អ្នកសង្កេតការណ៍​សាលាក្តី​ខ្មែរក្រហម​មាន​មតិ​ផ្សេង​គ្នា​អំពី​មុខនាទី​សាលាក្តី

លោក Peter Maguireដែល​ជា​​អ្នក​ឃ្លាំ​​​​​​​​​​​​មើល​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​យល់​ថា​សាលាក្តី​ខ្មែរ​នេះ​មាន​តួនាទី​តែ​មួយ​គត់។

ខណៈ​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​រៀបចំ​បើក​សវនាការ​លើ​អង្គ​សេចក្តី​ដើម្បី​ជំនុំ​ជម្រះ​សំណុំ​រឿង​ ០០២ ប្រឆាំង​នឹង​នួន ជា ខៀវ សំផន អៀង សារី និង​អៀង ធីរិទ្ធ នៅ​ថ្ងៃ​ទី២១ខែ​វិច្ឆិកា​ខាង​មុខ​នេះ អ្នក​សង្កេតការណ៏​សាលាក្តី​ខ្លះ​នៅ​សហរដ្ឋ​អាមេរិក​យល់​ថាសាលាក្តី​នេះ​គួរ​តែបញ្ចប់​ត្រឹម​ករណី​០០២​ នេះ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​យល់​ថា​សាលា​ក្តីនេះ​គួរ​តែបន្ត​ការស៊ើប​អង្កេត​របស់​ខ្លួន​ក្នុង​ករណី០០៣ និង ០០៤ បើ​មិន​ដូច្នោះ​ទេ និង​មិន​មាន​យុត្តិធ៌ម​ពេញលេញ​ជូន​ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម​ទេ។​អ្នកសង្កេត​ការ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​សរអា​មាន​មតិ​លាយឡំ​គ្នា​អំពី​មុខ​នាទី​របស់​សាលាក្តី​នេះ។ អ្នក​ខ្លះថា​សាលាក្តីនេះ​គួរ​ផ្តោត​តែ​លើ​មេដឹកនាំ​ជាន់ខ្ពស់​៤​នាក់​តែ​ប៉ុណ្ណោះ​បាន​ហើយ។​ចំណែក​អ្នក​ខ្លះ​ទៀត​ជជែក​ថា​តុលាការ​នេះ​គួរ​កាត់ទោស​មនុស្ស​មួយ​ចំនួន​ទៀត។

ចំពោះ​លោក Peter Maguireដែល​ជាអ្នក​ឃ្លាំមើល​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​យល់​ថា​សាលាក្តី​ខ្មែរ​នេះ​មាន​តួនាទី​តែ​មួយ​គត់។

«មុខ​នាទី​របស់​ពួកគេ​គឺ​កាត់ទោស​ពួក​មេដឹកនាំ​ខ្មែរ​ក្រហមជាន់​ខ្ពស់។ នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា លោកមិន​ចង់ឲ្យ​មាន​ការ​កាត់ទោស​ត​ទៅ​ទៀត​ទេ។ និង​គ្មាន​ករណី​០០៣ និង ០០៤ទេ។ ដូច្នេះ​យើង​ចាំ​សង្កេត​មើល​ថាតើ​ពួកគេ​អាច​បញ្ចប់​ករណី​០០២ មុន​ជន​ជាប់​ចោទ​ស្លាប់​អស់​ឬ​ទេ។ បើសិន​ជា​ពួកគេ​បរាជ័យ​មិន​អាច​បញ្ចប់​ករណី​០០២ មុន​ជន​ជាប់​ចោទ​ស្លាប់​អស់​នោះ ការកាត់ទោស​ទាំង​អស់​នេះ និង​ជា​បរាជ័យ​មួយ​ទាំងស្រុង​ហើយ។»

ថ្លែង​នៅ​មុន​សន្និសិទ​ស្តីពី​ច្បាប់សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​មហា​វិទ្យាល័យ​ Bard នៅ​រដ្ឋ New Yorkលោក Macguire និយាយ​ថា​ការ​បន្ថែម​ករណី០០៣​និង០០៤​ និង​ធ្វើឲ្យ​សាលាក្តី​ក្លាយ​ទៅជាសត្វដំរី​ដែល​មាន​មាឌ​ធំ ហើយ​បោះ​ជំហាន​យ៉ឺតៗ។

