បើទោះភ្លៀងរលឹមមិនដាច់ សិល្បករមួយក្រុមដែលមានគ្នាជាង ២០ នាក់ បន្តរៀបចំតុបតែងខ្លួនទៅតាមតួអង្គ ដើម្បីសម្តែងនាពេលល្ងាចមួយ ក្នុងវត្តបុទុមនីវ័ន ហៅវត្តស្តៅលើ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤។
នៅពីខាងក្រោយឆាកសម្តែង តួនីមួយៗរវល់តុបតែងមុខ ដៃម្ខាងកាន់កញ្ចក់ផង ឯម្ខាងទៀតកាន់ជក់សម្រាប់គូរមុខផង។ តួសម្តែងនីមួយៗខំប្រិតប្រៀងតុបតែងខ្លួន ទៅតាមសាច់រឿងដែលត្រូវបានកំណត់ក្នុងរឿងមួយដកស្រង់ចេញពីអក្សរសិល្ប៍ខ្មែរមានចំណងជើងថា«ដួងតារាសង្វាពេជ្រ»។
កំពុងលាបមុខតែងខ្លួនជាតួយក្ស លោក យក្ស ឈិន បុរសវ័យប្រមាណជាង ៦ ០ឆ្នាំ បានលើកឡើងថា លោកសម្តែងជាតួអង្គក្នុងទម្រង់ល្ខោនបាសាក់ជាង៤០ឆ្នាំមកហើយ។ ដោយមានឧបនិស្ស័យ និងការស្រឡាញ់ ក៏ដូចជាការប្តេជ្ញាចង់បន្តវេនពីម្តាយដែលជាអតីតអ្នកសម្តែងល្ខោនបាសាក់ និងល្ខោនយីកេម្នាក់ លោក យក្ស ឈិន ពេញចិត្តជាខ្លាំងទៅលើសិល្បៈទម្រង់ល្ខោនបាសាក់នេះ។ ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភជានិច្ចទាក់ទងនឹងអាជីពមួយនេះនៅថ្ងៃអនាគត។
លោកថ្លែងថា៖ «ក្រុមសិល្បៈល្ខោនបាសាក់សព្វថ្ងៃ វាចង់បាត់បង់ទៅហើយ។ក្រោយទៀតទៅមិនដឹងជាយ៉ាងណា។ ខ្ញុំអត់បានដឹងដែរ ព្រោះថា ល្ខោនបាសាក់វាចេះតែថយចុះជាខ្លាំង ដូចមិនសូវមានពីណាគាំទ្រ»។
ក្តីព្រួយបារម្ភអំពីការបាត់បង់ល្ខោនបាសាក់ និងការលែងមើលពីសាធារណជនកំពុងក្លាយជាក្តីបារម្ភសម្រាប់សិល្បករល្ខោនបាសាក់។
ល្ខោនបាសាក់ ជាទម្រង់ល្ខោនមួយប្រភេទរបស់ខ្មែរដែលចាប់កំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង ក្នុងទឹកដីកម្ពុជាក្រោម ស្ថិតក្នុងភាគខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសព្វថ្ងៃ។ ស្រុកបាសាក់ជាតំបន់មានប្រជាជនខ្មែររស់នៅច្រើន មានអារ្យធម៌ និងកេរតំណែលខ្មែរ មានប្រាសាទ វត្តអារាម និងល្ខោនច្រើនទម្រង់ រួមមានល្ខោនបាសាក់ជាដើម។
ល្ខោនបាសាក់ត្រូវបានស្គាល់ថា ជា «ល្ខោនទ្រើងឃ្លោក» ដោយហេតុដំបូងនៃការកកើតល្ខោននេះ មិនមានឆាកសម្តែងដែលរៀបចំបានស្អាតឡើយ គឺក្រុមសម្តែងយកដើម ឬមែកឈើមកតុបតែងសម្តែងនៅលើដីរាបស្មើប៉ុណ្ណោះ។
