ក្រុម​​អភិរក្ស​បរិស្ថាន​បារម្ភ​ចំពោះ​គម្រោង​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ

រូបថត​កាល​ពី​ថ្ងៃ​​ទី​២៤​ខែ​តុលា​ឆ្នាំ​២០១០​នេះ​ បង្ហាញ​​ឲ្យ​ឃើញ​ការ​បើក​បង្ហូរ​ទឹក​នៅ​ទំនប់​វារីអគ្គិសនី Nam Theun 2 dam កាត់​ទន្លេ Nam Theun នៅ​ភាគ​កណ្តាល​ប្រទេស​ឡាវ។ នៅ​មួយ​ខែ​មុន​នេះ កាល​ពី​ថ្ងៃ​ទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១០ ប្រទេស​ឡាវ​បាន​ដាក់​សំណើ​ផ្លូវ

នៅខែ​កញ្ញា​កន្លង​ទៅ​នេះ​ ប្រទេស​លាវ​បាន​ដាក់​សំណើ​ជា​ផ្លូវ​ការ​សម្រាប់គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនីកាត់​ទន្លេ​មេគង្គ​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ក្នុងចំណោម​បណ្តា​ប្រទេសតាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​ គឺ​ប្រទេស​ឡាវ​ ថៃ​ កម្ពុជា​ និង​ វៀតណាម។​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​អភិរក្ស​បរិស្ថានសម្តែង​នូវ​ការ​បារម្ភ​ថា​ ទំនប់វារីអគ្គិសនី​នេះ​ នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​បរិស្ថាន​ និង​ប៉ះ​ពាល់​ដល់​ជីវភាពមនុស្ស​រាប់​លាន​នាក់នៅ​ក្នុងតំបន់និង​ក្នុង​ប្រទេស​កម្ពុជា។

គម្រោង​ទំនប់វារី​អគ្គិសនី​ Xayaburi​ កាត់​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ ជា​គម្រោង​ស្នើ​ឡើង​ជា​ផ្លូវការ​ដំបូង​បំផុត​ ក្នុង​ចំណោម​សំណើសាង​សង់​ទំនប់​វារី​អគ្គិសនី​កាត់​ទន្លេ​មេគង្គ​ចំនួន​១២​ ហើយ​សំណើនេះ​ចម្រូង​ចម្រាស់​ខ្លាំង​ព្រោះ​វា​ជា​ការ​សម្រេចទាក់​ទង​នឹងការ​គ្រប់​គ្រងធន​ធាន​ទន្លេ​មេគង្គ​ដ៏​សំខាន់​បំផុត​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ចុង​ក្រោយនេះ។

អ្នក​ស្រី​ Aviva​ Imhof​ ប្រធាន​ខាង​យុទ្ធនាការ​របស់​អង្គការ​ការ​ពារ​ទន្លេ​ឈ្មោះ​ International​ Rivers​ និយាយ​ថា​ ប្រសិន​បើ​សំណើ​របស់​លាវ​នេះ​ត្រូវ​បាន​គេ​យល់​ព្រម​ ការណ៍​នេះ​នឹង​លើក​ទឹក​ចិត្តឲ្យមាន​ការ​សាង​សង់​ទំនប់​កាត់​ទន្លេ​មេគង្គ​ផ្សេង​ទៀត​ ដែល​គម្រោង​ទាំងអស់​នេះ​នឹង​មាន​គ្រោះ​ថា្នក់​ដ៏​ធ្ងន់​ធ្ងរ​ដល់​វិស័យ​ជលផល​និង​កសិកម្ម​របស់​កម្ពុជា។

