នៅថ្ងៃច័ន្ទនេះ អ្នកភូមិដែលប្រឈមនឹងការបណ្តេញចេញពីតំបន់បឹងកក់ក្នុងទីក្រុងភ្នំពេញបានស្នើសុំគណៈកម្មការវាស់វែងដីធ្លីរបស់សាលារាជធានីភ្នំពេញឱ្យបញ្ឈប់សកម្មភាពវាស់វែងក្បាលដីរបស់ពួកគាត់ជាបណ្តោះអាសន្ន សម្រាប់ការអភិវឌ្ឍនៅនឹងកន្លែង ដោយសារគ្មានតម្លាភាព។
សាលារាជធានីភ្នំពេញបានបង្កើតគណៈកម្មការវាស់វែងក្បាលដីនៅសហគមន៍បឹងកក់ ប៉ុន្តែបានបដិសេធសំណើសុំចូលរួមរបស់តំណាងសហគមន៍បឹងកក់និងអង្គការក្រៅរដ្ឋាភិបាល។ គណៈកម្មការនេះបានចាប់ផ្តើមធ្វើការវាស់វែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់ បានថ្លែងថាអ្នកភូមិបឹងកក់មិនផ្តិតមេដៃលើឯកសារវាស់វែង ក្បាលដីរបស់គណៈកម្មការនេះទេដោយសារការវាស់វែងនេះ អត់មានតម្លាភាពអត់មានយុត្តិធម៌និងទម្រង់ឯកសារសម្រាប់ឱ្យម្ចាស់ក្បាលដីផ្តិតមេដៃ មិនមានលក្ខណៈរដ្ឋបាលត្រឹមត្រូវ។
អ្នកស្រី ទេព វណ្ណី បានបញ្ជាក់ថាអ្នកភូមិបឹងកក់បានសុំឱ្យគណៈកម្មការវាស់វែងក្បាលដីនៅសហគមន៍បឹងកក់ផ្អាកការងារចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់មានការបញ្ចូលតំណាងសហគមន៍បឹងកក់ចំនួន១៤នាក់ ក្នុងគណៈកម្មការវាស់វែងក្បាលដី ដើម្បីឱ្យមានតម្លាភាពនិងយុត្តិធម៌។
«គ្មានឈ្មោះតំណាងឱ្យអ្នកវាស់វែងណាមួយ ដើម្បីបញ្ជាក់ថាក្រដាសនេះមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់។ អញ្ចឹងប្រជាពលរដ្ឋរបស់ខ្ញុំអត់អាចផ្តិតមេដៃបាន។ គាត់សុំផ្អាកការវាស់វែងក្បាលដីនេះជាបណ្តោះអាសន្ន រហូតដល់បានដាក់បញ្ចូលតំណាងសហគមន៍បឹងកក់របស់ខ្ញុំក្នុងមួយភូមិពីររូប ដើម្បីឱ្យចូលរួមក្នុងការអង្កេត ដើម្បីឱ្យមានតម្លាភាពនិងទំនុកចិត្តទៅដល់ប្រជាពលរដ្ឋទើបគាត់អាចយល់ព្រមឱ្យមានការវាស់វែងក្បាលដីនេះ បន្តទៅទៀត»។
គណៈកម្មការវាស់វែងក្បាលដីនេះ រួមមានមន្ទីរសុរិយោដីរាជធានីភ្នំពេញ ខណ្ឌដូនពេញ សង្កាត់ស្រះចក និងក្រុមហ៊ុនអភិវឌ្ឍន៍។
អ្នកស្រី លី ស្រីមុំ តំណាងសហគមន៍បឹងកក់ម្នាក់ទៀត បានថ្លែងថាការវាស់វែងមិនបានដាក់បញ្ជាក់ច្បាស់លាស់ពីទំហំផ្ទះនិងទំហំដីជាក់ស្តែងរបស់ពួកគាត់ដែលកំពុងកាន់កាប់។
«ការវាស់វែងមិនពិតប្រាកដមិនជាក់លាក់។ វាបង្ហាញនូវភាពមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋនិងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿ។ យើងស្នើសុំឱ្យលិខិតដែលវាស់វែងនេះ មានឡូហ្គោសាលារាជធានីភ្នំពេញ ដើម្បីជាសម្គាល់អំពីការវាស់វែង និងការទទួលខុសត្រូវរបស់សាលារាជធានីភ្នំពេញ។ យើងបានធ្វើលិខិតស្នើសុំទៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងឱ្យជាក់លាក់ និងមានការទទួលខុសត្រូវពីសាលារាជធានីភ្នំពេញ»។
លោកហែម ឫទ្ធី នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញ បានថ្លែងប្រាប់អ្នកភូមិបឹងកក់ថាលោក នឹងយកសំណូមពរទាំងនេះទៅធ្វើការពិចារណានៅក្នុងគណៈកម្មការវាស់វែងក្បាលដីនេះហើយដាក់ជូនទៅលោកអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសម្រេច។
កាលពីខែ ឧសភា ធនាគារពិភពលោក បានកត់សម្គាល់ថាធនាគារកំពុងលើកទឹកចិត្តឱ្យភាគីទាំងអស់ សម្រេចដល់ដំណោះស្រាយនិងក្នុងរយៈពេលអន្តរកាលនេះនឹង តាមឃ្លាំមើលយ៉ាងជិតដិតនូវការរីកចម្រើននៃការចរចានេះ។
ក្នុងឆ្នាំ២០០៧ រដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ទៅឱ្យក្រុមហ៊ុន Sukaku Inc. ធ្វើការអភិវឌ្ឍក្នុងតម្លៃ៧៩លានដុល្លារអាមេរិក សម្រាប់រយៈពេល៩៩ឆ្នាំ៕