើន​ឡើងៗ​ក្តី។ ​ការណ៍​នេះ​ធ្វើ​ឱ្យ​ឡាវ​បាត់បង់​ការ​គ្រប់គ្រង​លើ​បណ្តាញ​អគ្គិសនី​របស់​ខ្លួន​ ហើយ​ចិន​ជា​អ្នក​គ្រប់គ្រង​ជំនួស​វិញ។

អស់​រយៈពេល​ជិត​២​ទសវត្សរ៍​មក​ហើយ អ្នក​វិទ្យាសាស្ត្រ និង​សកម្មជន​បរិស្ថាន​បាន​និយាយ​ថា ការ​អភិវឌ្ឍ​ទំនប់​ធំៗ​របស់​ឡាវ​អាច​នឹង​ធ្វើ​ឱ្យខូច​ដោយ​មិន​អាច​កែខៃ​ឡើង​វិញ​បាន​ដល់​ទិន្នផល​ត្រី រួម​ទាំង​ថនិកសត្វ​ជិត​ផុត​ពូជ​ជាច្រើន​ដូចជា​ត្រី​ផ្សោត​ Irrawaddy និង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​ការ​ក្ស័យធន។

អនុ​រដ្ឋ​មន្ត្រី​ថាមពល និង​រ៉ែ លោក Sinava Souphanouvong ថ្មីៗ​នេះ​បាន​ថ្លែង​ថា ឡាវ​អាច​នឹង​សាងសង់​ទំនប់​ចំនួន​ ១០០ នៅ​ទូទាំង​ប្រទេស​នៅ​ត្រឹម​ឆ្នាំ២០៣០ ដោយ​បាន​បន្ថែម​ថា ទំនប់​ចំនួន ៧៨ ត្រូវ​បាន​ដាក់​ឱ្យដំណើរ​ការ​រួចរាល់​ហើយ និង​មាន​សមត្ថភាព​ផលិត​អគ្គិសនី​ចំនួន ៩.៩៧២ មេហ្គាវ៉ាត់។

អាជ្ញាធរ​និយាយ​ថា ប្រទេស​ដ៏​តូច​មួយ​នេះ​ដែល​ដឹកនាំ​ដោយ​ឯក​បក្សនឹង​មាន​ទំនប់​ជាច្រើន​ដែល​ផលិត​ថាមពល​វារីអគ្គិសនី​ពីប្រទេស​ចិន​នៅ​ភាគខាង​ជើង​នៃ​ប្រទេស​ រហូត​ដល់​ប្រទេស​កម្ពុជា​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស។ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា«អាគុយ​នៃ​ទ្វីប​អាស៊ី»។​

ទំនប់​ដ៏​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​ចំនួន ៤ នៅ​លើ​ទន្លេ​មេគង្គ​ ដែល​ស្ថិត​នៅ​ទីតាំង​ចំនួន ៤ ដែល​លាតសន្ធឹង​ចាប់​ពី​ទំនប់​ Pak Beng នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​តាម​ខ្សែ​ទឹក​ទន្លេ​ហូរ​កាត់​ទំនប់​ Luang Prabang និង​ទំនប់ Pak Lay ហើយ​និង​ទំនប់ Sanakham ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី​វៀងចន្ទន៍។ ក្រុម​មន្ត្រី​សង្ឃឹម​ថា ឡាវ​នឹង​លក់​ថាមពល​វារី​អគ្គិសនី​ដែល​ផលិត​បាន​ពី​ទំនប់​ទាំង​នេះ​ទៅ​ឱ្យ​ប្រទេស​ថៃ។ ទំនប់​ទី​៥ គឺ​ទំនប់​ Xayaburi ដែល​ស្ថិត​នៅ​ជិត​ពាក់កណ្តាល​ខ្សែ​ទឹក​ហូរ​ចន្លោះ​ពី​ទំនប់ Pak Beng ​និង​ទំនប់​ Sanakham ត្រូវ​បាន​ដាក់​ឱ្យដំណើរ​ការ​រួច​ទៅ​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Souphanouvong នឹង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​រិះគន់។

