មេធាវី​ការពារ​ក្តី​ឱ្យ​រដ្ឋមន្ត្រី​ការងារ​ទារ​ប្រាក់​ជិត​៥០ម៉ឺន​ដុល្លារ​ពី​លោក នី ណាក់ ពី​បទ​បរិហារ​កេរ្តិ៍

រូបឯកសារ៖ លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

សហ​មេធាវី​ការពារ​ក្តី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លោក​ហេង សួរ ​បាន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ​២០០០​ លាន​រៀល​ ឬ​ជិត​ ៥០ ​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ពី​សកម្មជន​សង្គម​លោក ​នី ណាក់​ ក្នុង​សំណុំ​រឿង​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ញុះ​ញង់​ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។​

លោក ​នី ណាក់​ អាយុ​ ៤៥ ​ឆ្នាំ​ ដែល​ជា​សហគ្រិន​កសិកម្ម​មួយ​រូប​ ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ដើម​ខែ​មករា​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​មួយ​ចំនួន​លើ​គណនី​ហ្វេសប៊ុក​ ឈ្មោះ​ IMan-KH ​បរិយាយ​អំពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​ផ្តល់​ដី​ព្រៃ​ប្រមាណ​ ១០០​ ហិកតា​ នៅ​ខេត្ត​កំពត ​ឱ្យ​បុគ្គល​ម្នាក់​ឈ្មោះ​ ហេង​ សួរ​ ដែល​ជា​ឈ្មោះ​ដូច​នឹង​ឈ្មោះ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ លោក​ ហេង សួរ។​

នៅ​ក្នុង​សវនាការ​រយៈ​ពេល​ជាង​មួយ​ម៉ោង​នា​ថ្ងៃ​ចន្ទ​នេះ ​លោក ​ទិតសុទ្ធី បូរ៉ាឆាត​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តំណាង​អយ្យការ​ និង​ភាគី​ដើម​បណ្តឹង​បាន​ដេញ​ដោល​សួរ​លោក​ នី ណាក់​ ឱ្យ​បញ្ជាក់​ឡើង​វិញ​ថា​ តើ​លោក​ពិត​ជា​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដូច​ដែល​មាន​នៅ​ក្នុង​សំណុំ​រឿង​របស់​លោក​ និង​អំពី​ផល​ប៉ះពាល់​នៃ​សារ​ដែល​លោក​បាន​បង្ហោះ​នោះ។​

លោក​ នី ណាក់​ បាន​ថ្លែង​ក្នុង​សាល​សវនាការ​ថា​ ការ​បង្ហោះ​សារ​របស់​លោក​ គឺ​លោក​ចង់​បង្ហាញ​ឱ្យ​សាធារណ​ជន​បាន​ដឹង​អំពី​ការ​កាត់​ដី​រដ្ឋ​ទៅ​ឱ្យ​ឯក​ជន​ និង​ថា​ ​ការ​បង្ហោះ​សារ​របស់​លោក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​គឺ​ផ្តើម​ចេញ​ពី​សេចក្តី​រាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ ដូច​ជា​សារ​ព័ត៌មាន​ The Cambodia Daily Khmer ​ដែល​ផ្សាយ​ពី​ក្រៅ​ប្រទេស។​

ប៉ុន្តែ​នៅ​ពេល​លោក​ ទិតសុទ្ធី បូរ៉ាឆាត​ សួរ​បន្ថែម​ថា​ តើ​លោក​ដឹង​កំហុស​របស់​ខ្លួន​លោក​ទេ?​ លោក​ នី ណាក់ ​ថា ​លោក​បាន​ដឹង​ពី​កំហុស​ តែ​លោក​មិន​ដឹង​ថា ​សារ​របស់​លោក​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ ឬ​ផល​ប៉ះពាល់​យ៉ាង​ណា​នោះ​ទេ។​

