នៅថ្ងៃពុធនេះ កញ្ញា គូ ដាលីន វិចិត្រករវ័យក្មេងម្នាក់ បានដាក់តាំងពិព័រណ៍ស្នាដៃគំនូររបស់នាង ស្ដីពីការកាត់ទោសឌុចនិង ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម។ នាងនឹងពន្យល់អំពីអារម្មណ៍និងការយល់ឃើញរបស់នាងនៅក្នុងគំនូរចំនួន ២០ ផ្ទាំងដែលបានកើតចេញពីការតាមដានការកាត់ទោសដោយផ្ទាល់ផង និងកើតចេញពីការស្វះស្វែងយល់ពីអតីតកាលដ៏ឃោឃៅនោះផង។
លោក គង់ សុឋានរិទ្ធ រាយការណ៍ពីទីក្រុងភ្នំពេញដូចតទៅ៖
ការរំលឹកពីអតីតកាលរបស់ម្ដាយនាងនិងជីដូនរបស់នាង ទាក់ទងទៅនឹងទុក្ខវេនា ការព្រាត់ប្រាស់ ការកាប់សម្លាប់ ភាពអត់ឃ្លាននៅក្នុងសម័យខ្មែរក្រហមជាច្រើនឆ្នាំមកនេះ បានបញ្ជ្រាបបន្ដិចម្ដងៗ នូវរូបភាពដ៏ជូរចត់ពីអតីតកាល ចូលទៅក្នុងស្រទាប់ផ្លូវចិត្តរបស់កញ្ញា គូ ដាលីន។ កញ្ញា គូ ដាលីន កើតមិនទាន់សម័យឃោឃៅនោះទេ។ ក៏ប៉ុន្ដែនាងបានក្លាយទៅជាយុវនារីជំនាន់ក្រោយដ៏កម្រម្នាក់ ដែលឈឺឆ្អាលនឹងអ្វីដែលបានកើតឡើងចំពោះជីវិតម្ដាយរបស់នាងនិង ជីវិតជនរងគ្រោះកម្ពុជាទាំងមូល។
ឆ្នាំនេះអាយុ ១៩ ឆ្នាំ ដាលីន ជាជាងគំនូរវ័យក្មេងម្នាក់ដែលកំពុងសិក្សានៅឆ្នាំទី ១នៃសកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកស្ថាបត្យកម្ម។ នាងបានស្វែងយល់ពីរបបកុម្មុយនិស្ដខោអាវខ្មៅនោះជាបន្ថែមទៀត នៅពេលដែលការកាត់ទោស ឌុច បានមកដល់ កាលពីខែមិនា ឆ្នាំ ២០០៩។ ដាលីន បានឆ្លៀតចូលរួមនៅក្នុងសវនាការកាត់ទោស ឌុច ដោយផ្ទាល់ និងបានតាមដានការចាក់ផ្សាយអំពីការកាត់ទោសតាមកញ្ចក់ទូរទស្សន៍យ៉ាងយកចិត្តទុកដាក់ ជាមួយនឹងខ្មៅដៃមួយនិងក្រដាសរ៉ាមមួយចំនួនដែលនាងបានគូសព្រាងភ្លាមៗ នូវទិដ្ឋភាពដែលនាងបានឃើញក្នុងការកាត់ទោស។
នាងបានគូសនូវរូបភាពម្ដងមួយៗ ក្នុងឈុតកាត់ទោសខុសៗគ្នា និងគំនូរដោយឡែកមួយចំនួន ដែលបង្ហាញអំពីអតីតកាលក្នុងសម័យខ្មែរក្រហម។ ក្នុងរយៈពេលជាច្រើនខែ នាងគូសបានគំនូរ សរុបចំនួន ២០ ផ្ទាំង ដែលមានពណ៌សខ្មៅ ផ្ដិតដោយចុងខ្មៅដៃរបស់នាងសុទ្ធសាធ ប៉ុន្ដែហាក់ដូច ជាគំនូរដែលកំពុងមានជីវិត។ ហើយគំនូរទាំងនេះនឹងត្រូវយកមកដាក់បង្ហាញនៅក្នុងការតាំងពិព័រណ៍មួយនៅល្ងាចថ្ងៃពុធស្អែកនេះ។ ពិព័រណ៍ដែលត្រូវបានដាក់ឈ្មោះថា "ក្ដីប្រាថ្នារបស់ខ្ញុំសម្រាប់យុត្តិធម៌" រៀបចំដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា។
