រដ្ឋមន្ត្រី​ក្រសួង​ការងារ​អាមេរិក​លាលែង​ពី​តំណែង

  • VOA Khmer

លោក Alexander Acosta រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​របស់​សហរដ្ឋអាមេរិក​ ថ្លែងអំពីការមើលការណ៍ខុសត្រូវរបស់លោកលើ​កិច្ចព្រមព្រៀងមិនកាត់ទោស​លោក Jeffrey Epstein អំពីបទ​ជួញដូរផ្លូវភេទលើអនិតិជន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

លោក Acosta ​ធ្លាប់​ជា​មេធាវី​ក្នុង​ទីក្រុង Miami ពេល​ដែល​លោក​មើល​ការណ៍​ខុស​ត្រូវ​ទៅ​លើ​កិច្ចព្រមព្រៀង​មិន​កាត់ទោស​លោក Epstein។

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​របស់​សហរដ្ឋអាមេរិក​លោក Alexander Acosta លាលែង​ពី​តំណែង​ជា​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈ​មាន​ការ​ពិនិត្យ​ពិច័យ​ទៅ​លើ​កិច្ចព្រមព្រៀង​សម្ងាត់​មួយ​ជាមួយ​នឹង​អ្នក​ជំនួញ​នៅ Wall Street លោក Jeffrey Epstein ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំពាន​ផ្លូវភេទ​លើ​អនិតិជន​ជា​ច្រើន​នាក់។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​ពី​ព័ត៌មាន​នេះ​នៅ​ថ្ងៃសុក្រ​នេះ ពេល​ដែល​លោក Acosta នៅ​ក្បែរ​លោក​ក្នុង​សេតវិមាន មុន​ពេល​ដែល​លោក ត្រាំ ចាក​ចេញ​ទៅ​កាន់​តំបន់​កណ្តាល​ភាគ​ខាង​លិច​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Acosta ថ្លែងថា ការ​លាលែង​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ត្រឹមត្រូវ។

លោក​ធ្លាប់​ជា​មេធាវី​ក្នុង​ទីក្រុង Miami ពេល​ដែល​លោក​មើល​ការណ៍​ខុស​ត្រូវ​ទៅ​លើ​កិច្ចព្រមព្រៀង​មិន​កាត់ទោស​លោក Epstein។ លោក Epstein បាន​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់​នានា​របស់​សហព័ន្ធ ហើយ​ជាប់​ពន្ធនាគារ​១៣​ខែ៕