លោក​ នី ណាក់ ​ក៏​បាន​ប្រាប់​តំណាង​អយ្យការ​លោក​ សេង ហៀង ​ថា​ការ​បង្ហោះ​របស់​លោក​គឺ​គ្រាន់​តែ​ចង់​ឱ្យ​ពលរដ្ឋ​បាន​ដឹង​បន្ថែម​ការ​កាត់​ដី​សាធារណៈ​ឱ្យ​ទៅ​ឯកជន។ ​លោក​ សេង ហៀង ​ក៏​បាន​ពន្យល់​លោក​ នី ណាក់ ​កុំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ អំពី​ការ​ញុះញង់​ និង​ការ​បញ្ចេញ​មតិ។ ​បន្ទាប់​មក​ លោក​តំណាង​អយ្យការ​បន្ថែម​សំណួរ​ទៅ​លោក ​នី ណាក់​ ថា៖​ «លោក​ទទួល​ស្គាល់​កំហុស​ទេ?» ​លោក​ នី ណាក់​ តប​ថា៖​ «ខ្ញុំ​ទទួល​ស្គាល់»។​

ក្រោយ​ការ​សួរ​ដេញ​ដោល​ពី​ភាគី​តំណាង​អយ្យការ​ និង​ចៅក្រម​ សហ​មេធាវី​ការពារ​ក្តី​លោក​ ហេង សួរ ​បាន​ស្នើ​តុលាការ​ឱ្យ​ផ្តន្ទាទោស​ជា​អតិបរមា​លើ​លោក​ នី ណាក់​ តាម​មាត្រា​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​បទ​ល្មើស​ដូច​ជា​មាត្រា​ ៤៩៥ ​និង​៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ចែង​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង​ ហើយ​នឹង​មាត្រា ​៣០៥​ ដែល​ចែងពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។​

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ចូលរួមកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ។ (Facebook / ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ)

សហ​មេធាវី​ដើម​បណ្តឹង​ក៏​បាន​ស្នើ​ឱ្យ​តុលាការ​រឹបអូស​ គណនី ​Iman-KH ​ ហាម​ឃាត់​ជន​ជាប់​ចោទ​មិន​ឱ្យ​ចាក​ចេញ​ពី​កម្ពុជា​ និង​សង​ជំងឺ​ចិត្ត​ចំនួន​ ២០០០​ លាន​រៀល​ ដែល​ស្មើ​នឹង​ជិត​ ៥០ ​ម៉ឺន​ដុល្លារ​អាមេរិក។ ​

សហ​មេធាវី​ការពារ​ក្តី​លោក ​ហេង​ សួរ​ ដែល​ជាដើម​បណ្តឹង​យល់​ថា​ ​ការ​បង្ហោះ​សារ​របស់​លោក ​នី ណាក់ ​មាន​ចេតនា​វាយ​ប្រហារ​ និង​រើស​អើង​នាំ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​កូនក្តី។ ​លោក​ លី រដ្ឋធី ​សហ​មេធាវី​មួយ​រូប​របស់​លោក​ ហេង សួរ ​ថ្លែង​ថា៖​ «យើង​ឃើញ​សកម្ម​ភាព​ញុះញង់​មួយ​ចំនួន​ គឺ​អ្នក​ប្រព្រឹត្ត​រួច​បាន​ទៅ​ក្រៅ​ប្រទេស។ ​[ប៉ុន្តែ]​ ករណី​នេះ​មិន​គួរ​មាន​ទេ»។​

ក៏​ប៉ុន្តែ​លោក​ នី ណាក់​ បាន​សំណូម​ពរ​ឱ្យ​ចៅក្រម​ពិចារណា​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​រូបលោក។​ លោក​ថ្លែង​ថា៖​ «ខ្ញុំ​បាទ​សំណូមពរ​មេត្តា​លើក​លែង​ការ​ចោទ​ប្រកាន់​ឱ្យ​មាន​សេរីភាព​វិញ»។ ​លោក​បន្ថែម​ថា៖​ «ខ្ញុំ​បាទ​មិន​បាន​បរិហារ​កេរ្តិ៍​ឯក​ឧត្តម​ទេ...​ខ្ញុំ​ចង់​បង្ហាញ​សម្បត្តិ​ធនធាន​ដែល​បាត់​បង់​ប៉ុណ្ណោះ»។​

លោក​ នី ណាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​៥ ​ខែ​មករា​ ឆ្នាំ​ ២០២៤ ​ក្រោម​បទ​ចោទ​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​ បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈិម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»​ ដែល​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ ​លោក ​ហេង សួរ​ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ រឿង​ការ​ផ្ទេរ​ដីព្រៃ​មួយ​កន្លែង​នៅ​ខេត្ត​កំពត ​ឱ្យ​ទៅ​បុគ្គល​ឈ្មោះ​ ហេង​ សួរ​ ក្នុង​ចន្លោះ ​ថ្ងៃ​ទី​ ១២​ និង ​១៧​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៣។​