"ទន្ទឹមនឹងមានសាលាក្ដីខ្មែរក្រហម ធ្វើឲ្យយើងមានការចាប់អារម្មណ៍ដោយសារតែយើងដោតអារម្មណ៍ជាប់នឹងការទូន្មានប្រៀនប្រដៅអំពីសំណាក់ម្ដាយនិងលោកយាយ។ នាងខ្ញុំផ្ទាល់មិនបានឆ្លងកាត់របបខ្មែរក្រហម ដូច្នេះព្រឹត្តិការណ៍និងរូបភាពបែបណានោះ យើងខ្ញុំមិនបានដឹង មិនបានឃើញដោយផ្ទាល់ ប៉ុន្ដែយើងបានកើតទាន់នូវសម័យកាត់ទោសខ្មែរក្រហម ដូច្នេះខ្ញុំគិតថាក្នុងនាមជាកូនខ្មែរ យើងត្រូវតែសិក្សាអំពីរបបបែបនោះ ដើម្បីជាឱកាសមួយដែលយើងយល់ឃើញថា យើងចាប់អារម្មណ៍ ហើយយើងមិនចង់ឲ្យរបបបែបនោះ មានសារជាថ្មីនៅក្នុងសង្គមរស់នៅរបស់យើងតទៅទៀត ហើយយើងគាំទ្រចំពោះសាលាក្ដីខ្មែរក្រហម ដែលទាមទារយុត្តិធម៌សម្រាប់ជនស្លូតត្រង់ដែលគាត់ស្លាប់ដោយអយុត្តិធម៌" ។
ក្នុងរយៈពេលជាងមួយសប្ដាហ៍ដែលនាងបានតាមដានដោយផ្ទាល់ការកាត់ទោស ឌុច កញ្ញា ដាលីន បានស្ដាប់ឮដោយផ្ទាល់នឹងត្រចៀក បានឃើញកាយវិការនិងទឹកមុខរបស់អតីតប្រធាន គុកទួលស្លែង ចម្លើយសារភាពរបស់ ឌុច សេចក្ដីអះអាងរបស់សាក្សី និងការសួរដេញដោលរវាងក្រុមមេធាវី។
គំនូរមួយក្នុងចំណោមគំនូររបស់នាង ដែលបំរុងនឹងយកទៅដាក់តាំងក្នុងពិធីតាំងពិព័រណ៍បានបង្ហាញមេធាវីការពារជនជាប់ចោទ លោក ហ្រ្វង់ស័រ រួ កំពុងតែឈរការពារក្ដី និងរូបភាពជាស្រមោលសស្ដើងៗ បង្ហាញពីការចូលរួមស្ដាប់សវនាការរបស់សាធារណជន និងមានមន្ដ្រីតុលាការនៅពីក្រោយជនជាប់ចោទគឺ ឌុច ទៀតផង។
នៅមានគំនូររូបភាពមួយកំណាត់ដងខ្លួន រូបភាពចៅក្រម និងរូបភាពប្រជាជនត្រូវពួកខ្មែរក្រហមបិទមុខ មានរូបភាពជនរងគ្រោះដោយរបបខ្មែរក្រហម ដែលមានដៃធ្លាយចេញឈាម។
កញ្ញា គូ ដាលីន រៀបរាប់ថា រូបភាពទារុណកម្មនេះប្រៀបដូចជាប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុង ឋាននរកនាសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម ក្នុងរយៈពេលបីឆ្នាំ ប្រាំបីខែ និង ម្ភៃថ្ងៃ។
“ខ្ញុំចង់ប្រាប់ថា គាត់គឺជាប្រធានគុកទួលស្លែង អញ្ចឹងគាត់ក៏ជាអ្នករួមចំណែកម្នាក់ដែរក្នុងការប្រព្រឹត្តិ នូវការបង្ខាំងសិទ្ធិសេរីភាព ដូច្នេះយើងចង់បញ្ជាក់ថា សិទ្ធិសេរីភាពហ្នឹងត្រូវបានលោក (ឌុច) និង មាន ៤ នាក់ទៀត ដែលជាមេដឹកនាំធំៗ ហើយដៃមួយៗតំណាងឲ្យពួកគាត់។ ពួកគាត់ដែលជាអ្នកបង្កើតនូវរបបបែបនោះ ធ្វើឲ្យសិទ្ធិសេរីភាពប្រជាជនកម្ពុជា ដូចជាគុកឥតជញ្ជាំងអញ្ចឹង " ។