អត្ថបទ​វិចារណកថា​មួយ​នៅ​ក្នុង​សារព័ត៌មាន ASEAN Today ដែល​ជា​គេហទំព័រ​បញ្ចេញ​ទស្សនៈ​តាម​អ៊ីនធឺណិត​មួយ បាន​ចោទប្រកាន់​អាជ្ញាធរ​ឡាវ​ពី​ការ​ប្រតិដ្ឋ​ឡើង​នូវ​របាយការណ៍​ស្តីពី​ផលប៉ះពាល់​សម្រាប់​ទំនប់ Sanakham។ អត្ថបទ​នេះ​អះអាង​ថា របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ដាក់​ជូន​គណៈកម្មការ​ទន្លេ​មេគង្គ​ត្រូវ​បាន​ចម្លង​ចេញ​ពី​របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​សម្រាប់​ទំនប់ Pak Lay ដែល​បាន​លួចចម្លង​ពី​របាយការណ៍​នៃ​ទំនប់​Pak Beng ទៅ​ទៀត។ គណៈកម្មការ​ទន្លេ​មេគង្គ​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​មួយ ដែល​សម្របសម្រួលការ​គ្រប់គ្រង​ទន្លេ​មេគង្គ​នេះ។ ​

ប្រទេស​ថៃ និង​អាជ្ញាធរ​ផលិត​អគ្គិសនី​ថៃ ដែល​បាន​គាំទ្រ​ការ​សាងសង់​ទំនប់​អស់​រយៈពេល​២ ទសវត្សរ៍​នេះ ដោយ​មិន​អើពើ​ចំពោះ​ការ​ស្នើ​សុំ​របស់​អ្នក​វិទ្យាសាស្ត្រ សកម្មជន​បរិស្ថាន និង​អ្នក​នេសាទ​នោះ​ ​ឥឡូវ​នេះ​កំពុង​ធ្វើ​ការ​ពិចារណា​ឡើង​វិញ។

អគ្គលេខាធិការ​នៃ​ការិយាល័យ​ធនធាន​ទឹក​ថ្នាក់​ជាតិ​នៃ​ប្រទេស​ថៃ លោក Somkiat Prajamwong បាន​ព្រមាន​ថា ប្រទេស​ឡាវ​អាច​នឹង​ធ្វើ​ការ​សន្មត​ខ្លាំង​ពេក​ពាក់ព័ន្ធ​នឹង​ការ​លក់​ថាមពល ហើយ​លោក​បាន​សង្កត់ធ្ងន់​ថា មិន​ទាន់​មាន​ការ​ព្រមព្រៀង​គ្នា​ណា​មួយ​ចំពោះ​ការ​លក់​ថាមពល​ពី​ទំនប់ Sanakham នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដោយ​និយាយ​យោង​ទៅ​ដល់​ផល​ប៉ះពាល់​ជា​សក្តានុពល​ទៅ​លើ​វិស័យ​កសិកម្ម និង​នេសាទ​ ដែល​បណ្តាល​មក​ពីលំហូរ​ទឹក​ធ្លាក់​ចុះ​ដោយសារ​មាន​ទំនប់​ទាំង​នោះ ថា៖

«ប្រសិនបើ​យើង​មាន​ប្រភព​ផ្សេង​ទៀត​ដែល​នឹង​មិន​មាន​ផលប៉ះពាល់​មក​លើ​យើង​ យើង​នឹង​ទិញ​ថាមពល​ពី​ប្រភព​ទាំង​នោះ»។

លោក​បាន​ថ្លែង​បន្ត​ថា៖

«រដ្ឋមន្ត្រី​ថាមពល​កំពុង​ពិភាក្សា​លើ​លក្ខខណ្ឌ ហើយ​លក្ខខណ្ឌ​គឺ​អាច​ថា ប្រភព​នោះ​ត្រូវ​តែ​មិន​មាន​ផលប៉ះពាល់​ដល់​ប្រទេស​ថៃ។ យើង​ត្រូវ​ការ​ភាព​ច្បាស់លាស់​ជាង​នេះ»។

រូបឯកសារ៖ អ្នកភូមិធ្វើដំណើរតាមដងទន្លេមេគង្គក្បែរណុងខៃប្រទេសថៃ។ ទឹកទន្លេកាន់តែថ្លាចាប់តាំងពីទំនប់សាយ៉ាប៊ូរីចាប់ផ្តើមផលិតថាមពលវារីអគ្គិសនី។ (Steve Sandford / VOA)

គ្រោះ​រាំងស្ងួត និង​បំណុល

ប្រទេស​ថៃ កម្ពុជា និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​សុទ្ធ​តែ​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​តាម​ប្រទេស​ឡាវ​មុន និង​បាន​ប្រឈមមុខ​នឹង​គ្រោះ​រាំង​ស្ងួត​រយៈពេល​២​ឆ្នាំ ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​ចំនួន​ ៧០ លាន​នាក់​ដែល​ពឹង​អាស្រ័យ​លើ​ទន្លេ​នេះ។