លោក Douglas Irvin ជា​និសិ្សត​ថ្នាក់​បណ្ឌិត​ផ្នែក​កិច្ចការ​ពិភពលោក នៅ​សាកល​វិទ្យាល័យ Rutgers នៅ​រដ្ឋ New Jersey​នៃសរអា និងជា​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ លោក​យល់ថា​ករណី​០០២ មាន​សារះ​សំខាន់​ជាងគេ ពីព្រោះ​ជន​ជាប់​ចោទ​ទាំង​បួន គឺ នួនជា ខៀវ​សំផន អៀង​សារី និង អៀងធីរិទ្ធ ជា​មេដឹកនាំ​ជាន់ខ្ពស់ នៃ​របប​ខ្មែរ​ក្រហម។

«បើ​សិន​ជា​ធ្វើ​ទៅ​មាន​ជោគ​ជ័យ នៅ​ក្នុង​ទស្សនវិស័យ​របស់​អសប ខ្ញុំ​គិត​ថា​ជាការ​គ្រប់គ្រាន់​ហើយ។ ហើយ​ខ្ញុំ​គិត​ថា​ការបន្ត​ហួស​ពី០០២ មិន​សំខាន់​ដូច​ការធ្វើ​ឲ្យ​មាន​ជោគជ័យ​ក្នុង០០២​ទេ។ មូលហេតុ​នោះ​គឺថា បើគេ​ចេះ​តែ​បន្ត​កាត់ទោស​ជារៀង​រហូត​នោះ គេ​និង​មាន​មនុស្ស​ជា​ច្រើន​នាក់។ វា​មិន​មាន​ប្រយោជន៏​ទេ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​មាន​តម្លៃ​នោះ​គឺ​និមិត្តរូប គឺការ​យក​អ្នក​ទទួល​ខុស​ត្រូវ​ថ្នាក់ខ្ពស់ មក​កាត់ទោស ហើយ​សង្ឃឹម​ថានិងរក​ឃើញ​ថា​ពួកគេ​មាន​ទោស។»

ប៉ុន្តែ​នាង Mary Orsini ដែល​ជា​និស្សិត​ច្បាប់​នៃ​សាកល​វិទ្យាល័យ Rutgersដែល​ធ្លាប់​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​រឿង​សាលាក្តី​ខ្មែរ​ក្រហម​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មិន​យល់​ស្របទេ។ នាង​ថ្លែង​ថា​ការ​បញ្ចប់​ត្រឹម​ករណី​០០២ និង​នាំឲ្យ​ខ្វះ​ភាព​ពេញលេញ​ក្នុង​ការ​រក​យុត្តិធ៌ម​ជូន​ពលរដ្ឋ​កម្ពុជា។

«ទោះ​ជា​អ្នក​ខ្លះ​គិតថា​អសប​គួរតែ​ផ្តោត​ទៅលើ​ករណី​តែ២​ប៉ុណ្ណោះ​ក៏​ដោយ អ្វី​ដែល​សំខាន់​គឺ​នៅ​ពេល​ដែល​តុលាការ​នេះ​ផ្ចុងផ្តើម​ឡើង​ដំបូង មាន​ការពិភាក្សា​គ្នា​ថា យ៉ាង​ហោច​ណាស់​ក៏កាត់​ទោស ពី១០ទៅ​១៥​នាក់​ដែរ។ ការបញ្ចប់​ដោយ​កាត់ទោស​តែ៥​នាក់​បែប​នេះ មិន​មែន​ជា​គោលដៅ​ដំបូង​របស់​តុលាការ​នេះទេ។»

