ស្ត្រី​សកម្មជន​សិទ្ធិ​ដីធ្លី​ភៀសខ្លួន​ ក្រោយ​រង​ការ​គំរាម

អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី ដែលជាអ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» និងកូនប្រុស កំពុងស្ថិតក្នុងបន្ទប់ជួលមួយក្នុងប្រទេសដែលអ្នកស្រីកំពុងភៀសខ្លួន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

ស្វាមី​ត្រូវ​ចាប់ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ​គឺជា​បន្ទុក​មួយ​របស់​អ្នក​ស្រី គឹមហ៊ាង ដើម្បី​ពុះជ្រែក​ការងារ​ប្រឈម​ចំនួន​ពីរ​ដំណាល​គ្នា។ នោះ​គឺ​ភារកិច្ច​ត្រូវ​មើល​ថែរក្សា​កូន​តូច​អាយុ​ជាង​១មួយ​ឆ្នាំ​​ និង​ការ​ព្យាយាម​តស៊ូ​ដើម្បី​​ឲ្យ​មាន​ការ​ដោះ​លែង​ស្វាមី​អ្នក​ស្រី​មក​វិញ។

នៅ​ពេល​ដែលស្វាមី​កំពុង​ស្ថិត​ក្នុង​ពន្ធ​នាគារ​អស់​រយៈ​ពេល​ដប់​ខែ អ្នក​ស្រី ឡុង គឹម​ហ៊ាង ដែល​ជា​អតីត​មន្រ្តី​ការពារ​សិទ្ធិយ៉ាង​សកម្ម​ម្នាក់ ត្រូវ​ភៀស​ខ្លួន​ដោយ​បង្ខំ​ចិត្ត​ទៅ​ក្រៅ​ប្រទេស​ជាមួយ​កូន​ប្រុស​តូច​ ដើម្បី​សុវត្ថិភាព ក្រោ​យ​ពី​មាន​ការ​ព្រមាន​ចាប់​ខ្លួនដោយ​មន្ត្រី​ជាន់​ខ្ពស់​នគរ​បាល​មួយ​រូប។

«គាត់​ប្រាប់​ថា បើសិនជាខ្ញុំ​នៅ​តែ​បន្ត​ធ្វើការតវ៉ាដោះ​លែង​ប្តី​ខ្ញុំ​ ខ្ញុំ​នឹង​ជាប់​គុក​ដូច​ប្តី​ខ្ញុំ​អញ្ចឹង»។

ប្តី​របស់​អ្នក​ស្រី គឺ​លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨​ ក្រោយ​ពី​លោក​បានបកប្រែ​ឲ្យ​ក្រុម​ថត​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​រុស្ស៊ី​ Russia Today (RT)​។ ភាព​យន្ត​ឯក​សារ​នោះមានចំណង​ជើង​ថា «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ​ចំពេល​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បានថ្លែង​ការណ៍​ទៅ​កាន់​ពិភព​លោក អំពី​ជោគ​ជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​ និង​កុមារ។ ប៉ុន្តែ​ភាព​យន្តឯក​សារ​នេះ​ត្រូវ​បាន​ចោទ​ថា បានបរិហារ​អំពីការ​ជួញ​ដូរ​ផ្លូវ​ភេទ និងការជួញ​ដូរ​កុមារ​នៅ​កម្ពុជា។

ភាព​យន្ត​ឯកសារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» បាន​រៀប​រាប់​ពី​ម្តាយ​ម្នាក់ ដែល​មាន​ជីវភាព​ក្រីក្រ​ និង​រុំព័ទ្ធ​ដោយ​បំណុល សុខ​ចិត្ត​លក់​កូន​ស្រី​របស់​ខ្លួន​ឲ្យ​ជន​បរទេសដើម្បី​យក​ប្រាក់​មក​ផ្គត់​ផ្គង់​ជីវភាព។

រដ្ឋា​ភិបាលកម្ពុជាមិន​សប្បាយ​ចិត្ត​ ហើយ​បាន​ចោទ​ប្រកាន់​ថា​លោក រ៉ាត់ រត្នមុនី​ ស្វាមី​របស់​អ្នក​ស្រី ឡុង គឹមហ៊ាង និង​ទូរទស្សន៍​រុស្ស៊ី​នោះ ​បាន​បង្កើត​សាច់​រឿង និង​បាន​សូក​លុយ​ជនរងគ្រោះក្នុង​វីដេអូ​ ​ឲ្យ​សម្តែង​ដើម្បី​បង្ខូច​កិត្តិយស​របស់​រដ្ឋា​ភិបាល។

