ចៅក្រម​តុលាការ​ខ្មែរក្រហម​ប៉ះទង្គិច​គ្នា​ធ្ងន់ៗ ​ម្តង​ទៀត

ភាគ​ចម្រូង​ចម្រាស​នៅ​ថ្ងៃ​នេះ​កើត​ឡើង​ស្របពេល​ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​បង្គាប់​ឲ្យ​ក្រុម​គ្រូពេទ្យ ​និង​អ្នក​ជំនាញ​ការ​ពិនិត្យ​ទៅ​លើ​សុខភាព​របស់​ជន​ជាប់​ចោទ​អៀង ​ធីរិទ្ធ​ឡើងវិញ​ដើម្បី​រក្សា​ទុក​រូប​គាត់​នៅ​ក្នុង​ការ​កាត់ទោស​ស

សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ​លោក ​Laurant Kasper-Ansermet ​ដែល​កំពុង​រង់ចាំ​ការ​តែងតាំង​ជា​ផ្លូវការ ​និង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ ​លោក​យូ ​ប៊ុនឡេង ​បាន​ប៉ះទង្គិច​គ្នា​ធ្ងន់ៗ​ម្តង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ នៅ​ជុំវិញ​ការ​ស៊ើបអង្កេត​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​ លោក​Laurant Kasper-Ansermet ​បាន​បង្ហាញ​ថា ​លោក​មាន​ការ​សោកស្តាយ ​ដែល​លោក​យូ ​ប៊ុនឡេង​មិន​យល់​ព្រម​ជាមួយ​រូប​លោក​នៅ​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​ចំពោះ​សាធរណជន ​ទាក់ទង​ទៅ​នឹង​ការ​រីកចម្រើន ​នៅ​ក្នុង​សំណុំរឿង​០០៣​ និង​០០៤។

ការ​ប៉ះទង្គិច​នៅ​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ​បាន​កើត​ឡើង​ម្តង​ហើយ​កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ។​ ប្រភព​នា​នា​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​បង្ហាញ​ថា​ សហ​ចៅក្រម​បម្រុង​អន្តរជាតិ​ចង់​បង្ហាញ​ពី​ការ​ស៊ើប​អង្កេត​បន្ត​នៅ​ក្នុង​សំណើ​រឿង​ទាំង​ពីរ​នេះ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ​ក៏ប៉ុន្តែ​សហចៅក្រហម​ស៊ើប​អង្កេតជាតិ​បាន​ជំទាស់​នៅ​ក្នុង​រឿង​នេះ។

លោក​ឡាស់អលសិន ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ ​ទទួល​ស្គាល់​ថា ​មាន​ការ​ខ្វែង​គ្នា​ដូច្នេះ​មែន។​ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​នាម​សហចៅក្រម​ស៊ើប​អង្កេត​បម្រុង​អន្តរជាតិ​ថា ​សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ​បាន​ចម្លង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចំនួន​ស្នើ​ដល់​លោក​យូ ​ប៊ុនឡេង ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ទាក់ទង​ទៅ​នឹង​សំណុំ​រឿង​០០៣ ​និង​០០៤។​ ក៏ប៉ុន្តែ​លោក​យូ ​ប៊ុនឡេង​មិន​យល់ស្រប​នោះ​ទេ។

ភ្លាមៗ ​នៅ​ថ្ងៃ​នេះ ​លោក​យូ ​ប៊ុនឡេង ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ ​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​តប​ ដោយ​លោក​ហៅ​លោក​Laurant Kasper-Ansermet​ ថា​ បាន​វាយ​សំពង​រូប​លោក​ពី​ក្រោយ​ខ្នង​ ហើយ​លោក​Laurant Kasper-Ansermet ​មិន​ទាន់​មាន​នីតិ​សម្បទា​ផ្លូវ​ច្បាប់​សម្រាប់​ធ្វើ​សេចក្តី​សម្រេច​ណា​មួយ​ជាមួយ​រូប​លោក​នោះ​ទេ។

កង្វះ​នីតិ​សម្បទា​ផ្លូវ​ច្បាប់ ​ដែល​គេ​មើល​ឃើញ​ថា ​ដោយសារ​តែ​លោក​ Laurant Kasper-Ansermet​ មិន​ទាន់​ត្រូវ​បាន​តែងតាំង​ជា​សហចៅក្រម​អន្តរជាតិ​ជា​ផ្លូវការ​ដោយ​ព្រះមហាក្សត្រ​នោះ​ទេ។ ​លោក​យូ ​ប៊ុនឡេង​បន្ថែម​ថា​ ដៃគូ​ ដែល​មិន​ទាន់​មាន​ភាព​ស្មើគ្នា​របស់​លោក ​ខ្វះ​ការ​យោគយល់​ ហើយ​បាន​ដើរ​តួ​ជា​អ្នក​កាសែត ​ជាជាង​បម្រើ​តួនាទី​ជា​មន្ត្រី​តុលាការ។