កាល​ពី​ថ្ងៃ​ទី ១៧​ ​ខែ​ធ្នូ​ ឆ្នាំ​ ២០២៣​ លោក​ នី ណាក់ ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ដើម​ថា៖ «តើ​លោក​ ហេង សួរ​ បាន​សាង​ស្នាដៃ​ធំធេង​អ្វី​ដល់​ជាតិ​ខ្មែរ ​បាន​ជា​រដ្ឋាភិបាល​កាត់​ដី​ព្រៃ​ផ្តល់​ឱ្យ​ធ្វើ​ជា​កម្ម​សិទ្ធិ? ​RIP ​ព្រៃ​ឈើ​ខ្មែរ»។ ​ចំណែក​កាល​ពីថ្ងៃ​ទី​ ១២​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៣ ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​នី ណាក់​ មាន​ការ​បង្ហោះ​សារ​ក្នុង​ន័យ​ដើម​ថា៖​ «កាត់​ដី​ឱ្យ​លោក ​ហេង សួរ​ ប្រហែល​ជា​ទុក​សង់​រោងចក្រ​ ២០០០ ​និង​ធ្វើ​ការិយាល័យ​ឱ្យ​មន្ត្រី​ក្រសួង​ការងារ​ ព្រោះ​ឃើញ​គាត់​ប្រាប់​ថា​ ធ្វើ​ការ​រហូត​គ្មាន​ថ្ងៃ​សៅរ៍ ​ឬ ​អាទិត្យ​ឡើយ»។​

មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​នី ណាក់ ​គឺ​លោក​ ជូង ជូងី​ បាន​ថ្លែង​ដោះ​បន្ទុក​លើ​កូនក្តី​ថា​ សារ​របស់​លោក​ នី ណាក់ ​គ្មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​នោះ​ទេ។ ​លោក​ប្រាប់​តុលាការ​ថា ​សារ​របស់​លោក​នី ណាក់​មិន​និយាយ​ចំ​ឈ្មោះ​លោក​ ហេង សួរ​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​នោះ​ទេ​ នៅ​ត្រង់​ឃ្លា​ចំនួន​ពីរ​ ដែល​លោក​សរសេរ​ថា៖ ​« កាត់​ដី​ឱ្យ​លោក​ ហេង សួរ ​ប្រហែល​ជា​ទុក​សង់​រោងចក្រ​២០០០​ និង​ធ្វើ​ការិយាល័យ​ ឱ្យ​មន្ត្រី​ក្រសួង​ការងារ...​និង​តើ​លោក​ ហេង​ សួរ​ មាន​ស្នាដៃ​អ្វី​ដល់​ជាតិ​ខ្មែរ» ​ទើប​ទទួល​បាន​ដី​ពី​រដ្ឋាភិបាល។​

លោក​បាន​ផ្តល់​សេចក្តី​ពន្យល់​ថា​ អ្នក​ដែល​ត្រូវ​ទទួល​កំហុស​នោះ​ គឺ​អ្នក​ដែល​ចូល​មក​ផ្តល់​ការ​អត្ថាធិប្បាយ​លើ​ការ​បង្ហោះ​សារ​របស់​លោក​ នី ណាក់។​

លោក​ថ្លែង​ថា៖​« កុំយក​ comment មក​ផ្ទុក​លើ​គាត់។ វា​អយុត្តិ​ធម៌​ដល់​គាត់»។ ​លោក​បន្ថែម​ថា៖​ «គាត់​ចង់​តែ​ឱ្យ​សាធារណ​ជន​ដឹង​ថា ​ដី​រដ្ឋ​កាត់​ឱ្យ​ឯកជន។​ គាត់​បារម្ភ»។​

បើ​តាម​ការ​អាន​កំណត់​ហេតុ​របស់​ក្រឡា​បញ្ជី​ ​អ្នក​ចូល​មក ​comment ​ ឬ​អត្ថាធិប្បាយ​លើ​សារ​របស់​លោក​ នី ណាក់​ បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​អសុរោះ​ និង​មាន​ចរិត​រើស​អើង​ជាតិ​សាសន៍​ ជាពិសេស​សំដៅ​ដល់​ពល​រដ្ឋ​ជន​ជាតិ​វៀតណាម។​