អ្នកសម្តែងទម្រង់ល្ខោនបាសាក់ ឬល្ខោនទ្រើងឃ្លោកភាគច្រើនជាអ្នកពូកែផ្នែកអក្សរសិល្ប៍ កំណាព្យកាព្យឃ្លោង និងសមត្ថភាពក្នុងការសម្តែងឥតព្រាងទុក។ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រវត្តិរបស់ល្ខោនបាសាក់ ឬល្ខោនទ្រើងឃ្លោកមិនទាន់មានភាពសុក្រឹត និងលំអិតនៅឡើយទេ គឺគ្រាន់ជាមូលដ្ឋានគ្រឹះសម្រាប់អ្នកដែលចង់យកទៅសិក្សាស្រាវជ្រាវដើម្បីជាចំណេះដឹងប៉ុណ្ណោះ។
លោក យក្ស ឈិន ស្ថិតក្នុងក្រុមសិល្បៈសម្តែងល្ខោនបាសាក់ដែលមានឈ្មោះថា«ក្រុមសិល្បៈឡាយធីតា ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ»។ ក្រៅពីការសម្តែង លោក យក្ស ឈិន ដែលមានមាឌធំក្រអាញ ជាកសិករម្នាក់រស់នៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្តែងសិល្បៈទម្រង់ល្ខោនបាសាក់បានជួយដល់ជីវភាពរបស់លោក ក្រៅពីការធ្វើស្រែចម្ការ។
ជជែកជាមួយអ្នកសារព័ត៌មានវីអូអេបណ្តើរ តុបតែងខ្លួនបណ្តើរ លោកថ្លែងថា ល្ខោនបាសាក់នឹងអាចឈានដល់ការបាត់បង់ បើសិនជាមិនមានការចូលរួមអើពើ និងលើកស្ទួយពីសំណាក់យុវជន។
សិល្បករល្ខោនបាសាក់ដែលវីអូអេបានសម្ភាសសុទ្ធតែបានលើកឡើងពីការព្រួយបារម្ភអំពីអនាគតរបស់ទម្រង់ល្ខោនប្រភេទនេះថានឹងអាចបាត់បង់ បើសិនមិនមានការថែរក្សាឱ្យបានល្អ។ ពួកគេទាំងនោះសង្ឃឹមថានឹងមានការជ្រោមជ្រែងវិស័យល្ខោនបាសាក់នេះឱ្យកាន់តែមានភាពទូលំទូលាយពីសំណាក់អ្នកពាក់ព័ន្ធ។
លោក ឌឿ ឡាយ អ្នកដឹកនាំ និងជាអ្នកសម្តែងល្ខោនបាសាក់ម្នាក់ទៀតដែលស្ថិតក្នុងក្រុមរបស់លោក យក្ស ឈិន បានបន្តអាជីពជាអ្នកសម្តែងសិល្បៈទម្រង់ល្ខោនបាសាក់ពីគ្រួសាររបស់លោក អស់រយៈពេល ២៤ ឆ្នាំមកហើយ។ មានឈាមជ័រជាអ្នកសម្តែងល្ខោនបាសាក់មួយរូប លោកថា ល្ខោនបាសាក់បច្ចុប្បន្ននេះមិនសូវមានប្រជាប្រិយភាពក្នុងចំណោមយុវជនជំនាន់ក្រោយឡើយ។
លោកថ្លែងថា៖ «ពីដើមមក កាលខ្ញុំទើបតែចាប់ផ្តើមសម្តែងជាល្ខោនបាសាក់លើកដំបូង ក្មេងៗចូលចិត្តមើលច្រើនផ្នែកល្ខោនបាសាក់ ដល់មកបច្ចុប្បន្ន ឥឡូវហ្នឹង គាត់ដូចអត់សូវចូលចិត្តប៉ុន្មានទេ»។
បើតាមលោក ឌឿ ឡាយ សិល្បករសម្តែងល្ខោនបាសាក់មិនមានជីវភាពធូរធារប៉ុន្មាននោះទេ ហើយភាគច្រើននៃអ្នកសម្តែងសុទ្ធតែជាកសិករដែលមានជីវភាពខ្សត់ខ្សោយ និងត្រូវការប្រាក់សម្រាប់ចិញ្ចឹមជីវិត។