យ៉ាងណាក្តី រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ណាមួយ​ប្រឆាំង​នឹង​ទួរទស្សន៍​បរទេស​នោះទេ ប៉ុន្តែ​បានចាប់​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី ដែល​ជា​អ្នក​បកប្រែ។

ក្រោយ​ពី​ការ​ចាប់​ឃុំ​ស្វាមី​របស់​ខ្លួន អ្នក​ស្រី ឡុង គឹមហ៊ាង ​បាន​ធ្វើ​ការ​តវ៉ា​ជា​រៀង​រាល់​សប្តាហ៍​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី មិន​ដែល​លស់​ពេល​ឡើយ ដើម្បី​ទាមទារ​ឲ្យ​ស្ថាន​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍ដោះ​លែង​ប្តី​អ្នក​ស្រី និង​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជាពិនិត្យ​ពី​ភាព​គ្មាន​ទោស​របស់​ស្វាមីអ្នក​ស្រី ដែល​គ្រាន់​តែ​ជា​អ្នកបក​ប្រែ​ឲ្យ​ការ​ថតភាព​យន្ត។

ការ​ទាមទារ​ជា​ច្រើន​ខែ​មក​នេះ មិន​ត្រឹម​តែ​មិន​ទទួល​បាន​ការ​ដោះស្រាយ​បែប​ណាមួយ​នោះ​ទេ ប៉ុន្តែ​អ្នក​ស្រី​ត្រូវ​បាន​រារាំង និង​ទទួល​បាន​ការ​គំរាម​ឲ្យ​បញ្ឈប់​ការ​តវ៉ា​ជា​ញឹកញាប់។

ការ​តវ៉ាចុង​ក្រោយ​របស់​អ្នក​ស្រី​ឡុង គឹមហ៊ាង ​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​និង​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ស្វាមី​អ្នកស្រី នៅ​ខាងមុខ​ស្ថានទូត​រុស្ស៊ី គឺ​នៅ​ខែមេសា ឆ្នាំ​២០១៩​នេះ។ នៅ​ពេល​នោះ​ មាន​ស្រ្តី​វ័យ​កណ្តាល​មួយ​ក្រុម​ប្រមាណ​ជា​ជិត​១០​នាក់ ពាក់​ម៉ាស់ និង​មិន​បង្ហាញ​អត្ត​សញ្ញាណ បាន​ចាប់​អ្នក​ស្រី​ចេញ​ពី​មុខ​ស្ថានទូត​។​

អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» និយាយជាមួយ VOA ខណៈកំពុងស្ថិតក្នុងបន្ទប់ជួលមួយក្នុងប្រទេសដែលអ្នកស្រីកំពុងភៀសខ្លួន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

«ខ្ញុំ​អត់​ជឿ ហើយ​ខ្ញុំ​នៅ​តែ​បន្ត​តវ៉ា។ ហើយ​ទីបំផុត​ទៅ​យើង​ឃើញ​មាន​ស្រ្តី​ពាក់​ម៉ាស​អី​មក​ចូល​រំខាន​ការធ្វើ​សកម្មភាព​តវ៉ារបស់​ខ្ញុំ​ រួមទាំង​អូស​រុញ​ច្រាន មាន​ទាំង​អាជ្ញាធរ​ប៉ុនប៉ង​ចង់​ចាប់​ខ្ញុំ អីចឹង​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ប៉ុនប៉ង​ចង់​ចាប់​ខ្ញុំ​ហ្នឹង គឺជា​រឿង​ពិត»។

កាលពី​ចុង​ខែមិថុនា ឆ្នាំ​២០១៩ ស្វាមី​របស់​អ្នកស្រី​ ឡុង គឹមហ៊ាង ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ ​ពី​បទ «ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ តាម​មាត្រា ​៤៩៦​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​

រហូត​មក​ដល់​ពេល​នេះ អ្នកស្រី ឡុង​ គឹមហ៊ាង ​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាដោះ​លែង​ស្វាមី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព ដោយ​អះអាង​ថា វីដេអូ​ដែល​ស្វាមីអ្នកស្រី បាន​បកប្រែ​ឲ្យ​សារព័ត៌មាន​ Russia Today គឺ​ជា​រឿង​ពិត​ដែល​រដ្ឋាភិបាល​ត្រូវ​តែទទួល​ និងដោះ​ស្រាយ។

អ្នកស្រី ឡុង គឹមហ៊ាង ​និយាយ​ជាមួយ​ VOA ដោយ​សម្តី​មាំៗ ​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​អ្នកស្រី មិន​ខុស​ប៉ុន្មាន​ពី​សកម្ម​ភាព​ដែលអ្នក​ស្រី​ធ្លាប់​តស៊ូ​មតិ​ការពារ​សិទ្ធិ​ដី​ធ្លី​កន្លង​មកនោះ​ទេ។