«ទំនប់​វារី​អគ្គិសនី​ Xayaburi​ នឹង​អាច​ជា​ទំនប់​ទឹក​កាត់​ទន្លេ​មេគង្គ​ដំបូង​ដែល​ត្រូវ​បាន​សាង​សង់​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ​ដូច្នេះ​វាជា​គម្រោង​ដ៏​ធំ​មួយ​ ព្រោះ​បើ​សិន​ទំនប់​នេះ​ត្រូវ​គេ​យល់​ព្រមឲ្យ​សាង​សង់​មែន​នោះ​ ការណ៍​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ចំនួន​១១​ទៀត»។

ទំនប់​ Xayaburi​ ត្រូវ​បាន​គេ​គ្រោង​នឹង​សាង​សង់​នៅ​ក្នុង​ខេត្ត​ Xayaburi​ នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ឡាវ​ ចម្ងាយ​ជាង​១.០០០គ.ម.​ តាម​បណ្តោយ​ទន្លេ ពី​ទី​ក្រុង​ភ្នំពេញ។​ ទំនប់​នេះ​ត្រូវ​រំពឹង​ថា​នឹង​មាន​បណ្តោយ​៨១០​ម៉ែត្រ​ កម្ពស់​៣២​ម៉ែត្រ​ និង​អាច​ផលិត​អគ្គិសនី​ចំនួន​១.២៦០​មេហ្គាវ៉ាត់។​ ក្នុង​ទម្រង់​ដែល​ស្នើ​ឡើង​នេះ​ ទំនប់​នេះត្រូវ​គេ​រំពឹង​ថា​នឹងរំខាន​ដល់​ចរន្ត​ទឹក​ហូរ​របស់​ទន្លេ​មេគង្គ​ទាំង​មូល។

អ្នក​ជំនាញ​និយាយ​ថា​ ទំនប់​ទឹក​ដែល​កាត់​ទន្លេ​មេគង្គ​ទាំង​មូល​ ឬ​ហៅ​ថា​ «ទំនប់កាត់​ទន្លេ​មេ» កាល​បើ​គេ​សាង​សង់​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ដើម​ទឹក​និង​កាន់​តែ​ជិត​ទៅ​ដល់​ដី​សណ្ត​ ទំនប់​ទឹក​នោះ​កាន់​តែ​រាំង​ខ្ទប់ចរាចរណ៍​ត្រី​ និង​លំហូរ​នៃ​ដី​ល្បប់​ច្រើន​ឡើង។​ ក្រុម​អង្គការ​បរិស្ថាន​បារម្ភ​ថា​ ទំនប់​ទាំង​៩​ដែល​នៅ​ខាង​ក្រោម​ បន្ទាប់​ពីទំនប់​ Xayaburi​ អាច​នឹង​បំផ្លាញ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​រាប់​លាន​នាក់។​ ក្នុង​ចំណោម​គម្រោង​ទំនប់​ទាំង​៩​នេះ​ ក៏​មាន​សំណើ​សាង​សង់​ទំនប់​វារី​អគ្គិសនី ស្ទឹង​ត្រែង​ និង​ សម្បូណ៌​ របស់ប្រទេស​កម្ពុជា​ដែរ។

ទី​ស្នាក់​ការ​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ទី​ក្រុង​វៀង​ច័ន្ទន៍​ប្រទេស​ឡាវ។

ក៏​ប៉ុន្តែ​លោក​ Jeremy​ Bird​ ប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ បាន​ប្រាប់​ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ តាម​ទូរស័ព្ទ​ពី​ទី​ក្រុងវៀងចន្ទន៍​ ប្រទេស​ឡាវ​ មក​ថា​ វា​មិន​ទាន់​ដល់​ពេល​ដែល​យើង​គួរ​មាន​ការ​បារម្ភ​ហួស​ហេតុ​អំពី​ផល​ប៉ះពាល់​និង​ឥទ្ធិពល​របស់​គម្រោង​សាង​សង់​ទំនប់​ Xayaburi​ ទេ​ ព្រោះ​សំណើ​នេះ​មិន​ប្រាកដ​ថា​ត្រូវ​គេអនុម័ត​ទេ​ ហើយ​គម្រោងសាង​សង់​ទំនប់​និមួយៗ​ត្រូវ​គេ​ពិនិត្យ ដោយ​ឡែក​ពី​គ្នា។

