សកម្មជន​ដីធ្លី​ម្នាក់​ត្រូវ​បាន​គេ​អូស​ចេញ​ស្ងាត់ៗ​ពី​កម្មវិធី​អបអរ​ថ្ងៃ៧មករា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាគឺលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ត្រៀមទទួលបាច់ផ្កាពីតំណាងស្ថានទូតចិនប្រចាំកម្ពុជា នៅក្នុងឱកាសរំលឹកខួបថ្ងៃ៧មករា⁣ ដែលជាថ្ងៃដែលប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)

ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អាន​សុន្ទរកថាជាងកន្លះ​ម៉ោង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ​នៅក្នុង​ពិធី​ប្រារព្ធ​ខួបថ្ងៃ​៧មករា ⁣​ដែលជាថ្ងៃប្រទេសកម្ពុជាត្រូវបានរំដោះ​ចេញពីរបបប្រល័យ​ពូជសាសន៍ខ្មែរ​ក្រហម ស្ត្រី​ម្នាក់​ក្នុងវ័យ​៤៨ឆ្នាំ​ មាន​មាឌ​តូចស្តើង​ គឺ​អ្នកស្រី​ អ៊ុយ​ ណាវី​ ​មកពី​សហគមន៍​បុរីកីឡា​ រត់ចូលប្រុង​ទៅជិត​វេទិកា​ ដើម្បី​ប្រគល់​ឯកសារ​ពាក់​ព័ន្ធរឿង​ទំនាស់​ដី​ធ្លី​របស់​សហគមន៍អ្នកស្រីដែល​រង​ការបណ្តេញ​ចេញ​ ដើម្បី​គម្រោង​អភិវឌ្ឍ​ទីក្រុង។

អ្នកស្រី​បានឲ្យដឹងថា អ្នក​ស្រី​គ្រាន់តែ​ចង់​ផ្ញើរ​ឯកសារ​ពាក់​ព័ន្ធ​នានា​ ឲ្យ​បាន​ទៅ​ដល់​ដៃ ​លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ឲ្យ​លោក​បាន​ដឹងលឺ​ និង​ឆាប់​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់ជូនក្រុម​គ្រួសារ​និង​សាច់ញាតិរបស់​អ្នក​ស្រី។

ប៉ុន្តែ​ជា​អកុសល​ ភ្លាមៗ​ក្រោយ​អ្នក​ស្រី​រត់​ចូល​ទៅ​កាន់​វេទិកា​ កង​កម្លាំង​២រូប​បាន​ក្រៀក​អ្នកស្រី​ចេញ​ទៅ​ក្រៅ​កម្មវិធី​។ អ្នក​ស្រី ណាវី​ បាន​ប្រាប់​ VOA ថាអ្នកស្រី​ត្រូវបាន​គេហៅ​ទៅសាកសួរ​នៅ​សាលាខណ្ឌ​៧​មករា​ អស់​រយៈ​ពេល​ប្រមាណ​៣ម៉ោង​ដើម្បី​ជួប​ចចារ​នឹង​លោក​ លឹម សុភា​ ​អភិបាលរង​ខណ្ឌ​ដែល​បាន​ព្រមាន​អ្នកស្រី​មិន​ឲ្យ​អុកឡុក​នៅ​កម្មវិធី​ធំៗ​បែប​នេះ​ទៀត។​

អភិបាលរង​ខណ្ឌ​ ៧មករា​ រូប​នេះ​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ដល់ VOA ដោយ​ប្រាប់​ថា​លោក​កំពុង​តែ​ប្រជុំ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

កាល​ពី៦ឆ្នាំ​មុន​ គឺឆ្នាំ២០១២​ ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់​កម្លាំង​មាន​សមត្ថកិច្ច​និង​សន្តិសុខ​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ចំនួន​៣៨៧​គ្រួសារ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​បន្ត​រស់ក្នុង​អគារ​ចាស់ៗដែល​គេ​ទុក​ឲ្យ​នៅ​ទំនេរ​ចោល។ នៅ​ខែ​ធ្នូ ចុង​ឆ្នាំ២០១៧​ អាជ្ញាធរក្រុងភ្នំពេញ​ការបង្ខំឲ្យ​ប្រជា​ពលរដ្ឋ​ដែលនៅ​សល់​ប្រមាណ១០% ចាក​ចេញ​ពី​ប្លុក​បុរី​កីឡា​ ដោយ​ដាក់​គោល​នយោបាយ​សំណងលើទំនាស់​ដី​ធ្លី ​និង​ផ្ទះ​សម្បែង​របស់​ប្រជា​សហគមន៍​បុរី​កីឡា​ចាប់​ពី​៣.០០០​ដុល្លារទៅ​៥.០០០​ដុល្លារ​ ឬ​ផ្ទះ​ល្វែង​តូច​មួយ​នៅ​ភូមិ​អណ្ដូង​ ភ្នំបាត ​និង​ភូមិ​សំបុក​ចាប​ ​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។

ក្នុង​ពិធី​រំលឹក​ថ្ងៃ​៧មករា​លើកទី​៣៩​ឆ្នាំ​នៃការ​ចាកចេញ​ពី​របប​ផ្តាច់ការ​កំម្មុយនីស្តមហា​ជនជាង​៤​ម៉ឺន​នាក់​ រួមទាំង​ក្រុម​សហគមន៍​បុរីកីឡា​ ៥នាក់ត្រូវបានអញ្ចើញ​ឲ្យចូលរួម​។ ក្រុម​ថ្នាក់​ដឹកនាំ​រដ្ឋា​ភិបាល​កម្ពុជា​ ដែលដឹក​នាំ​ដោយ​លោក ហ៊ុន សែន​ កាន់​អំណាច​ជិត​៤០​ ឆ្នាំ​ក្រោយ​របប​ប្រល័យ​ពូជសាសន៍​ ប្រារព្ធ​ពិធីនេះ​ជាង ២​ម៉ោង​ដោយ​មើល​សិល្បៈច្រៀង​អបអរ​ដល់​សមិទ្ធិផល​ក្រោម​ការ​ដឹកនាំ​របស់លោក៕​