កញ្ញា គូ ដាលីន មានបងប្អូនចំនួនបីនាក់ គឺស្រីពីរនាក់និងប្រុសម្នាក់ ហើយនាងគឺជាកូនច្បង។ កើតចេញពីត្រកូលមួយដែលមានជីវភាពយ៉ាប់យ៉ឺន នាងបានចំណាយពេលសិក្សាយ៉ាងច្រើននៅក្នុងសកលវិទ្យាល័យវិចិត្រសិល្បៈ ទំនងជាដោយសារតែម្ដាយរបស់នាងជាបុគ្គលិកម្នាក់នៅទីនោះ។ នាងបានឆ្លងកាត់ការសិក្សាក្នុងសាលារបាំបូរាណ រួចបន្ទាប់មកចូលរៀនសាលាសិល្បៈសូនរូប ផ្នែកវិចិត្រកម្ម គឺផ្នែកគំនូរ មុននឹងបន្ដការសិក្សានៅមហាវិទ្យាល័យស្ថាបត្យកម្ម។ នាងស្ថិតនៅក្នុងការសិក្សាឆ្នាំទី ១ នៅឆ្នាំនេះ។
ភាពស្ទាត់ជំនាញខាងគំនូរ ដោយសារតែឧបនិស្ស័យពីកំណើតបានធ្វើឲ្យកញ្ញា គូ ដាលីន ទទួលបានជ័យលាភីក្នុងការប្រឡងគំនូរវប្បធម៌ក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំង ១០ កាលពីឆ្នាំ ២០០៨ ហើយស្នាដៃរបស់នាងត្រូវបានយកទៅតាំងពិព័រណ៍នៅប្រទេសសិង្ហបុរី។ មួយឆ្នាំក្រោយគឺ នៅឆ្នាំ ២០០៩ នាងទទួលបានជ័យលាភីឈ្នះការប្រឡងគំនូរមួយទៀត ទាក់ទងទៅនឹងអំពើហឹង្សា និងការជួញដូរមនុស្ស។ ការប្រឡងដែលចូលរួមប្រកួតប្រជែងដោយវិចិត្រករមកពីប្រទេសចំនួន ១២ របស់ទ្វីបអាស៊ីនិងអឺរ៉ុប។ ស្នាដៃរបស់នាងត្រូវយកទៅធ្វើការតាំងពិពណ៌នៅប្រទេសជប៉ុននៅពេលនោះ។
ក៏ប៉ុន្ដែទាក់ទងនឹងការកាត់ទោស ឌុច និងទាក់ទងនឹងអតីតកាលដែលកប់សែនជ្រៅជាច្រើនឆ្នាំនៃសម័យខ្មែរក្រហម មិនមែនងាយស្រួលនឹងបង្ហាញនៅក្នុងផ្ទាំងគំនូរនោះទេ។ កញ្ញា គូ ដាលីន សារភាពថា នាងពិតជាមានផលវិបាកនៅក្នុងការបង្កើតស្នាដៃរបស់នាង។ នាងត្រូវការចំណាយពេលយ៉ាងតិច២ ឬបីថ្ងៃដែរ ដើម្បីអាចគូសគំនូរមួយផ្ទាំងរួចរាល់។ ហើយនាងត្រូវព្យាយាមយល់ឲ្យបានច្រើនពីអ្វី ដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម រួមទាំងស្វែងយល់ពីអំពើឃោឃៅ ដែលបានកើតឡើងនៅក្រោមអំណាចរបស់ ឌុច។ ដូច្នេះនាងចាំបាច់ត្រូវសាកសួរម្ដាយនិងជីដូនរបស់នាង ព្រមទាំងអ្នកជិតខាងរបស់នាង ហើយនាងក៏ប្រឹក្សាទស្សនៈពីមិត្តភក្ដិមួយចំនួនផងដែរ មុននឹងនាងចាប់ផ្ដើមគូរគំនូរដ៏ស្មុគ្រសា្មញនេះ។
កញ្ញា គូ ដាលីន ពោលថា សេចក្ដីប្រឹងប្រែងនេះ គឺដោយសារតែនាងចង់ឲ្យយុវជនជំនាន់ក្រោយ ចេះស្វែងយល់អំពីអតីតកាលរបស់ប្រទេសខ្លួន ហើយនាងចង់ឲ្យគំនូររបស់នាងក្លាយជាឯកសារប្រវត្តិសាស្ដ្រមួយ៕