នាង Elena Lesley ជា​និស្សិត​នៃ​កម្មវិធី​កិច្ចការ​ពិភពលោក​នៃ​សាកល​វិទ្យាល័យ​Rutgers។ នាង​ធ្លាប់​ធ្វើការ​ស្រាវជ្រាវ​អំពីរឿង​សាលាក្តី​ខ្មែរក្រហម តាម​រយៈ​អាហារ​រូបករណ៍​Fullbright ។ នាង​ជឿថា​សាលាក្តី​គួរ​ស៊ើបអង្កេត ករណី០០៣​និង០០៤។

«ខ្ញុំ​គិត​ថា​គេ​គួរ​ធ្វើ​កិច្ចការ​ទាំង​ពីរ។ ខ្ញុំ​មិន​ជឿ​ថា​គេ​គួរ​អនុញ្ញាត្តិ​ឲ្យ​តុលាការ​ដួល​រលំ​ដោយសារ​រឿង​ចម្រូងចម្រាស់​ពាក់ពាន់​និង​ករណី០០៣​និង​០០៤​ទេ។ ខ្ញុំគិតថា​ករណី​០០២ សំខាន់​ណាស់​ ហើយ​ខ្ញុំ​គិត​ថា​ការបន្ត​ដំណើរការ​ទៅ​មុខ​ទៀត​ក៏​ជា​ការ​សំខាន់​ដូចគ្នា ពីព្រោះ​គ្មាន​មូលហេតុ​រឹង​មាំ​អ្វី​សម្រាប់ការ​មិនបន្តទៅមុខ។»

លោក Andrew Cayley ជាសហ​ព្រះរាជ​អជ្ញា​អន្តរជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​។ ថ្មីៗនេះ​លោក​បាន​ថ្លែង​ទៅ​កាន់​និស្សិត​ច្បាប់នៅ​សាកល​វិទ្យាល័យ Rutgers អំពី​រឿង​សាលា​ក្តី​ខ្មែរ​ក្រហម។ ហើយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​សម្លេង​សរអា លោក​ថ្លែង​ថា​លោក​យល់​ថា​ប្រទេស​កម្ពុជា​ចង់​បោះ​ជំហាន​ទៅមុខ​ដើម្បី​កសាង​ប្រទេស​ឡើង​វិញ។ ប៉ុន្តែ​លោក​ថា​ករណី​០០៣​និង​០០៤​បាន​ចាប់ផ្តើម​ឡើងមុន​ពេល​លោក​ចូល​ធ្វើការ ដូច្នេះ​លោក​ថា​លោក​មាន​ភារៈកិច្ច​ដើម្បី​អនុវត្តិ​តាម​ផ្លូវ​ច្បាប់ ទោះ​ជា​អ្នកខ្លះ​គិត​ថា​ករណី​០០២សំខាន់ជាង​ក៏ដោយ។

«ត្រូវ​តែ​មាន​ការស៊ើបអង្កេត​មួយ។ ចៅក្រម​ស៊ើបអង្កេត​ត្រូវតែ​ពិចារណា​អំពីភស្តុតាង​ហើយ​បន្ទាប់​មក​ត្រូវ​តែមាន​បញ្ជា​ឲ្យ​លប់​ចោល​ឬឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់។ នេះជា​ការចែង​នៅ​ក្នុង​វិន័យ។ គ្មាន​វិធី​អ្វី​ផ្សេង​សម្រាប់​ដោះស្រាយ​ករណី​ទាំងពីរ​នេះ​ទេ។»

សាលាក្តី​ខ្មែរក្រហម​និយាយថា ការស៊ើប​អង្កេតក្នុង​ករណី០០៣ និង០០៤ កំពុង​តែ​ធ្វើជា​បន្ត​ដោយ​មិន​បញ្ចាក់​ប្រាប់​ឈ្មោះ​ជន​មន្ទិល​សង្ស័យ​ទេ។ប៉ុន្តែ​នៅ​ក្នុង​ឯកសារ​សម្ងាត់​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​វីអូអេ​បាន​ទទួល ករណី​០០៣ ​និង០០៤ ពាក់ពាន់​និង​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ និង គណៈ​តំបន់​មួយ​ចំនួន​នៃរបប​ខ្មែរ​ក្រហម៕