របាយ​ទឹក​ភ្លៀង​ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលា​កាលពី​ឆ្នាំ​មុន​បាន​ធ្លាក់​ចុះ​ ១/៤ និង​ធ្លាក់​ចុះ​ជាង​ ១/៣​ នៅ​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨ ។ នេះ​បើ​យោង​តាម​គណៈកម្មការ​ទន្លេ​មេគង្គ។ ​មជ្ឈមណ្ឌល Stimson ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​ប្រទេស​ឡាវ និង​ចិន​ថា​បាន​ស្តុក​ទឹក​ទុក​តាមរយៈ​ទំនប់​ទាំង​នេះ។​

ក្រុម​អ្នក​នេសាទនិយាយ​ថា ជា​លទ្ធផល ទិន្នផល​ត្រីបាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​កំណក​ល្បាប់ ដែល​ត្រូវ​ហូរ​ទៅ​បំពេញ​ច្រាំង​ទន្លេ កំពុង​តែ​ធ្លាក់​ចុះ។ ការណ៍​នេះ​បង្កើន​ហានិភ័យ​ដល់​អគារ​ដែល​ស្ថិត​នៅ​តាម​មាត់​ទន្លេ​មេគង្គ ខណៈ​ដែល​វៀតណាម​បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​អំពី​ការ​ហូរ​ចូល​ទឹក​ប្រៃ​មក​ពី​សមុទ្រ។

អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព លោក Bradley Murg បាន​និយាយថា៖

«យើង​បាន​ឃើញ​ផលប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ទៅ​លើ​ទន្លេ និង​សំណួរ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ស្ថិរភាព​រយៈពេល​វែង​របស់​ទន្លេ​នេះ»។​

បណ្តុំ​ទំនប់​ទាំង ៥ នៅ​ជុំវិញ​ Xayaburi ចំណាយ​ទឹកប្រាក់​សរុប​អស់​ប្រមាណ ១២,៥ ពាន់លាន​ដុល្លារ ដែល​ប្រហាក់ប្រហែល​ទៅ​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ឡាវ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ១៨ ពាន់លាន​ដុល្លារ។ ភាគច្រើន​នៃ​ចំណាយ​នេះ​ទទួល​បាន​មូលនិធិ​តាម​រយៈ​ប្រាក់​កម្ចី​ពី​ធនាគារ​រដ្ឋ​ចិន។

កាល​ពី​៣​ខែ​មុន បំណុល​ដ៏​ច្រើន​គរ​លើ​គ្នា​បាន​បង្ខំ​ឱ្យ​ឡាវ​ផ្តល់​ការ​គ្រប់គ្រង​ថាមពល​អគ្គិសនី​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុនChina Southern Power Grid Co.។ លោក Murg បាន​និយាយ​ថា រដ្ឋាភិបាល​លោក​ខាង​លិច​មាន​ការ​សង្ស័យ​ចំពោះ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​ក្នុង​ការ​សង​ប្រាក់​កម្ចី​ទាំង​នេះ​ដែល​មាន​ចំណង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ប្រទេស​ចិន។​

លោក​បាន​និយាយថា៖«នៅ​ចុង​បញ្ចប់ នេះ​ហើយ​ជា​ហេតុផល​ដែល​ពួកគេ​ទទួលស្គាល់​ថា ឡាវ​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​អតិថិជន​ដ៏​សំខាន់​របស់​ចិន​នៅ​ក្នុង​តំបន់»។

លោក​បាន​បន្ថែម​ទៀត​ថា៖

«ឡាវ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​នឹង​មិន​និយាយ​ប្រឆាំង​ចិន​ជា​សាធារណៈ​នោះ​ទេ។ នេះ​បង្ហាញ​សញ្ញា​ដល់​រដ្ឋ​ដូចជា វៀតណាម កម្ពុជា​និង​ឡាវ​ថា ចិន​មាន​ឥទ្ធិពល។ ចិន​ជា​រដ្ឋ​នៅ​ខ្សែ​ទឹក​ខាង​លើ​ ដូច្នេះ​ចិន​ជា​អ្នកគ្រប់គ្រងលំហូរ​ទឹក​នេះ»។

ការ​ជឿ​ទុក​ចិត្ត

ទំនប់​ចំនួន​១១ ត្រូវ​បាន​គ្រោង​សាងសង់​លើ​ទន្លេ​មេ​នៃ​ទន្លេ​ដ៏​ធំ​បំផុត​លំដាប់​ទី​១២​របស់​ពិភពលោក​មួយ​នេះ។ មេធាវី​បរិស្ថាន​ជនជាតិ​អាល្លឺម៉ង់​ លោក Marcus Hardtke ដែល​បាន​តាមដាន​បញ្ហា​ទន្លេ​មេគង្គ​អស់​រយៈពេល​២​ទសវត្សរ៍​មក​ហើយ​នោះ​និយាយ​ថា ការ​សាងសង់​ទំនប់​គឺ​ជា​ជំនួញ​ដើម្បី​រក​ប្រាក់​ចំណេញ។