លោក​ ជូង ជូងី​ ប្រាប់​វីអូអេ​បន្ថែម​តាម​ទូរស័ព្ទ​ថា​ លោក​នី​ ណាក់​ ទំនង​ជា​មិន​អាច​ឈ្នះ​ក្តី​ក្នុង​សំណុំ​រឿង​ខាង​លើ​បាន​ទេ​ នៅ​ពេល​ដែល​មាន​អ្នក​មាន​អំណាច​ជាដើម​បណ្តឹង​ និង​ថា​ កូនក្តី​មិន​មាន​ភាព​វៃ​ឆ្លាត​គ្រប់​គ្រាន់​ក្នុង​ការ​ថ្លែង​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ។​

លោក​ថ្លែង​ថា៖​ «កូន​ក្តី​គាត់​អត់​ឆ្លាត​គ្រប់គ្រាន់។ គាត់​អត់​ឆ្លាត​គ្រប់​គ្រាន់​ទេ ហើយ​គាត់​ទទួល​ស្គាល់​កំហុស​ហ្នឹង​ មិន​មែន​ ក្នុង​ន័យ​ថា​ គាត់​ទទួល​ស្គាល់​កំហុស​ថា​ គាត់​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​ ឬ​ក៏​គាត់​បរិហារ​កេរ្តិ៍ ​ មិន​មែន​អីចឹង​ទេ​ គឺ​គាត់​ក្នុង​ន័យ​ថា​ គាត់​បាន​បង្ហោះ​ហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ឯកឧត្តម​ហេង​ សួរ​ហ្នឹង​ ក្នុង​ន័យ​ប៉ុណ្ណឹង​ទេ។ ​មិន​ថា​ ឱ្យ​គាត់​ទៅ​សារភាព​ ឬក៏​ទទួល​ស្គាល់​កំហុស​ថា​ គាត់​ពិត​ជា​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​ហ្នឹង​ គឺ​មិន​ទេ»។​

ភរិយា​របស់​លោក​នី ណាក់ ​គឺ​អ្នកស្រី ​សុខ ស៊ីណែត​ ដែល​ចូល​ស្តាប់​សវនាការ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ។​

លោក​នី ណាក់ ​ធ្លាប់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ញុះញង់​កន្លង​មក​ និង​ទទួល​រង​ការ​វាយ​ដំ​ពី​ជន​មិន​ស្គាល់​មុខ​ ពេល​លោក​ចាក​ចេញ​ពី​ពន្ធនាគារ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ យល់​ឃើញ​ថា​ មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​ការ​កំណត់​ភាព​ខុស​គ្នា​នៃ​ទម្រង់​បញ្ចេញ​មតិ​ និង​ការ​ញុះញង់​ក្នុង​សំណុំ​រឿង​របស់​លោក​ នី​ ណាក់​ ដែល​ជា​សកម្ម​ជន​ដ៏​សកម្ម​មួយ​រូប​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​លើ​បណ្តាញ​សង្គម។​

លោក​បន្ថែម​ថា៖​ «រឿង​ការ​បញ្ចេញ​មតិ​នេះ​ វា​ជា​ភាព​ចម្រូង​ចម្រាស​មួយ​ដែល​មាន​ការ​លើក​ឡើង​ខ្វែង​គំនិត​គ្នា​រវាង​កម្ពុជា​ ជាមួយ​នឹង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ដែល​គេ​មើល​ឃើញ​ថា​ លោក​ នី ណាក់​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ ឬ​ក៏​ធ្វើ​ការ​ចាប់​ និង​ឃុំ​ខ្លួន​នោះ​ទេ​ ពីព្រោះ​វា​ប៉ះពាល់​ទៅ​ដល់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ប៉ុន្តែ​កម្ពុជា​បក​ស្រាយ​ថា​ ជា​ការ​អនុវត្ត​ច្បាប់​កម្ពុជា»។​

ក្រោយ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ចន្ទ​ដដែល​នេះ​ លោក​ចៅក្រម​ ទិតសុទ្ធី បូរ៉ាឆាត​ បាន​ថ្លែង​ថាសាល​ក្រម​លើ​សំណុំ​រឿង​របស់​លោក ​នី ណាក់ ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ២២​ ខែ​សីហា​ ឆ្នាំ​ ២០២៤៕​