ល្ខោនបាសាក់ ឬល្ខោនទ្រើងឃ្លោកភាគច្រើនត្រូវបានសម្តែងនៅតាមទីវត្តអារាមអំឡុងពេលមានបុណ្យសាសនាម្តងៗ ដូចជាបុណ្យផ្កា បុណ្យបញ្ចុះខណ្ឌសីមា បុណ្យកឋិន ឬបុណ្យបច្ច័យបួនជាដើម។
ចំណែកឪពុករបស់លោក ឌឿ ឡាយ គឺលោក ឌឿ ម៉ុន វ័យ ៦៩ ឆ្នាំ ដែលសម្តែងសិល្បៈទម្រង់ល្ខោនបាសាក់រយៈពេលជាង ៤០ ឆ្នាំ បាននិយាយថា លោកចាប់ផ្តើមចាប់យកអាជីពជាអ្នកសម្តែងល្ខោនបាសាក់នេះ តាំងពីលោកមានជីវិតរស់រានពីរបបខ្មែរក្រហម។ លោកបន្តថា មានតែការចាប់យករបរជាអ្នកសម្តែងល្ខោនប៉ុណ្ណោះ ទើបលោកអាចបន្តជីវិតបាន ស្របពេលដែលលោកស្រឡាញ់អាជីពជាសិល្បករស្រាប់ក្នុងគ្រានោះ។
ក្នុងឆ្នាំ ១៩៨២ បន្ទាប់ពីសម័យខ្មែរក្រហម សិល្បករដែលរស់រានមានជីវិតត្រូវបានរួមគ្នាជាក្រុមក្នុងការសម្តែងល្ខោននេះឡើងវិញ និងបានទទួលការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។
លោក ឌឿ ម៉ុន យល់ថា ទម្រង់សិល្បៈល្ខោនបាសាក់មិនសូវមានប្រជាប្រិយភាព ដូចក្នុងទសវត្សរ៍ ១៩៨០ ឡើយ ដោយសារប្រទេសជាតិមានការរីកចម្រើន។ ចំណែកយុវជនភាគច្រើនមានទំនោរទៅការសម្តែងបែបទំនើប ជាជាងទម្រង់បុរាណ។
លោកបញ្ជាក់ថា៖ «សព្វថ្ងៃពូព្រួយបារម្ភណាស់ ខ្លាចតែបាត់បង់ ព្រោះនេះជាវិស័យកេរដូនតារបស់យើងបានស្រាវជ្រាវបន្សល់ទុកឱ្យកូនខ្មែរថែរក្សា។ អ៊ីចឹងពូគ្រាន់ផ្តាំថា ទោះបីជាយ៉ាងណាក៏ដោយ សូមឱ្យជួយថែរក្សាគ្នាកុំឱ្យបាត់បង់ទម្រង់ល្ខោនបាសាក់ខ្មែររបស់យើង»។
ចំណែកលោក យឹម ស៊ីថា អ្នកសម្តែងល្ខោនបាសាក់ម្នាក់ទៀត យល់ថា ប្រៀបធៀបជាមួយល្ខោនដទៃ ល្ខោនបាសាក់ហាក់មានអ្នកគាំទ្រច្រើនជាងគេ ប៉ុន្តែមិនសូវទទួលការគាំទ្រច្រើនពីយុវជនឡើយ។
លោកថ្លែងថា៖ «មានការព្រួយបារម្ភដែរ ព្រោះខ្លាចតែពេលខ្ញុំចាស់អីទៅ រាមច្បង លោកគ្រូអ្នកគ្រូចាស់អស់ទៅ ខ្លាចក្មេងជំនាន់ក្រោយមិនសូវយកចិត្តទុកដាក់ ដូចជាចង់លេងសិល្បៈបន្តវេនស្នងពីកេរដំណែលដូនតា។ ចង់ឱ្យស្រទាប់យុវវ័យសារក្រោយចង់ឱ្យជួយបន្តវេនទៅ កុំឱ្យបាត់បង់»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ ប្រាប់វីអូអេតាមតេឡេក្រាមថា ក្រសួងតែងតែយកចិត្តទុកដាក់ក្នុងការបង្កើតនូវព្រឹត្តិការណ៍វប្បធម៌នានា។ លោកបន្ថែមថា ល្ខោនបាសាក់គឺទម្រង់សិល្បៈមួយក្នុងចំណោមទម្រង់សិល្បៈជាច្រើនទៀតដែលកំពុងប្រឈមនឹងការបាត់បង់ ឬអសកម្មភាព។
