មួយសប្តាហ៍មុនលោកស្រី មីសែល អូបាម៉ា បំពេញទស្សនកិច្ចនៅកម្ពុជា ក្រុមស្ត្រីសកម្មជនដីធ្លីនៅក្នុងសហគមន៍ន៍ចំនួនបួនបានស្នើឲ្យលោកស្រីភរិយាលោកប្រធានាធិបតីសហរដ្ឋអេមរិកបារ៉ាក់ អូបាម៉ាជួយធ្វើអន្តរាគមន៍ឲ្យមានការដោះស្រាយបញ្ហារបស់ពួកគេ។
លោកស្រីភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមកបំពេញទស្សកិច្ចនៅខេត្តសៀមរាបនៅថ្ងៃទី២១ និង២២ខែមិនានេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៃគោលនយោបាយ «គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា»។
នៅព្រឹកថ្ងៃសុក្រនេះ ស្ត្រីមកពីសហគមន៍ន៍បឹងកក់ បុរីកីឡា សហគមន៍ន៍ព្រលានយន្តហោះ (SOS) និងបណ្តាញអតីតស្ត្រីបឹងកក់ ដែលកំពុងតែមានទំនាស់ដីធ្លីបានដាក់ញ្ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកដើម្បីស្នើដល់លោកស្រីមីសែល អូបាម៉ាជួយធ្វើអន្តរាគមន៍ដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃរបស់ពួកគេ និងស្នើឲ្យមានអន្តរាគមន៍ដោះលែងស្ត្រីដែលជាសកម្មជនដីធ្លីចំនួន១១នាក់ដែលកំពុងតែជាប់ពន្ធនាគារដោយសារសកម្មភាពតវ៉ារបស់ពួកគេ។
មន្ត្រីស្ថានទូតអាមេរិកបានចេញមកទទួលញ្ញត្តិនោះ។
អ្នកស្រីយ៉ោម បុប្ផា តំណាងស្ត្រីបឹងកក់ បានប្រាប់ក្រុមអ្នកកាសែតនៅមុខស្ថានទូតសហរដ្ឋអាមេរិកថា មន្ត្រីទូតបានសន្យាថា នឹងជួយបញ្ជូនលិខិតនេះទៅកាន់លោកស្រីដែលជាភរិយាប្រធានាធិបតីអាមេរិក។
«ខ្ញុំបាននិយាយប្រាប់គាត់ថា សេចក្តីសង្ឃឹមរបស់ខ្ញុំចំពោះលោកជំទាវមីសែល អូបាម៉ា ដែលអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជានេះគឺជាសេចក្តីសង្ឃឹមរបស់ស្ត្រីដែលរងគ្រោះនៅតំបន់បឹងកក់។ ហើយគាត់ថា គាត់នឹងបញ្ជូនលិខិតនោះទៅតាមលំដាប់លំដោយនៃស្ថានទូតរបស់គាត់»។
ស្ត្រីនៃសហគមន៍ដីធ្លីទាំងបួនមានទំនាស់ដីធ្លីយ៉ាងរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ។ ហើយនៅតែមិនទាន់មានការដោះស្រាយសមស្របណាមួយនៅឡើយទេ ដែលជាហេតុធ្វើឲ្យស្ត្រីទាំងនេះធ្វើការតវ៉ាជាញឹកញាប់ ហើយក៏ទទួលបានការបង្រ្កាប និងការចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ផងដែរ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីអធិប្បាយថា ការដាក់ញត្តិជូនលោកស្រីភរិយាប្រធានាធិបតីអូបាម៉ា មិនមែនជាការសមស្របនោះទេ។
«យកញ្ញត្តិដែលជាបញ្ហារបស់គាត់ជាមួយនឹងអាជ្ញាធរនៅកម្ពុជាទៅជូនលោកជំទាវមីសែល មិនសមស្របទេ ពីព្រោះការទស្សនកិច្ចរបស់លោកជំទាវទី១មកកាន់កម្ពុជានេះគឺក្នុងទិសដៅនៃទស្សនកិច្ចវប្បធម៌សុទ្ធសាធ។
មន្ត្រីស្ថានទូតអាមេរិកមិនទាន់ឆ្លើយតបទៅនឹងសារអេឡិចត្រូនិករបស់វីអូអេសំឡេងសហរដ្ឋអាមេរិកអំពីបញ្ហានេះនៅឡើយទេនៅថ្ងៃនេះ៕