លោក​បាន​និយាយ​ថា៖ «មនុស្សម្នា​តែង​តែ​និយាយ​អំពី​ផលប៉ះពាល់ ទិន្នផល​ត្រី ជីវភាព​ និង​អ្វីៗ​ផ្សេង​ទៀត។​ វា​ជា​ការ​ពិត ប៉ុន្តែ​អ្វី​ដែល​មនុស្សម្នា​មិន​បាន​ដឹង​គឺ​ថា នេះ​ជា​ជំនួញ​មួយ និង​ទឹកប្រាក់​គឺ​ស្ថិត​នៅ​ក្នុង​ការ​ការ​សាងសង់​ទំនប់​ទាំង​នេះ​ឯង។ ដូច្នេះ​មនុស្ស​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​រក​ប្រាក់​ពី​ការ​សាងសង់​ទំនប់​ទាំង​នេះ។ នេះ​គ្រាន់​តែ​ជា​កិច្ចព្រមព្រៀង​រក​ប្រាក់​មួយ​ប៉ុណ្ណោះ»។

នៅ​ក្នុង​វេទិកា​ថ្នាក់​តំបន់​ដ៏​កម្រ​មួយ​នៅ​ក្នុង​ក្រុង Pakse ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ កាលពី​ខែ​វិច្ឆិកា ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ​ ក្រុម​មន្ត្រី​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវ​បាន​គេ​ជំរុញ​ឱ្យ​ធ្វើ​ការ​វាយតម្លៃ​ឡើង​វិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ពួកគេ​ចំពោះ​ទំនប់​ទាំង​នេះ និង​យ៉ាង​ហោច​ណាស់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​ធានា​ដល់​ការ​បញ្ចេញ​ទឹក​ទាន់​ពេល​ក្នុង​ពេល​មាន​គ្រោះ​រាំងស្ងួត។

កិច្ចប្រជុំ​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បាក់​រលំ​ទំនប់ Xe Pian Xe Namnoy កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ដែល​បាន​សម្លាប់​មនុស្ស​ ៧១ នាក់ និង​ធ្វើ​ឱ្យ​មនុស្ស​ជាង​ ៧.០០០ នាក់​ទៀត​ ត្រូវ​ផ្លាស់​ទី​លំនៅ។

លោក Souphanouvong បាន​និយាយ​ថា ការ​បាក់​រលំ​ទំនប់​នេះ «គឺជា​មេរៀន​ដ៏​ធំ​មួយ​សម្រាប់​ឡាវ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ស្តង់ដារ​សុវត្ថិភាព​ក្នុង​ការ​អភិវឌ្ឍ​វារីអគ្គិសនី​ដើម្បី​ជៀសវាង​ការ​បាត់បង់​ជីវិត​មនុស្ស និង​ការ​បំផ្លិចបំផ្លាញ​ថែម​ទៀត»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោកHardtke បាន​និយាយ​ថា វា​ពិបាក​នឹង​ជឿ​លើ​ការ​ព្រមាន​អំពី​សុវត្ថិភាព ទិន្នផល​ត្រី និង​ផលប៉ះពាល់​សេដ្ឋកិច្ច​ដែល​មិន​មាន​អ្នក​ណា​ស្តាប់​នោះ​ទេ​ក្នុង​រយៈពេល​២ទសវត្សរ៍​ចុង​ក្រោយ​នេះ។

លោក​បាន​និយាយ​ពាក់ព័ន្ធ​នឹង​ការ​បាក់​ទំនប់​នោះ​ថា៖

«វា​ជា​ឧទាហរណ៍​សាមញ្ញ​មួយ​ពី​ការងារ​មាន​គុណភាព​ទាប អំពើ​ពុករលួយ​ក្នុង​ការ​សាងសង់ និង​ការ​ថែទាំ​ខ្ជីខ្ជា។ វា​គ្រាន់​តែ​ជា​ការ​រក​ប្រាក់​ចេញ​ពី​បញ្ហា​ទាំង​នេះ និង​មិន​មែន​ជា​ការ​បារម្ភ​អំពី​ផលប៉ះពាល់​ ឬ​ស្ថិរភាព​នោះ​ទេ ហើយ​រឿង​ទាំង​នេះ​នឹង​កើត​ឡើង»៕