«ខ្ញុំ​គិត​ថា​វា​ឆាប់ពេក​ក្នុង​ការ​ប្រមើល​មើល​ថា​តើ​ គណៈកម្មាធិការ​រួម​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ នឹងសម្រេច​យ៉ាង​ណា​ក្នុងរឿង​ទំនប់​នេះ។​ ខ្ញុំ​គិត​ថា​លទ្ធភាព​ដែល​គេ​អនុម័ត​នោះ​មាន​តិច​តួច​ណាស់»។

នៅ​ក្នុង​សវនាការមួយ​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ កាល​ពី​ចុង​ខែ​កញ្ញា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រិះ​គន់​ការ​ដាក់​សំណើ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ជា​ផ្លូវ​ការរបស់​ប្រទេស​ឡាវនេះ​ នៅ​មុន​ការ​ចេញ​ផ្សាយ​នៃ​របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដ៏​សំខាន់​មួយ​ ថា​ជាចេតនា​នយោបាយ​របស់​ប្រទេស​លាវក្នុងការ​បង្ហាញ​ថា​ខ្លួន​មាន​ឆន្ទៈ​នឹង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ។

របាយការណ៍​ «ការ​ប៉ាន់​ប្រមាណ​ជា​យុទ្ធសាស្ត្រអំពីផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន» ឬ​ ជា​ភាសា​អង់គ្លេស​ Strategic​ Environmental​ Assessment​ Report ជា​ការ​សិក្សា​របស់​អ្នក​ជំនាញ​ សម្រាប់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ បាន​ចេញ​ផ្សាយ​នៅ​៣​សប្តាហ៍​ក្រោយ​ការ​ដាក់​សំណើ​របស់​ប្រទេសឡាវ។​ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា​ ទំនប់​វារី​អគ្គិសនី​និមួយៗ​នឹង​រាំង​ខ្ទប់​ចរាចរណ៍​ត្រី​ដ៏​ចាំបាច់​របស់​ទន្លេ​មេគង្គ​ ហើយ​ទំនប់​ទាំង​១២​រួម​គ្នា​នឹង​បំផ្លាញជា​អចិន្ត្រៃយ៍នូវ​ប្រព័ន្ធ​ធម្មជាតិ​របស់​ទន្លេ​មេគង្គ។​ របាយការណ៍​ក៏​កត់​សម្គាល់​ផង​ដែរថា​ សម្រាប់​ប្រទេស​កម្ពុជា​ ការ​ខាត​បង់​ក្នុង​វិស័យ​ជលផល​ នឹង​មាន​លើស​ពីផល​ចំណេញ​ដែល​បាន​មក​ពីការ​ផលិត​ថាមពល​អគ្គិសនី។​ របាយការណ៍​នេះ​បានអំពាវនាវ​ កុំ​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​ទឹក​កាត់​ទន្លេ​មេគង្គក្នុង​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​ វៀតណាម​ ក្នុង​រយៈ​ពេល​១០ឆ្នាំខាង​មុខ​ ដោយ​ស្នើ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត។

មន្ត្រី​នៅ​គណៈកម្មការជាតិ​ទន្លេ​មេគង្គ​របស់​ប្រទេស​ឡាវ មិន​អាច​ទាក់ទង​បាន​ទេ ​ដើម្បី​សុំការ​ឆ្លើយ​តប​ ទៅ​នឹងការ​រិះ​គន់នានា​ខាង​លើ​នេះ។

