ការកសាងសមត្ថភាពជំនាញដល់ប៉ូលីស និងកងរាជអាវុធហត្ថសម្រាប់គ្រប់គ្រងហ្វូងមនុស្សដ៏កកកុញនេះ គឺជាការចាំបាច់ ដើម្បីបញ្ចៀសសោកនាដកម្មនិងគ្រោះមហន្តរាយនៅពេលអនាគត។
គណៈកម្មការដោះស្រាយករណីឧបទ្ទវហេតុនៅលើស្ពានកោះពេជ្របានស្នើសុំរដ្ឋាភិបាលឱ្យកសាង សមត្ថភាពជំនាញដល់ប៉ូលីសនិងកងរាជអាវុធហត្ថសម្រាប់គ្រប់គ្រងកន្លែងមនុស្សកកកុញនិងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងពេលមានមនុស្សកកកុញដើម្បីបញ្ចៀសមហន្តរាយនៅពេលអនាគត។
ការស្នើនេះកើតឡើងក្រោយពីមានអ្នកដើរកម្សាន្តចំនួន៣៥១នាក់ត្រូវបានសម្លាប់និងរងរបួស៣៩៥នាក់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីយប់ថ្ងៃច័ន្ទទី២២ខែវិច្ឆិកាដែលជាសោកនាដកម្មដ៏ធំធេងមិនធ្លាប់ មានសម្រាប់ប្រទេសកម្ពុជា។
លោកព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការស៊ើបអង្កេតករណីឧបទ្ទ វហេតុនៅលើស្ពានកោះពេជ្រ បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃច័ន្ទថាការកសាងសមត្ថ ភាពជំនាញដល់ប៉ូលីសនិងកងរាជអាវុធហត្ថសម្រាប់គ្រប់គ្រងហ្វូងមនុស្សដ៏កកកុញនេះគួរតែត្រូវបាន ធ្វើឡើងដើម្បីបញ្ចៀសសោកនាដកម្មនិងគ្រោះមហន្តរាយនៅពេលអនាគត។
«ការកសាងសមត្ថភាពជំនាញទៅដល់កងកម្លាំងរបស់យើងដែលទាក់ទងដល់ការគ្រប់គ្រង កន្លែងកក កុញ ឬ គ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងពេលមានមនុស្សកកកុញនេះ។ យើងបានស្នើទៅគណៈកម្មការនូវ ចំណុចនេះ ដើម្បីរដ្ឋាភិបាលពិនិត្យសម្រេចបញ្ហានេះ។ ឧបទ្ទវហេតុនេះ បានទៅលើសមួយកម្រិតពី សមត្ថភាព ដែលយើងបានត្រៀមរៀបចំ»។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការ ដោះស្រាយឧបទ្ទវហេតុនៅលើស្ពានកោះពេជ្របានថ្លែងប្រាប់សន្និសីទកាសែតកាលពីថ្ងៃច័ន្ទថាមហន្ត រាយនេះគឺជាបទពិសោធដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ និងការគ្រប់គ្រងសភាពការណ៍ ដើម្បីកុំឱ្យឧបទ្ទវហេតុនេះកើតឡើងបានម្តងទៀត។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានបន្តថាការងារគ្រប់គ្រងហ្វូងមនុស្ស និងការគ្រប់គ្រងសភាព ការណ៍នេះ ទាមទារឱ្យមានបច្ចេកទេស និងបច្ចេកវិទ្យាច្រើនបែបយ៉ាងណាស់ចាប់តាំងពីផ្នែកស្ថាបត្យកម្មផ្នែកឆ្លើយតបនឹងសន្តិសុខ ផ្នែកសង្គ្រោះបន្ទាន់ និងការឆ្លើយតបនឹងតម្រូវការគ្រប់បែបយ៉ាង។
«យើងត្រូវការរៀបចំផែនការសម្រាប់ពេលអនាគតដើម្បីជៀសវាងការស្លន់ស្លោរត់ជាន់គ្នាស្លាប់បែបនេះទៀត។ ការកើតឧបទ្ទវហេតុលើកនេះ គឺជាបទពិសោធមួយយ៉ាងធំណាស់ចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់បែបយ៉ាង។ យើងត្រូវធ្វើការប្រជុំដកពិសោធន៍យ៉ាងស៊ីជម្រៅ ដើម្បីបង្កើន សមត្ថភាពជំនាញដល់មន្ត្រីសមត្ថកិច្ច ដូចជា កងសន្តិសុខក្រុមហ៊ុន ប៉ូលីស និងកងរាជអាវុធហត្ថ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅថ្ងៃច័ន្ទនេះថាកំហុសធំបំផុតរបស់យើងនោះ គឺការវាយតម្លៃសភាពការណ៍មិនបានគ្រប់ជ្រុងជ្រោយ នឹកស្មានមិនដល់ និងមានការធ្វេសប្រហែស ហើយ គ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់ត្រូវបានដាក់ទណ្ឌកម្មចំពោះឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្ស៣៥១នាក់នោះទេ៕