«នៅ​ពេល​ដែល​អ្នក​និយាយ​ថា​ យើង​ចង់​ឲ្យ​ប្រទេស​ជាតិ​យើង​រីក​ចម្រើន ប៉ុន្តែ​បែរ​ជា​អ្នក​ទាំង​អស់​គ្នា​ចំណាយ​ពេល​មក​ចាប់​អ្នក​ដែល​បាន​ចំណាយ​ពេល​ពេល​វេលា ​លះ​បង់​កម្លាំង​របស់​ពួកគេ​ធ្វើ​ការងារ​ដើម្បី​សង្គម​ជាតិ លើកយករឿង​ពិត បញ្ហា​ពិត​ប្រាប់​អ្នក​ទាំងអស់​គ្នា​ អ្នក​ទាំងអស់​បែរ​ជា​ព្រងើយ​កន្តើយ ទាត់​រឿង​ហ្នឹង​ចោល ហើយ​ចាប់​គេ​ដាក់​គុក? តើ​មន្រ្តី​រដ្ឋាភិបាល​មិន​ខ្មាស​គេ​ទេ​ឬ ដែល​និយាយ​ថា​ខ្ញុំ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​អ្នក​មាន ​ប្រទេស​កម្ពុជាសន្តិភាព។ សួរ​ថា​តើ​ប្រទេស​កម្ពុជានឹង​បាន​សុខ​ដោយ​វិធីណា?​ ពលរដ្ឋ​នឹង​មាន​សេចក្តី​សុខ​ដោយ​របៀបណា បើគ្រាន់​តែអ្នក​និយាយ​ការពិត​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ដាក់គុក ឯ​ជន​រង​គ្រោះ​នៅ​តែ​រង​គ្រោះ នៅ​តែ​ប្រឈម នៅតែ​មាន​បញ្ហា?»។

ស្វាមី​ត្រូវ​ចាប់ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ​គឺជា​បន្ទុក​មួយ​របស់​អ្នក​ស្រី គឹមហ៊ាង ដើម្បី​ពុះជ្រែក​ការងារ​ប្រឈម​ចំនួន​ពីរ​ដំណាល​គ្នា។ នោះ​គឺ​ភារកិច្ច​ត្រូវ​មើល​ថែរក្សា​កូន​តូច​អាយុ​ជាង​១មួយ​ឆ្នាំ និង​ការ​ព្យាយាម​តស៊ូ​ដើម្បីឲ្យ​មាន​ការ​ដោះ​លែង​ស្វាមី​អ្នក​ស្រី​មក​វិញ។

ទីបំផុត​អ្នក​ស្រី​បាន​បោះបង់​ចោល​ការ​តស៊ូ​ក្នុង​ការតវ៉ា​ ដោយ​ភ័យ​ខ្លាចថា​មាន​ការ​ចាប់​ខ្លួន​អ្នក​ស្រី និង​ការ​បោះបង់​កូន​តូច​ចោល ប្រសិនបើ​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ត្រូវ​ជាប់​ពន្ធនាគារ​។

អ្នក​ស្រី ឡុង គឹមហ៊ាង បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ខែឧសភា ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ជន​ភៀស​ខ្លួន (UNHCR)។

អ្នក​ស្រី​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ ជាមួយ​កូន​ប្រុស​ដែល​មិន​ទាន់​ដឹង​ក្តី ហើយ​អ្នក​ស្រី​ត្រូវ​ប្រឈម​នឹង​ទិដ្ឋ​ភាព​ថ្មីៗ​ទៀត​ក្នុង​ទីតាំង​បណ្តោះ​អាសន្ន​នេះ។

អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» កំពុងបង្រៀនភាសាអង់គ្លេសដល់អ្នកជិតខាង ខណៈកំពុងស្ថិតក្នុងបន្ទប់ជួលមួយក្នុងប្រទេសដែលអ្នកស្រីកំពុងភៀសខ្លួន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