ប៉ុន្តែ​លោក​ Jeremy​ Bird ​និយាយ​ថា​ការ​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​ផ្សាយរបាយការណ៍​នេះ​ ជាបញ្ហា​បចេ្ចកទេស​សុទ្ធ​សាធ​ ហើយ​របាយការណ៍​នេះ​បាន​ចេញ​ផ្សាយ​នៅ​មុន​ពេល​ប្រទេស​ទាំង​៤ចាប់​ផ្តើម​ចរចា​សម្រេច​អំពី​សំណើ​សាង​សង់​នេះ។​ ដំណើរ​ការ​ចរចា​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២២​ខែ​តុលា​ឆ្នាំ​២០១០។

«រដ្ឋាភិបាល​ឡាវ​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​ពេលវេលានៃ​ការ​សរសេរ​របាយការណ៍​នេះ​ ព្រោះ​គេ​បាន​ចូល​រួម​ជាហូរ​ហែ​មក​ក្នុងសិក្ខាសាលា​នានា​ ដែល​ជា​ផ្នែក​មួយ​របស់​ការ​សិក្សា​ស្រាវជ្រាវ​នេះ។​ ដូច្នេះ​បើ​និយាយ​ឲ្យ​ចំ​ទៅ​ ប្រទេស​ឡាវបាន​ដាក់​សំណើ​សាង​សង់​នេះ​ នៅ​ពេល​ការ​សិក្សា​នេះ​ធ្វើ​ចប់​សព្វ​គ្រប់​អស់​ហើយ»។

ការ​ដាក់​សំណើ​សាង​សង់​ទំនប់​របស់​លាវ​នេះ​ បានជំរុញឲ្យ​មាននីតិ​វិធីរយៈ​ពេល​៦​ខែ​ ដែល​រួម​មាន​ការ​ស្រាវជ្រាវ​ ការ​ពិគ្រោះ​យោបល់​ និង​ការ​ពិភាក្សា​សម្រេចលើ​សំណើ​នេះ​ ហើយ​នៅ​ទី​បញ្ចប់​នៃ​នីតិវិធី​នេះ​ក្នុងថ្ងៃ​ទី​២២​ខែ​មេសា​ឆ្នាំ​២០១១​ខាង​មុខ​ ប្រទេស​ទាំង​បួន​ កម្ពុជា​ ឡាវ​ ថៃ​ និង​ វៀតណាម​ ត្រូវ​រំពឹង​ថា​នឹង​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​ ថា​តើ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​លាវ​សាង​សង់​ទំនប់​ Xayaburi​ នេះ​ដែរ​ឬ​ទេ។​ គេ​អាច​ពន្យារពេល​សេចក្តី​សម្រេច​នេះ​បាន​ប្រសិន​បើ​មាន​ការ​ខ្វែង​គំនិត​គ្នា។

ទោះ​យ៉ាង​នេះ​ក្តី​ ក៏មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា​ ដំណើរការធ្វើ​សេចក្តី​សម្រេច​នេះ​មិន​គួរ​ទាន់​ចាប់​ផ្តើមទេ​ ខណៈ​ដែល​អ្នក​ធ្វើ​គោល​នយោបាយ​ និង​ សហគមន៍​ដែល​ត្រូវ​ប៉ះ​ពាល់​ មិន​ទាន់​បាន​ជ្រាបច្បាស់ពី​ផល​ប៉ះពាល់នានា ដែល​មានសរសេរ​នៅ​ក្នុង​របាយការណ៍​សិក្សា​នេះ។

មន្ត្រី​ខ្មែរ​មិន​អាច​ទាក់​ទង​បាន​ភ្លាមៗ​ទេ​ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​គោល​ជំហរ​របស់​កម្ពុជា​ចំពោះ​សំណើ​របស់​ប្រទេស​លាវ​នេះ។​ ប៉ុន្តែ​តាម​ប្រភពផ្លូវការមួយ​ បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​ខ្មែរ​កំពុង​ចូល​រួម​នៅ​ក្នុង​ការ​សិក្សា​នៅ​នឹង​កន្លែង​ដែល​គេ​គ្រោង​នឹង​សាង​សង់​ទំនប់​ Xayaburi​ នៅ​ក្នុង​ប្រទេស​ឡាវនេះ។