វា​ទំនង​ជា​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើង​វិញ​ នៅ​ពេល​ដែល​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ​ចាប់​ផ្តើម​ជជែក​គ្នា​ទៅ​ដល់​សំណុំ​រឿង​០០៣​ និង​សំណុំ​រឿង​០០៤ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ប្រឆាំង​ជំទាស់​ជា​ញឹកញាប់។ ​ក៏ប៉ុន្តែ​លោក​ឡាស់អលសិន​បាន​ពោល​ថា​ការ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ណា​នោះ​ត្រូវ​សេចក្តីប្រកាសព័ត៌មាន​នៃ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​រួច​ជា​ស្រេច​ទៅ​ហើយ។

ដោយឡែក​លោក​នេត្រ ​ភក្រ្តា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា​ មាន​ប្រសាសន៍​ថា​ នោះ​គឺ​ជា​ការ​ប្រត្តិបត្តិ​ទៅ​តាម​កន្លង​ច្បាប់​តែ​ប៉ុណ្ណោះ។

«មិនមែន​មាន​ន័យ​ថា ​គឺ​ជា​ការ​ខ្វែង​គំនិត​គ្នា​ ឬ​មួយ​គឺ​ជា​ការ​ឈ្លោះ​គ្នា​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​នោះ​ទេ។ ​ជា​ការ​បកស្រាយ​ច្បាប់ ​ហើយ​ជា​ការ​អនុវត្ត​ទៅ​តាម​វិធាន​ផ្ទៃក្នុង​ ដែល​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​ គាត់​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ឆ្លើយ​តប»។

កាល​ពីប៉ុន្មាន​ខែ​មុន​ សហចៅក្រម​ស៊ើប​អង្កេត​សញ្ជាតិ​អាល្លឺម៉ង់ ​លោក​ Siegfried Blunk​បាន​លាលែង​ពី​ការងារ​ បន្ទាប់​ពី​ផ្ទុះ​រឿង​ចម្រូង​ចម្រាស​នៅ​ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​ទាំង​ពីរ​គឺ​០០៣ ​និង​០០៤។

លោក​ឆាំង ​យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​យល់​ថា​ បញ្ហា​ចុងក្រោយ​បង្ហាញ​ថា​សហចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​មិន​មាន​ការ​សហការ​គ្នា​នោះ​ទេ។ ​លោក​ឆាំង ​យុ​មាន​ប្រសាសន៍​ថា​ គួរតែ​មាន​ការ​ស៊ើបអង្កេត​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​ពី​សាលាក្តី​ទាំង​មូល​ទៅ​លើ​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត។

«ចាំបាច់​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ការិយាល័យ​ចៅក្រម​ស៊ើបអង្កេត​នេះ​ទាំង​មូល​តែ​ម្តង​ ព្រោះ​រឿង​នេះ​ជា​រឿង​ដែល​កើត​ឡើង​ត​ភ្ជាប់​ពី​រឿង​មុន ​ដែល​ចៅក្រម​លោក​បាន​លាលែង។​ អញ្ចឹង​បើ​សិន​ជា​យើង​មិន​ដោះស្រាយ​ទេ ​វា​នៅ​តែ​បន្ត​រហូត ​ហើយ​វា​បង្ក​ឲ្យ​រាំងស្ទះ​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត​នានា ​នៅ​ក្នុង​អង្គតុលាការ​ទាំង​មូល»។

លោក​អង្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​ប៉ានគីមូន​បាន​ស្នើ​ឈ្មោះ ​លោក​Laurant Kasper-Ansermet ​ទៅ​ដល់​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​ដើម្បី​តែងតាំង​រូប​លោក​ជំនួស​លោកSiegfried Blunk។ ​ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​ការ​តែងតាំង​ជា​ផ្លូវការ​ណាមួយ​ទេ ​រហូត​មក​ទល់​ពេល​នេះ។

ភាគ​ចម្រូង​ចម្រាស​នៅ​ថ្ងៃ​នេះ​កើត​ឡើង​ស្របពេល​ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​បង្គាប់​ឲ្យ​ក្រុម​គ្រូពេទ្យ ​និង​អ្នក​ជំនាញ​ការ​ពិនិត្យ​ទៅ​លើ​សុខភាព​របស់​ជន​ជាប់​ចោទ​អៀង ​ធីរិទ្ធ​ឡើងវិញ​ដើម្បី​រក្សា​ទុក​រូប​គាត់​នៅ​ក្នុង​ការ​កាត់ទោស​សំណុំរឿង​០០២។

សាលាដំបូង​ធ្លាប់​បាន​សម្រេច​ដោះលែង​អៀង​ ធីរិទ្ធ​ ដោយសារ​តែ​បញ្ហា​សុភាព​ធ្ងន់ធ្ងរ។​ ក៏ប៉ុន្តែ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​សម្រេច​ផ្ទុយ​ពី​នេះ៕