«ដោយ​សារយើង​អត់​ស្គាល់​គេ យើង​អត់​មាន​កន្លែង​នៅ​ទេ យើង​ត្រូវ​ទៅ​ជួល​ម្តង​កន្លែង​នេះ ម្តង​កន្លែង​នោះ ហើយ​ពេល​ខ្លះ​តម្លៃ​គឺ​ថ្លៃ​មែន​ទែន ទម្រាំ​តែខ្ញុំ​បាន​មក​ដល់​កន្លែង​នេះ គឺ​ខ្ញុំ​ពិបាក​ខ្លាំង​ណាស់។ មួយ​ទៀត​គឺ​ខ្ញុំ​បារម្ភ ​ដោយ​សារ​តែ​ខ្ញុំ​ជា​ស្រ្តី​ម្នាក់​ឯង ​មាន​តែកូន​តូច ទាក់ទិន​ហ្នឹង​អសុវត្ថិភាព​ផ្ទាល់​ខ្លួន ខ្ញុំ​ចាប់​ផ្តើម​យល់​មែនទែន​ហើយ​ដែល​ថា​ស្រ្តី​ងាយ​រងគ្រោះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​ងាយ​រង​គ្រោះ​យ៉ាង​ម៉េច? ពិត​ណាស់ យើង​ម្នាក់ឯងជាស្រ្តី ហើយមានកូន​តូច ការ​ដើរ​ហើរ​របស់​យើង​ងាយ​នឹង​មាន​ការ​បៀត​បៀន ទាំង​ការ​បៀត​បៀន​ផ្លូវ​ភេទ ទាំង​ការ​បៀត​បៀន​ពាក្យ​សម្តី និង​ការ​បៀត​បៀន​ផ្នែក​អារម្មណ៍»។

អ្នកស្រី​ ឡុង គឹមហ៊ាង ត្រូវ​គេ​ស្គាល់​ថា​ជា​អតីត​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​លំនៅឋាន ចំណែកស្វាមីរបស់​អ្នក​ស្រី​គឺ​ជា​អតីត​សកម្មជន​ការ​ពារ​សិទ្ធិ​ពលករ។​ អ្នក​ទាំង​ពីរ​តែងតែ​ត្រូវ​គេឃើញ​ចូល​រួម​ក្នុង​ការតវ៉ា​ដើម្បី​ការ​ការពារ​សិទ្ធិ​ជន​ដែល​ទទួល​រង​ការ​បំពារ​បំពាន។

វ័យ​៣៤ ឆ្នាំ អ្នក​ស្រី ឡុង​ គឹមហ៊ាង កំពុង​ធ្វើ​ការ​ជា​អ្នក​បកប្រែ​ភាសាខ្មែរ និង​អង់គ្លេស​ក្រៅម៉ោង​ឲ្យ​អង្គការ​មួយ​នៅ​ជិត​កន្លែង​ភៀស​ខ្លួន​របស់​អ្នក​ស្រី​ ដើម្បីរក​កម្រៃ​ទប់ទល់ហ្នឹង​ជីវភាព​ដែល​កំពុង​ខ្វះខាត​។ យ៉ាងណាក្តី​ អ្នកស្រី​នៅ​តែ​បារម្ភ​ថា អ្នកស្រី​អាច​នឹង​ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ដែល​អ្នកស្រី​កំពុង​ភៀស​ខ្លួន​បញ្ជូន​ទៅ​កម្ពុជា​វិញ។

«គេ​ហៅ​យើង​សួរ រក​កាត​សម្គាល់​ខ្លួន​របស់​យើង ហើយ​សួរ​យើង​មក​ពី​ណា មក​ធ្វើ​អី ហើយ​ពេល​ខ្លះ​គេ​អត់​សួរ​ទេ ពេល​ខ្លះ​គេ​ថត​រូប​យើង​បណ្តោយ។ នេះ​ជា​រឿង​ដែល​ខ្ញុំ​បារម្ភ​រហូត​ដល់​ថ្នាក់​ពេល​ខ្លះធ្វើ​ឲ្យ​យើង​ភ័យ យើងគេង​អត់​លក់​ទេ យើង​លោះ​ព្រលឹង។ ថត​រូប​របស់​យើង​ហើយ​ទៅ​បាត់ មិន​ដឹង​ថា​បំណង​អី រឿង​អី ហើយ​ជា​ញឹកញយ​ទៀត។ ឲ្យ​តែ​យើង​ដើរ​ជា​ញឹកញាប់​ ​ជា​សាធារណៈ​ អាជ្ញាធរ គឺ​ប៉ូលិស​ហ្នឹង​តែម្តង ថត​រូប​»។

ជាមួយ​គ្នានេះ​ អ្នកស្រី​ ឡុង គឹមហ៊ាង​ បាន​អំពាវ​នាវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ទាំងអស់​តាម​ឃ្លាំ​មើល​ករណី​របស់​ក្រុម​គ្រួសារ​អ្នកស្រី​ឲ្យ​បាន​ដិត​ដល់ ជាពិសេស​ស្ថានភាព​ស្វាមី​របស់​អ្នកស្រី​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ព្រៃស៕