លោក​ Jeremy​ Bird​ បាន​ទទួល​ស្គាល់​ថា​ បើយោង​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ប្រទេស​ឡាវក៏​នៅ​តែ​អាច​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​បាន​ បើ​ទោះ​ជា​មានការ​មិន​យល់​ព្រម​ពី​ប្រទេស​ជិត​ខាង​ទាំង​៣​ក៏​ដោយ។

ឯកសារ​ផ្នែក​ច្បាប់​ទាំង​នេះ​ក៏​មិន​បាន​បញ្ជាក់​ច្បាស់​ផង​ដែរ ​ថា​តើ​អង្គការ​សង្គម​ស៊ីវិល​ ក៏​ដូច​ជា​សហគមន៍​ដែល​ត្រូវ​រង​ផល​ប៉ះ​ពាល់​ នឹង​អាចធ្វើ​សកម្មភាព​អ្វី​ខ្លះ​នៅ​ក្នុង​ដំណើរការ​៦​ខែ​នេះ។​ អ្នក​ស្រី​ Aviva​ Imhof​ និយាយ​ថា​ អ្នក​ស្រីមាន​ការ​បារម្ភ​បំផុត​ ថា​បរិបទ​នយោបាយ​នៅ​ក្នុង​ប្រទេស​ឡាវ​និងក្នុង​តំបន់​ នឹងរារាំង​មិន​ឲ្យ​មាន​ការ​ប្រឆាំង​នានា។

«ស្ថានភាព​នយោបាយ​នៅ​ក្នុង​តំបន់​មាន​ការ​លំបាក​ណាស់​ មក​ពី​កង្វះ​ខាត​នៃ​សិទ្ធិ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ គឺ​ទាក់​ទង​ទៅ​នឹង​លទ្ធភាព​របស់ពលរដ្ឋ​ក្នុង​ការ​សម្តែង​មតិ​អំពី​គម្រោង​នានា​ដែល​រដ្ឋាភិបាល​ខ្លួន​បាន​ស្នើ​ឡើង»។

កាល​ពី​ខែ​មុន​ នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក​ ហ៊ុន​ សែន​ បាន​ការពារ​សិទ្ធិ​របស់​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេគង្គ​ក្នុង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ទន្លេ​មេ​ ហើយលោក​បាន​ព្រមាន​ក្រុម​អ្នកការពារ​បរិស្ថាន​កុំ​ឲ្យ​មានលក្ខណៈ​ជ្រុល​និយម​ ក្នុង​ការ​ស្តី​បន្ទោស​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ចិន​ថា​ជា​កត្តា​មួយ​នាំ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​មាន​កម្ពស់​ទាប​បំផុតកាល​ពី​ដើម​ឆ្នាំ​នេះ។

ទោះ​យ៉ាង​នេះ​ក្តី​ លោក​ Jeremy​ Bird​ ជឿ​ថា​របាយការណ៍វាយ​តម្លៃ​បរិស្ថាន​នេះ​ នឹង​មាន​ឥទ្ធិពល​នៅ​ក្នុងសេចក្តី​សមេ្រច​អំពី​សំណើ​សាង​សង់​ទំនប់​ Xayaburi។

អ្នក​ស្រី​ Aviva​ Imhof​ យល់​ស្រប​នឹង​ទស្សនៈ​សុទិដ្ឋិនិយម​នេះ​ ដោយ​បន្ថែម​ថា​ អ្នក​ស្រី​សង្ឃឺម​ថា​ប្រទេស​ពីរ​ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​ការ​សាង​សង់​ទំនប់​កាត់​ទន្លេ​មេ​ណា​មួយ​នោះ​ គឺ​ប្រទេស​កម្ពុជា​និង​វៀតណាម​ នឹង​រួម​គ្នា​ប្រឆាំង​នឹង​គម្រោង​របស់​ប្រទេស​ឡាវនេះ៕