លោកបញ្ជាក់ថា៖ «ការរៀបចំឱ្យមានជាព្រឹត្តិការណ៍សម្តែងធំៗ កម្មវិធីមហោស្រពថ្នាក់ជាតិ និងការដំឡើងស្នាដៃនានា គឺជាសកម្មភាពមួយដ៏ចាំបាច់ដែលត្រូវធ្វើឡើងពុំដាច់ ដើម្បីធ្វើឱ្យរស់ឡើងវិញនូវទម្រង់សិល្បៈដែលជិតបាត់បង់ទាំងនោះឱ្យមានសកម្មភាពផុសផុល»។
បើតាមអ្នកនាំពាក្យរូបនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងបង្កើតឱ្យមានមហោស្រពល្ខោនបាសាក់លើកទី ២ នាចុងខែតុលាខាងមុខនេះ ក្រោមប្រធានបទ «ចង្កឹះមួយបាច់» ក្នុងគោលបំណងចូលរួមថែរក្សា លើកស្ទួយ អភិរក្សតម្លៃ សិល្បៈប្រពៃណី និងអត្តសញ្ញាណជាតិ។
លោក ឈាង ឆដាភ័ក្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាពប្រាប់វីអូអេតាមសារតេឡេក្រាមថា ត្រឹមឆ្នាំ ២០២២ កម្ពុជាមានក្រុមល្ខោនបាសាក់ចំនួន ៦៦ ក្រុមដែលមកពីបណ្តាលខេត្តចំនួន ១៥ ក្នុងនោះខេត្តត្បូងឃ្មុំមានចំនួន ១៤ ក្រុម។
អំឡុងពេលនៃការសម្តែង ល្ខោនបាសាក់ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម មេឃចាប់ផ្តើមបង្អុរភ្លៀងចុះមក ប៉ុន្តែមិនមានជាបញ្ហាសម្រាប់អ្នកស្រុកដែលរស់នៅភូមិស្តៅឡើយ។ អ្នកស្រុកជាច្រើននាក់ខ្លះបាននាំគ្នាអង្គុយ ឯខ្លះទៀតឈរមើលការសម្តែងនៅចំពីមុខឆាក ដោយមានកន្ទេល នំចំណី និងមានទទូរឆ័ត្រផង។
អ្នកស្រី ឡុង ចិន្តា ដែលមកមើលការសម្តែងល្ខោនបាសាក់ ប្រាប់វីអូអេថា អ្នកស្រីចូលចិត្តការសម្តែងទស្សនីយភាពល្ខោនបាសាក់តាំងពីក្មេង ប៉ុន្តែអ្នកស្រីមិនសូវមានឱកាសមើលល្ខោននេះទេ ក្នុងពេលបច្ចុប្បន្ន។
កំពុងឈរមើលការសម្តែងយ៉ាងជក់ចិត្ត អ្នកស្រីពោលថា៖«ខ្ញុំមានសំណូមពរដល់អ្នកពាក់ព័ន្ធដែលទាក់ទងនឹងវិស័យល្ខោនបាសាក់ហ្នឹងឱ្យជួយពង្រឹង និងជួយអភិវឌ្ឍបន្ថែមទៀត ដើម្បីឱ្យមានអ្នកគាំទ្រ កុំឱ្យវាបាត់នៅក្នុងសិល្បៈរបស់យើង»។
ប្រធានក្រុមសម្តែង និងជាអ្នកដឹកនាំសិល្បៈល្ខោនបាសាក់ឡាយធីតា ខេត្តត្បូងឃ្មុំ លោក ឌឿ ឡាយ សំណូមពរថា៖ «ខ្ញុំសំណូមពរដល់យុវជន យុវនារីយើងជំនាន់ក្រោយក៏សូមជួយអភិរក្ស ចំពោះផ្នែកល្ខោនបាសាក់នេះមួយផង។ ស្ទើរតែបាត់បង់ទៅហើយ។ អ៊ីចឹងសូមយុវជន យុវនារី ជំនាន់ក្រោយជួយថែរក្សាវប្បធម៌ប្រពៃណីយើងឱ្យបានគង់វង្ស»៕