គម្រោង​សង់​ទំបន់​វារីអគ្គិសនី​ឡាវ​ត្រូវផ្អាក​បណ្តោះអាសន្ន

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា (ស្តាំ) អង្គុយ​ក្នុង​អំឡុង​កិច្ចប្រជុំ​​​រវាង​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​មហាអនុតំបន់​ទន្លេ​មេគង្គ ​(កម្ពុជា ឡាវ ចិន មីយ៉ាន់ម៉ា ថៃ និង វៀតណាម) នៅ​វិមាន​សន្តិភាព​ក្រុង​​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ២៨ កក្

គម្រោង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ឡាវនឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ដោយសារ​តែ​មិន​ទាន់​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​សមាជិក​ទន្លេ​មេគង្គ ដែល​មាន​ការ​ព្រួយបារម្ហ​អំពី​ផល​ប៉ះពាល់​ពេល​អនាគត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​នៃ​គណៈកម្មាធិការជាតិ​ទន្លេមេគង្គ។

ក្រុម​ប្រឹក្សា​គណៈកម្មការ​ទន្លេមេគង្គ​បាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ លើក​ទី១៨​របស់​ខ្លួន​ថា​នឹង​ធ្វើ​សំណើរ​មួយ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ឲ្យ​ ជួយ​សិក្សា​អំពី​ផលប៉ះពាល់​ដែល​អាច​កើត​មាន​លើ​ទន្លេ​មេគង្គ​នៅ​ក្រោយ​ពេល​ដែល​ទំនប់​សាយ៉ាបូរី​របស់​ឡាវ​ត្រូវ​បាន​គេសាង​សង់​ឡើង​នេះ​បើ​តាម​ការ អះអាង​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

លោក តែ ណាវុធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ ​កម្ពុជា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្រោយ​កិច្ចប្រជុំ​នោះ​ថា៖

«មាន​តម្រូវ​ការ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ និង​សេដ្ឋកិច្ច​រៀងៗ​ខ្លួន។ នេះ​ជា​ចំណុច​រួម​នៃ​ប្រទេស​ទាំងអស់ ប៉ុន្តែការ​អភវឌ្ឍ​នឹង​មិន​តម្រូវ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ទេ​គឺ​ត្រូវ​គិត​គូរ​អំពី​ផលប្រយោជន៍ និង​ផលខាត ដូច្នេះ​ហើយ​ទើប​ទាមទារ​ឲ្យ​មាន​តម្រូវ​ការ​បំពេញ​នូវ​ចំណេះ​ដឹង​បន្ថែម​ពីព្រោះ​ថា បើ​យើង​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ចំណេះ​ដឹង​ពិតប្រាកដ​យើង​ធ្វើ​ទាំង​ប្រថុយ​ប្រថាន នេះ​ជា​មូលហេតុ​ឲ្យ​មាន​ការ​សិក្សា​មុន​នឹង​ធ្វើ​អ្វី​មួយ​ជាក់​ស្តែង»។

លោក​តែ ណាវុធ​បាន​ថ្លែង​ទៀង​ថា ប្រទេស​មួយ​ចំនួន​ដូច​ជា​ថៃ និង​ឡាវ បាន​លើក​ឡើង​អំពី​តម្រូវការ​បន្ថែម​ក្នុង​ការ​ធ្វើ​ការងារ​ផ្ទៃ​ក្នុង​ជាមួយ រដ្ឋាភិបាល​ប្រទេស​រៀងៗ​ខ្លួន។ លោក​ថា ក្រុម​ប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ ក៏​បាន​ស្វាគមន៍​ដៃ​គូរ​អភិវឌ្ឍន៍​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​សិក្សា​បន្ថែម​នេះ។

លោក តែ ណាវុធ មិន​បាន​បញ្ជាក់​ច្បាស់លាស់​ថា ពេល​ណា​នឹង​ដាក់ សំណើ​ទៅ​ជប៉ុន ឬ​ថា​ការ​សិក្សា​នោះ​នឹង​ត្រូវ​ការ​ពេលវេលា​ប៉ុន្មាន​ឆ្នាំ ក្នុង​វិសាលភាព​ការងារ​សិក្សា​បន្ថែម​នោះ​ទេ ប៉ុន្តែ​ថា​ការ​នេះ​គឺ​វា​ស្រប​តាម លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​លើក​ទី៣ មេគង្គ-ជប៉ុន កាល​ពីពេល​ថ្មីៗ​នេះ​នៅ កោះបាលី​ ឥណ្ឌូនេស៊ី។

ឡាវ​ត្រូវ​គេ​ដឹង​ថា​បាន​ជួល​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន នៅ​ប្រទេស​ស្វ៊ីស​ឲ្យ​ជួយ​ធ្វើ​កា​សឹក្សា​ស្រាវជ្រាវ​អំពី​ផលប៉ះ​ពាល់​លើ​បរិដ្ឋាន​ទន្លេ​មេគង្គ​មុន​នឹង​លើក​គម្រោង​សាងសង់​នេះ​ឡើង ប៉ុន្តែ​នៅ​ក្នុង​កិច្ច ប្រជុំនេះ​វៀតណាម​បាន​គេ​អះអាង​ថា បាន​ជំទាស់​នឹង​របាយកាណ៍​របស់​ក្រុមហ៊ុន​នោះ​ដោយ​លើក​ឡើង​ថា ការ​សិក្សា​នោះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។

លោក តែ ណាវុធ បាន​បញ្ជាក់​ថា នៅ​ក្នុង​ករណី​កិច្ចសហប្រតិបត្តិការ​ទន្លេមេគង្គ ប្រទេស​ជា​សមាជិក​ទាំងអស់​មុន​នឹង​ចាប់​ផ្តើម​ធ្វើ​គម្រោង​គឺ​ត្រូវ​តែ​មាន​ការពិភាក្សា​និង​មាន​ការ​យល់ព្រម​ដោះស្រាយ​ពី​វិធានការ​ពាក់ព័ន្ធ​នឹង​សំណង់​នោះ។

ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ​ត្រូវ​បាន​គ្រោង​សាងសង់​កាត់​ដង​ទន្លេមេគង្គ​នោះ ហើយ​ត្រូវ​បាន​ដឹង​ថា​គឺ​ជា​គម្រោង​ទំនប់​ដ៏​ធំ​មួយ​ដែល​អាច​ផលិត​អគ្គិសនី​បាន​ប្រមាណ​១.២៦០​មេហ្គាវ៉ាត់ ប៉ុន្តែ មាន​ការ​ជំទាស់​ជាច្រើន​ទាំងថ្នាក់​តំបន់ និង​អន្តរជាតិ​ដោយ​បាន​លើក​ឡើង​ថា ប្រសិន​បើ​ទំនប់​នោះ​ត្រូវ​បាន​គេ​សាងសង់​មែន វា​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវៈចម្រុះ​នៅ​ក្នុង​ទន្លេ ​ពពួក​មច្ឆា និង​ដល់​ជីវភាព​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដែល​រស់​នៅ​ពឹង​អាស្រ័យ​លើ​ទន្លេមេគង្គ៕